អ្នក​ស្រុក​កៀន​ស្វាយ​ខ្លាច​ក្មេង​ទំនើង

ប្រជា​ពលរដ្ឋ​នៅ​តាម​ភូមិ​ឃុំ​មួយ​ចំនួន នៅ​តែ​ភ័យ​ខ្លាច​ចំពោះ​សកម្មភាព​ក្រុម​ក្មេង​ទំនើង។
ដោយ សុខ សេរី
2010-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជា​ពលរដ្ឋ​មួយ​ចំនួន នៅ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ជាង​៣០០​គ្រួសារ នៅ​ក្នុង​ភូមិ​ព្រែក​ធំ ឃុំ​ក្បាល​កោះ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា ពួក​គាត់​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​អសន្តិសុខ និង​សុវត្ថិភាព​រស់​នៅ​ប្រចាំ​ថ្ងៃ នៅ​មូលដ្ឋាន ដោយសារ​តែ​មាន​ការ​រំខាន និង​អុក​ឡុក​ជា​ញឹក​ញាប់ ដោយ​ក្រុម​ក្មេង​ទំនើង លួច​មាន់ ផឹក​គ្រឿង​ស្រវឹង និង​ជក់​គ្រឿង​ញៀន​ជា​ដើម។

ក្រុម​ក្មេង​ទាំង​នោះ មាន​គ្នា​ចំនួន​រវាង​ពី ២០​ទៅ​៣០​នាក់ តែង​តែ​មាន​សកម្មភាព​ដូច​ជា បង្ក​ជម្លោះ អំពើ​ហិង្សា បង្ក​របួស​ស្នាម និង​វាយ​កាប់​ចាក់​គ្នា​ជា​រឿយៗ។ ខ្សែ​ភ្លើង​រាប់​សិប​ម៉ែត្រ​របស់​ប្រជា​ពលរដ្ឋ ត្រូវ​បាន​គេ​លួច​កាត់​យក​ទៅ​លក់ និង​ម៉ូតូ​មួយ​ចំនួន ត្រូវ​បាន​លួច។ ហើយ​មាន​វង់​ល្បែង​លួច​លាក់ ដូច​ជា​លែង​បៀរ និង​ចាក់​អាប៉ោង​ជា​ដើម។

ប្រជា​ពលរដ្ឋ​ឈ្មោះ អ៊ុក ឈាង អាយុ​៨២​ឆ្នាំ នៅ​ក្នុង​ភូមិ​ព្រែក​ធំ ឃុំ​ក្បាល​កោះ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ដែល​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ អំពី​អសន្តិសុខ​នៅ​ក្នុង​ភូមិ​ឃុំ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​នេះ​ថា ៖ «បង​តូច​បង​ធំ ហើយ​មាន់ ទា​អី លួច​អត់​សល់​ទេ ទាំង​ពី​ខ្សែ​ភ្លើង​ឡើង​លួច ពី​ព្រោះ​ប្រជាជន​នៅ​ទី​នេះ​រស់​ដោយ​លំបាក​វេទនា​ណាស់។ ទាំង​ពី​ខ្សែ​ភ្លើង ដែល​រដ្ឋ​ដាក់​ឲ្យ​ក៏​លួច​ផ្ដាច់​យក​ទៅ​លក់។ ទាំង​ពី​មាន់​ទា ឆក់​ប្លន់»

ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត ឈ្មោះ សុ ខុម អាយុ​៤៩​ឆ្នាំ ដែល​មាន​ការ​ធុញ​ទ្រាន់​នឹង​សកម្មភាព​ក្រុម​ក្មេង​ទំនើង​ខាង​លើ​នេះ បាន​ថ្លែង​ថា ៖ «អា​ខាង​គ្រឿង​ញៀន​នោះ ខ្ញុំ​ធ្លាប់​ឃើញ​កន្លែង​វា​ផឹក​អី កន្លែង​វា​ជក់​អ៊ីចឹង។ ខ្ញុំ​ក៏​រាយ​ការណ៍​ទៅ​អាជ្ញាធរ​ដែន​ដី​អី​ហ្នឹង ប៉ុន្តែ​គេ​អត់​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​ទេ។ បើ​កាល​ណា​ប្ដឹង​ទៅ គាត់​គ្រាន់​តែ​បាទៗ ប៉ុន្តែ​គាត់​អត់​មក​ធ្វើ​ការ»

ទាក់ទង​នឹង​សកម្មភាព​អុក​ឡុក​ដោយ​ក្រុម​ក្មេង​ទំនើង​នេះ។ កន្លង​មក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០០៩ កន្លង​ទៅ លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សារាចរ​មួយ បញ្ជា​ឲ្យ​ក្រសួង​មហា​ផ្ទៃ ក្រសួង​ការពារ​ជាតិ ក្រសួង​យុត្តិធម៌ ក្រសួង​ទេសចរណ៍ ក្រសួង​អប់រំ យុវជន និង​កីឡា និង​អាជ្ញាធរ​ខេត្ត​នានា គ្រប់​គ្រង​មុខ​សញ្ញា​ក្រុម​ក្មេង​ទំនើង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់​ធ្នាប់​សាធារណៈ។

លោក​បាន​ទទូច​សុំ​ឲ្យ​ប្រជា​ពលរដ្ឋ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ចូល​រួម​សហការ រាយការណ៍ និង​ផ្ដល់​ព័ត៌មាន​ទាក់​ទង​នឹង​សកម្មភាព​ក្មេង​ទំនើង​នេះ។

មេ​ឃុំ​ព្រែក​ធំ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល លោក ហោ វែង​ណៃ បាន​មាន​ប្រសាសន៍​ថា លោក​ទទួល​ស្គាល់​ថា មាន​បញ្ហា​អសន្តិសុខ​ខ្លះៗ នៅ​ទី​នោះ ប៉ុន្តែ​លោក​ក៏​មាន​ផែនការ​មួយ​ចំនួន​ដែរ ដើម្បី​អនុវត្ត​ក្នុង​ការ​បង្ក្រាប​នា​ពេល​ខាង​មុខ​នេះ ៖ «និយាយ​រួម ខ្ញុំ​មាន​ផែនការ​ដែរ​ហើយ។ រៀប​ប្រជា​ការពារ និយាយ​រួម នៅ​ចំណុច​ហ្នឹង​មុន​គេ។ រាល់​ថ្ងៃ​ហ្នឹង កំពុង​តែ​រៀប​បញ្ជី​ឈ្មោះ ដើម្បី​ទៅ​សុំ​គោលការណ៍​អនុញ្ញាត​ពី​ថ្នាក់​ស្រុក។ រៀប​យក​អា​ចំណុច​ហ្នឹង​មុន​គេ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​អនុវត្ត​នៅ​ឡើយ​ទេ គ្រាន់​តែ​ឲ្យ​ជ្រាប​អ៊ីចឹង​ណា»

របាយការណ៍​ពិស្ដារ​ប្រចាំ​ឆ្នាំ​២០០៩ កន្លង​ទៅ របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន បាន​ឲ្យ​ដឹង​ថា ក្មេង​ទំនើង​ចំនួន ២៤៤២​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​អប់រំ ចុះ​កិច្ច​សន្យា និង​ប្រគល់​ឲ្យ​អាណា​ព្យាបាល​វិញ និង​ក្មេង​ទំនើង ៤៨​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​អប់រំ។ កន្លង​មក អាជ្ញាធរ​ចាប់​ខ្លួន​មុខ​សញ្ញា​ក្មេង​ទំនើង ៤៥៤​នាក់ ឲ្យ​តុលាការ​ផ្ដន្ទា​ទោស៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល