អ្នក​ភូមិ​នៅ​រតនគិរី​ប្ដឹង​​ទៅ​តុលាការ​ឲ្យ​ស៊ើប​អង្កេត​ករណី​កាប់​ឈើ

អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​អយ្យការ​តុលាការ​វិញ​ម្ដង ទាក់ទិន​ទៅ​នឹង​ការ​កាប់​រាន​តំបន់​ព្រៃ​ឈើ​ដើម្បី​យក​ដី​ដោយ​ខុស​ច្បាប់ បន្ទាប់​ពី​កិច្ច​អន្តរាគមន៍​របស់​មន្ត្រី​មូលដ្ឋាន​មិន​បាន​ជោគជ័យ។
ដោយ រដ្ឋា វីសាល
2010-11-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ភូមិ​សាយ៉ោះលើ ឃុំ​កាឡែង ស្រុក​លំផាត់ ខេត្ត​រតនគិរី លោក សឿង ច្រាត់ ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១០​ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​អយ្យការ​តុលាការ កាល​ពី​ថ្ងៃ​សុក្រ កន្លង​ទៅ​នេះ ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​នេះ​ស៊ើប​អង្កេត​ទៅ​លើ​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់​ដើម្បី​យក​ដី។

ការ​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​អយ្យការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​បាន​ផ្ដល់​សេចក្ដី​រាយការណ៍​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា កន្លង​ទៅ​នេះ ក៏​ប៉ុន្តែ​មិន​ឃើញ​មាន​វិធានការ​ទប់​ស្កាត់ ហើយ​ការ​កាប់​រាន​នៅ​តែ​បន្ត​ធ្វើ​រហូត។

លោក សឿង ច្រាត់ បញ្ជាក់​ពី​បញ្ហា​នេះ ៖ «ឥឡូវ​អាត្រាក់​គេ​ដក​អស់​ហើយ គេ​ចាប់​ផ្ដើម​ជួល​កម្មករ​ជន​ជាតិ​ដើម​ខ្លះ ខ្មែរ​ខ្លះ ហើយ​គេ​ពង្រាយ​រហូត កម្លាំង​ប្រហែល​ជា ៤០​នាក់»

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០ លោក សឿង ច្រាត់ បាន​ធ្វើ​សេចក្ដី​រាយការណ៍ និង​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ស្រុក​លំផាត់ ដើម្បី​ទប់​ស្កាត់​សកម្មភាព​ជួល​កម្មករ​ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ និង​គ្រឿងចក្រ​កង់​ច្រវាក់​ប្រភេទ​ប៊ុលឌុលហ្សែ ដើម្បី​ឈូស​រាន​ព្រៃ ដោយ​មាន​កង​កម្លាំង​ប៉ូលិស​ជា​អ្នក​យាម​ការពារ​សកម្មភាព​ឈូស​ឆាយ ធ្វើ​ឡើយ​ដោយ​លោក ឡាយ សេង ម្ចាស់​កសិដ្ឋាន​ដាំ​កៅស៊ូ មាន​ទីតាំង​នៅ​ជាប់​នឹង​តំបន់​ព្រៃ​ស្រោង​តាម​មាត់​អូរជួង ព្រៃ​ក្រយោល ក្នុង​ភូមិសាស្ត្រ​ភូមិ​សាយ៉ោះ​លើ ឃុំ​កាឡែង ហើយ​ករណី​នេះ អភិបាល​ស្រុក​លំផាត់ និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​នោះ ក៏​ប៉ុន្តែ​រហូត​មក​ទល់​នឹង​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ សកម្មភាព​កាប់​រាន​ព្រៃ​នៅ​តែ​បន្ត​កើត​មាន។

លោក ឡាយ សេង អ្នក​រង​ការ​ចោទ​ពី​បញ្ហា​ខាង​លើ​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​កាប់​រាន​ព្រៃ​ឈើ​នៅ​តំបន់​នោះ​មែន ពីព្រោះ​ទី​នោះ​មិន​មែន​ជា​តំបន់​ព្រៃ​ស្រោង​ទេ ហើយ​ដី​នោះ​លោក​បាន​ទិញ​ពី​អ្នក​ភូមិ។

លោក ឡាយ សេង បន្ត ៖ «អា​ហ្នឹង​បើ​និយាយ​ថា ព្រៃ ព្រៃ​ហើយ​បង! គ្រាន់​តែ​ថា ភាគ​ច្រើន​ដី​ហ្នឹង​ឫស្សី​ពក​នៅ​ក្បែរៗ​អូរ​ហ្នឹង ប្រហែល​ចម្ងាយ​២០០​ម៉ែត្រ ១០០​ម៉ែត្រ​ពី​អូរ​ទេ​បង អត់​មាន​ឈើ​អី​ធំ​ដុំ​ព្រលំ​ដូច​ដី​តា​ជូ​ទេ»

អភិបាល​ស្រុក​លំផាត់ លោក គង់ ស្រ៊ុន មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា លោក​បាន​ចាត់​អាជ្ញាធរ​ភូមិ​ឃុំ​ចុះ​ត្រួត​ពិនិត្យ​សេចក្ដី​រាយការណ៍​ចោទ​ប្រកាន់​នោះ​ហើយ ៖ «រហូត​ដល់​ថ្ងៃ​នេះ មិន​ទាន់​មាន​លទ្ធផល​ថា គេ​កាប់​គេ​អី​ស្ងាត់​ឈឹង។ អ៊ីចឹង​បាន​ជា​ខ្ញុំ​តែងតែ​និយាយ​ថា អស់​លោក​ប្រហែល​ត្រូវ​សែន​របស់​គេ​ហើយ​មើល​ទៅ»

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​រតនគិរី លោក វង្ស សុខសេរី មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា លោក​បាន​ចុះ​ទៅ​រក​ទីតាំង​នោះ​រួច​ហើយ ក៏​ប៉ុន្តែ​រក​មិន​ឃើញ​ទីតាំង​ដែល​អ្នក​ភូមិ​រាយការណ៍​នោះ​ទេ។

លោក​បន្ត​ថា សុំ​ឲ្យ​អ្នក​ភូមិ​ផ្ដល់​របាយការណ៍​ជាក់លាក់​ពី​ភូមិសាស្ត្រ ទីតាំង​កាប់​រាន​ព្រៃ​នោះ ដើម្បី​លោក​ធ្វើការ​ស៊ើប​អង្កេត​ជា​ថ្មី​ទៀត ៖ «បើ​បាន​គាត់​កូពី​មួយ​មក​ឲ្យ​ខ្ញុំ​ល្អ ឲ្យ​លឿន​ណា!ឲ្យ​មាន​លិខិត​មក ខ្ញុំ​ចុះ​ធ្វើការ ខ្ញុំ​កំពុង​ប្រុង​ធ្វើ​អា​ហ្នឹង​ដែរ»

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា សមាគម​លោក​ក៏​ទទួល​បាន​ពាក្យ​បណ្ដឹង​ទាក់ទិន​ការ​កាប់​រាន​ព្រៃ​ឈើ​នោះ​ដូច​គ្នា ៖ «ដំបូង​យើង​ទុក​ឲ្យ​អាជ្ញាធរ​ចុះ​ត្រួត​ពិនិត្យ ក៏​ប៉ុន្តែ​អត់​មាន​លទ្ធផល អ៊ីចឹង​ហើយ​បាន​ជា​គាត់​មក​សមាគម​អាដហុក ដើម្បី​ប្ដឹង​មក​ស្ថាប័ន​អយ្យការ​ខេត្ត»

ប្រភព​លោក សឿង ច្រាត់ ឲ្យ​ដឹង​ថា ដី​ព្រៃ​ដែល​កំពុង​កាប់​រាន​មាន​ទំហំ​ប្រមាណ ១០០​ហិកតា ក៏​ប៉ុន្តែ​លោក ឡាយ សេង បញ្ជាក់​ថា ដី​នៅ​ទី​នោះ​មាន​ទំហំ​ប្រមាណ ២០​ហិកតា​ប៉ុណ្ណោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល