សកម្មជន​ប្រជាធិបតេយ្យ​ថៃ​ម្នាក់​បាន​ស្លាប់​ក្រោយ​ធ្វើ​កូដកម្ម​បង្អត់អាហារ

ដោយ យ៉ង ចាន់តារា
2024.05.14

សកម្មជន​ប្រជាធិបតេយ្យ​ថៃ​មួយរូប គឺ​កញ្ញា នេធីផន បូង សេនសង់ឃុំ (Netiporn Boong Sanesangkhom) បាន​ស្លាប់​នៅ​ថ្ងៃ​អង្គារ ទី​១៤ ឧសភា នេះ ក្រោយ​ធ្វើ​កូដកម្ម​បង្អត់អាហារ​ជាង ៣ ខែ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post)

កញ្ញា នេធីផន មាន​អាយុ ២៨​ឆ្នាំ។ ឪពុក​របស់​នាង​ជា​ចៅក្រម ហើយ​នាង​គឺជា​គ្រូបង្ហាត់ និង​ជា​អ្នកដឹកនាំ​សកម្មជន​មួយ​ក្រុម​ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​ក្រុម​សកម្មជន​នយោបាយ។

អាជ្ញាធរ​ថៃ​បាន​ចាប់ខ្លួន​កញ្ញា នេធីផន ដាក់​ពន្ធនាគារ​តាំងពី​ថ្ងៃទី​២៦ មករា ទាក់ទង​នឹង​ការចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​។ ក្រោយពេល​អាជ្ញាធរ​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ សកម្មជន​ប្រជាធិបតេយ្យ​ថៃ​រូប​នេះ​បាន​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​បង្អត់អាហារ ដើម្បី​ទាមទារ​ឱ្យ​មាន​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​បញ្ឈប់​ការ​ចាប់​មនុស្ស​ដាក់​ពន្ធនាគារ​ដោយសារ​រឿង​នយោបាយ។កញ្ញា នេធីផន បាន​ប្ដឹង​សុំ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​បដិសេធ។ ក្នុង​ពេល​ជាប់ឃុំ​ក្នុង​សំណុំរឿង​ប្រមាថ​ព្រះមហាក្សត្រ​នេះ តុលាការ​ថៃ​បាន​ផ្ដន្ទាទោស​នាង​ដាក់​ពន្ធនាគារ​មួយ​ខែ​ពី​បទ​ប្រមាថ​តុលាការ​មួយទៀត ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​មួយ​ដែល​បង្ក​ជា​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​សន្តិសុខ​នៅ​ក្រៅ​បរិវេណ​តុលាការ​ព្រហ្មទណ្ឌ​ក្រុង​បាងកក​ភាគ​ខាងត្បូង កាលពី​ខែ​តុលា ២០១៩។

សមាជិកសភា ព្រមទាំង​សកម្មជន​នយោបាយ និង​សិទ្ធិមនុស្ស​របស់​ថៃ​ជាច្រើន​នាក់​បាន​សម្ដែង​មរណទុក្ខ​ចំពោះ​ការ​ស្លាប់​របស់​កញ្ញា នេធីផន ហើយ​ពួកគេ​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​ថៃ​ដោះលែង​អ្នក​ជាប់ឃុំ​នយោបាយ​ទាំងអស់​ឱ្យ​មាន​សេរីភាព​វិញ។

ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០២០ រហូត​ដល់​ចុង​ខែ​មេសា ឆ្នាំ​២០២៤ នេះ មាន​មនុស្ស​ជិត ២​ពាន់​នាក់ (.៩៥៤) ត្រូវ​បាន​ចោទប្រកាន់​តាមផ្លូវ​តុលាការ ក្នុង​នោះ​យ៉ាងតិច​បំផុត​ចំនួន​ជិត ៣​រយ​នាក់ (២៧២) ប្រឈមមុខ​នឹង​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ និង ១៥២​នាក់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បង្ក​ចលនា​បះបោរ​ក្នុង​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។