មន្ត្រី​ខ្មែរ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក

មន្ត្រី​សំខាន់​ៗ​នៃ​រដ្ឋាភិបាល​កម្ពុជា នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​មួយ​រៀបចំ​ដោយ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​ប្រទេស​ប្រេស៊ីល នៅ​សប្ដាហ៍​ក្រោយ​នេះ។
ដោយ សុខ សេរី
2010-07-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក សុខ អាន ជា​ឧប​នាយក​រដ្ឋមន្ត្រី និង​ប្រតិភូ​ខ្មែរ​ចំនួន​ប្រមាណ ១០​រូប គ្រោង​នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា​សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៣៤ នៅ​ក្នុង​ប្រទេស​ប្រេស៊ីល ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​សីហា​ខាង​មុខ​នេះ ដែល​ផ្ដោត​ជា​សំខាន់​លើ​កិច្ច​ការងារ​ថែ​រក្សា និង​អភិរក្ស​បេតិកភណ្ឌ​ពិភពលោក។

ប្រភព​ឲ្យ​ដឹង​ថា មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ដែល​នឹង​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ គឺ​មាន​មន្ត្រី​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​ការងារ​ព្រំដែន លោក វ៉ា គឹមហុង មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ តំណាង​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​កម្ពុជា និង​តំណាង​ក្រសួង​ការបរទេស​កម្ពុជា។

ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ទិត សុធា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា​នេះ​ថា ៖ «ឯកឧត្ដម​បណ្ឌិត ឧប​នាយក​រដ្ឋមន្ត្រី សុខ អាន ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នេះ គឺ​យើង​ទៅ​ធ្វើ​កិច្ច​ការងារ​សំខាន់​ៗ​ជា​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​ដំណើរការ​ការ​អភិវឌ្ឍ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដែល​ជា​ការងារ​បេតិកភណ្ឌ​សុទ្ធសាធ»

កិច្ច​ប្រជុំ​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ប្រេស៊ីល គឺ​មាន​តំណាង​មក​ពី​ប្រទេស​ចំនួន ១៨០ ជា​សមាជិក​ចូលរួម។

ប្រភព​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​តាមដាន​ស្ថានការណ៍​នយោបាយ​ថៃ បាន​អះអាង​ថា នាយក​រដ្ឋមន្ត្រី​ថៃ លោក អាភីស៊ីត វ៉េតឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្មី​ៗ​នេះ​ថា លោក​នឹង​បញ្ចូន​លោក កាស៊ីត ភីរម្យ (Kasit Piromya) រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ និង​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ផង​ដែរ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ផែនការ​នានា​របស់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ និង​អភិរក្ស​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន ដែល​ជា​សកម្មជន​ប្រឆាំង​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨​កន្លង​មក បាន​មាន​ប្រសាសន៍​ថា ៖ «យើង​មិន​ត្រូវ​ខ្លាច​ក្រែង​ថៃ​អាក់​អន់​ចិត្ត​អី​ទេ ពីព្រោះ​យើង​គ្រាន់តែ​ចង់​ការពារ​អ្វី​ដែល​ជា​របស់​ខ្មែរ​យើង ហើយ​យើង​គ្រាន់តែ​ចង់​បាន​យុត្តិធម៌ ការពារ​អ្វី​ដែល​ជា​របស់​ខ្មែរ​យើង​នោះ!»

ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង​ទ្បាអេ ប្រទេស​ហុល្លង់​កាត់​សេចក្ដី​ឲ្យ​កម្ពុជា​ឈ្នះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ ប្រឆាំង​នឹង​ភាគី​ថៃ។

ប្រាសាទ​ព្រះវិហារ​ដ៏​ចំណាស់​នេះ​ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក សម្រេច​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ក្នុង​កិច្ច​ប្រជុំ នៅ​ក្នុង​ទីក្រុង​កេប៊ិក ប្រទេស​កាណាដា កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨​កន្លង​ទៅ។

ចាប់​តាំង​ពី​ពេល​នោះ​មក មេ​ដឹកនាំ​ថៃ ជា​ពិសេស លោក អាភីស៊ីត វ៉េតឆាឈីវ៉ាក់ ត្រូវ​គេ​សង្កេត​ឃើញ​ថា តែងតែ​បញ្ជូន​ប្រតិភូ​មួយ​ចំនួន​ទៅ​តវ៉ា​រឿង​ប្រាសាទ​ព្រះវិហារ​នេះ ប៉ុន្តែ​មិន​ដែល​បាន​សម្រេច​ទេ​ក្នុង​រយៈពេល​កន្លង​មក៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល