ក្រុម​ការងារ​ស្ត្រី​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​គិតគូរ​ពី​បញ្ហា​ប្រឈម​និង​តម្រូវការ​របស់​ស្ត្រី

ដោយ ខែ សុណង
2016.12.17

ក្រុម​តន្ត្រី​យុវវ័យ​នាំ​សារ​បណ្ដាញ​ការងារ​ស្ត្រី​រួបរួម​គ្នា សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ និង​សកម្មភាព​សង្គម​ដើម្បី​ការ​ផ្លាស់ប្ដូរ រួម​ជាមួយ​នឹង​កម្មការិនី​វិស័យ​រោងចក្រ​កាត់ដេរ និង​ស្ត្រី​ប្រកប​របរ​ផ្លូវ​ភេទ និង​សេវា​កម្សាន្ត នឹង​រៀបចំ​វេទិកា​សិល្បៈ​ស្ត្រី​ស្ដីពី​វីរភាព​ស្ត្រី​ក្នុង​វិស័យ​សេដ្ឋកិច្ច ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ធ្នូ នៅ​សាល​មហោស្រព​ចេនឡា។

ក្រុម​ការងារ​ស្ត្រី​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​គិតគូរ​ពី​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​ស្ត្រី​ដែល​បាន​លះបង់​ក្នុង​វិស័យ​ការងារ​ដើម្បី​សេដ្ឋកិច្ច​គ្រួសារ។

សមាជិក​ក្រុម​តន្ត្រី​យុវជន​នាំ​សារ កញ្ញា ឡេង លក្ខិណា ថ្លែង​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ថា រៀបចំ​វេទិកា​សិល្បៈ​ស្ត្រី​ស្ដីពី​វីរភាព​ស្ត្រី​ក្នុង​វិស័យ​សេដ្ឋកិច្ច ធ្វើ​ឡើង​ក្នុង​គោលដៅ​បង្ហាញ​ឲ្យ​សាធារណជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​ពី​បញ្ហា​ស្ត្រី​ដែល​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន។

កញ្ញា​បន្ត​ថា កម្មវិធី​នេះ​ចង់​ពង្រឹង​ឲ្យ​ក្រុម​អ្នក​ធ្វើការ​ផ្នែក​ស្ត្រី រួប​រួម​សាមគ្គី​គ្នា ចង់​បង្ហាញ​ពី​វីរភាព​ស្ត្រី​ដែល​បាន​ចេញ​មក​ពី​តំបន់​ផ្សេងៗ​មក​ធ្វើ​ការ​រក​ប្រាក់​ចំណូល និង​ផ្ដល់​ឱកាស​ឲ្យ​ស្ត្រី​លើក​អំពី​តម្រូវ​ការ​ចាំបាច់​របស់​ពួកគេ ដូចជា បញ្ហា​សេវា​សុខាភិបាល អប់រំ និង​កន្លែង​ស្នាក់នៅ​ជាដើម៖ «យើង​បង្ហាញ​អំពី​ភាព​ជោគជ័យ​របស់​ស្ត្រី ឬ​ក៏​អ្វី​ដែល​ជា​មោទនភាព​របស់​ស្ត្រី​ក្នុង​វិស័យ​សេដ្ឋកិច្ច។ ទន្ទឹម​នឹង​គ្នា​នេះ​ដែរ ក៏​យើង​បង្ហាញ​អំពី​តម្រូវការ​របស់​យើង​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ឬ​អង្គការ​ដែល​គាត់​ធ្វើ​ការ​ជាមួយ​ស្ត្រី​ចូលរួម​ដោះស្រាយ​បញ្ហា»

ការ​លើក​ឡើង​នេះ នៅ​មុន​មួយ​ថ្ងៃ​ដែល​ក្រុម​តន្ត្រី​យុវវ័យ​នាំ​សារ​បណ្ដាញ​ការងារ​ស្ត្រី​រួបរួម​គ្នា សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ និង​សកម្មភាព​សង្គម​ដើម្បី​ការ​ផ្លាស់ប្ដូរ រួម​ជាមួយ​នឹង​កម្មការិនី​វិស័យ​រោងចក្រ​កាត់ដេរ និង​ស្ត្រី​ប្រកបរបរ​ផ្លូវ​ភេទ និង​សេវា​កម្សាន្ត ប្រមាណ ៥០០​នាក់ គ្រោង​ជួបជុំ​គ្នា​ក្នុង​វេទិកា​សិល្បៈ​ស្ត្រី​ស្ដីពី​វីរភាព​ស្ត្រី​ក្នុង​វិស័យ​សេដ្ឋកិច្ច ដែល​នឹង​ធ្វើ​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ធ្នូ នៅ​សាល​មហោស្រព​ចេនឡា។

សេចក្ដី​ប្រកាស​ព័ត៌មាន​វេទិកា​នេះ មាន​ខ្លឹមសារ​ថា វេទិកា​នេះ​នឹង​ប្រើប្រាស់​ការ​សម្ដែង​វិស័យ​សិល្បៈ​ចម្រុះ ដោយ​មាន​ការ​ពិពណ៌នា​ឆ្លុះ​បញ្ចាំង​ពី​វីរភាព ការ​តស៊ូ សាមគ្គីភាព និង​ការ​ចូលរួម​យ៉ាង​សកម្ម​លះបង់​ទាំង​កម្លាំង​កាយ​ចិត្ត​របស់​ស្ត្រី​ក្នុង​វិស័យ​សេដ្ឋកិច្ច​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ដើម្បី​ជីវភាព​គ្រួសារ ក៏​ដូច​ជា​ធ្វើ​ឲ្យ​វឌ្ឍនភាព​សង្គម​ជាតិ​មាន​ភាព​ប្រសើរ​ឡើង ដូច​ជា​រដ្ឋាភិបាល​តែង​ពោល​ថា ស្ត្រី​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ។

បុគ្គលិក​កម្មវិធី​នៃ​សមាគម​មណ្ឌល​ព័ត៌មាន​កម្មករ និង​ជា​អតីត​កម្មការិនី​រោងចក្រ​កាត់ដេរ កញ្ញា សុខ ឌីណា ថ្លែង​ថា ដោយសារ​ជីវភាព​គ្រួសារ​ក្រីក្រ នាង​បាន​បង្ខំ​ចិត្ត​ឈប់​រៀន មក​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ។ ជីវិត​ជា​កម្មករ​ប្រាក់​ខែ​តិចតួច​ទៅ​ផ្ញើ​ប្រាក់​ទៅ​ផ្ទះ ចំណាយ​ផ្ទាល់​ខ្លួន​យ៉ាង​ត្រដាបត្រដួស​ ទាំង​ធ្វើការ​ក្នុង​ស្ថានភាព​លក្ខខណ្ឌ​ការងារ​មិន​ល្អ ប៉ុន្តែ​ព្រោះ​តែ​ជីវភាព និង​គ្រួសារ នាង​ត្រូវ​តែ​ទ្រាំ។

ទោះ​ជា​យ៉ាង​ណា ពាក្យ​ទ្រាំ​បាន​ជំរុញ​កម្លាំង​ចិត្ត​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​សម្រាប់​ស្ត្រី​ជា​ច្រើន​ក្នុង​ការ​ដាស់តឿន​ខ្លួន​ឯង​ឲ្យ​បន្ត​ជម្នះ​នូវ​អ្វី​ដែល​ខ្លួន​កំពុង​ជួប​ប្រទះ ទាំង​បញ្ហា​របស់​ពួកគាត់​មិន​ត្រូវ​បាន​ដោះស្រាយ និង​យក​ចិត្ត​ទុកដាក់។ ពាក្យ​ទ្រាំ​បាន​នាំ​ឲ្យ​គាត់​ឈាន​មួយ​ជំហាន​ទៅ​មុខ​ងើប​ចេញ​ពី​ការ​ជិះជាន់ និង​ទាមទារ​នូវ​យុត្តិធម៌​សម្រាប់​ខ្លួន​គាត់ និង​កម្មករ​ដទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។