អ្នករាយការណ៍ពិសេស អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្តធ្លាក់ចុះ ទោះជាមានការផ្លាស់ប្ដូរមេដឹកនាំ
2024.07.26
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត ម៉ុនតាបន (Vitit Muntarbhorn) លើកឡើងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កំពុងបន្តធ្លាក់ចុះ បើទោះជាមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំរដ្ឋាភិបាលក្ដី។ ទោះជាយ៉ាងណាក្ដី មន្ត្រីរដ្ឋាភិបាលឆ្លើយតបថា ការលើកឡើងរបស់អ្នករាយការណ៍ពិសេសរូបនេះ ធ្វើឡើងដោយគ្មានមូលដ្ឋាន។
មុនបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល ៧ថ្ងៃ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត ម៉ុនតាបន នៅថ្ងៃទី២៦ ខែកក្កដា បានធ្វើសន្និសីទកាសែត ដោយបានលើកឡើងពីបញ្ហាសិទ្ធិមនុស្សសំខាន់ៗ រួមមាន ការចាប់ខ្លួនសកម្មជននយោបាយ សកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្ស ការធ្វើទុក្ខបុកម្នេញលើសិទ្ធិជនជាតិដើម និងការបោះឆ្នោតធ្វើឡើងដោយមិនសេរី និងយុត្តិធម៌ជាដើម។
លោក លោក វិទិត ម៉ុនតាបន លើកឡើងថា លោកបានរកឃើញបញ្ហាសិទ្ធិមនុស្ស ដែលត្រូវកែលំអ រួមមាន រដ្ឋាភិបាលត្រូវបើកលំហសិទ្ធិពលរដ្ឋ និងនយោបាយ ដើម្បីធានាឱ្យបាន នូវការបោះឆ្នោត ដែលមានគណបក្សច្រើនចូលរួម។ លោកថា ប្រព័ន្ធតុលាការគួរតែត្រូវកែទម្រង់ និងបញ្ឈប់ការចោទប្រកាន់អ្នកនយោបាយ និងអ្នករិះគន់។
លោក វិទិត ម៉ុនតាបន ក៏បានស្នើដល់រដ្ឋាភិបាលឱ្យពិនិត្យមើលភាពអយុត្តិធម៌ក្នុងសង្គម ដែលកើតឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលធ្វើឱ្យពលរដ្ឋជាច្រើនធ្លាក់ក្នុងបំណុល និងមិនមានលទ្ធភាពសងត្រឡប់ទៅវិញបាន។ លោកក៏អំពាវនាវទៅរដ្ឋាភិបាលឱ្យឆ្លើយតប ចំពោះបញ្ហាយេនឌ័រ និងប្រឆាំងរាល់អំពើហិង្សាគ្រប់ទម្រង់។
លោក វិទិត ម៉ុនតាបន ក៏បានលើកឡើងអំពីការឃុំខ្លួន អ្នកនយោបាយជំទាស់ អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន ជាពិសេស ករណីឃុំខ្លួនសកម្មជនចលនាមាតាធម្មជាតិ និងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាការអនុវត្តផ្ទុយនឹងគោលការណ៍ សិទ្ធិសេរីភាពបញ្ចេញមតិ ការជួបប្រជុំដោយសន្តិវិធី និងការស្វែងរកយុត្តិធម៌។
លោក វិទិត ម៉ុនតាបន៖ «ក្នុងរបៀបវារៈស្ដីពីសិទ្ធិមនុស្ស ដែលខ្ញុំដាក់ចេញពីរឆ្នាំមុន ពេលដែលខ្ញុំដាក់ចេញនូវប្រមាណ ១០ ឬ ១១ចំណុចនោះ តម្រូវឲ្យអាជ្ញាធរធ្វើនោះ ចំណុចទាំងនោះ មិនត្រូវបានអាជ្ញាធរគោរពតាមឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ។ សំណើនៃការទម្លាក់ចោលការចោទប្រកាន់ទាំងឡាយ បើកឲ្យលំហសេរីភាពរបស់ពលរដ្ឋ និងនយោបាយជាដើម នៅតែមិនទាន់បានដោះស្រាយ»។
អ្នករាយការណ៍ពិសេសរូបនេះ អះអាងថា សកម្មជនទាំងអស់ ដែលកំពុងជាប់ពន្ធនាគារនេះ មិនបានប្រព្រឹត្តកំហុសអ្វីទាល់តែសោះ ប៉ុន្តែ មានអ្នកនយោបាយ ដែលជាអ្នកដាក់សម្ពាធទៅលើប្រព័ន្ធតុលាការនោះ។ លោកថា សកម្មជនផ្សេងទៀត អាចនឹងជាប់ពន្ធនាគារបន្តទៀត ប្រសិនបើឆន្ទៈរបស់អ្នកនយោបាយមិនផ្លាស់ប្ដូរ។
លោក វិទិត ម៉ុនតាបន ថ្លែងបន្តថា រដ្ឋាភិបាលគួរតែបង្កើតសេវាច្រកចេញចូលតែមួយ ដើម្បីជួយសហគមន៍ក្នុងការទទួលសិទ្ធិជនជាតិដើមភាគតិចរបស់ខ្លួន។ អ្នកជំនាញអង្គការសហប្រជាជាតិរូបនេះ ក៏បានជួបជាមួយសហគមន៍ ដែលរងផលប៉ះពាល់ ដោយការទន្ទ្រានយកដីដូនតារបស់ពួកគាត់ និងការអភិវឌ្ឍន៍ដែលគ្មានតុល្យភាព។
ទោះជាយ៉ាងណាក្ដី គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីបំភ្លឺ នៅថ្ងៃទី២៦ ខែកក្កដាថា គណៈកម្មាធិការនេះសោកស្ដាយ ចំពោះក្ដីបារម្ភមួយចំនួន ដោយថា ខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវរបស់លោក វិទិត ម៉ុនតាបន។ សេចក្ដីបំភ្លឺដដែលថា ការលើកឡើងនេះ មានលក្ខណៈបុរេនិច្ឆ័យ និងមើលតែមួយជ្រុង ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជន។
នេះមិនមែនជាលើកទីមួយនោះទេ ដែលមន្ត្រីរដ្ឋាភិបាលច្រានចោលរបាយការណ៍ និងការលើកឡើងរបស់អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ។ ទោះជាយ៉ាងណាក្ដី ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលកន្លងមក ស្នើដល់រដ្ឋាភិបាលឱ្យទទួលយកការរិះគន់ និងកែលំអ ដើម្បីផលប្រយោជន៍ពលរដ្ឋ។ ក្រោយទទួលបានតំណែងជានាយករដ្ឋមន្ត្រីពីឪពុក លោក ហ៊ុន ម៉ាណែត បន្តបង្ក្រាប និងចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជននយោបាយជាង ៣០នាក់ហើយ គិតត្រឹមរយៈពេលជិតមួយឆ្នាំមកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។