"កម្ពុជា​អាច​បាត់បង់​ក្រុម​អ្នក​បញ្ជា​ទិញ​ផលិតផល​កាត់ដេរប្រសិន​បើ​មិន​គោរព​លក្ខខណ្ឌ​ការងារ"

ដោយ តាំង សារ៉ាដា
2017-12-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) លោក មឿន តុលា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧។ RFA
នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) លោក មឿន តុលា ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧។ RFA
Photo: RFA

ក្រុម​អ្នក​ជំនាញ​ខាង​វិស័យ​កាត់ដេរ​ព្រមាន​ថា មាន​តែ​កម្ពុជា ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​ជា​អ្នក​សម្រេច​ចិត្ត​លើ​ជោគវាសនា​នៃ​ជីវភាព​រស់​នៅ​របស់​កម្មករ​ឲ្យ​មាន​ភាព​រីកចម្រើន ឬ​មួយ​បណ្ដោយ​ឲ្យ​វាសនា​របស់​ពួកគេ​ជួប​គ្រោះ​មហន្តរាយ​ខាង​សេដ្ឋកិច្ច​ដោយសារ​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ។

​ក្រុម​អ្នកឃ្លាំមើល​ខាង​ផ្នែក​ការងារ​អះអាង​ថា ប្រសិនបើ​កម្ពុជា មិន​គោរព​លក្ខខណ្ឌ​ការងារ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ គោរព​គោលការណ៍​នីតិរដ្ឋ និង​ធ្វើ​ឲ្យ​បរិយាកាស​នយោបាយ​ក្នុង​សង្គម​មាន​ភាព​ល្អ​ប្រសើរ​ទេ នោះ​កម្ពុជា​នឹង​បាត់បង់​ក្រុម​អ្នក​បញ្ជា​ទិញ ឬ​អាច​ទទួល​ការ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​កាត់ដេរ​របស់​កម្ពុជា ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ។

​ប្រធាន​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា បាន​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ពុធ ទី​២៧ ខែ​ធ្នូ ថា ប្រសិនបើ​កម្ពុជា មាន​ស្តង់ដារ​ការងារ និង​បរិយាកាស​នយោបាយ​មាន​លក្ខណៈ​ប្រសើរ​នោះ ក្រុម​អ្នក​បញ្ជា​ទិញ​របស់​អាមេរិក នឹង​ពង្រីក​វិសាលភាព​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​កម្ពុជា ថែម​ទៀត។

​ការ​អះអាង​របស់​លោក មឿន តុលា ធ្វើ​ឡើង​ក្រោយ​ពី​ក្រុមហ៊ុន វ៉លម៉ាត (Walmart) របស់​អាមេរិក ព្រមាន​រដ្ឋាភិបាល​កម្ពុជា ថា​ក្រុមហ៊ុន​នេះ​អាច​ទិញ​ផលិតផល​ធ្វើ​ដំណើរ​រួម​មាន​កាបូប និង​វ៉ាលីស៍ ពី​កម្ពុជា ទៅ​បាន លុះត្រា​មាន​ការ​គោរព​លក្ខខណ្ឌ​ការងារ​របស់​កម្មករ និង​មាន​បរិយាកាស​នយោបាយ​ល្អ៖ «ព្រោះ​សព្វថ្ងៃ​នេះ​វ៉លម៉ាត គេ​ទិញ​តែ​ផលិតផល​សំលៀកបំពាក់​ទេ ប៉ុន្តែ​អត់​ទាន់​ទទួល​ទិញ​ផលិតផល​ធ្វើ​ដំណើរ​ទេ។ អ៊ីចឹង​ការ៉ុត​ហ្នឹង​គឺ​ក្នុង​ន័យ​ហ្នឹង ក្នុង​ន័យ​ថា គេ​នឹង​បន្ត​ទិញ ប៉ុន្តែ​ដំបូង​គឺ​មាន​ន័យ​ថា ដើម្បី​អាច​គេ​ទិញ​ទៅ​បាន​លុះត្រា​តែ​មាន​ការ​គោរព​ស្តង់ដារ​អន្តរជាតិ និង​លក្ខខណ្ឌ​ការងារ​របស់​កម្មករ»

​សារ​លិខិត​របស់​ក្រុមហ៊ុន Walmart របស់​អាមេរិក ដែល​ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប​គំរាម​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ផលិតផល​កាត់​ដេរ និង​ផលិតផល​ផ្សេង​ទៀត​មក​​លក់​នៅ​បរទេស​ដោយសារ​ស្ថានភាព​រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។

​បញ្ហា​ទាំង​នេះ​រួម​មាន​ការ​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ព្រមទាំង​ការ​វាយ​ប្រហារ​ពាក្យ​សម្តី​ធ្ងន់ៗ មក​លើ​រដ្ឋាភិបាល​អាមេរិក ថា​​ជា​អ្នក​នៅ​ពីក្រោយ​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌​ជាដើម។

​បើ​ទោះ​បី​ជា​មាន​ការ​ព្រមាន​របស់​ក្រុមហ៊ុន Walmart យ៉ាង​ណា​ក៏ដោយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទាំង​បំផ្លើស​ថា លិខិត​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​ផលិតផល​កាត់​ដេរ​ដ៏​ធំ​ពី​កម្ពុជា មួយ​នេះ បង្ហាញ​ពី​ការ​ជោគជ័យ​សម្រាប់​គណបក្ស​កាន់​អំណាច ហើយ​បរាជ័យ​សម្រាប់​គណបក្ស​ប្រឆាំង​ទៅ​វិញ។

​ប៉ុន្តែ​ប្រធាន​សហជីព​ស៊ីខៅឌូ លោក អាត់ ធន់ បាន​ចាត់​ទុក​ប្រសាសន៍​របស់​លោក សុខ ឥសាន ថា ជា​ការ​ឆ្លៀត​ឱកាស​យក​លេស​បង្វែរ​សម្ដី​របស់​ក្រុមហ៊ុនWalmart ដើម្បី​ធ្វើការ​វាយ​ប្រហារ​ដៃគូ​នយោបាយ​របស់​ខ្លួន​ប៉ុណ្ណោះ។ លោក​បន្ត​ថា ទោះ​ជា​បី​ជា​មាន​ការ​បក​ប្រែ​ខុស​យ៉ាង​ណា​ក៏ដោយ ក៏​មហាជន​ទូទៅ​បាន​ដឹង​រួច​ទៅ​ហើយ​ថា ក្រុមហ៊ុន​របស់​អាមេរិក មាន​ជំហរ​បែប​ណា​សម្រាប់​លក្ខខណ្ឌ​ការងារ និង​បរិយាកាស​នយោបាយ​នៅ​កម្ពុជា នោះ៖ «និយាយ​តាម​ត្រង់​ទៅ Walmart គឺ​ជា​ទីផ្សារ​មួយ​មិន​សូវ​មាន​ការ​គោរព​សិទ្ធិ​ការងារ​ហ្នឹង​ខ្ពស់​ទេ ដែល​យើង​ពិនិត្យ​ឃើញ​កន្លង​ទៅ បើ​ប្រៀបធៀប​ទៅ​នឹង​ទីផ្សារ​ផ្សេងៗ ដូចជា Adidas Nike ឬ Levis ដែល​មក​ពី​អាមេរិក ដូច​គ្នា​ហ្នឹង។ ប៉ុន្តែ​ទីផ្សារ​ហ្នឹង​ធំ ហើយ​យើង​ក៏​មាន​ការ​ភ្ញាក់ផ្អើល​ដែរ ដែល​ទីផ្សារ​នេះ​បាន​បញ្ជាក់​អំពី​គោល​ជំហរ​ចង់​បាន​ការ​គោរព​សិទ្ធិមនុស្ស និង​ស្តង់ដារ​ការងារ​ខ្ពស់​នេះ»

​លោក អាត់ ធន់ បន្ត​ថា ពាណិជ្ជកម្ម​សំលៀកបំពាក់​របស់​ក្រុមហ៊ុន Walmart ជាមួយ​កម្ពុជា មាន​ទឹក​ប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​១​ឆ្នាំៗ​ទៅ​លើ​ការ​នាំ​ចេញ​សំលៀកបំពាក់​ពី​កម្ពុជា ទៅ​លក់​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក ហើយ​កម្ពុជា បាន​ចំណេញ​ពី​ការ​នាំ​ចេញ​នេះ​ជាង ១០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ​លោក​បន្ត​ថា ប្រសិនបើ​ក្រុមហ៊ុន​មួយ​នេះ​ទទួល​ទិញ​ផលិតផល​ធ្វើ​ដំណើរ​រួម​មាន​កាបូប ឬ​វ៉ាលីស៍ ពី​កម្ពុជា តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋអាមេរិក​ទៀត​នេះ វា​នឹង​នាំ​កម្ពុជា កាន់​តែ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​សន្ធឹកសន្ធាប់​ថែម​ទៀត។

​របាយការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ដែល​បាន​ផ្ញើ​ទៅ​កាន់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ កន្លង​ទៅ​នេះ បញ្ជាក់​ថា កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​គ្រប់​ប្រភេទ​ទៅ​កាន់​សហគមន៍​អឺរ៉ុប មាន​តម្លៃ​ជាង ៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ហើយ​ទៅ​កាន់​សហរដ្ឋអាមេរិក មាន​តម្លៃ​ជិត ៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ដដែល​នេះ។

​លោក មឿន តុលា អះអាង​ថា ដើម្បី​ឲ្យ​ក្រុម​អ្នក​បញ្ជា​ទិញ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​រក​ស៊ី​ជាមួយ​កម្ពុជា ត​ទៅ​ទៀត​បាន លុះត្រាតែ​កម្ពុជា គោរព​គោលការណ៍​នីតិរដ្ឋ ប្រជាធិបតេយ្យ និង​ប្រញាប់​ស្តារ​ស្ថានការណ៍​នយោបាយ​ឲ្យ​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល