សង្គម​ស៊ីវិល​ដែល​ចុះ​អង្កេត​ករណី​ហិង្សា​នៅ​ក្រចេះ​មិន​ទាន់​បញ្ជាក់​ថា​មាន​មនុស្ស​ស្លាប់ ឬ​គ្មាន

ដោយ ទីន ហ្សាការីយ៉ា
2018.03.12
តវ៉ា ដីធ្លី ក្រចេះ ៦២២ សកម្មភាព​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ក្នុង​ស្រុក​ស្នួល ខែត្រ​ក្រចេះ តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៧៧​អា នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៨។
Photo screenshot

ក្រុម​សង្គម​ស៊ីវិល​ដែល​ចុះ​អង្កេត​ព្រឹត្តិការណ៍​អំពើ​ហិង្សា​នៅ​ខេត្ត​ក្រចេះ មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​អាច​បញ្ជាក់​ថា មាន​មនុស្ស​ស្លាប់ ឬ​មិន​មាន​នៅ​ឡើ​ត​ទេ ដ្បិត​ពួកគេ មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ។ ទោះជា​យ៉ាងណា តុលាការ​ដោះលែង​អ្នកមាន​ជម្លោះដីធ្លី ៨​នាក់​នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល នៅ​ខែត្រ​ក្រចេះ​វិញ​ហើយ នៅ​ថ្ងៃ​ច័ន្ទ​ទី​១២ មីនា​នេះ ប៉ុន្តែ​តុលាការ​បាន​ដាក់​លក្ខខ័ណ្ឌ មិន​ឲ្យ​ពួកគាត់​នាំគ្នា​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ទៀត​ទេ។

ពលរដ្ឋ​មួយ​រូប​ក្នុងចំណោម​អ្នក​ជាប់ឃុំ​៨​រួប ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ មីនា សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ថា នៅ​មុន​ពេល​ដោះលែង មន្ត្រី​តុលាការ​បាន​ព្រមាន​ពួកគាត់​ថា បើសិនជា​ពួកគាត់​នាំគ្នា​ទៅ​តវ៉ា​ទាមទារ​រឿង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​នោះ​ទៀត តុលាការ​នឹង​ចាប់ខ្លួន​ពួកគាត់​មកវិញ ហើយ​នឹង​មិន​ដោះលែង​វិញ​ឡើយ។

បុរស​រូប​នេះ បាន​រៀប​រាប់ទាំង​ព្រួយបារម្ភ​ថា ពួកគាត់​ភ័យខ្លាច​ណាស់ ចំពោះ​ការ​គំរាមកំហែង​របស់​តុលាការ និង​សមត្ថកិច្ច ដែល​គំរាម​ចាប់ខ្លួន​ពួកគាត់​ឡើងវិញ​នេះ នៅ​ខណៈ​ពួកគាត់​កំពុង​រង​នូវ​ភាព​អយុត្តិធម៌ ចំពោះ​ការរំលោភ​ដីធ្លី និង​សមត្ថកិច្ច​បាញ់​ប្រហារ​ទៅលើ​ពួកគាត់ ដើម្បី​បំបែក​ហ្វូង​តវ៉ា​បិទ​ផ្លូវជាតិ​លេខ​៧៦​អា កាលពី​ថ្ងៃ​ទី​៨​មីនា​នោះ។

ថ្វី​ដ្បិត​តែ​នៅ​មិន​ទាន់​មាន​ប្រភព​ឯករាជ្យ បាន​ស្រាវជ្រាវ​ថា​មាន​អ្នក​ស្លាប់ ឬ​មិន​មាន ដោយ​អាជ្ញាធរ​នៅតែ​ហាម​ពួកគាត់ មិន​ឲ្យ​ចុះទៅ​ដល់​ទី​តាំង​ដី​មាន​ជម្លោះ ខាង​រដ្ឋាភិបាល​បាន​អះអាង​តាំងពី​ថ្ងៃ​ដំបូង​ថា គ្មាន​អ្នក​ស្លាប់​ទេ។

ពលរដ្ឋ​ទាំង​៨​នាក់ ដែល​តុលាការ​ដោះលែង​នោះ អាជ្ញាធរ​ឲ្យ​ពួកគាត់​ទៅ​ជួប​អាជ្ញាធរ​ស្រុក នៅ​សាលាស្រុក​ស្នួល នៅ​ថ្ងៃ​ទី​១៤ មីនា ក៏ប៉ុន្តែ​មិនទាន់​ដឹង​ថា​ឲ្យ​ជួប​រឿង​អ្វី​នៅឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។