លោក វីទិត ម៉ុនតារប៊ន (Vitit Muntarbhorn) ដែលទើបទទួលតំណែងថ្មីជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៅកម្ពុជាបានថ្លែងសារតាមរយៈវីដូអូខ្លី ផ្សព្វផ្សាយតាមហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែឧសភាថា អ្នកស្រឡាញ់ភេទដូចគ្នាជួបប្រទះបញ្ហាជាច្រើន ដែលកើតចេញពីការរើសអើង។ ក្នុងនោះក៏មានករណីដាក់ទោសទណ្ឌ ដោយសារតែក្ដីស្រឡាញ់របស់ពួកគេថែមទៀត ដែលបញ្ហាទាំងនោះទាមទារឱ្យមានដំណោះស្រាយរួមជាសកល។ នៅកម្ពុជាលោកមើលឃើញថា ពុំមានករណីប្រឈមបញ្ហាទោសទណ្ឌនេះទេ។ ប៉ុន្តែនៅមានកិច្ចការជាច្រើនទៀតត្រូវធ្វើ ដើម្បីបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា។ លោកថាទី១ គឺបង្កើនការអប់រំពីចម្រុះភាពយេនឌ័រ ទាំងនៅតាមសាលា នៅផ្ទះ ក្នុងសហគមន៍ ដើម្បីទប់ស្កាត់ ជម្នះនូវការសម្លុត ការធ្វើបាប និងការយាយីនៅតាមវិស័យជាច្រើន។ រីឯចំណុចទី២ និងទី៣វិញ លោកសំដៅទៅដល់អាជ្ញាធររដ្ឋាភិបាល ដែលអាចនឹងផ្ដោតការយកចិត្តទុកដាក់លើច្បាប់ប្រឆាំងការរើសអើង ដោយអនុលោមតាមគោលការណ៍អង្គការសហប្រជាជាតិស្ដីពីនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ ការបង្ហាញយេឌ័រ និងការកំណត់ចរិតលក្ខណៈភេទ ព្រមទាំងពិនិត្យលទ្ធភាពច្បាប់ ដែលអនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នា។
« ខ្ញុំគិតថា នេះជាគំនិតប្រកបដោយនវានុវត្តន៍ ឬការអនុវត្តថ្មីមួយ ហើយវាធ្វើឱ្យយើងធ្វើការដោយបរិយាប័ន ឬការរួមបញ្ចូលគ្នា ដើម្បីរៀបចំនូវសេចក្ដីព្រាងច្បាប់មួយជាមួយរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលត្រូវដាក់បញ្ចូលនូវការយល់ឃើញ និងអាទិភាពផ្សេងៗគ្នា ព្រមទាំងការយោគយល់ផ្សេងៗ ប៉ុន្តែមករួមគ្នាជាចំណុចមួយប្រសព្វគ្នា ក្នុងការរៀបចំតាក់តែងច្បាប់ ដែលល្អមួយដែលគ្របដណ្ដប់ទាំងអស់ពាក់ព័ន្ធនឹងការស្រឡាញ់ និងមិត្តភាព»។
Message from the UN Special Rapporteur on Cambodia for Pride Week 2021(English version below) - MESSAGE FROM THE UN SPECIAL RAPPORTEUR ON CAMBODIA FOR PRIDE WEEK 2021 សារពី សាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន អ្នករាយការណ៍ពិសេសរបស់ អ.ស.ប ស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា នៅក្នុងឱកាស #ទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និង #សប្តាហ៍មោទនភាព២០២១ ! “សប្តាហ៍មោទនភាព ជាឱកាសដ៏ល្អមួយដែលយើងមកជួបជុំគ្នា ដើម្បីលើកស្ទួយការគោរពនូវចម្រុះភាពយេនឌ័រ”។ Message from Professor Vitit Muntarbhorn, UN Special Rapporteur on the situation of human rights in Cambodia on the occasion of #IDAHOBIT and #PrideWeek2021 ! "Pride week is a great opportunity for us to come together to promote respect for gender diversity."
Posted by Special Rapporteur Cambodia on Monday, May 17, 2021
ការផ្ញើសារជាលើកដំបូងរបស់លោក វីទិត ម៉ុនតារប៊ន នេះគឺនៅក្នុងឱកាសនៃទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ដែលគេហៅថា សប្ដាហ៍មោទនភាពឆ្នាំ២០២១ ដើម្បីលើកស្ទួយចម្រុះភាពយេនឌ័រ។
លោក វីទិត ម៉ុនតារប៊ន ចាប់ផ្ដើមការងារថ្មីរបស់លោកជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនៅពេលនេះ គឺជំនួសអោយអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលទើបចប់អាណត្តិ។ លោកជាជនជាតិថៃ ជាសាស្ត្រាចារ្យច្បាប់ នៅទីក្រុងបាងកក។ លោកមានប្រវត្តិជាអ្នករាយការណ៍របស់អង្គការសហប្រជាជាតិធ្វើការងារលើបញ្ហារបស់ស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំង ២ភេទ អ្នកប្ដូរយេនឌ័រ និងបុគ្គលអន្តរភេទ ហៅកាត់ថា LGBTI៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។