​មន្ត្រី​ អ.ស.ប បញ្ជាក់​​ជំហរ​​ដដែល​​ថា ​ចំណុច​​មួយ​ចំនួន​​នៃ​​វិធាន​ការ​​ឆ្លើយតប​​ជំងឺកូវីដ១៩​ពុំ​ចាំបាច់​និង​អាច​រំលោភ​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ​

ដោយ សេក បណ្ឌិត
2021-04-15
Share
​មន្ត្រី​ អ.ស.ប បញ្ជាក់​​ជំហរ​​ដដែល​​ថា ​ចំណុច​​មួយ​ចំនួន​​នៃ​​វិធាន​ការ​​ឆ្លើយតប​​ជំងឺកូវីដ១៩​ពុំ​ចាំបាច់​និង​អាច​រំលោភ​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ​ ​អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) អ្នករាយការណ៍​​ពិសេសអង្គការសហប្រជាជាតិ​​ទទួល​​បន្ទុក​បញ្ហា​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា។
រូប៖ RFA

អ្នករាយការណ៍​​ពិសេស​​ទទួល​​បន្ទុក​បញ្ហា​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) នៅតែ​​បញ្ជាក់​​ជំហរ​​ដដែល​​ថា អ្នកស្រី​និង​​អ្នក​រាយការណ៍​ពិសេស​​ផ្សេង​ទៀត​​របស់​​អង្គការ​​សហប្រជាជាតិព្រួយបារម្ភ​ថា ចំណុច​មួយ​ចំនួន​​នៃ​វិធានការ​​ឆ្លើយតប​​របស់​​រដ្ឋាភិបាល​​ក្នុងការ​​ប្រយុទ្ធ​ប្រឆាំង​​នឹង​​ជំងឺ​កូវីដ១៩ ពុំ​ចាំ​បាច់ និង​​អាច​​រំលោភ​​ស្តង់ដារ​​សិទ្ធិ​មនុស្ស​​អន្តរជាតិ។

ការបញ្ជាក់​ជំហរ​​ជាថ្មី​បែប​​នេះ កើតមាន​​ឡើង​ក្រោយ​​តំណាង​​កម្ពុជា​​ប្រចាំ​អង្គការ​​សហប្រជាជាតិ​​នៅ​​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេសស្វីស​ (Switzerland) កាល​ពីពេល​​ថ្មីៗ​នេះ បាន​​ចោទ​​ក្រុម​អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​​អង្គការ​​សហប្រជាជាតិ ថា​កំពុង​តែ ​«បង្អាក់» បេសកកម្ម​​សង្គ្រោះជីវិត និង​​ការ​ទប់ស្កាត់​​ការឆ្លង​​រីករាល​ដាល​​នៃ​​ជំងឺកូវីដ​១៩​​​របស់​រដ្ឋាភិបាល។ ការចោទប្រកាន់​​បែបនេះ គឺ​ដោយសារ​​តែ​ក្រុម​អ្នកជំនាញ​​សិទ្ធិ​មនុស្ស​​អង្គការ​សហប្រជាជាតិ​ចំនួន ​៤រូប បាន​​រិះគន់​​វិធានការ​​របស់​​រដ្ឋាភិបាល​ថា មាន​​លក្ខណៈ​តឹងរ៉ឹង​​ជ្រុល​ហួសហេតុពេក​មិនមាន​​សមាមាត្រ និង​មិន​ចាំបាច់។ ក្រុមអ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​របស់​​អង្គការ​​សហប្រជាជាតិ​​ទាំង​នោះ ក៏​បាន​​រិះគន់​អាជ្ញាធរ​​រដ្ឋាភិបាល​​ដែល​​បាន​​លាតត្រដាង​​ព័ត៌មាន​ផ្ទាល់ខ្លួន​​របស់​អ្នកជំងឺ និង​​បុគ្គល​ពាក់ព័ន្ធ​នឹង​​អ្នកជំងឺ​កូវីដ១៩ ថា​គឺជា​​ការ​បំពាន​ធ្ងន់ធ្ងរ​​លើ​​សិទ្ធិ​ឯកជន ដែល​​អាច​​នាំ​ឲ្យ​មាន​​ការរើសអើង និង​​ការ​មាក់ងាយ។

អ្នកស្រី រ៉ូណា ស្ម៊ីត ពន្យល់​ប្រាប់​​អាស៊ីសេរី​តាម​​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃទី១៥ ខែមេសា ថា​អ្នកស្រី​​មាន​តួនាទី​​ពិគ្រោះយោបល់​​ជាមួយ​ភាគី​​រដ្ឋាភិបាល ដោយ​​លើក​ឡើង​​ពី​​បញ្ហា​រំលោភ​បំពាន​​នានា​​លើ​​​បទដ្ឋាន និង​ស្តង់ដារ​​សិទ្ធិ​មនុស្ស​​អន្តរជាតិ ដែល​កម្ពុជា​​បាន​​ស្ម័គ្រចិត្ត​​ទទួល​​យក។ អ្នកស្រី​ រ៉ូណា ស្ម៊ីត ថា​អ្នកស្រី​​ដឹង​ថា​​រដ្ឋាភិបាល​​កម្ពុជា​​កំពុង​​តែ​ចាត់វិធានការ​​មិន​ធម្មតា ហើយ​អ្នកស្រី​​កំពុង​​តែ​តាមដាន​​យ៉ាង​យក​ចិត្ត​ទុកដាក់​​ចំពោះ​វិធានការ​​របស់​រដ្ឋាភិបាល​​កម្ពុជា​ក្នុង​ការ​​គ្រប់គ្រង និង​​ទប់ស្កាត់​​ការឆ្លង​វីរ៉ុស​ SARS-CoV-2 ចូល​​ក្នុង​​សហគមន៍។

អាជ្ញាធរ​​កម្ពុជា​មិន​​បាន​​អើពើ​​ទៅនឹង​​ការរិះគន់​​របស់​ក្រុម​អ្នកជំនាញ​​សិទ្ធិ​មនុស្ស​​អង្គការ​​សហប្រជាជាតិ​​ទាំងនោះ ជុំវិញ​​បញ្ហា​រំលោភ​​បំពាន​សិទ្ធិ​ឯកជន​​នេះទេ។ អាជ្ញាធរ​​នៅតែ​បង្កើន​ការបន្ត​​លាតត្រដាង​​ព័ត៌មាន​​ផ្ទាល់ខ្លួន​​របស់​​អ្នកជំងឺ​និង​​បុគ្គល​ពាក់ព័ន្ធ​​នឹង​​អ្នកកើត​​ជំងឺកូវីដ១៩​ជា​សាធារណៈ​ដដែល ក្នុងនោះ​​មាន​​ការ​បង្ហាញ​​អំពី​​ឈ្មោះ ​ភេទ អាយុ ​មុខរបរ​ កន្លែងធ្វើការ ​និង​​អាសយដ្ឋាន ជាដើម។

តំណាង​​កម្ពុជា​​ប្រចាំ​អង្គការ​​សហប្រជាជាតិ​ បាន​​បកស្រាយ​ថា ការបង្ហាញ​​អត្តសញ្ញាណ​​ដូច្នេះ គឺជា​​ការ​លើក​ទឹកចិត្ត និង​​ជំរុញ​​ឲ្យ​មាន​ការ​​តាម​​រុករក ការ​ធ្វើ​តេស្ត និង​​ធ្វើ​ចត្តាឡីស័ក បាន​លឿន​ និង​ទាន់​ពេលវេលា សំដៅ​​រួមចំណែក​​ទប់ស្កាត់​ការ​ឆ្លង​​ជំងឺកូវីដ១៩ ក្នុង​​សហគមន៍។ ក៏ប៉ុន្តែ ក្រុមអ្នក​ជំនាញ​​សិទ្ធិមនុស្ស​​អង្គការ​​សហ​ប្រជាជាតិ ថាវិធានការ​របស់​រដ្ឋាភិបាល គឺជា​​ការ​រំលោភ​បំពាន​ដល់​សិទ្ធិ​ឯកជន សិទ្ធិ​ជាមូលដ្ឋាន សេរីភាព​ក្នុងការ​ដើរហើរ សិទ្ធិ​ជួបប្រជុំ​ដោយ​​សន្តិវិធី ​និង​​សិទ្ធិ​ការងារជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល