មន្ត្រី​អ.ស.ប​ស្នើ​គ.ជ.ប​យក​ចិត្ត​ទុក​ដាក់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​​របស់​​ពលករ​ចំណាក​ស្រុក

ដោយ យាង សុជាមេត្តា
2016.03.25
រ៉ូណា ស្មីត ៨៥៥ ២០១៦ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) [រូបកណ្ដាល] ​ជួប​​មន្ត្រីគណៈកម្មាធិការ​ជាតិ​​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) កាល​ពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៦។
Photo: UNOHCHRC

អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) យក​ចិត្ត​ទុក​ដាក់​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ពលករ​ខ្មែរ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស។ ការ​ស្នើ​នេះ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​រវាង​អ្នកស្រី រ៉ូណា ស្មីត ជាមួយ​ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា។

​ការ​ស្នើ​របស់​អ្នកស្រី រ៉ូណា ស្មីត ពេល​នេះ គឺ​ស្រប​ពេល​ដែល​កន្លង​មក បញ្ហា​នេះ​ក៏​ត្រូវ​បាន​គណបក្ស​ប្រឆាំង និង​គណបក្ស​ទើប​បង្កើត​ថ្មី​មួយ​ចំនួន ព្រមទាំង​សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការងារ​បោះឆ្នោត លើក​ឡើង​ពី​ការ​ផ្ដល់​លទ្ធភាព និង​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ពលរដ្ឋ និង​ពលករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។

​ជុំវិញ​ការ​ស្នើ​របស់​អ្នកស្រី រ៉ូណា ស្មីត នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គ.ជ.ប មិន​មាន​លទ្ធភាព​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ លោក ហង្ស ពុទ្ធា ផ្តល់​ហេតុផល​ចម្បង​ថា ច្បាប់​បោះ​ឆ្នោត​របស់​កម្ពុជា មិន​បាន​ចែង​ពី​ការ​អនុញ្ញាត​ឲ្យ គ.ជ.ប រៀបចំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។ លើស​ពី​នេះ លោក​ថា សូម្បីតែ​ការ​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស វា​មាន​ភាព​ស្មុគស្មាញ​ណាស់​ទៅ​ហើយ ទម្រាំ​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស​ទៀត​នោះ គ.ជ.ប មិន​ទាន់​មាន​លទ្ធភាព​នោះ​ទេ។

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ថា គ.ជ.ប ទុក​ពេល​រហូត​ដល់ ៣​ខែ សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ដូច្នេះ​លោក​ថា ក្នុង​រយៈពេល​នេះ ពលករ​ខ្មែរ​អាច​ធ្វើ​ដំណើរ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា គ.ជ.ប គ្រោង​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ចាប់​ពី​ខែ​កក្កដា រហូត​ដល់​ខែ​កញ្ញា ឆ្នាំ​២០១៦៖ «រយៈពេល ៣​ខែ​នេះ ពលរដ្ឋ​ដែល​រស់​នៅ ឬ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​អញ្ជើញ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ហើយ​ពលរដ្ឋ​ដែល​ផ្លាស់ប្ដូរ​ទីលំនៅ ឬ​ក៏​ចល័ត​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​លោក​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​នៅ​កន្លែង​ណា​ក៏បាន​ដែរ រហូត​ដល់​ច្បាប់​ចែង​ថា ឲ្យ​តែ​មាន​លិខិត​បញ្ជាក់​ពី​ទី​សំណាក់ ដូច្នេះ​បើ​គាត់​មាន​អត្តសញ្ញាណប័ណ្ណ​ហើយ តែ​ខុស​លំនៅ ហើយ​គាត់​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​ក្នុង​ឃុំ​ណា ឲ្យ​តែ​គាត់​បាន​រស់​នៅ​ក្នុង​ឃុំ​ហ្នឹង ឬ​ក៏​ធ្វើ​ការ ឬ​ជួល​ផ្ទះ​កន្លែង​នោះ គឺ​គាត់​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ដូច​គ្នា»

កាល​ពី​ពេល​ថ្មីៗ​នេះ ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ លោក ហ៊ាង ឫទ្ធី បាន​ស្នើ​ទៅ​កាន់​សហភាព​អឺរ៉ុប ជំរុញ​ឲ្យ គ.ជ.ប រៀបចំ​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។

​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា ក្រៅ​ពី​ស្នើ​ឲ្យ គ.ជ.ប សម្រួល​ដល់​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពលករ​ខ្មែរ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស អ្នកស្រី រ៉ូណា ស្មីត ក៏​ស្នើ​ឲ្យ គ.ជ.ប យក​ចិត្ត​ទុក​ដាក់​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​ជន​អនាថា ជន​ពិការ អ្នក​តាំង​ទីលំនៅ​ថ្មី ស្ត្រី និង​ជនជាតិ​ដើម។

​លើស​ពី​នេះ​ទៀត អ្នកស្រី រ៉ូណា ស្មីត ក៏​ទទូច​ឲ្យ គ.ជ.ប ធ្វើ​យ៉ាង​ណា​ធានា​ថា អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ទាំង​អស់​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​មុន​ពេល​បោះ​ឆ្នោត​បាន ព្រម​ទាំង​ស្នើ​ឲ្យ គ.ជ.ប បង្កើត​កម្មវិធី​ទូលំទូលាយ​ដើម្បី​អប់រំ​ពលរដ្ឋ និង​អ្នក​បោះឆ្នោត​ឲ្យ​បាន​យល់​ពី​ដំណើរ​ការ​បោះ​ឆ្នោត និង​ពី​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នានា។

​ទោះ​ជា​កម្ពុជា បាន​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រទេស​អស់ ៥​អាណត្តិ​ហើយ​ក្តី ប៉ុន្តែ​នៅ​មុន​ពេល អំឡុង​ពេល និង​ក្រោយ​ពេល​ការ​បោះឆ្នោត​ម្តងៗ ពលរដ្ឋ និង​បក្ស​ប្រឆាំង​តែង​រអ៊ូរទាំ និង​តវ៉ា​ពី​ភាព​មិន​ប្រក្រតី​នានា​ក្នុង​ពេល​បោះឆ្នោត ដោយសារ​គ្មាន​ឈ្មោះ​បោះ​ឆ្នោត បាត់​ឈ្មោះ​បោះ​ឆ្នោត មាន​ឈ្មោះ​ខ្មោច​ច្រើន មាន​គេ​បោះឆ្នោត​ជំនួស ការ​បង្ក​ការ​លំបាក​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ការ​លួច​បន្លំ​សន្លឹកឆ្នោត ឬ​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ជាដើម។

​ក្នុង​ពេល​ធ្វើ​ជា​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​រក​ឃើញ​ថា កត្តា​សំខាន់​បំផុត​មួយ​ក្នុង​ចំណោម​កត្តា​មួយ​ចំនួន​ទៀត​ដែល​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា នោះ​គឺ​ការ​បោះឆ្នោត​មិន​មាន​ភាព​យុត្តិធម៌។ ការ​ជួប​ពិភាក្សា​របស់​អ្នករាយការណ៍​ថ្មី​អ្នកស្រី រ៉ូណា ស្មីត ជាមួយ គ.ជ.ប ពេល​នេះ ស្ដែង​ឲ្យ​ឃើញ​ថា អង្គការ​សហប្រជាជាតិ​នៅ​តែ​បារម្ភ​ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​ពេល​ខាង​មុខ​នៅ​ឡើយ។

​ក្រៅ​ពី​ជួប​ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ដដែល អ្នកស្រី រ៉ូណា ស្មីត ក៏​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក ម៉ក់ សម្បត្តិ និង​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍ​ជនបទ លោក ជា សុផារ៉ា ផង​ដែរ។

ក្នុង​ជំនួប​ជាមួយ​លោក ម៉ក់ សម្បត្តិ អ្នកស្រី រ៉ូណា ស្មីត ពិភាក្សា​ពី​ផែនការ​សកម្មភាព​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ក្នុង​ការ​រៀបចំ​របាយការណ៍​នានា ដែល​មិន​ទាន់​បាន​ដាក់​ជូន​ស្ថាប័ន​សិទ្ធិមនុស្ស និង​ពី​តួនាទី​របស់​គណៈកម្មាធិការ​នេះ ពាក់ព័ន្ធ​នឹង​បណ្ដឹង​បុគ្គល ការ​ឃ្លាំមើល​បាតុកម្ម និង​ការ​តវ៉ា​នានា។

ចំណែក​ក្នុង​ជំនួប​ជាមួយ​លោក ជា សុផារ៉ា ភាគី​ទាំង​២ ពិភាក្សា​លើ​បញ្ហា​នៃ​ការ​អភិវឌ្ឍ​សហគមន៍​ជនជាតិ​ដើម កិច្ច​ការពារ​ដី​របស់​សហគមន៍ ដំណើរការ​ចុះ​បញ្ជី​មុន​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​សហគមន៍ សារសំខាន់​នៃ​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​រង​គ្រោះ​ក្នុង​គម្រោង​អភិវឌ្ឍន៍ ការ​ដោះស្រាយ​ផល​ប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍ ការ​ផ្ដល់​សម្បទាន​ដី និង​ដំណើរការ​តាំង​ទី​លំនៅ​ថ្មី​របស់​ពលរដ្ឋ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។