អ្នកស្រុកនៅកំពតបន្តពុលថ្នាំបាញ់ស្មៅរបស់ក្រុមហ៊ុន សូ ងួន
2011.07.07
អនុប្រធានមន្ទីរពេទ្យបង្អែកឈូក លោក ផាត វីសាល មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ថា អ្នកពុលថ្នាំគីមីនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង នៅតែបន្តបញ្ជូនមកកាន់មន្ទីរពេទ្យបន្តបន្ទាប់។
កាលពីថ្ងៃពុធ ទី៦ កក្កដា មន្ទីរពេទ្យបង្អែកឈូក ព្យាបាលអ្នកពុលថ្នាំគីមីដែលកម្មករក្រុមហ៊ុន សូ ងួន ឈ្មោះ វើល ទ្រីស្តា អិនធើធែនមែន ខេមបូឌា បាញ់ថ្នាំពុលបង្កឲ្យមានអ្នកពុលថ្នាំនោះចំនួន ៨៧នាក់។ នៅថ្ងៃព្រហស្បតិ៍ អ្នកជំងឺរាគ ក្អួត បានបញ្ជូនពីភូមិព្រៃពាយ មកបន្ថែមទៀត សរុប ១២៧នាក់ ភាគច្រើនជាមនុស្សចាស់។
លោក ផាត វិសាល បន្តថា ក្នុងចំណោមអ្នកជំងឺសរុប ១២៧នាក់ គ្មានកុមារចូលថ្មីទេ។ កុមារអាយុក្រោម ៥ឆ្នាំ មានចំនួន ៧នាក់ដដែល។ លោកឲ្យដឹងថា គ្រូពេទ្យដែលបានចូលទៅដឹកអ្នកជំងឺពីភូមិព្រៃពាយ យកមកមន្ទីរពេទ្យ ក៏រងនូវការវិលមុខដោយសារក្លិនថ្នាំពុលកសិកម្មនោះដែរ ៖ «ប៉ុន្តែជាទូទៅថា ថ្នាំសម្លាប់ស្មៅប្រហែលជាប្រភេទអាអ៊ែប៊ីសីតហ្នឹងហើយ អាហ្នឹងវាប៉ះពាល់ដល់ទឹក ដល់បរិស្ថាននោះសម្បើមណាស់»។
បុរសវ័យ ២៥ឆ្នាំ ឈ្មោះ ឆិល ផល្លា ឲ្យដឹងថា គ្រួសារគាត់ ៥នាក់ បានពុលថ្នាំគីមីទាំងអស់គ្នា ក្នុងនោះមានកូនអាយុ ៩ខែផងដែរ។ ចំពោះគាត់ឈឺពោះ ចុក រាគ ព្រោះពុលថ្នាំគីមីដែលក្រុមហ៊ុន សូ ងួន វើលទ្រីស្តា អិនធើធែនមែន ខេមបូឌា បាញ់នោះ ជំងឺគាត់មិនទាន់បានធូរស្រាលទេ ៖ «ខ្ញុំមកតាំងពីម្សិលមិញ (៦ កក្កដា) នៅចុកពោះនៅឡើយ នៅរាគ»។
មេឃុំត្រពាំងភ្លាំង លោក សួស ភន ឲ្យដឹងថា អ្នកភូមិពុលលឿន ព្រោះតែដីក្រុមហ៊ុនបាញ់ថ្នាំគីមីសម្លាប់ដើមព្រិច និងស្មៅនោះនៅជាប់ភូមិពលរដ្ឋកំពុងរស់នៅ។
អភិបាលស្រុកឈូក លោក ខឹម ហម មានប្រសាសន៍ថា លោកកំពុងខ្នះខ្នែងជួយសង្គ្រោះពលរដ្ឋ មិនទាន់បានស្រាវជ្រាវរកមូលហេតុនៃការធ្វើឲ្យអ្នកភូមិព្រៃពាយ ពុលជាង ១០០នាក់បាននៅឡើយទេ។ លោកថា ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសុទ្ធតែអះអាងថា ការពុលបង្កពីក្រុមហ៊ុន សូ ងួន បាញ់ថ្នាំគីមីពុលដើម្បីដាំដំណាំ។
មន្ត្រីការពារសិទ្ធិមនុស្សអាដហុក អ្នកស្រី ទ្រី ឈូន ឲ្យដឹងថា គាត់បានចុះអង្កេតផ្ទាល់ឃើញថា ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន សូ ងួន វើល ទ្រីស្តា អិនធើធែនមែន ខេមបូឌា ស្ថិតនៅក្នុងបរិវេណដីភូមិដែលប្រជាពលរដ្ឋរងគ្រោះពុលថ្នាំគីមីកំពុងរស់នៅក្បែរនោះ ហើយដីក្រុមហ៊ុន សូ ងួន នោះ នៅខាងលើភូមិតែម្ដង។ ក្រុមហ៊ុនបាញ់ថ្នាំពុលពីលើទួលពេលមានភ្លៀងធ្វើឲ្យសារធាតុពុលហូរតាមទឹកចេញពីដីក្រុមហ៊ុនធ្លាក់មកប្រឡាយធម្មជាតិឈ្មោះស្រែមាស ដែលអ្នកស្រុកមានតែទឹកមួយជង្ហុកនោះសម្រាប់ប្រើ ទើបធ្វើឲ្យឥទ្ធិពលនៃសារធាតុពុលបានបង្កការប៉ះពាល់សុខភាពអ្នកភូមិព្រៃពាយ។
អ្នកស្រី លាក់ សារ៉េត អាយុ ២៨ឆ្នាំ ឲ្យដឹងថា ក្រោយពីក្រុមគ្រូពេទ្យបានជួយសង្គ្រោះបន្ថយជាតិពុលបាន ២ថ្ងៃ ក្រុមគ្រួសារគាត់ ៥នាក់ ក្នុងនោះមានកូនប្រុសអាយុ ៤ឆ្នាំម្នាក់ផងបានធូរស្បើយជំងឺ ហើយគាត់ចង់ត្រឡប់ទៅផ្ទះវិញ ៖ «ខ្ញុំគិតចង់ទៅផ្ទះថ្ងៃហ្នឹង ចង់សុំថ្នាំលេបបន្ត»។
ប្រធានក្រុមហ៊ុន សូ ងួន វើល ទ្រីស្តា អិនធើធែនមែន ខេមបូឌា លោកឧកញ៉ា សូ ងួន មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ថា ថ្នាំពុលកសិកម្មដែលក្រុមហ៊ុនបានប្រើបាញ់សម្លាប់ស្មៅ និងដើមព្រិចនោះ គឺដាក់លក់នៅផ្សារអូរឫស្សី និងផ្សារទួលទំពូង ជាផលិតផលរបស់ប្រទេសថៃ និងប្រទេសវៀតណាម។ កម្មករក្រុមហ៊ុនបានលាយថ្នាំគីមីទៅតាមបច្ចេកទេសណែនាំលើសំបកប៊ីដុងថ្នាំ ហើយបាញ់លើស្មៅ និងដើមព្រិចរយៈពេលបន្តបន្ទាប់ ២ខែ លើដីទំហំ ១០០ហិកតារ។
លោកបានយកសំបកប៊ីដុងជ័រដាក់ថ្នាំពុលកសិកម្មទៅជូនមន្ត្រីកសិកម្មខេត្តកំពត ដើម្បីពិសោធរកសារធាតុពុលជាមួយគ្នានោះ។ លោកបានជួយបង់ថ្លៃដឹកជញ្ជូន និងថ្លៃអាហារដល់អ្នកពុលថ្នាំក្នុងមន្ទីរពេទ្យចំនួន ៤ម៉ឺនរៀលក្នុងម្នាក់ ៖ «១ហិកតារគេមានរូបមន្តគេនៅក្នុងប៊ីដុងវាហ្នឹង គេថា ក្នុងទឹក ២៥លីត្រ ដាក់ ០,២៥ សេសេ ហើយគេមានកំប៉ុងគេសម្រាប់វាល់»។
អនុប្រធានមន្ទីរពេទ្យបង្អែកឈូក លោក ផាត វិសាល មានប្រសាសន៍ថា នៅរសៀលថ្ងៃព្រហស្បតិ៍ មានអ្នកជំងឺជិត ៨០នាក់ បានសុំត្រឡប់ទៅផ្ទះវិញបន្តបន្ទាប់ ក្រោយពីគ្រូពេទ្យបន្សាបជាតិពុលពីពួកគាត់រួច។ លោកឲ្យដឹងថា ថ្នាំគ្រប់ប្រភេទដែលយកមកព្យាបាលសង្គ្រោះពលរដ្ឋ ដោយសារពុលនូវសារធាតុគីមី បានឧបត្ថម្ភពីមន្ទីរសុខាភិបាលប្រតិបត្តិស្រុក។ រថយន្ត និងសាំងចាក់ដឹកជញ្ជូនអ្នកជំងឺ គឺមន្ទីរពេទ្យ និងអាជ្ញាធរស្រុក ខេត្ត ចេញបណ្ដោះអាសន្ន។ អាហារសម្រាប់អ្នកជំងឺទទួលទានប្រចាំថ្ងៃ ត្រូវបានអង្គការមួយចំនួនបានយកមកចែកជូន ឯថវិកា ៤ម៉ឺនរៀលបានចែកនៅថ្ងៃនេះជូនអ្នកជំងឺម្នាក់ៗ៕