អ.ស.ប​ផ្នែក​សិទ្ធិ​មនុស្ស​ស្វាគមន៍​ចំពោះ​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​មន្ត្រី​គ.ជ.ប

ដោយ​ សុ ជីវី
2017-07-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពី​ឆ្វេង៖ មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា លោក នី សុខា និង​អ្នកស្រី លឹម មុន្នី ត្រូវ​បាន​ព្រះសង្ឃ​ប្រោះព្រំ​តាម​បែប​សាសនា​បន្ទាប់​ពី​ចេញ​ពី​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Tin Zakariya
ពី​ឆ្វេង៖ មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា លោក នី សុខា និង​អ្នកស្រី លឹម មុន្នី ត្រូវ​បាន​ព្រះសង្ឃ​ប្រោះព្រំ​តាម​បែប​សាសនា​បន្ទាប់​ពី​ចេញ​ពី​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Tin Zakariya
RFA/Tin Zakariya

ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ស្វាគមន៍​ចំពោះ​ការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ៤​នាក់ និង​អគ្គលេខាធិការ​រង គ.ជ.ប អោយ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​មន្ត្រី​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

កំណត់​សង្ខេប​របស់​អ្នក​នាំ​ពាក្យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ អ្នកស្រី លីហ្ស ស្រូសហ្សែលល៍ (Liz Throssell) បញ្ជាក់​ថា មន្ត្រី​សមាគម​អាដហុក​ មាន​អ្នកស្រី លឹម មុន្នី លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ត្រូវ​បាន​ដោះលែង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា គឺ​បន្ទាប់​ពី​ពួកគេ​ត្រូវ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ។ ជាមួយ​គ្នា​នេះ ក៏​មាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទៅ​លើ​លោក សឺន សាលី ដែល​ជា​មន្ត្រី​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែរ។

កំណត់​សង្ខេប​ដដែល​នោះ​បន្ត​ថា​ ការវិវឌ្ឍន៍​ជា​វិជ្ជមាន​ទាំង​នេះ​កើត​ឡើង​នៅ​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ពី​បរិយាកាស​សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

អ្នកនាំពាក្យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បារម្ភ​ថា ការ​ជំនុំជម្រះ​ក្ដី​​អ្នក​ការពារ​សិទ្ធិមនុស្ស និង​មន្ត្រី​ គ.ជ.ប នឹង​ត្រូវ​គេ​ធ្វើ​បន្ត​ទៀត បើ​ទោះ​បី​ជា​មិន​មាន​ភស្តុតាង​ និង​ហេតុផល​ផ្លូវ​ច្បាប់​គ្រប់គ្រាន់​ដើម្បី​ផ្ដល់​យុត្តិកម្ម​លើ​បទ​ចោទ​ប្រកាន់​ទាំង​នោះ​ក្ដី។ អ្នកនាំពាក្យ​បញ្ជាក់​ទៀត​ថា នឹង​តាម​ឃ្លាំ​មើល​សំណុំ​រឿង​នេះ​យ៉ាង​ដិតដល់​ រហូត​ទាល់​តែ​ករណី​នេះ​ត្រូវ​បាន​បិទ​បញ្ចប់​ទាំង​ស្រុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល