មេដឹកនាំ​សហជីព​ស្នើ​ក្រសួង​ការងារ​រក​យុត្តិធម៌​ក្រោយ​ពី​​​ថៅកែ​រោងចក្រ បូវឃើរ បញ្ឈប់​ពី​ការងារ

ដោយ ប្រាជ្ញ ចេវ
2024.06.22
មេដឹកនាំ​សហជីព​ស្នើ​ក្រសួង​ការងារ​រក​យុត្តិធម៌​ក្រោយ​ពី​​​ថៅកែ​រោងចក្រ បូវឃើរ បញ្ឈប់​ពី​ការងារ កម្មកររោ​ចក្រ​ បូវឃើរ ហ្គាមេន ហ្វេកធើរី ខេមបូឌា (Bowker Garment Factory Cambodia Co.,LTD.) ដែលត្រូវថៅកែរោងចក្របញ្ឈប់ពីការងារ។
រូប៖ ផ្ដល់ឱ្យ

មេដឹកនាំ​សហជីព​ស្នើ​ក្រសួង​ការងារ​រក​យុត្តិធម៌​ ក្រោយ​ពី​​​ថៅកែរោង​ចក្រ​ បូវឃើរ ហ្គាមេន ហ្វេកធើរី ខេមបូឌា (Bowker Garment Factory Cambodia Co.,LTD.) បាន​បញ្ឈប់​ពួក​គាត់​​ពី​ការងារ​ ទាំង​បំពាន់​ច្បាប់។ ពួក​គាត់​ចាត់​ទុក​ករណី​​​​បញ្ឈប់​មេដឹកនាំ​ សហជីព​នេះ​ គឺ​រំលោភ​សិទ្ធិ​សហជីព និង​សិទ្ធិ​ការងារ​​​​​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់។

មេដឹកនាំ​ សហជីព​ដែល​ធ្វើ​ការ​​​នៅ​រោងចក្រ​កាត់​ដេរ​សំលៀកបំពាក់ បូវឃើរ ហ្គាមេន ក្នុង​កណ្ដាល​ បន្ត​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​​ ពី​សំណាក់​ថៅកែ​ក្រុម​ហ៊ុន​ចិន​​ ក្រោយ​ពី​ពួក​គាត់​ បាន​ បង្កើត​សហជីព​ឯករាជ្យ ដើម្បី​​​ពារ​ការ​ផល​ប្រយោជន៍​កម្មករ​-កម្មការិនី។ ការ​​អះអាង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​​​​មេដឹកនាំ​សហជីព​២​រូប​ហើយ ត្រូវ​បាន​បណ្ដេញ​ពី​ការងារ​ទាំង​បំពាន​ច្បាប់។

អនុប្រធាន​សហជីព​មូលដ្ឋាន​ប្រចាំ​រោងចក្រ បូវឃើរ ហ្គាមេន លោក ម៉ាប់ ប៊ុនណា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា​ថា លោក​ត្រូវ​បាន​ថៅកែ​ក្រុមហ៊ុន បូវឃើរ ហ្គាមេន បញ្ឈប់​ពី​ការងារ​ជិត ៥​ខែ​មក​ហើយ​ ដោយ​ចោទ​លោក​ថា​ កេង​ផល​ប្រយោជន៍​ក្រុមហ៊ុន។ លោក ​អះអាង​ថា​ ការ​ចោទ ​ពីសំណាក់​​ថៅកែ​ក្រុមហ៊ុន​នេះ ក្រោម​ហេតុផល​ថា លោក​ចូល​ធ្វើ​ការងារ​យឺត។

លោក ម៉ាប់ ប៊ុនណា បាន​ចាត់​ទុក​ហេតុផល​ខាង​លើ​នេះ​ គឺ​ពុំ​សម​ហេតុផល​ទាល់​តែ​សោះ។ លោក​ថា​ រឿង​នេះ​ជាប់​ពាក់ព័ន្ធ ការ​​រើសអើង​សហជីព​ច្រើន​ជាង។ លោក​ទទូច​ឱ្យ​រដ្ឋាភិបាល ​ជាពិសេស​ក្រសួង​ការងារ ជួយ​ស្វែង​រក​យុត្តិធម៌​ដល់​ពួក​គាត់ បើ​ពុំ​ដូច្នោះ​ទេ​ ​ក្រុមហ៊ុន​មួយ​នេះ​ ​នៅ​តែ​​បន្ត​​រំលោភ​សិទ្ធិ​កម្មករ​​ជា​បន្ត​បន្ទាប់។

លោក ម៉ាប់ ប៊ុនណា៖ «ក្រុម​សហជីព​ពួក​ខ្ញុំ​កាល​ធ្វើ​ការ​នៅ​ក្នុង​ហ្នឹង គឺ​តែង​តែ​បញ្ចេញ​សកម្មភាព​តវ៉ា ឬ​ស្នើ​ច្រើន​ជាងគេ ទាំង​កម្មវិធី​បែប​សប្បុរសធម៌​ និង​ការ​ទាមទារ​សុវត្ថិភាព​សម្រាប់​កម្មករ នៅ​ក្នុង​នោះ​មាន​សកម្មភាព​ច្រើន​ជាង។ ដូច្នេះ​រាល់​សកម្មភាព​ពួក​ខ្ញុំ​តែង​តែ​មាន​ការ​ឃ្លាំមើល​ជាពិសេស ខ្លាំង​ជាងគេ​បំផុត រាល់​សកម្មភាព ឬ​រាល់​ការ​ធ្វើ​អ្វី​មួយ​គឺ​មាន​គេ​តាម​មើល​គ្រប់​វិនាទី»

ការ​ស្នើ​របស់​អនុប្រធាន​សហជីព​មូលដ្ឋាន​រូប​នេះ​ ស្រប​ពេល​ដែល កាល​​ថ្មី​ៗ​នេះ​ មាន​សមាជិក​ស្ថាបនិក​ សហជីព​មូលដ្ឋាន ប្រចាំ​រោងចក្រ បូវឃើរ ហ្គាមេន ម្នាក់​ទៀត​ គឺ​លោកស្រី សុខ ចាន់ថា ក៏​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ផង​ដែរ ​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា កន្លង​ទៅ។ ការ​បញ្ឈប់​លោក​ស្រី​នេះ ​ដោយ​ក្រុមហ៊ុន បាន​ចោទ​លោក​ស្រី​ថា បាន​ប្រព្រឹត្ត ​អំពើ​ហិង្សា​នៅ​ក្នុង​កន្លែង​ការងារ។

ទោះ​យ៉ាងណា លោកស្រី សុខ ចាន់ថា ធ្លាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​បញ្ឈប់​លោក​ស្រី ក្រោម​ហេតុ​ផល​បែប​នេះ​គឺ​ ជា​រឿង​មិន​ត្រឹម​ត្រូវ​ ហើយ គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ ខណៈ​ដែល​​កម្មករ​ម្នាក់​ទៀត ដែល​ជា​អ្នក​បង្កហេតុ​បែរ​ជា​ទុក​ឱ្យ​​ធ្វើ​ការ​ដដែល។

ជុំវិញ​រឿង​នេះ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ លោក កត្តា អ៊ន បាន​ ​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី២១ ខែ​មិថុនា​ ថា​ ក្រសួង​កំពុង​​ពិនិត្យ​សម្រប​សម្រួល​ ដោះស្រាយ​តាម​នីតិវិធី និង​ច្បាប់​ការងារ។ លោក​បន្ត​ថា​ ករណី​នេះ​ប្រសិន​បើ​រក​ឃើញ​ថា ​ក្រុមហ៊ុន​ខុស តម្រូវ​ឱ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ ​និង​ផ្ដល់​អត្ថ​ប្រយោជន៍​ផ្សេង​ៗ។ ចំណែក​ករណី​ ​​កម្មករ​ខុស​ វិញ ​នឹង​ត្រូវ​​រំលាយ​កិច្ចសន្យា​ការងារ។

រីឯ​ក្រុម​សហជីព ចង់​ឃើញ​ក្រសួង​ការងារ ​ចុះ​មក​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ស្វែង​រក​ការ​ពិត ​ផ្ដល់​យុត្តិធម៌​ជូន​កម្មករ​។ ពួក​គាត់​​បារម្ភ​ថា កន្លង​ទៅ ក្រសួង​ការងារ អសមត្ថភាព ​​ក្នុង​ការ​ប្រមូល​ព័ត៌មាន ឱ្យ​បាន​​គ្រប់​ជ្រុងជ្រោយ ជុំវិញ​ការ​រំលោភ​បំពាន់​សិទ្ធិ​កម្មករ ពីសំណាក់​ និយោជក។ ជាក់ស្ដែង ​លោក​អនុប្រធាន​សហជីព​មូលដ្ឋាន​ លោក ម៉ាប់ ប៊ុនណា ក៏​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ក្រោយ​ពី ក្រសួង​​បាន​ចេញ​សេចក្ដី​សម្រេច ឱ្យ​រំលាយ​កិច្ច​សន្យា​ការងារ​ តាម​សំណើ​របស់​ក្រុម​ហ៊ុន។

ទាក់ទិន​រឿង​នេះ​ ប្រធាន​សហព័ន្ធ​សហជីព​សេរី​ឯករាជ្យ ​លោក សយ ចន្ធូ ដែល​តាម​ដាន​ករណី​នេះ​ សង្កេត​ឃើញ​ថា​ ករណី​ថៅកែ​រោង​ចក្រ​ បូវឃើរ ហ្គាមេន បាន​បញ្ឈប់​មេដឹកនាំ​សហជីព​២​រូប​ កន្លង​ទៅ​នេះ​ គឺ​ជា​រើសអើង​សហជីព​ ឯករាជ្យ​​ព្រោះ​ថា កន្លង​ទៅ​ក្រុមហ៊ុន​នេះ តែង​តែ​រំលោភ​សិទ្ធិ​កម្មករ​ជា​ហូរហែ។

លោក សយ ចន្ធូ៖ «យើង​ដាក់​ការ​សង្ស័យ យើង​សួរ​ថា​ប្រសិន​គ្មាន​ការ​រើសអើង​សហជីព ហេតុ​អី​បាន​ជា​សហជីព​គេ​អត់​បញ្ឈប់​ ៗ ​តែ​ពួក​យើង​។ នេះ​យើង​ចាត់​ទុក​ថា​ គឺ​ជា​ការ​រើសអើង​ពួក​យើង​។ ខ្ញុំ​ស្នើ​សុំ​ ក្រសួង​ការងារ សូម​មេត្តា​ជួយ​ជំរុញ​ករណី​នេះ​ ហើយ​ចាត់​វិធានការ ផ្លូវ​ច្បាប់​ចំពោះ​ក្រុម​ហ៊ុន ដែល​មានការ​រើសអើង​សហជីព​សេរី​ឯករាជ្យ​ពិត​ប្រាកដ»

រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់ បូវឃើរ ហ្គាមេន មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ពងទឹក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ​ខេត្ត​កណ្ដាល ហើយ​មាន​កម្មករ​ធ្វើ​ការ​សរុប ៤ពាន់ ២រយ​នាក់​(.២០០)​

កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា «សង់ត្រាល់»​ បាន​ចេញ​របាយការណ៍ ​រក​ឃើញ​ថា​ សេរីភាព​របស់​សហជីព​ក្នុង​ប្រទេស​កម្ពុជា​កំពុង​រង​ការ​គំរាម​កំហែង និង​រឹតត្បិត​ខ្លាំង​ពី​សំណាក់​និយោជក។​ អង្គការ​នេះ​បន្ត​ថា​ ក្នុង​ចំណោម​ សហជីព​ចំនួន​១៤ ​មាន​សហជីព​ចំនួន​ ១០ ​រង​ការ​បំភិត​បំភ័យ​ដោយ​ផ្ទាល់​មាត់ ការ​គំរាមកំហែង ​ការបៀតបៀន និង​ការ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បំពេញ​ការងារ​របស់​ពួក​គេ​។ អង្គការ​សង់ត្រាល់ ទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​គួរតែ​ពិនិត្យ​មើល និង​ដោះស្រាយ​កុំ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​សេរីភាព​ការងារ​របស់ កម្មករ​និយោជិក និង​សហជីព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។