សិក្ខាសាលាស្តីពីការបង្កើនកិច្ចគាំទ្រដល់ជនរងគ្រោះដោយសារការជួញដូរមនុស្ស

អាស៊ីសេរី
2018-09-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។
Photo: RFA

កម្មវិធី​អភិវឌ្ឍន៍​នៃ​​អង្គការសហប្រជាជាតិ UNDP នៅ​កម្ពុជា តំណាង​របប​ក្រុងភ្នំពេញ ​និង​​សង្គម​ស៊ីវិល​មួយចំនួន បាន​ជួប​ពិភាក្សាគ្នា កាលពី​ថ្ងៃទី១២ ខែកញ្ញា ដើម្បី​ស្វែង​រក​​យន្តការ​​បន្ថែមទៀត ក្នុងការ​ពង្រឹង​កិច្ច​គាំទ្រ​ដល់​ជនរងគ្រោះ ដោយសារ​ការជួញដូរ​មនុស្ស នៅ​អនុតំបន់​ទន្លេមេគង្គ​។​

​អ្នក​សម្របសម្រួល​កម្ម​វិធី​​ប្រឆាំង​​ការជួញដូរ​មនុស្ស នៃUNDP លោក លឹម ទិ​ត្យ មានប្រសាសន៍ប្រាប់​អាស៊ីសេរី​ តាម​ទូរស័ព្ទ​ថា សកម្មភាព​​ជួញដូរ​​មនុស្ស​​នៅ​​កម្ពុជា ​និង​នៅក្រៅ​ប្រទេស នៅតែ​បន្ត​កើតមាន បើទោះបីជា​អាជ្ញាធរ​ក្រុងភ្នំពេញ​ព្យាយាម​បង្ក្រាប ​និង​ទប់ស្កាត់​យ៉ាងណាក្តី​។ លោកបន្តថា គោលបំណង​សំខាន់​ នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ស្វែងរក​វិធានការ​ថ្មី​បន្ថែម ដើម្បី​ទប់ស្កាត់​សកម្មភាព​ជួញដូរ​មនុស្ស និង​ផ្តល់​សេវា​ដល់​ជនរងគ្រោះ៖​ «​យើង​ចង់​ពង្រឹង​​យន្តការ កំណត់​អត្តសញ្ញាណ និង​បញ្ជូន​ជនរងគ្រោះ​។ យើង​បាន​ពិភាក្សាគ្នា​ជា​ក្រុម នៅ​រសៀល​ថ្ងៃមិញ អំពី​អ្វី​ដែលមាន​ស្រាប់ អ្វីដែល​ខ្វះខាត ហើយ​គួរ​ធ្វើ​អ្វីខ្លះ ហើយ​តើ​មាន​ឧប​សគ្គ​អ្វីខ្លះ​? ក្រោយ​កិច្ចពិភាក្សា យើង​បាន​រកឃើញ​ចំណុច​ខ្វះខាត និង​ដាក់​ជា​អនុសាសន៍ ទាំងនោះ​រួមគ្នា ដើម្បី​កំណត់ថា យើង​ត្រូវធ្វើ​អ្វី​មុន ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​»។

មន្ត្រី UNDP រូបនេះ ឲ្យ​ដឹងថា ការជួញដូរ​មនុស្ស​ក្នុងស្រុក មានការ​ថយចុះ​ជាង​មុន ប៉ុន្តែ​ការជួញដូរ​ពលកម្ម​​ឆ្លងដែន នៅតែ​កើនឡើង​ខ្លាំង ដោយសារ​កង្វះ​ការយល់ដឹង បញ្ហា​ភាពក្រីក្រ និង​ខ្វះ​ការងារ​ធ្វើ​ក្នុងស្រុក​។​

​លោក លឹម ទិ​ត្យ បន្តថា សិក្ខាសាលា​រយៈពេល​មួយថ្ងៃ​កាលពី​ម្សិលមិញ​នេះ រៀបចំ​ធ្វើឡើង នៅ​ក្រសួង​​សង្គមកិច្ច ដោយមាន​តំណាង​ចូលរួម​ចំនួន ៨៤​នាក់ មក​កម្មវិធី​អភិវឌ្ឍន៍ នៃ​អង្គការសហប្រជាជាតិ UNDP  តំណាង​ក្រសួង​សង្គមកិច្ច ក្រសួងយុត្តិធម៌ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស នៃ​ក្រសួងមហាផ្ទៃ ព្រមទាំង​តំណាង​ពី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល