រោងចក្រ​ស្បែកជើង​ទទួល​យក​តំណាង​សហជីព​ម្នាក់​ឱ្យ​ចូល​ធ្វើការ​វិញ

ដោយ ហេង រស្មី
2020-02-29
Share
រោងចក្រ A Plus Shoes កម្មករ​រោងចក្រ​ស្បែកជើង A Plus Shoes នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ធ្វើ​កូដកម្ម រឿង​ក្រុមហ៊ុន​បញ្ឈប់​ថ្នាក់​ដឹក​នាំ​សហជីព​ម្នាក់ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ ឆ្នាំ២០២០ ។
រូប៖ កម្មករ

មន្ត្រី​សហជីព​កម្មករ​ឱ្យ​ដឹង​ថា កម្មករ​រោងចក្រ អេ ផ្លើស អេ ស៊ូ ខាំបូឌ៊ៀ (A Plus A Shoes Cambodia) ជាង​១​ពាន់​នាក់ បាន​ចូល​ធ្វើ​ការ​វិញ​ហើយ កាលពី​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ បន្ទាប់ពី​តវ៉ា​ចំនួន ២​ថ្ងៃ​ជាប់​គ្នា ហើយ​ដោយសារតែ​ថៅកែ​យល់ព្រម​ដោះស្រាយ​តាម​ការ​ទាមទារ​ពួកគេ។

ក្រុម​កម្មករ​ជាច្រើន​នាក់​នៃ​រោងចក្រ អេ ផ្លើស អេ ស៊ូ ខាំបូឌ៊ៀ (A Plus A Shoes Cambodia ) ​ដែល​ផលិត​ស្បែកជើង​ម៉ាក​ល្បីៗ​សម្រាប់​នាំចេញ​ទៅ​ក្រៅ​ប្រទេស មាន​ទីតាំងនៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី២៨ កុម្ភៈ បាន​ផ្ទុះ​ការ តវ៉ា​ចំនួន​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ជនជាតិ​ចិន​គោរព​លក្ខខណ្ឌ​ការងារ និង​ឱ្យ​លោក សូយ រ៉ាវូ តំណាង​សហជីព​កម្មករ​ចូល​ធ្វើ​ការ​វិញ។

ប្រធាន​សហព័ន្ធ​សហជីព​ឯករាជ្យ លោក រី សិទ្ធីណែត ឱ្យ​ដឹង​ថា នេះ​ជា​ការ​តវ៉ា​ដែល​កម្មករ​ទទួល​បាន​ជោគជ័យ​មួយ ព្រោះ​ថៅកែ​បាន​យល់ព្រម​ឱ្យ​ថ្នាក់ដឹកនាំ​សហជីព លោក សូយ រ៉ាវូ ចូល​ធ្វើការ​វិញ ព្រមទាំង​ដោះស្រាយ​ការ​ទាមទារ​របស់​កម្មករ​ជាច្រើន​ចំណុច​ទៀត​ផង៖ «រោងចក្រ​លែង​បញ្ឈប់​ស្ត្រី​មាន​ភ័យ​ពោះ ឯកភាព​សាងសង់​ទារកដ្ឋាន​ឱ្យ​ហើយ​មុន​ដំណាច់​ខែ​ឧសភា ដូរ​ប្រើប្រាស់​កិច្ចសន្យា​កំណត់​ទៅ​អត់​កំណត់​តាម​ប្រកាស​លេខ​០៥០ របស់​ក្រសួង និង​ការ​កាត់​ប្រាក់​រង្វាន់​ទៀងទាត់​តាម​សមាមាត្រ»

លោក សូយ រ៉ាវូ មន្ត្រី​សហជីព​ឯករាជ្យ​ប្រចាំ​រោងចក្រ អេ ផ្លើស អេ ស៊ូ ខាំបូឌ៊ៀ ត្រូវ​បាន​រោងចក្រ​បញ្ឈប់​ពី​ការងារ​ក្រោម​ហេតុផល​ថា រោងចក្រ​គ្មាន​ការងារ ប៉ុន្តែ​ខាង​មន្ត្រី​សហជីព​អះអាង​ថា ហេតុផល​នេះ​មិន​ត្រឹមត្រូវ។

មន្ត្រី​សហជីព​យល់​ថា ការសម្រេច​បញ្ឈប់​តំណាង​សហជីព​នេះ គឺ​ដោយសារ​ខាង​រោងចក្រ​ចង់​កាត់ផ្ដាច់​ប្រាក់​អតីតភាព​ការងារ​របស់​កម្មករ​ដែល​បាន​ធ្វើ​ការងារ ចាប់​ពី​មួយ​ឆ្នាំ​ឡើង​ទៅ ដែល​ច្បាប់​តម្រូវ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល ២​ដុល្លារ ក្នុង​មួយ​ខែ។ បញ្ហា​នេះ ជាហេតុ​នាំ​ឱ្យ​ថៅកែ​បញ្ឈប់​រាល់​បុគ្គលិក​ចាស់ៗ​ ចោល ហើយ​ជ្រើសរើស​បុគ្គលិក​ថ្មី ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​របស់​ក្រុមហ៊ុន។

តែ​ទោះជា​កម្មករ​ចូល​ធ្វើ​ការ​វិញ ពួកគេ​អះអាង​ថា នៅ​មាន​ចំណុច​មួយ​ចំនួន​ទៀត​ដែល​នឹង​នៅ​តែ​បន្ត​ចរចា​ជាមួយ​ថៅកែ​ដូចជា ការ​ស្នើសុំ​ដំឡើង​លុយ​បាយ​ថ្ងៃត្រង់​ពី​៩​ដុល្លារ ទៅ​២០​ដុល្លារ​ក្នុង​១​ខែ ដំឡើង​លុយ​ធ្វើ​ដំណើរ​ពី​៧​ដុល្លារ ទៅ​១៥​ដុល្លារ និង​បញ្ឈប់​ការ​ទារ​ប្រាក់​ពី​កម្មករ​ដែល​រើស​ចូល​ធ្វើ​ការ​ថ្មី​ម្នាក់​ពី ៥០​ដុល្លារ ទៅ​១៥០​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។