ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ត្បូងឃ្មុំ​លើក​ឡើង​ថា​សិទ្ធិ​សេរីភាព​របស់​ពួកគាត់​រួម​តូច​ចង្អៀត​ជាង​មុន

ដោយ ជាតិ ចំណាន
2017-12-08
Share
ទិវា​សិទ្ធិ​មនុស្ស ត្បូងឃ្មុំ ២០១៦ ៨៥៥ ប្រជា​សហគមន៍​ជាច្រើន​ឃុំ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៨ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo LICADHO
Photo LICADHO

ពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​ចេះ​តែ​បន្ត​ឃ្លាំមើល​សកម្មភាព​របស់​ពួកគេ និង​លាប​ពណ៌​ជា​គណបក្ស​ប្រឆាំង បណ្តាល​ឲ្យ​ពលរដ្ឋ​បារម្ភ​ពី​សុវត្ថិភាព និង​ប៉ះពាល់​ដល់​ការ​រស់​នៅ​ឯកជន។  មិនតែប៉ុណ្ណោះ អាជ្ញាធរ​តែងតែ​ចោទ​ប្រកាន់​អ្នក​ភូមិ​មួយ​ចំនួន​ថា ជា​ក្រុម​គណបក្ស​ប្រឆាំង​ទៀត​ផង។

​ប្រជា​សហគមន៍​នៅ​ស្រុក​មេមត់ លើក​ឡើង​ថា សិទ្ធិសេរីភាព​របស់​ពួកគាត់​ត្រូវ​បាន​រឹតត្បិត​ជាង​កាល​ពី​មុខ​តុលាការ​មិន​ទាន់​រំលាយ​គណបក្ស​ប្រឆាំង ហើយ​ពលរដ្ឋ​ក៏​មិន​ហ៊ាន​បញ្ចេញ​មតិ​អ្វី​ច្រើន​ដូច​កន្លង​មក​នោះ​ដែរ។ អ្នក​ភូមិ​អះអាង​ថា ក្រៅ​ពី​មិនអាច​បញ្ចេញ​មតិ​អ្វី​បាន​ហើយ ពួកគាត់​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​លាប​ពណ៌ និង​ចោទ​ប្រកាន់​ថា ជា​ក្រុម​បក្ខពួក​គណបក្ស​ប្រឆាំង​ជាដើម។

ប្រជា​សហគមន៍​នៅ​ស្រុក​មេមត់ ម្នាក់​លើក​ឡើង​ថា ពួកគាត់​កាន់​តែ​ព្រួយបារម្ភ ហើយ​សកម្មភាព​ផ្សេងៗ ក្នុង​សហគមន៍​គឺ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ជាង​ពេល​មុនៗ។ អ្នកស្រី​បញ្ជាក់​ថា ស្ថានភាព​បែប​នេះ កើត​ឡើង​ក្រោយ​ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង និង​ចុង​ក្រោយ​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា៖ «និយាយ​ពី​ថា​សិទ្ធិ​របស់​យើង​វា​ធ្លាក់​ចុះ​មែន​ទែន អត់​ដូច​ពី​មុន។ គេ​ចោទ​ប្រកាន់ គេ​លាប​ពណ៌ យើង​ទៅ​ណា​ក៏​គេ​ចាំមើល​យើង»

ប្រភព​ដដែល​បន្ថែម​ថា ក្នុង​សហគមន៍​របស់​ខ្លួន គឺ​នៅ​មាន​បញ្ហា​ដីធ្លី​មិន​ទាន់​ដោះស្រាយ​ជូន​ពលរដ្ឋ​ទាំង​ស្រុង​នោះ​ទេ ពោល​គឺ​មាន​ពលរដ្ឋ​ខ្លះ​មិនទាន់​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ពី​អាជ្ញាធរ​នៅ​ឡើយ ប៉ុន្តែ​ពលរដ្ឋ​មិន​អាច​ធ្វើ​សកម្មភាព​បញ្ចេញ​មតិ​អ្វី​បាន។

