ប្រធាន​សហជីព​រោងចក្រ សេងបូ ហ្គាមិន ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ករណី​ប្ដឹង​រោងចក្រ​រើសអើង​សហជីព

ដោយ យ៉ង ចាន់តារា
2024.03.28
ប្រធាន​សហជីព​រោងចក្រ សេងបូ ហ្គាមិន ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ករណី​ប្ដឹង​រោងចក្រ​រើសអើង​សហជីព អ្នកស្រី រឿន កូលាប លើក​បដាតវ៉ាទាមទារយុត្តិធម៌នៅមុខ ក្រុមហ៊ុនសេងបូហ្គាមិន កាលពីថ្ងៃទី៦ ខែ វិច្ឆការ ឆ្នាំ២០២៣។
រូប៖ ពី​ហ្វេសប៊ុក​សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា

ប្រធាន​សហជីព​ប្រចាំ​រោងចក្រ សេងបូ ហ្គាមិន (Shengbo Garment) ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ទាក់ទង​ករណី​មេ​សហជីព​រូប​នេះ ប្ដឹង​រោងចក្រ​រើសអើង​សហជីព​នៅ​កន្លែង​ការងារ​។ សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​កំណត់​យក​ថ្ងៃទី​១២ មិថុនា ដើម្បី​បើកសវនាការ​ម្ដងទៀត ជុំវិញ​ករណី​នេះ។

ប្រធាន​សហជីព​ប្រចាំ​រោងចក្រ សេង បូ ហ្គាមិន (Shengbo Garment) លោកស្រី រឿន កូលាប ដែល​ត្រូវ​បាន​រោងចក្រ​បញ្ឈប់​ពី​ការងារ​ក្រោយ​បង្កើត​សហជីព កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២៣ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃទី​២៧ មីនា​ថា សវនាការ​សាកសួរ​ដេញដោល​នៅ​ពេល​នេះ មិន​មាន​ផ្លែផ្កា​អ្វី​នោះ​ទេ ដោយសារតែ​ភាគី​រោងចក្រ​បាន​ផ្លាស់ប្ដូរ​ប្រធាន​ផ្នែក​រដ្ឋបាល​ថ្មី ហើយ​ប្រធាន​ផ្នែក​រដ្ឋបាល​ថ្មី​នោះ បាន​ចូល​សវនាការ​ដោយ​មិនដឹង​ពី​ការបញ្ឈប់​លោកស្រី​នោះ​ទេ។ លោកស្រី​ឲ្យ​ដឹង​ថា គោលបំណង នៃ​ការ​ប្ដឹងផ្ដល់​នេះ គឺ​ដើម្បី​ឲ្យ​លោកស្រី​បាន​ចូល​ធ្វើ​ការ នៅ​រោងចក្រ សេងបូ វិញ។

លោកស្រី រឿន កូលាប៖ «ខាង​មេធាវី​គាត់​និយាយ​ថា ចុះបើ​បង​មានការ​ងារ​ធ្វើ​ហើយ ម៉េច​បាន​បង​ចង់​ចូល​ធ្វើ​ការ​នៅ​រោងចក្រ​នេះ​ទៀត បង​គ្រាន់តែ​បញ្ចប់រឿង​ហើយ យក​លុយ​បញ្ចប់រឿង​ទៅ វា​រួច​ទៅ​ហើយ​មិន​ខាត​ពេលវេលា​បង​ឡើង​ចុះ​នាំ​តែ​អូស​បន្លាយ​យូរ​ធ្វើ​អី ហើយ​មេធាវី​គាត់​ថា​ទៀត បើ​បង​ឯង​បាន​ចូល​វិញ បង​ឯង​គិត​មែន​ថា បង​ឯង​បាន​ធ្វើ​ការ​នៅ​កន្លែង​ហ្នឹង​ស្រួល គាត់​និយាយ​អ៊ីចឹង»

មេ​សហជីព​រូប​នេះ ឲ្យ​ដឹង​ដែរ​ថា ទោះបី​ជា​មាន​កន្លែង​ការងារ​ថ្មី​ក៏ដោយ ក៏​លោកស្រី នៅតែ​ចង់​ចូល​ធ្វើ​ការ​នៅ​រោងចក្រ សេងបូ ស្របតាម​ការ​គាំទ្រ​របស់​កម្មករ ដែល​បាន​បោះឆ្នោត​ឲ្យ​លោកស្រី​ធ្វើជា​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​មួយ​នេះ​។​

លោកស្រី រឿន កូលាប ឲ្យ​ដឹង​ទៀត​ថា សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​កំណត់​យក​ថ្ងៃទី​១២ មិថុនា ខាងមុខ​នេះ ដើម្បី​ឲ្យ​លោកស្រី ចូលខ្លួន​ទៅ​បំភ្លឺ​ម្ដងទៀត ដោយសារតែ​ភាគី​រោងចក្រ ខ្វះ​លិខិត​ផ្ទេរសិទ្ធិ​ពី​អតីត​ប្រធាន​ផ្នែក​រដ្ឋបាល​រោងចក្រ លោក អាំ មុន្នី ឲ្យ​ទៅ​អ្នក​តំណាង​ថ្មី។

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង ប្រធាន​ផ្នែក​រដ្ឋបាល​ថ្មី ប្រចាំ​រោងចក្រ សេងបូ ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២៧ មីនា។

អតីត​ប្រធាន​ផ្នែក​រដ្ឋបាល នៃ​រោងចក្រ សេងបូ ហ្គាមិន លោក អាំ មន្នី ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ការ​បញ្ឈប់​លោកស្រី រឿន កូលាប នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការរើសអើង​សហជីព​នោះ​ទេ ហើយ​មូលហេតុ ដែល​ឈាន​ដល់​ការ​បញ្ឈប់​លោកស្រី រឿន កូលាប បណ្ដាល​មក​ពី​លោកស្រី​ធ្វើ​ការ​មិន​គ្រប់​ចំនួន​គោលការណ៍​ដូច​កម្មករ​ដទៃ​ទៀត។

ប៉ុន្តែ​លោកស្រី រឿន កូលាប លើកឡើង​ថា រោងចក្រ បាន​ផ្ដល់​ឲ្យ​លោកស្រី នូវ​ប្រាក់​សំណង​ជំងឺ​ចិត្ត ដើម្បី​ឲ្យ​លោកស្រី ទៅ​រក​ការងារ​នៅ​កន្លែង​ថ្មី ដោយ​មិន​ព្រម​ទទួល​លោកស្រី ចូល​ធ្វើ​ការ​វិញ​នោះ​ទេ​។ បញ្ហា​នេះ​ហើយ ទើប​លោកស្រី រឿន កូលាប ចាត់ទុក​ថា រោងចក្រ​មាន​ចេតនា​រើសអើង​សហជីព​នៅ​កន្លែង​ការងារ។

រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ សេងបូ ហ្គាមិន ខេមបូឌា មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ពោធិ៍កោង សង្កាត់​ព្រះស្រែ ក្រុង​ឧត្តុងម៉ែជ័យ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ថៅកែ​ជា​ជន​ជាតិចិន និង​កម្មករ​សរុប​ប្រមាណ​៥០០​នាក់។

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក កត្តា អ៊ន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​រើសអើង​សហជីព​នៅ​កន្លែង​ការងារ​នេះ បាន​នៅ​ឡើយ​ទេ កាលពី​ថ្ងៃទី​២៧ មីនា។

រោងចក្រ សេងបូ ធ្លាប់​បាន​បញ្ចប់​កិច្ចសន្យា​ការងារ​លើ​ថ្នាក់ដឹកនាំ​សហជីព​ប្រចាំ​រោងចក្រ​មួយ​នេះ​ជា​បន្តបន្ទាប់​។ កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០២៣ រោងចក្រ​មួយ​នេះ​បាន​បញ្ឈប់​ប្រធាន​សជីព​ប្រចាំ​រោងចក្រ លោកស្រី រឿន កូលាប ហើយ​រោងចក្រ បាន​បញ្ចប់​កិច្ចសន្យា​ប្រធាន​សជីព​ម្នាក់ទៀត ដែល​មក​ជំនួស​លោកស្រី រឿន កូលាប គឺ​លោក ហាក់ ហៀង កាលពី​ឆ្នាំ​២០២៣​។ ក្រោយ​មក​ទៀត នៅ​ថ្ងៃទី​៣១ មករា ឆ្នាំ​២០២៤ រោងចក្រ​មួយ​នេះ បាន​បញ្ចប់​កិច្ចសន្យា​ប្រធាន​សហជីព​រោងចក្រ លោក ថុង ធី និង​អនុប្រធាន​ម្នាក់ទៀត គឺ​លោក សៀក ថុង ក្រោយ​ពី​ពួកគាត់​ជាប់​ឆ្នោត​ជា​ថ្នាក់ដឹកនាំ​សហជីព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។