សហជីព និង​កូដករ​ណាហ្គាវើលដ៍​ស្នើ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​បទ​ចោទ​ប្រកាន់ និង​ផ្ដល់​យុត្តិធម៌​ជូន​ពួក​គាត់

ដោយ ខាន់ លក្ខិណា
2024.04.26
សហជីព និង​កូដករ​ណាហ្គាវើលដ៍​ស្នើ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​បទ​ចោទ​ប្រកាន់ និង​ផ្ដល់​យុត្តិធម៌​ជូន​ពួក​គាត់
រូបពីពលរដ្ឋ

មេ​ដឹក​នាំ​សហជីព និង​សមាជិក​ចំនួន ៧នាក់ ស្នើ​ឱ្យ​តុលាការ​កំពូល​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះ​លែង​កញ្ញា ឈឹម ស៊ីថរ ហើយ​ផ្ដល់​យុត្តិធម៌​ ដល់​ពួកគាត់។ សំណើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល គ្រោង​នឹង​ប្រកាស​សាលដីកា​សំណុំ​រឿង​មេ​ដឹក​នាំ​សហជីព កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​ ៧ នាក់​ទៀត​នៅ​ថ្ងៃ​ទី៣ ខែឧសភា​ខាង​មុខ។

តុលាការ​កំពូល នៅ​ថ្ងៃទី២៦ ខែមេសា បាន​បើក​សវនាការ​បណ្ដឹង​សាទុក្ខ​របស់​កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​ណាហ្គាវើលដ៍​ចំនួន ៧នាក់​ទៀត ប្រឆាំង​ នឹង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់​ឱ្យ​ពួកគាត់​មាន​ ទោស​ចន្លោះ​ពី ១ឆ្នាំ ទៅដល់ ២ឆ្នាំ ពី​បទ«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​ សន្តិសុខ​សង្គម» ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករ។

កូដករ​ណាហ្គាវើដល៍​លោកស្រី រី សុវណ្ណឌី ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​ តុលាការ​កំពូល​ថា ពួកគាត់​ប្ដឹង​សាទុក្ខ​នេះ ពីព្រោះ​មិន​សុខ​ចិត្ត​ការ​សម្រេច​សេចក្ដី​ របស់​តុលាការ​ថ្នាក់​ក្រោម។ លោកស្រី​សង្ឈឹម​ថា តុលាការ​កំពូល​នឹង​ផ្ដល់​យុត្តិធម៌​ ឱ្យ​ពួកគាត់ ពីព្រោះ​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ដំណោះស្រាយ​ វិវាទ​ការងារ​មិន​ពាក់ព័ន្ធ​នឹង​បទ«ញុះញង់» ដូច​តុលាការ​ថ្នាក់​ក្រោម​ចោទ​ប្រកាន់​ឡើយ។

លោកស្រី រី សុវណ្ណឌី៖ «រឿងញែក​ដាច់​គ្នា​អំពី​អង្គហេតុ​ពិត​ប្រាកដ​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​ហ្នឹង ព្រោះ​រឿង​វិវាទ​ការងារ​សុទ្ធសាធ​ហើយ​ការ​ចោទ​ប្រកាន់​ហ្នឹង គឺ​ជា​បទ «ញុះញង់» គឺជា​បទ​ឧក្រិដ្ឋ»

រីឯ​អនុប្រធាន​សហជីព​ណាហ្គាវើលដ៍​កញ្ញា ឈឹម សុខន លើក​ឡើង​ដែរ​ថា ការ​ធ្វើ​ កូដកម្ម​របស់​ពួកគាត់​កន្លងមក គឺ​ស្រប​តាម​ច្បាប់ មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ នោះ​ទេ។ កញ្ញា​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ថ្នាក់​ក្រោម​លើ​ពួកគាត់  ដែល​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ ថា​ជា​ការ​បំភ្លៃ​អង្គហេតុ។

កញ្ញា ឈឹម សុខន៖ «គាត់​យក​បំភ្លៃ​រឿង​របស់​យើង គឺ​ជា​បទ«ញុះញង់» គឺ​ជា​បទ​ព្រហ្មទណ្ឌ អ៊ីចឹង​ពួក​យើង​អត់​ទទួល​ស្គាល់​ទេ ហើយ​ក៏​អត់​សប្បាយ​ចិត្ត​ដែរ។ សម្រាប់​ខ្ញុំ​មក​ដល់​ថ្ងៃ​ហ្នឹង ខ្ញុំ​នៅ​តែ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោទ ហើយ​សង​ភាព​ស្អាតស្អំ​ឱ្យ​ពួក​ខ្ញុំ ព្រោះ​ពួក​ខ្ញុំ​អត់​បាន​ធ្វើ​អ្វី​ដូច​ដែល​គាត់​ចោទ​ទេ។ អ្វី​ដែល​ពួក​ខ្ញុំ​ធ្វើ គឺ​កូដកម្ម ដែល​មាន​ក្នុង​ផ្លូវ​ច្បាប់ ហើយ​ជា​រួម​ទាំង​អស់​គ្នា មាន​ការ​យល់​ពី​សមាជិក វា​អត់​បាន​ញុះញង់​អី​ទេ»

អំឡុង​ពេល​តុលាការ​កំពូល បើក​សវនាការ​កូដករ​ណាហ្គាវើលដ៏​ប្រមាណ ៦០ នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​តុលាការ​កំពូល ដើម្បី​គាំទ្រ​និង​លើក​ទឹកចិត្ត​ដល់​មេ​ដឹក​នាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​របស់​ពួកគាត់ ដែល​មាន​ការ​តាម​ឃ្លាំមើល​ ពី​សំណាក់​ក្រុម​សមត្ថកិច្ច​ស្លៀក​ពាក់​សុីវិល​ប្រមាណ ២០ នាក់។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ដែល​បាន​ឃ្លាំមើល​សវនាការ​នៅ​ថ្ងៃនេះ លើក​ឡើង​ថា វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ គួរ​ដោះស្រាយ​តាម​វិវាទ​ការងារ មិន​គួរ​មាន​ការ​ចោទ​ប្រកាន់ និង​កាត់​ទោស​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ។

លោក អំ សំអាត៖«អ៊ីចឹង​ករណី​ហ្នឹង គឺ​វា​អត់​ចប់។ យើង​ឃើញ​ថា រាប់​ឆ្នាំ​ហើយ​នៅ​តែ​មិន​ចប់ បើសិន​ដោះ​វិវាទ​ការងារ​ហ្នឹង​មិន​ចប់  រឿង​ហ្នឹង​ក៏​វា​មិន​ចប់​ដែរ ហើយ​ទៅ​ចោទ​ប្រកាន់​រឿង​ព្រហ្មទណ្ឌ ដោយសារ​តែ ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី និង​ការ​ទាមទារ​តាម​ច្បាប់​ការងារ អា​ហ្នឹង វា​អត់​ត្រឹមត្រូវ​ទេ»

កាល​ពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើល៍​កញ្ញា ឈឹម ស៊ីថរ ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ។ រីឯ​សមាជិក​សហជីព​ចំនួន ៧ នាក់​ទៀត តុលាការ​បាន​កាត់​ឱ្យ​មាន​ទោស​ចន្លោះ​ពី ១ ឆ្នាំទៅ ១ឆ្នាំ​កន្លះ​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ប៉ុន្តែ​ទោស​នោះ ត្រូវ​ព្យួរ។

ថ្នាក់​ដឹក​នាំ និង​សមាជិក​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ត្រូវ​បាន​តុលាការ​ចោទ​ ប្រកាន់​ពី​បទ «ញុះញង់» ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ទាមទារ​ឱ្យ​មាន​ ដំណោះស្រាយ វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ នៅ​រាជធានី​ភ្នំពេញ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។