អង្គការ​សហប្រជាជាតិ​ជំរុញ​រដ្ឋាភិបាល​ឈប់​ធ្វើ​បាប​សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង

ដោយ យាង សុជាមេត្តា
2016-05-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី  លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នក​ទាំង​​៥ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សូក​ប៉ាន់សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។
អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នក​ទាំង​​៥ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សូក​ប៉ាន់សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។
RFA

មន្ត្រី​ជំនាញ​សិទ្ធិមនុស្ស​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ធ្វើ​បាប​ទៅ​លើ​មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​អង្គការ​សហប្រជាជាតិ និង​បក្ស​ប្រឆាំង។ មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​តប​ថា មន្ត្រី​ជំនាញ​សិទ្ធិមនុស្ស​ទាំង​នោះ​មិន​យល់​ពី​ស្ថានការណ៍​ពិត​នៅ​កម្ពុជា ឡើយ។

ឈប់​ធ្វើទុក្ខបុកម្នេញ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​បក្ស​ប្រឆាំង ឈប់​បំបែក​ការ​ជួបជុំ​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ និង​ឈប់​លាប​ពណ៌​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ថា​បដិវត្តន៍​ពណ៌ សុទ្ធសឹងតែ​ជា​បញ្ហា​សំខាន់ៗ ដែល​មន្ត្រី​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឈប់​ប្រព្រឹត្ត​ទៅ​លើ​ពលរដ្ឋ សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ពី​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ចុះ​ថ្ងៃ​ទី​១២ ខែ​ឧសភា មន្ត្រី​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ដែល​រួម​មាន​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស លោក មីសែល ហ្វ័ស្ត៍  (Michel Forst) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សម្ដែង​មតិ​និង​យោបល់ លោក ដេវីដ កាយេ (David Kaye) និង​អ្នក​រាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិ​វិធិ និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម លោក ម៉ៃណា គីអៃ (Maina Kiai) សុទ្ធតែ​សម្ដែង​ការ​បារម្ភ​ពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ពួកគេ​ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បី​ការពារ​មន្ត្រី​សង្គម​ស៊ីវិល និង​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ទូទៅ។

​មន្ត្រី​ជំនាញ​ទាំង​អស់​នេះ ដែល​ចាត់​ទុក​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ថា ជា​ឈុត​ឆាក​នយោបាយ​ដើម្បី​ធ្វើ​បាប​សង្គម​ស៊ីវិល​នោះ ក៏​ទទូច​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បញ្ឈប់​នូវ​ការ​ចោទ​ប្រកាន់​ការ​កោះ​ហៅ​សាកសួរ និង​ដំណើរការ​តុលាការ​ទៅ​លើ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស។ ពួកគេ​ជំរុញ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ធានា​សុវត្ថិភាព​របស់​មន្ត្រី​ការពារ​សិទ្ធិមនុស្ស ដែល​ពួកគេ​ចាត់​ទុក​ថា ជា​តួអង្គ​សំខាន់​មួយ​ក្នុង​ការ​ឃ្លាំមើល​សកម្មភាព​រដ្ឋាភិបាល​ដែល​នាំ​មក​នូវ​ការ​គោរព​សិទ្ធិមនុស្ស​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ។

បន្ថែម​ពីលើ​នេះ ពួកគេ​ក៏​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​របស់​សមត្ថកិច្ច​ដែល​បាន​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​អ្នក​ចូល​រួម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កំពុង​ជាប់​ឃុំ។ ពួកគេ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ដែល​ថ្លែង​លាប​ពណ៌​អ្នក​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ថា​ជា​ក្រុម​ឧទ្ទាម​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

​ចំពោះ​ការ​រិះគន់​របស់​អង្គការ​សហប្រជាជាតិ​នេះ អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ឆ្លើយ​តប​ថា មន្ត្រី​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ទាំង​អស់​នោះ មិន​បាន​យល់​ច្បាស់​ពី​ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា នោះ​ទេ។ លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល​មិន​មាន​ប្រយោជន៍​អ្វី​ទៅ​ធ្វើ​បាប​មន្ត្រី​សង្គម​ស៊ីវិល​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថា រដ្ឋាភិបាល​តែង​ចាត់​ទុក​សង្គម​ស៊ីវិល​ថា ជា​ដៃគូ​សម្រាប់​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ។ ប៉ុន្តែ​លោក​ថា អ្វី​ដែល​កំពុង​កើត​មាន​ឡើង​ចំពោះ​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ពេល​នេះ គឺ​ជា​ចំណាត់ការ​ផ្លូវច្បាប់​របស់​តុលាការ​ចំពោះ​ជន​ដែល​ធ្វើ​ខុស​ច្បាប់​របស់​កម្ពុជា។

លោក ផៃ ស៊ីផាន៖ «ខ្ញុំ​ជឿ​ថា មន្ត្រី​នៃ​អង្គការ​សហប្រជាជាតិ​ទាំង​នោះ​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រង​ប្រទេស​ទេ។ យើង​មើល​ភាព​បាក់បែក​របស់​ប្រទេស​ជាតិ​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា មន្ត្រី​អង្គការ​សហប្រជាជាតិ​គ្រាន់តែ​ចូល​ទៅ​ជួយ​សម្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ពុំ​ដែល​មាន​ឱកាស ឬ​ពិសោធន៍​នៅ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ណា​មួយ​ឲ្យ​មាន​សន្តិភាព​នោះ​ទេ ដូច្នេះ​កម្ពុជា មាន​ការ​ពិសោធ​ខ្លួន​ឯង​រួច​ស្រេច គួរ​តែ​ពួកគេ​ទាំង​អស់​នោះ​រៀន​ពី​កម្ពុជា​វិញ»

ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​មន្ត្រី​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​សកម្មភាព​វាយ​ប្រហារ​លើ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​បក្ស​ប្រឆាំង​ពេល​នេះ គឺ​បន្ទាប់ពី​មាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ ថ្កោលទោស​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លើ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស។

អង្គការ​សហប្រជាជាតិ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​កាតព្វកិច្ច គោរព​សិទ្ធិមនុស្ស​ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​សិទ្ធិមនុស្ស​នានា ដែល​កម្ពុជា ជា​រដ្ឋ​ភាគី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

អ្នក​អាន​អនាមិក

All he can say everyone in Cambodia must obey the Khmer law.What kind the law is this,is that.Your law not everyone law Phan Siphes.You have nothing.

May 14, 2016 12:12 PM

អ្នក​អាន​អនាមិក

ពី Phnom Penh

មានសំពាធអពាឹ្ចងបានជាហ៊ុនសែននិយាយថានិងសំុសេ្តចលើកលែងទោស។ សង្គមសុីវិលសូមសំណូមពរហ៊ុនសែនអោយរកអ្នកនៅពីក្រោយអ្នកលួចស្តាប់សន្ទារតាមទូរសព្ទ។ បើធ្វើបានអ្នកស្រុកខ្ញុំនិងបោះឆ្នោតជូន។ ហ៊ុនមាណែតនៅផ្នែកចារកម្មឥតមាននិយាយមួយមាត់គួរអោយឆ្ងល់ណាស់។ កុំប្រាប់ថាដឹងហើយធ្វើមិនដង។ផ្នែកចារកម្មគួរគ្រប់គ្រងបានទាំងអស់ហើយធានាអោយបានសន្តិសុខសាធារណះ។ រឿងនេះធំណាស់អាចធ្វើអោយមនុស្សលែងទុកចឹត្តគ្នាក្នុងសង្គមខ្មែរ។

May 14, 2016 11:48 AM

អ្នក​អាន​អនាមិក

សម្រែក អ-ស-ប ទទួលផលបានខ្លះហើយនៅ?
ឬគ្រាន់តែជាខ្លាក្រដាស់ទេ?

May 14, 2016 06:42 AM

ហានិភ័យ

ពី តាកែវ

កាលពីប៉ុន្មានឆ្នាំមុន មានទូតបរទេសម្នាក់សួរហេងសំរិនពីបរមងារគាត់ដែលទើបនឹងទទួលបាន គាត់ឆ្លើយថាគាត់មិនបានបានចាំទេ ព្រោះពាក្យវែងពេក។

May 14, 2016 02:53 AM

អ្នក​អាន​អនាមិក

ប្រជាពលរដ្ឋខ្មែរ តាមដានឃើញថា = គាត់ទាំង ៥ នាក់រួមទាំងលោក សា លី គាត់ជាអង្គការ ជួយជនរងគ្រោះជាទូទៅ មិនមានកំហុស ដូចមនុស្សអគតិ ចោទ ប្រកាន់ គាត់ ឡើយ !

May 14, 2016 02:42 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល