ភាពយន្ត «នរណា​សម្លាប់ ជា វិជ្ជា» បញ្ចាំង​ជា​លើក​ទី​ពីរ​នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស

នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ដែល​ជា​ទិវា​អន្តរជាតិ​ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​នៅ​លើ​ពិភពលោក មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​មួយ​មាន​ចំណង​ជើង​ថា នរណា​សម្លាប់ ជា វិជ្ជា ឬ​ឃាតក​សិប្បនិម្មិត ដើម្បី​អោយ​អ្នក​ទស្សនា​បាន​យល់​ពី​រឿងរ៉ាវ​ឃាតកម្ម​លើ លោក ជា វិជ្ជា និង​ដើម្បី​ពង្រីក​ការ​យល់​ដឹង​អំពី​ការ​បញ្ចប់​និទ្ទណ្ឌភាព​នៅ​កម្ពុជា។
ដោយ យាង សុជាមេត្តា
2013.11.23
ភាពយន្ត ជា វិជ្ជា ៦១០ ទិដ្ឋភាព​នៃ​ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ «នរណា​សម្លាប់ ជា វិជ្ជា ឬ​ឃាតក​សិប្បនិម្មិត» នា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Yeang Socheametta

ភាពយន្ត​ឯកសារ នរណា​សម្លាប់ ជា វិជ្ជា ឬ​ឃាតក​សិប្បនិម្មិត ដែល​ផលិត​ដោយ​ជន​បរទេស​ឈ្មោះ ប្រេដលី ខុក (Bradley cox) ត្រូវ​បាន​គេ​ដាក់​បញ្ចាំង​ជា​សាធារណៈ​ជា​លើក​ទី​២ នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ដែល​ជា​ទិវា​អន្តរជាតិ ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​នៅ​លើ​ពិភពលោក។

ខ្សែ​ភាពយន្ត​ដែល​មាន​រយៈពេល ៥៥​នាទី បាន​បង្ហាញ​អំពី​រឿងរ៉ាវ​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​រូប លោក ជា វិជ្ជា រឿងរ៉ាវ និង​សកម្មភាព​របស់​លោក​មុន​ពេល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ កាល​ពី​ឆ្នាំ​២០០៤ និង​អំពី​ដំណើរ​ការ​របស់​តុលាការ និង​អាជ្ញាធរ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​អោយ លោក ជា វិជ្ជា ដែល​មិន​បាន​លទ្ធផល។

អ្នក​សម្រប​សម្រួល​គម្រោង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កញ្ញា សន រ៉ាមណា បាន​អោយ​ដឹង​ថា គោល​បំណង​នៃ​ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ គឺ​ដើម្បី​ពង្រីក​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​កម្ពុជា ទូទៅ អោយ​ដឹង​ថែម​ទៀត​អំពី​ឃាតកម្ម​លើ​រូប លោក ជា វិជ្ជា និង​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ការ​បញ្ចប់​និទ្ទណ្ឌភាព​នៅ​កម្ពុជា។

កញ្ញា សន រ៉ាមណា៖ «ករណី លោក ជា វិជ្ជា ហ្នឹង គឺ​បញ្ជាក់​ពី​និទ្ទណ្ឌភាព​ច្បាស់​លាស់​តែ​ម្តង ព្រោះ​អី​គាត់​ត្រូវ​បាន​គេ​សម្លាប់​តាំង​ពី​ឆ្នាំ​២០០៤ ហើយ​មក​ទល់​ពេល​ឥឡូវ​ហ្នឹង គឺ​មាន​រយៈពេល ៩​ឆ្នាំ ទៅ ១០​ឆ្នាំ​ហើយ ប៉ុន្តែ​ឃាតក​នៅ​តែ​រក​មិន​ទាន់​ឃើញ ទោះ​បី​ជា​មាន​ការ​ចាប់​ជន​សង្ស័យ​ពីរ​រូប​ក៏ដោយ ប៉ុន្តែ​យើង​មើល​ឃើញ​ថា ពួក​គាត់​ជា​ឃាតក​សិប្បនិម្មិត ឬ​គ្រាន់​តែ​យក​មក​ជា​បំបិទ​រឿង​តែ​ម្តង»

តុលាការ​កម្ពុជា បាន​ចោទ​ប្រកាន់ លោក ប៊ន សំណាង និង​លោក សុខ សំអឿន ថា​ជា​ឃាតក​សម្លាប់ លោក ជា វិជ្ជា។ តែ​ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ថា​អយុត្តិធម៌ ព្រោះ លោក ប៊ន សំណាង និង​លោក សុខ សំអឿន មិន​មែន​ជា​ឃាតក​ពិត​ប្រាកដ​ឡើយ។ បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ប្រមាណ ៤​ឆ្នាំ នៅ​ទី​បំផុត តុលាការ​បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ឃាតក​សិប្បនិម្មិត​ទាំង​ពីរ និង​ដោះ​លែង​អោយ​មាន​សេរីភាព​វិញ កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៣។

ប្អូន​ប្រុស លោក ជា វិជ្ជា លោក ជា មុនី ដែល​បាន​ចូល​រួម​ទស្សនា​ខ្សែ​ភាពយន្ត​ដែរ​នោះ បាន​និយាយ​ថា រហូត​ដល់​ពេល​នេះ លោក​គ្មាន​ជំនឿ​លើ​តុលាការ​កម្ពុជា ឡើយ។ លោក​មិន​រំពឹង​ថា តុលាការ​ក្រោម​របប​ដឹក​នាំ​សព្វថ្ងៃ​ហ្នឹង អាច​ស្វែង​រក​យុត្តិធម៌​អោយ​បង​ប្រុស​របស់​លោក​បាន​ទេ។ លោក​មិន​សង្ឃឹម​ថា រដ្ឋាភិបាល​សព្វថ្ងៃ​ហ្នឹង​អាច​បញ្ចប់​និទ្ទណ្ឌភាព​នៅ​កម្ពុជា បាន​ឡើយ។

លោក ជា មុនី៖ «អត់​មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា បន្តិច​សោះ! សួរ​ទៀត​ថា មាន​សង្ឃឹម​ទេ ខ្ញុំ​មាន​សង្ឃឹម បើ​សិន​យើង​វិភាគ​បញ្ហា​នយោបាយ​បន្តិច ត្រូវ​តែ​ផ្លាស់​ប្ដូរ ត្រូវ​តែ​មាន​សង្ឃឹម ខ្ញុំ​បកស្រាយ​ថា ខ្ញុំ​មាន​សង្ឃឹម ខ្ញុំ​អត់​ពឹង​ទេ​តុលាការ​ស្រុក​ខ្មែរ គឺ​វា​សេរ៉ូ (Zero) គឺ​វា​អត់​មាន​វិជ្ជាជីវៈ តុលាការ​មាន​ចំណេះ​ដឹង​វិជ្ជាជីវៈ តែ​អត់​ប្រតិបត្តិ​ទៅ​តាម​ការ​សម្បថ​របស់​ខ្លួន​ស្មើ​នឹង​សេរ៉ូ ចិត្ត​សឿង ត្រូវ​តែ​បង្ហាញ​ខុស​ហើយ​ត្រូវ ជា​វីរភាព​សម្រាប់​សង្គម។ អ៊ីចឹង សម្រាប់​ខ្ញុំ​ឆ្លើយ​យ៉ាង​ខ្លី ខ្ញុំ​អត់​មាន​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​តុលាការ ខ្ញុំ​អត់​ប្ដឹង​ផ្ដល់​តុលាការ​រក​អី​ទេ»

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា សម្ដែង​ការ​បារម្ភ​ពី​ករណី​និទ្ទណ្ឌភាព​នៅ​កម្ពុជា។ សេចក្ដី​ថ្លែងការណ៍​បាន​លើក​ឡើង​ពី​ករណី​ឃាតកម្ម​មួយ​ចំនួន ដែល​រហូត​មក​ដល់​ពេល​នេះ ឃាតក​មិន​ត្រូវ​បាន​តុលាការ​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ ដូច​ជា ករណី​សម្លាប់ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ ករណី​បាញ់​សម្លាប់​លើ​សកម្មជន​ការពារ​បរិស្ថាន លោក ឈុត វុទ្ធី ករណី​ឃាតកម្ម​ទៅ​លើ​អ្នក​កាសែត​វីរជន​ខ្មែរ ខេត្ត​រតនគិរី លោក ហង្ស សេរីឧត្តម ការ​ស្លាប់​របស់ លោក ម៉ៅ សុខចន្ទ ដែល​ត្រូវ​គ្រាប់​ត្រង់​ក្បាល​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ករណី​វាយ​ដំ​លើ​បាតុករ​តំបន់​បឹងកក់ និង​អ្នក​សារព័ត៌មាន​នៅ​វត្ត​ភ្នំ និង​ការ​ប្រើ​ហិង្សា​លើ​ស្ត្រី​ជា​បាតុករ​ម្នាក់​នៅ​តំបន់​បឹងកក់ រហូត​ឲ្យ​នាង​រលូត​កូន​ជាដើម។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ក៏​បាន​ស្នើសុំ​ឲ្យ​សហគមន៍​អន្តរជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ និង​បំបាត់​អំពើ​និទ្ទណ្ឌភាព​ដែរ។ អង្គការ​នេះ​យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​ស្តាប់​រាល់​អនុសាសន៍​ទាំង​ឡាយ​ដែល​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ផ្តល់​ឲ្យ​ឡើយ។ ប៉ុន្តែ បាន​ធ្វើ​ផ្ទុយ​ទៅ​នឹង​អនុសាសន៍​ទាំង​នោះ​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។