អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទួទួលបន្ទុកផ្នែកសិទ្ធិមនុសុ្សប្រចាំនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានជួបជជែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីអង្គការសង្គមស៊ីវិលធ្វើការផ្នែកការពារសិទ្ធិមនុស្ស ដើម្បីជជែកអំពីបញ្ហាសិទ្ធិមនុស្ស។ មន្ត្រីសិទ្ធិមនុស្សប្រាប់ទៅលោក វិទិត មុនតាប៊ន ថា មានការរឹតត្បិតសេរីភាពពលរដ្ឋ ចំណែកលោក ហ៊ុន សែន ស្នើទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ឲ្យធ្វើរបាយការណ៍របស់ខ្លួនដោយតម្លាភាព។
រយៈពេល ២ថ្ងៃដំបូង នៃការបំពេញទស្សនកិច្ចនៃអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុសុ្សនៅកម្ពុជា លោក វិទិត មុនតាប៊ន បានជ្រើសរើសថ្ងៃដំបូងនៃការបំពេញទស្សនកិច្ចរបស់លោក ជួបក្រុមមន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការងារផ្នែកការពារសិទ្ធិមនុស្ស។ ការជួបគ្នានេះគឺ ដើម្បីឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះប្រមូលធាតុចូល ក្នុងការធ្វើរបាយការណ៍របស់លោក សម្រាប់វាយតម្លៃនៃការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា។ ចំណែកជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៦ ខែសីហា ក៏មានការជជែកអំពីការអនុវត្តសិទ្ធិពលរដ្ឋដែរ។ ក្នុងជំនួបនោះ លោក ហ៊ុន សែន ប្រាប់ទៅលោក វិទិត មុនតាប៊ន ថា កិច្ចការតុលាការ លោកមិនអាចលូកដៃចូលបានទេ។ លោក ហ៊ុន សែន ក៏បានស្នើទៅឧត្តមស្នងការអង្គការសហប្រជាជាតិ និងលោក វិទិត មុនតាប៊ន ក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរៀបចំរបាយការណ៍ឲ្យមានតុល្យភាព។ លោក ហ៊ុន សែន លើកឡើងទៀតថា រដ្ឋាភិបាលចង់ឲ្យតួអង្គនៅក្នុងដំណើរការប្រជាធិបតេយ្យមានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអុជអាល មិនបង្កើតការស្អប់ខ្ពើមពូជសាសន៍ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងការរក្សាសន្តិភាព ស្ថេរភាព គឺមានការអាស្រ័យគ្នាទៅវិញទៅមកមិនអាចខ្វះមួយណាបានទេ។
មន្ត្រីផ្នែកព័ត៌មានសាធារណៈនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកនាង អាមែនដា ហ្វីហ្សឺរ (Amanda Fisher) ប្រាប់វិទ្យុអាស៊ីសេរីតាមសារអេឡិចត្រូនិក នៅថ្ងៃទី១៦ ខែសីហា ថា លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន នឹងមិននិយាយអំពីកិច្ចប្រជុំនានា របស់លោកនោះទេ លុះត្រាតែនៅពេលធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោក គឺនៅថ្ងៃទី២៦ ខែសីហា។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុសុ្សប្រចាំនៅកម្ពុជា លោក វិទិត មុនតាប៊ន បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ដើម្បីជួបភាគីពាក់ព័ន្ធ រួមមាន រដ្ឋាភិបាល អង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងសកម្មជនសិទ្ធិមនុស្ស។
សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន យល់ថា ដំណើរទស្សនកិច្ចនេះជារឿងធម្មតា ដែលលោក លោក វិទិត មុនតាប៊ន ដើម្បីប្រមូលព័ត៌មាន និងស្វែងយល់ពីបញ្ហាសិទ្ធិមនុស្ស សម្រាប់ដាក់ក្នុងរបាយការណ៍ ដែលអ្នករាយការណ៍រូបនេះនឹងថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នាខែកញ្ញា និងខែតុលាខាងមុខ។ មន្ត្រីរដ្ឋាភិបាលរូបនេះនៅតែថ្លែងការពារថា រដ្ឋាភិបាលបានអនុវត្តការគោរពសិទ្ធិជាទូទៅរបស់ពលរដ្ឋមានលក្ខណៈល្អប្រសើរ៖ « ក្នុងករណីប្រជាពលរដ្ឋមួយចំនួន ដែលប្រើប្រាស់សេរីភាពរបស់ខ្លួន ឬក៏សិទ្ធិរបស់ខ្លួនក្នុងការបំពារបំពាននូវច្បាប់ ឬក៏ប៉ះពាល់ដល់សិទ្ធិអ្នកដទៃជាបញ្ហាមួយដែលត្រូវអនុវត្តន៍ច្បាប់ ពុំមានការរើសអើងថា ក្រុមនេះ ឬក្រុមនោះ ប្រជាពលរដ្ឋនេះ ឬប្រជាពលរដ្ឋនោះទេ គឺសមភាពចំពោះមុខច្បាប់ » ។
ទោះមន្ត្រីរដ្ឋាភិបាលអះអាងបែបនេះក្ដី ប៉ុន្តែមន្ត្រីសង្គមស៊ីវិលធ្វើការងារផ្នែកការពារសិទ្ធិមនុស្សនៅតែសង្កេតឃើញថា ការអនុវត្តសិទ្ធិសេរីភាពពលរដ្ឋ សិទ្ធិអង្គការសង្គមស៊ីវិល និងសិទ្ធិនយោបាយនៅតែមានការរឹតត្បិតដដែល។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ឲ្យវិទ្យុអាស៊ីសេរីដឹងថ្ងៃទី១៦ ខែសីហាថា ក្រុមអង្គការសង្គមស៊ីវិលបានប្រាប់ទៅលោក វិទិត មុនតាប៊ន ថា លំហសេរីភាពអង្គការសង្គមស៊ីវិល សេរីភាពនយោបាយ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋរយៈពេលចុងក្រោយនេះមានការរឹតត្បិតពីសមត្ថកិច្ចនៃរដ្ឋាភិបាលលោក ហ៊ុន សែន។ លោកឲ្យដឹងទៀតថា ជំនួបនោះ បានធ្វើឡើងកាលថ្ងៃទី១៥ ខែសីហា។ លោក អំ សំអាត ចង់ឃើញរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហាសិទ្ធិមនុស្ស ដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិដាក់ជូនរដ្ឋាភិបាល ដើម្បីដោះស្រាយ៖ « អ៊ីចឹងអត់អីចម្លែក នៅពេលរដ្ឋាភិបាលការពារ ឬក៏បដិសេធនៅពេលដែលមានការលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស។ ខ្ញុំយល់ថា អ្វីដែលសំខាន់នោះ ដំណោះស្រាយដែលល្អនោះ គឺរដ្ឋាភិបាល លោកគួរពិនិត្យមើលនូវចំណុចខ្វះខាត ដែលគេផ្ដល់អនុសាសន៍ ហើយយើងធ្វើការកែលម្អ អាហ្នឹងមានផលចំណេញច្រើន » ។
លោក អំ សំអាត យល់ថា ការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជាមានភាពល្អប្រសើរ នឹងផ្ដល់ផលចំណេញដល់កម្ពុជា ដែលអាចធ្វើសហភាពអឺរ៉ុបផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពេញលេញមកកម្ពុជាឡើងវិញ ចំណែកសហរដ្ឋអាមេរិក ក៏អាចផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ឲ្យកម្ពុជាវិញផងដែរ។
ចំណែកអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក វិទិត មុនតាប៊ន ធ្លាប់លើកឡើងដែរថា បើរដ្ឋាភិបាលមានឆន្ទៈដោះស្រាយវិប័ត្តនយោបាយ នោះអ្វីៗ នឹងអាចដោះស្រាយបានជុំវិញរឿងរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ។ លោកអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យងាកមករកផ្លូវត្រូវ នៃគន្លងប្រជាធិបតេយ្យវិញ ដោយត្រូវបើកសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ និងស្តារប្រជាធិបតេយ្យមកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។