​ទាក់ទង​បញ្ហា​នេះ មេភូមិ​ខ្នងក្រពើកើត លោក ដោក សុភាព មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ថា គ្មាន​នរណា​ទៅ​ហាមឃាត់ ឬ​បំបិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ​ពេល​ខ្លះ​អាជ្ញាធរ​ឃ្លាំមើល​ពួកគាត់​ដោយសារ​ខ្លាច​ក្រុម​ពលរដ្ឋ​ដែល​ទទួល​បាន​សំណង​ផល​ប៉ះពាល់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ រួច​ហើយ បែរ​នាំ​គ្នា​មក​យក​ដី​ដែល​នៅ​សេសសល់​ដោយ​គ្មាន​ការ​អនុញ្ញាត​បន្ថែម​ទៀត ដែល​អាច​បណ្ដាល​ឱ្យ​មាន​បញ្ហា​កើត​ឡើង។ ចំណែក​ពលរដ្ឋ​ដែល​បាន​ប្លង់​កម្មសិទ្ធិ​ហើយ គ្មាន​នរណា​គេ​ឃ្លាំមើល ឬ​បិទ​សិទ្ធិ​សេរី​នោះ​ទេ៖ «គេ​ឃ្លាំមើល គេ​តាមដាន​ហ្នឹង គឺ​ក្រែងលោ​បង​ប្អូន​ហ្នឹង​បាន​ប៉ុណ្ណឹង​ហើយ ចង់​បាន​បណ្ដុះ​ទៀត។ ក្មួយ​ស្តាប់​ឱ្យ​ទាន់ កិច្ចការ​ហ្នឹង។ បាទ! មាន​ប៉ុណ្ណឹង​ទេ ត្រង់​ថា​គេ​បិទ​សិទ្ធិ​មិន​ឱ្យ​បងប្អូន​ធ្វើ​អី គឺ​គ្មាន​ទេ»

​រដ្ឋធម្មនុញ្ញ​មាត្រា ៤១ ចែង​ថា ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​បោះ​ពុម្ភផ្សាយ និង​សេរីភាព​ខាង​ការ​ជួប​ប្រជុំ​ជាដើម។ ជន​ណា​ក៏ដោយ​មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ដទៃ និង​ប៉ះពាល់​ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ព្រម​ទាំង​ប៉ះពាល់​ដល់​សន្តិសុខ​របស់​ជាតិ​បាន​ឡើយ។

មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា តាម​ផ្លូវ​ច្បាប់ គឺ​បាន​ធានា​ដល់​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ​ដើម្បី​ការ​រស់​នៅ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ពីព្រោះ​ប្រទេស​កម្ពុជា បាន​ប្រកាន់​របប​នយោបាយ​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស មិន​មែន​របប​កុម្មុយនីស្ត​ទេ៖ «អ៊ីចឹង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ គឺ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ហ្នឹង​ត្រូវ​បាន​ធានា ពិសេស​សិទ្ធិ​ដើរហើរ សិទ្ធិ​ជួប​ជុំ សិទ្ធិ​ប្រមូលផ្តុំ​ដោយ​សន្តិវិធី​តាម​ផ្លូវ​ច្បាប់​ទៅ​តាម​រដ្ឋធម្មនុញ្ញ»

មន្ត្រី​សិទ្ធិមនុស្ស​ដដែល​យល់​ថា បញ្ហា​ទាំង​នេះ ទាំង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ គប្បី​ស្វែង​រក​ឫសគល់​នៃ​បញ្ហា​ដើម្បី​ដោះស្រាយ​ឱ្យ​បាន​ចប់​សព្វគ្រប់ ប្រកប​ដោយ​ភាព​យុត្តិធម៌ នោះ​សកម្មភាព​ទាមទារ ឬ​តវ៉ា​ណាមួយ​ក៏​មិន​អាច​កើតឡើង​បាន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល