តុលាការ​ពន្យារ​សាលក្រម​រឹប​យក​ដីធ្លី​ពល​រដ្ឋ​នៅ​កំពង់ស្ពឺ

ប្រភព​ពី​ប្រជា​ពល​រដ្ឋ​បាន​ឲ្យ​ដឹង​ថា តុលាការ​ខេត្ត​កំពង់ស្ពឺ​បាន​ចេញ​សាលក្រម​ថ្មី​មួយ ចុះ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១១ បាន​សម្រេច​ពន្យារ​ពេល​អនុវត្ត​សាលក្រម​រឹប​យក​ដីធ្លី​សង់​លំនៅឋាន​ចំនួន​ ជាង ១​ហិកតា ពី​ប្រជា​ពល​រដ្ឋ ៧៣​គ្រួសារ។
ដោយ សុខ សេរី
2011.03.15

ការ​ពន្យារ​ពេល​នោះ ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ដល់​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១១។

សាលក្រម​នោះ​បាន​ចុះ​ហត្ថ​លេខា​ដោយ​ព្រះ​រាជ​អាជ្ញា​នៃ​តុលាការ​ខេត្ត​កំពង់ស្ពឺ លោក ឃុត សុភាង ដោយ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ខាង​មុខ​នោះ តុលាការ​ខេត្ត​កំពង់ស្ពឺ និង​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ចំនួន​ជាង ១០០​នាក់ ចុះ​អនុវត្ត​សាលក្រម​រុះរើ​ផ្ទះ​សំបែង​ប្រជា​ពល​រដ្ឋ ៧៣​គ្រួសារ។

តំណាង​ប្រជា​ពល​រដ្ឋ ៧៣​គ្រួសារ​នោះ គឺ​លោក​ស្រី សៀង សុខា បាន​អះអាង​ថា ពួក​គាត់​បាន​មក​រស់​នៅ​ក្នុង​ភូមិ​៣ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ តាំង​ពី​ឆ្នាំ​១៩៩៣ មក។ ក្រុមហ៊ុន​ស៊ូគីម៉ិច (Sokimex) របស់​លោក​ឧកញ៉ា សុខ គង់ បាន​ឈ្នះ​ក្ដី​ជា​មួយ​ប្រជា​ពល​រដ្ឋ​នៅ​ឆ្នាំ​២០០១ នៅ​ឯ​តុលាការ​ខេត្ត​កំពង់ស្ពឺ ក្នុង​ការ​កាន់​កាប់​ដីធ្លី​ជាង ១​ហិកតារ​ស្រប​ច្បាប់។

ដីធ្លី​ទំហំ​ជាង ១​ហិកតារ ដែល​មាន​ជម្លោះ​ជា​មួយ​ក្រុមហ៊ុន​ស៊ូគីម៉ិក​នោះ គឺ​ជា​ដីធ្លី​លំនៅឋាន​ប្រជា​ពល​រដ្ឋ នៅ​ក្នុង​ភូមិ​៣ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។