អាជ្ញាធរខ្មែរ-ថៃគ្រោងបើកកិច្ចប្រជុំលើបញ្ហាបើកច្រករបៀង២
2011.08.14
មន្ត្រីសាលាខេត្តឧត្តរមានជ័យ បានឱ្យដឹងថា អាជ្ញាធរស្រុកបន្ទាយអំពិល របស់ខេត្តនេះ មានគម្រោងនឹងជួបប្រជុំជាមួយអាជ្ញាធរស្រុកភ្នំដងរែក ខេត្តសុរិន្ទ របស់ថៃ ដើម្បីជជែកស្វែងរកភាពជឿជាក់នឹងគ្នា ឈានទៅរកការបើកច្រករបៀងព្រំដែនចំនួន២ គឺច្រកជប់គគីរ នៅក្នុងឃុំអំពិល និងច្រកថ្មដូន នៅក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ឱ្យប្រជាពលរដ្ឋខ្មែរ និងថៃ ដែលរស់នៅជិតៗព្រំដែនមានការទំនាក់ទំនងគ្នាឡើងវិញនៅពេលខាងមុខ។
លោក ប៉ិច សុខិន អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី១៤ ខែសីហា ថា អាជ្ញាធរស្រុកបន្ទាយអំពិល របស់ខេត្តឧត្តរមានជ័យ និងអាជ្ញាធរស្រុកភ្នំដងរែក នៃខេត្តសុរិន្ទ របស់ថៃ មានគម្រោងនឹងជួបប្រជុំគ្នានៅថ្ងៃច័ន្ទ ទី១៥ ខែសីហា។
មន្ត្រីដដែលបានមានប្រសាសន៍ថា ការជួបប្រជុំនោះបានធ្វើឡើងបន្ទាប់ពីភាគីថៃ បានស្នើសុំឱ្យកម្ពុជា ធ្វើការបើកច្រករបៀងទាំងពីរនោះ ក៏ប៉ុន្តែកម្ពុជាមិនទាន់មានចម្លើយយ៉ាងណានៅឡើយទេ ដោយនៅរង់ចាំមើលថា តើភាគីថៃ បានបង្ហាញចេញភាពជឿជាក់យ៉ាងណាក្នុងការចង់ឱ្យដំណើរការបើកច្រករបៀងព្រំដែនឡើងវិញនោះ។
លោកបន្តថា ៖ «ពិចារណាសិន ព្រោះអាហ្នឹងមិនមែនច្រកដែលរាជរដ្ឋាភិបាលបើកទេ ច្រករបៀងទេ មិនមែនច្រកអន្តរជាតិ។ អានេះគ្រាន់ថា បើយើងធ្វើបានវាសម្រួលប្រជាជនទាំងពីរធ្វើម៉េចបានផលិតផលនាំទៅវិញទៅមកជាបញ្ហាសំខាន់។ ទី២ បញ្ហាសុខភាពប្រជាពលរដ្ឋយើង ងាកទៅខាងណោះវាជិតជាងមកសៀមរាប ទៅភ្នំពេញអី»។
លោក ចាប ផាត អភិបាលស្រុកបន្ទាយអំពិល មិនអាចទំនាក់ទំនងដើម្បីធ្វើការពន្យល់អំពីរឿងនោះបានទេ។
ចំណែកលោក ហ៊ីង ហឿន អភិបាលរងស្រុកបន្ទាយអំពិល បានមានប្រសាសន៍ថា លោកគ្រាន់តែបានដឹងថា មន្ត្រីស្រុកបន្ទាយអំពិល មានគម្រោងនឹងជួបប្រជុំជាមួយមន្ត្រីស្រុកភ្នំដងរែក របស់ថៃ ក៏ប៉ុន្តែចំពោះកាលបរិច្ឆេទពិតប្រាកដពេលណានោះ លោកមិនបានដឹងច្បាស់ឡើយ។
ប្រជាពលរដ្ឋខ្មែរដែលរស់នៅច្រកព្រំដែនថ្មដូន បានឱ្យដឹងថា អាជ្ញាធរស្រុកភ្នំដងរែក របស់ថៃ មានគម្រោងនាំយកកូនឈើមួយចំនួនមកចែកឱ្យប្រជាពលរដ្ឋខ្មែរដាំផង នៅថ្ងៃដែលគេនឹងមកជួបប្រជុំជាមួយអាជ្ញាធរខ្មែរ ដើម្បីជជែកអំពីការចង់ឱ្យបើកច្រករបៀងព្រំដែនឡើងវិញនោះ។
ច្រករបៀងព្រំដែនតំបន់ជប់គគីរ ក្នុងឃុំអំពិល និងច្រកថ្មដូន ក្នុងឃុំគោកមន ត្រូវបានបិទទ្វារមិនឱ្យប្រជាពលរដ្ឋខ្មែរ-ថៃ អាចចេញចូល និងផ្លាស់ប្ដូរទំនិញគ្នាទៅវិញទៅមកជាង ៣ឆ្នាំមកហើយ ចាប់តាំងពីថៃ បានបញ្ជូនកងទ័ពចូលលុកលុយតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរ កាលពីអំឡុងខែកក្កដា ឆ្នាំ២០០៨ ហើយប្រទេសទាំងពីរបានកើតមានជម្លោះព្រំដែននឹងគ្នាបណ្ដាលឱ្យកងទ័ពទាំងសងខាងមានការប្រយុទ្ធគ្នាជាច្រើនលើកមកនោះ៕