រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ថា​លោក ហ៊ុន សែន គ្មាន​ចេតនា​មាក់ងាយ​ដល់​ស្ត្រី​ទូទៅ

ដោយ​ សុ ជីវី
2015.08.06
អ៊ឹង កន្ថាផាវី ៣០៥ រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​​​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១០។
RFA/Khe Sonorng

ក្រសួង​កិច្ចការ​នារី ដែល​ដឹក​នាំ​ដោយ​អ្នកស្រី អ៊ឹង កន្ថាផាវី ហៅ​ការ​ប្រើ​សម្ដី​ហៅ​ស្ត្រី ថា មី​ស្រី និង​ថា​ជា​ញី នោះ គឺ​ពុំ​មាន​ចេតនា​មាក់ងាយ​ដល់​ស្ត្រី​ខ្មែរ​ទូទៅ​ឡើយ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ក្រសួង​កិច្ចការ​នារី បាន​ផ្សព្វផ្សាយ​ជំហរ​របស់​ក្រសួង​នេះ​ថា ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៥ នោះ សំដៅ​ទៅ​លើ​ស្ត្រី​ជា​បាតុករ​មួយ​រូប ដែល​បាន​យក​ជើង​ធាក់​ថែម​ទៅ​លើ​សន្តិសុខ​មួយ​រូប​កំពុង​មាន​របួស​ធ្ងន់ ដោយ​ការ​ប្រមាថ​មើល​ងាយ។ ក្រសួង​កិច្ចការ​នារី យល់​ទៀត​ថា ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី គ្រាន់​តែ​ជា​ការ​ប្រើ​ពាក្យ​សំដៅ​ទៅ​លើ​ស្ត្រី​មួយ​រូប ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួសហេតុ និង​សង្គម​មិន​គាំទ្រ គ្មាន​បំណង​រើសអើង ឬ​មាក់ងាយ​ទៅ​លើ​ស្ត្រី​ទូទៅ​នោះ​ឡើយ។

លើស​ពី​នេះ​ក្រសួង​កិច្ចការ​នារី​បញ្ជាក់​ថា ភាព​រីក​ចម្រើន​នៃ​ស្ថានភាព​ស្រ្តី​នៅ​កម្ពុជា កើត​ចេញ​ពី​ការ​គាំទ្រ និង​ជំរុញ​របស់​លោក​នាយករដ្ឋមន្ត្រី និង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី។  គឺ​ការ​គាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ប្ដេជ្ញា​ចិត្ត និង​ហ៊ាន​ដាក់​សូចនាករ​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ប្រេវ៉ាឡង់ អំពើ​ហិង្សា​លើ​ស្ត្រី នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស និង​គោលដៅ​អភិវឌ្ឍន៍​ជាតិ។

ទោះ​យ៉ាងណា​ពាក្យ​ប្រមាថ​ស្ត្រី​នៅ​ទី​សាធារណៈ​របស់​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង ៥០ ​ដែល​ធ្វើការ​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​ជា​ពិសេស​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា សំដែង​ការ​សោកស្ដាយ និង​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​សមរម្យ​របស់​មេដឹកនាំ​បែប​នេះ។

អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ទៀត​ថា ពាក្យ​សម្ដី​របស់​នាយករដ្ឋមន្ត្រី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​ស្ត្រី និង​សង្គម​ជាតិ​ទាំង​មូល ព្រម​ទាំង​ជា​ឧបសគ្គ​រារាំង​ដល់​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នានា និង​ជា​ឧបសគ្គ​ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។