មន្ត្រីUNHCRគ្រោងទៅពិនិត្យស្ថានភាពម៉ុងតាញ៉ា១៣នាក់ដែលកម្ពុជាបញ្ជូនទៅវៀតណាម

ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នឹងទៅពិនិត្យស្ថានភាពរស់នៅរបស់ជនជាតិដើមភាគតិចម៉ុងតាញ៉ា (Montagnard) វៀតណាម ចំនួន ១៣នាក់ ដែលត្រូវអាជ្ញាធរកម្ពុជា បញ្ជូនត្រឡប់ទៅប្រទេសវៀតណាម វិញ កាលពីថ្ងៃទី១៩ ខែធ្នូ។ ការថ្លែងឲ្យដឹងបែបនេះ ធ្វើឡើងក្រោយពេលជនជាតិដើមភាគតិចម៉ុងតាញ៉ា ទាំងនោះ ធ្លាក់ការសម្ភាសដើម្បីបានឋានៈ ឬសិទ្ធិជាជនភៀសខ្លួន។
អ្នកធ្វើការផ្នែកសិទ្ធិមនុស្សព្រួយបារម្ភថា ជនជាតិដើមភាគតិចម៉ុងតាញ៉ាវៀតណាម ចំនួន ១៣នាក់ ដែលត្រូវអាជ្ញាធរកម្ពុជា បញ្ជូនត្រឡប់ទៅប្រទេសវៀតណាម វិញ នឹងរងការធ្វើទុក្ខបុកម្នេញ។ ការព្រួយបារម្ភនេះ ខណៈអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនអះអាងថា នឹងទៅសួរសុខទុក្ខជនជាតិដើមភាគតិចម៉ុងតាញ៉ា នៅប្រទេសវៀតណាម។
មន្ត្រីផ្នែកព័ត៌មានសាធារណៈប្រចាំតំបន់របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន អ្នកស្រី វីវៀន តាន់ (Vivian Tan) ឲ្យអាស៊ីសេរី ដឹងតាមសារអេឡិចត្រូនិច (Email) នៅថ្ងៃទី២១ ខែធ្នូ ថា ជនជាតិដើមភាគតិចម៉ុងតាញ៉ាវៀតណាម ដែលស្វែងរកសិទ្ធិជ្រកកោនចំនួន ១៣នាក់ បានស្ម័គ្រចិត្តត្រឡប់ទៅវៀតណាម វិញ នៅដើមសប្ដាហ៍នេះ។ ក្នុងចំណោមពួកគេនោះ គឺមានទាំងអ្នកបានទទួលសេចក្ដីសម្រេចបដិសេធការស្នើសុំសិទ្ធិជ្រកកោន និងអ្នកដែលបានដកពាក្យស្នើសុំសិទ្ធិជ្រកកោនវិញ។ អ្នកស្រីបន្តថា UNHCR មានគម្រោងនឹងទៅសួរសុខទុក្ខពួកគេនៅក្នុងពេលឆាប់ៗខាងមុខ ដូចដែលបានព្រមព្រៀងជាមួយអាជ្ញាធរវៀតណាម។
ចំណែកប្រធាននាយករដ្ឋានជនភៀសខ្លួន លោក តាន់ សុវិជ្ជា មិនធ្វើអត្ថាធិប្បាយចំពោះគម្រោងរបស់មន្ត្រី អ.ស.ប ដែលនឹងទៅពិនិត្យស្ថានភាពជនជាតិម៉ុងតាញ៉ា នៅប្រទេសវៀតណាម ព្រោះលោកថា វាផុតដែនសមត្ថកិច្ចរបស់កម្ពុជា។ លោកឲ្យដឹងថា ក្នុងការសម្ភាសជនជាតិម៉ុងតាញ៉ា មិនមែនកម្ពុជា ធ្វើឡើងតែឯកឯងទេ គឺមានការឃ្លាំមើលពីមន្ត្រីអង្គការសហប្រជាជាតិ៖ «សុំលោកយល់ថា ការសម្ភាសឋានៈជនភៀសខ្លួនបន្ទាប់ពីសម្ភាសចប់គេយកករណីមួយៗមកសិក្សាផ្ទៀងផ្ទាត់វាយតម្លៃថា ជាប់ ឬមិនជាប់ មិនមែនសម្ភាសភ្លាមដឹងថា ជាប់ភ្លាមទេ ត្រូវដឹងថា ករណីមួយៗមិនមែនធ្វើមួយថ្ងៃ ឬពីរថ្ងៃហើយទេ ករណីខ្លះរាប់ខែយើងប្រមូលព័ត៌មានមិនជុំផង កាលណាយើងសម្រេចលឿនពេកវាខុស»។
លោក តាន់ សុវិជ្ជា បញ្ជាក់ថា ជនជាតិដើមភាគតិចម៉ុងតាញ៉ា សព្វថ្ងៃមានចំនួន ១៥៦នាក់ ហើយអ្នកទាំងនោះត្រូវបានសម្ភាសរួចរាល់អស់ហើយ។ លោកថា ដំណើរការនៃការកំណត់ឋានៈជាជនភៀសខ្លួនមិនទាន់ត្រូវបានវាយតម្លៃនៅឡើយដែលត្រូវការពេលវេលាច្រើនទៀត។ លោកបញ្ជាក់ថា អាជ្ញាធរកម្ពុជា បានបញ្ជូនជនជាតិដើមភាគតិចម៉ុងតាញ៉ាវៀតណាម ចំនួន ១៣នាក់ កាលពីថ្ងៃទី១៩ ខែធ្នូ ហើយពេលនេះ ពួកគេបានទៅដល់វៀតណាម ដោយសុវត្ថិភាពហើយ។
ជាញឹកញាប់ជនជាតិម៉ុងតាញ៉ា តែងលួចឆ្លងចូលមកកម្ពុជា ដោយលើកឡើងថា ពួកគេត្រូវអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញ បំបិទសិទ្ធិសេរីភាព សិទ្ធិនយោបាយ និងសាសនាជាដើម។ ពួកគេភាគច្រើនត្រូវកម្ពុជា បញ្ជូនទៅប្រទេសវៀតណាម វិញ ខណៈមានអ្នកខ្លះបានទទួលទៅរស់នៅប្រទេសទីបី។
រីឯអ្នកពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ថា សំណួរដែលត្រូវសម្ភាសសួរពីមូលហេតុរត់ចេញពីប្រទេសវៀតណាម មកពីណាទៅណា? មកជាមួយអ្នកណា? អ្នកណាជូនមក? ហើយលោកថា ដោយសារចំឡើយរបស់ជនជាតិម៉ុងតាញ៉ា មិនជាប់ពាក់ព័ន្ធការធ្វើទុក្ខបុកម្នេញ រឿងនយោបាយឡើយ ដែលជាហេតុធ្វើឲ្យពួកគេមិនទទួលបានឋានៈជាជនភៀសខ្លួន។
លោកយល់ថា កម្ពុជាគួរប្រយ័ត្នចំពោះម៉ុងតាញ៉ា ព្រោះក្រុមទាំងនេះជាក្រុមទាមទារឯករាជ្យ ហើយតំបន់ដែលពួកគេមកលាក់ខ្លួនស្ថិតក្នុងខេត្តរតនគិរី មណ្ឌលគិរី ហើយនៅពេលខាងមុខបើមានការទាមទារ ឬផ្ទុះសង្គ្រាមបង្កឡើងដោយក្រុមនេះ នឹងបង្កបញ្ហាដល់ទឹកដីរបស់កម្ពុជា៖ «ម៉ុងតាញ៉ាជាក្រុមមួយទាមទារឯករាជ្យ ក្រែងលោឯករាជ្យនេះ ដោយរតនគិរី មណ្ឌលគិរី របស់យើងដែរ គិតឲ្យវែងឆ្ងាយ គិតដល់កូនចៅជំនាន់ក្រោយ»។
ដោយឡែកមន្ត្រីជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ព្រួយបារម្ភពីសុខសុវត្ថិភាពរបស់ក្រុមម៉ុងតាញ៉ា ដែលត្រូវបញ្ជូនទៅប្រទេសវៀតណាម វិញនេះ។ មន្ត្រីសិទ្ធិមនុស្សរូបនេះយល់ថា អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន គួរតាមដានឃ្លាំមើលស្ថានភាពអ្នកទាំងនោះឲ្យបានញឹកញាប់។
ប្រធាននាយករដ្ឋានជនភៀសខ្លួន លោក តាន់ សុវិជ្ជា អះអាងថា ជនជាតិដើមភាគតិចម៉ុងតាញ៉ាវៀតណាម សព្វថ្ងៃមានចំនួន ១៥៦នាក់ ពួកគេភាគច្រើននឹងត្រូវបញ្ជូនទៅប្រទេសវៀតណាម បន្តបន្ថែមទៀត ព្រោះតាមរយៈការសម្ភាស អ្នកទាំងនោះឆ្លើយមិនត្រូវសំណួរដែលអាចឲ្យពួកគេទទួលឋានៈជាជនភៀសខ្លួន៕