ថៃ​យល់ព្រម​សម្រួល​លក្ខខណ្ឌ​បន្ត​សុពលភាព​លិខិត​អនុញ្ញាត​ធ្វើ​ការ​ដល់​ពលករ​ចំណាកស្រុក​ខ្មែរ

ដោយ មាន ឫទ្ធិ
2023.06.26
ថៃ​យល់ព្រម​សម្រួល​លក្ខខណ្ឌ​បន្ត​សុពលភាព​លិខិត​អនុញ្ញាត​ធ្វើ​ការ​ដល់​ពលករ​ចំណាកស្រុក​ខ្មែរ ពលករខ្មែរសម្រុក​ចូលទៅ​កាន់​ប្រទេស​ថៃ តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
រូប៖ ហ្វេសប៊ុក​មន្ត្រី​អង្គការ​សង់ត្រាល់ លោក លឹង សុផុន

ថៃ យល់ព្រម​សម្រួល​លក្ខខណ្ឌ​ស្នើសុំ​បន្ត​សុពលភាព​លិខិត​អនុញ្ញាត​ឱ្យធ្វើ​ការ​ដល់​ពលករ​ចំណាកស្រុក​ខ្មែរ ប្រមាណ ៤​ម៉ឺន​នាក់ ដែល​នឹង​ត្រូវ​ផុតកំណត់​នៅ​ថ្ងៃទី​៣១ ខែ​កក្កដា ខាងមុខ​នេះ។

កាសែត​បាងកក ប៉ុស្តិ៍ (Bangkok Post) ផ្សាយ​ជា​ភាសា​អង់គ្លេស កាលពី​ថ្ងៃទី​២៥ ខែមិថុនា បាន​ស្រង់​សម្ដី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការងារ​របស់​ប្រទេស​ថៃ លោក ផៃរ៉ច្ឆ ចុទីកាសាធៀន (Pairoj Chotikasathien) ថា ការព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​រវាង​អាជ្ញាធរ​ការងារ​របស់​ថៃ និង​សម​ភាគី​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​បញ្ហា​កង្វះ​ពលករ​នៅក្នុង​ប្រទេស​ថៃ។

តាមរយៈ​ការព្រមព្រៀង​នេះ ពលករ​ចំណាកស្រុក​ខ្មែរ​ក្នុង​ប្រទេស​ថៃ នឹង​មិន​ចាំបាច់​រង់ចាំ​ដល់​ទៅ​៣០​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ផុតកំណត់​សុពលភាព​នៃ​លិខិតអនុញ្ញាត​ឱ្យធ្វើ​ការ​របស់​ពួកគេ ទើប​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ឡើងវិញ ឬ​បន្ត​សុពលភាព​ដូច​តាម​លក្ខខណ្ឌ​ទូទៅ​នោះ​ទេ។ លោក​បន្ត​ថា ដំណើរការ​ទាំង​មូល​នៃ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​បន្ត​សុពលភាព​នៃ​លិខិតអនុញ្ញាត​ឱ្យធ្វើ​ការ​នេះ នឹង​ត្រូវ​ធ្វើឡើង​តាម​ប្រព័ន្ធ​អនឡាញ (online) ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​កម្មករ​ចំណាកស្រុក​ខ្មែរ។

បើ​តាម​កាសែត បាងកក ប៉ុស្តិ៍ ដដែល ក្រោម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) បច្ចុប្បន្ន​រវាង​កម្ពុជា និង​ថៃ ដែល​អនុញ្ញាត​ឱ្យ​ពលករ​ចំណាកស្រុក​ខ្មែរ​ធ្វើការ​ដោយ​ស្របច្បាប់​ក្នុង​ប្រទេស​ថៃ​រយៈពេល ៤​ឆ្នាំ លិខិតអនុញ្ញាត​ឱ្យធ្វើ​ការ​របស់​ពលករ​ចំណាកស្រុក​ខ្មែរ​ទាំងនេះ នឹង​ត្រូវ​ផុតកំណត់​ក្នុង​ចន្លោះ​ចាប់ពី​ខែ​មករា ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃទី​៣១ ខែ​កក្កដា ខាងមុខ​នេះ។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​ជុំវិញ​រឿង​នេះ បាន​នៅ​ឡើយ​ទេ កាល​ពី​យប់​ថ្ងៃទី​២៥ ខែ​មិថុនា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។