លោក វន់ ពៅ ស្នើ​ឱ្យ​តុលាការ​ផ្ដល់​យុត្តិធម៌ ក្រោយ​ពី​រង​ការ​ចោទ​ប្រកាន់​អស់​រយៈ​ពេល ១០ឆ្នាំ ពាក់ព័ន្ធ​បទ «ញុះញង់»

ដោយ សេក បណ្ឌិត
2024.08.29
លោក វន់ ពៅ ស្នើ​ឱ្យ​តុលាការ​ផ្ដល់​យុត្តិធម៌ ក្រោយ​ពី​រង​ការ​ចោទ​ប្រកាន់​អស់​រយៈ​ពេល ១០ឆ្នាំ ពាក់ព័ន្ធ​បទ «ញុះញង់» (ឆ្វេង) លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បង្ហាញដីកា​របស់​នគរបាលនៅ​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។
រូប៖ ពីពលរដ្ឋ

ប្រធាន​សមាគម​ប្រជាធិបតេយ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​កាត់​ហៅ​ថា IDEA លោក វន់ ពៅ ស្នើ​ដល់​តុលាការ​ឱ្យ​ផ្ដល់​យុត្តិធម៌​ ក្រោយ​ពី​រង​ការ​ចោទ​ប្រកាន់​អស់​រយៈ​ពេល ១០ឆ្នាំ ពាក់ព័ន្ធ​បទ «ញុះញង់»។ ការ​ស្នើ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក បាន​ទទួល​ដីកា​កោះហៅ​ឱ្យ​ចូល​រួម​សវនាការ​នៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា​ខាង​មុន​នេះ។

លោក វន់ ពៅ នៅ​តែ​មាន​សង្ឃឹម​ថា តុលាការ​នឹង​សម្រេច​ឱ្យ​លោក គឺ​ជា​មនុស្ស​ស្អាត​ស្អំ ពុំ​បាន​ប្រព្រឹត្ត​បទល្មើស ​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។ លោក​ថា អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​កន្លង​មក​នេះ គួរតែ​ដល់​ពេល​តុលាការ​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​ដល់​លោក ដែល​បាន​លះបង់​ទាំង​កម្លាំង​កាយ ចិត្ត ជួយ​ដល់​ប្រទេស​ជាតិ ជា​ពិសេស ការពារ​សិទ្ធិ អ្នក​រក​ស៊ី​ក្រៅ​ប្រព័ន្ធ​ឱ្យ​មាន​ជីវភាព​សមរម្យ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៩ ខែសីហា​ថា លោក ពុំ​រារែក​ក្នុង​ការ​ចូលរួម​សវនាការ​នៅ​ថ្ងៃ​ទី២ ខែកញ្ញា ខាង​មុខ​នោះ​ទេ ពាក់ព័ន្ធ​បទ ញុះញង់ ដើម្បី​បំភ្លឺ​ទៅ​ដល់​តុលាការ​ថា លោក​គឺ​ជា​មនុស្ស​ស្អាតស្អំ។ លោក​ថា អស់​រយៈ​ពេល​ជាង ១០ឆ្នាំ​មក​នេះ លោក​រស់​នៅ​ដោយ​ការ​ឈឺចាប់​ជា​មួយ​នឹង​ភាព​អយុត្តិធម៌ម្ដង​ជា​ពីរ​ដង។ ដូច្នេះ លោក​សង្ឃឹម​ថា តុលាការ និង​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ផ្ដល់​សិទ្ធិ​សេរីភាព​ឱ្យ​លោក​បាន​ពេញលេញ​មក​វិញ។

លោក វន់ ពៅ៖ «ខ្ញុំ​សំណូមពរ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ឡាយ ទាក់ទង​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដល់​យុត្តិធម៌​ឱ្យ​ខ្ញុំ​ទទួល​បាន​យុត្តិធម៌ ដើម្បី​ឱ្យ​យើង​មាន​ស្មារតី មាន​អារម្មណ៍​ល្អ ធ្វើ​កិច្ចការ​សម្រាប់​សង្គម​ សម្រាប់​ប្រទេស​ជាតិ​ត​ទៅ​ទៀត សម្រាប់​ជួយ​ដល់​កម្មករ»

តុលាការ​នឹង​បើក​សវនាការ​លើ​សំណុំរឿង​របស់​លោក វន់ ពៅ និង​អ្នក​ផ្សេង​ទៀត នៅ​ដើម​ខែកញ្ញា ខាង​មុខ​នេះ នៅ​ក្នុង​សំណុំ​រឿង​«ញុះញង់»​ជាង​ ១០ឆ្នាំ​មក​ហើយ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ ដែល​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ ១៦០​ដុល្លារ កាល​ពី​ឆ្នាំ២០១៤ ដែល​កាល​នោះ​លោក​ត្រូវ​បាន​ទាហាន​ឆត្រ​យោង ៩១១ វាយ​ឱ្យ​រង​របួស​ធ្ងន់។ លោក វន់ ពៅ ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​កន្លង​ទៅ​នេះ​ថា ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន​ឡើយ។

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង អ្នក​នាំ​ពាក្យ​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក ឆាយ ហុង ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៩ ខែសីហា។

នៅ​ក្នុង​សំណុំ​រឿង «ញុះញង់» នេះ អ្នក​ពាក់ព័ន្ធ ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​មាន​ ប្រមាណ ២៥នាក់ ក្នុង​នោះ​រួម​មាន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន អតីត​អ្នករងគ្រោះ​ក្នុង​តំបន់​បឹងកក់ លោក​ ចាន់​ ពុទ្ធិស័ក្ក ​និង​លោក វន់ ពៅ ជា​ដើម។ តែ​យ៉ាង​ណា​ក្ដី នៅ​ថ្ងៃ​សវនាការ​ថ្ងៃ​ទី២ ខែកញ្ញា​ខាង​មុខ​នេះ គឺ​មាន​តែ​វត្ត​មាន​លោក វន់ ពៅ ម្នាក់​ប៉ុណ្ណោះ ដែល​នឹង​ចូល​រួម ព្រោះ​អ្នក​ផ្សេង​ទៀត ពុំ​ទទួល​ដីកា​កោះហៅ​ ពី​តុលាការ​នោះ​ឡើយ។

ជុំ​វិញ​សវនាការ​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មើល​ឃើញ​ថា រឿង​ក្ដីក្ដាំ​នេះ បាន​អូ​បន្លាយ​ពេល​វេលា​យូរ​ឆ្នាំ​ ហើយ​លោក​រំពឹង​តិច​តូច សម្រាប់​លោក និង​មនុស្ស​មួយ​ចំនួន​ទៀត ដែល​នឹង​ទទួល​បាន​យុត្តិធម៌ ព្រោះ​ករណី​នេះ ហាក់​ដូច​ជា​រឿង​នយោបាយ​ច្រើន​ជាង។ ទោះ​ជា​បែប​នេះ​ក្ដី លោក​ស្នើ​ឱ្យ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ សម្រេច​ក្ដី​ប្រកប​ដោយ​តម្លាភាព ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ទាំង​នោះ។

លោក នី សុខា៖ «ក្នុង​ការ​កាត់​សេចក្ដី​របស់​តុលាការ​ឧទ្ធរណ៍​ក្ដី​សាលា​កំពូល​ក្ដី ចំពោះ​ករណី​អីចឹង​ៗ​គឺ​ថា​កម្រ​ឈ្នះ​ក្ដី​ណាស់​។​ យើង​នៅ​មិន​ទាន់​មាន​ជំនឿ​ប៉ុន្មាន​ទេ ចំពោះ​ការ​សម្រេច​ក្ដី​ថា នឹង​ផ្ដល់​បាន​នូវ​យុត្តិធម៌​រហូត​ដល់​លោក វន់ ពៅ អាច​នឹង​ឈ្នះ​ក្ដី។ ហើយ​អាច​នឹង​ទទួល​បាន​យុត្តិធម៌​ពេញលេញ​ត្រឡប់​មក​វិញ​នឹង តែ​យ៉ាង​ណា​យើង​រង់ចាំ​មើល​បន្ត​ទៀត»

កាល​ពី​ថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០២៣ កន្លង​ទៅ តុលាការ​បាន​កោះ​ហៅ​ជន​ជាប់​ចោទ​លោក វន់ ពៅ និង​លោក ថេង សាវឿន ឱ្យ​ចូល​សវនាការ​ម្ដង​មក​ហើយ ដើម្បី​ជំនុំ​ជម្រះ​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» តែ​យ៉ាង​ណា​ សវនាការ​ កាល​នោះ​ ពុំ​មាន​អ្វី​វិវត្តន៍​នោះ​ទេ ហើយ​បាន​អូស​បន្លាយ​ ដល់​ដើម​ខែកញ្ញា ឆ្នាំ២០២៤ នេះ ដែល​នឹង​ធ្វើ​ម្ដង​ទៀត។ លោក វន់ ពៅ សង្ឃឹម​ថា តុលាការ​កំពូល​នឹង​សម្រេច​សេចក្ដី​ឈរ​លើ​គោលការណ៍​យុត្តិធម៌ ដើម្បី​ផ្ដល់​នូវ​គំរូ​ភាព​សម្រាប់​មនុស្ស​ជាតិ​ជំនាន់​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។