ទឹក​ប្រាក់​មូលនិធិ​ជួយ​ជន​រងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​កោះ​ពេជ្រ​ឡើង​ដល់​រាប់​លាន​ដុល្លារ

មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា​ថា គេ​នៅ​មិន​ទាន់​មាន​របាយ​ការណ៍​ថ្មី​បន្ថែម ស្ដី​អំពី​ចំនួន​អ្នក​ស្លាប់ អ្នក​រង​របួស និង​អ្នក​បាត់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​អាក្រក់ នៃ​ការ​ផ្អើល​ជាន់​គ្នា កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា កន្លង​ទៅ​នៅ​ឡើយ។
ដោយ គឹម ពៅ
2010-11-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​រូប​នេះ​អះអាង​ថា មក​ទល់​ពេល​នេះ​របាយការណ៍​ដែល​រាប់​ទៅ​លើ​អ្នក​ស្លាប់ និង​អ្នក​របួស​ដែល​បាន​ចូល​មក​ដល់​មន្ទីរ​ពេទ្យ មាន​ចំនួន​នៅ​ត្រឹម អ្នក​ស្លាប់​ចំនួន ៣៤៧​នាក់ និង​អ្នក​របួស​ចំនួន ៣៩៥​នាក់។

លោក​បញ្ជាក់​ទៀត​ថា អាជ្ញាធរ​មិន​បាន​ទុក​ចោល​ចំពោះ​ករណី​អ្នក​ស្លាប់ និង​អ្នក​រង​របួស​ផ្សេង​ទៀត ដែល​មិន​បាន​ចូល​ទៅ​កាន់​មន្ទីរ​ពេទ្យ​នៅ​គ្រា​នោះ​ទេ។ មក​ដល់​បច្ចុប្បន្ន គេ​កំពុង​តែ​សហការ​ស៊ើប​អង្កេត​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ស្រាវជ្រាវ​ករណី​ជន​រង​គ្រោះ​នោះ​បន្ត​ទៀត ដែល​ជា​ហេតុ​មិន​ទាន់​មាន​របាយ​ការណ៍​ថ្មី​បន្ថែម។

មន្ត្រី​អ្នក​ដឹក​នាំ​នៃ​គណៈកម្មការ​ទទួល​ដោះ​ស្រាយ​ករណី​ឧបទ្ទវហេតុ លោក អ៊ិត សំហេង លោក ឱម យិនទៀង មិន​ទាន់​ផ្ដល់​អត្ថាធិប្បាយ​ណា​មួយ​នៅ​ឡើយ​ទេ ដោយ​អះអាង​ថា លោក​ជាប់​រវល់។

មក​ដល់​ថ្ងៃ​ទី​២៧ វិច្ឆិកា ទឹក​ប្រាក់​មូលនិធិ​របស់​សប្បុរស​ជន ដែល​បាន​បរិច្ចាគ​ជួយ​ជន​រងគ្រោះ​តាម​ទូរទស្សន៍​បាយ័ន និង​ស៊ីធីអិន មាន​ការ​កើន​ឡើង​ជា​លំដាប់។

អគ្គ​នាយក​រង​នៃ​ទូរទស្សន៍​ស៊ីធីអិន បាន​ឲ្យ​ដឹង​ថា សរុប​ជា​ទឹក​ប្រាក់​ជា​ដុល្លារ ដែល​គេ​បាន​ទទួល​មាន​ចំនួន​ជាង ៨០​ម៉ឺន​ដុល្លារ។ រីឯ​ទូរទស្សន៍​បាយ័ន​វិញ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​២៦ វិច្ឆិកា បាន​ទទួល​ប្រាក់​ជា​ដុល្លារ​មាន​ចំនួន ១​លាន ១​សែន ៨​ម៉ឺន ៤​ពាន់ ៥៤៣​ដុល្លារ និង​ប្រាក់​រៀល​ចំនួន ២៣៣១​លាន ៩​សែន ៣០៦០០​រៀល។

នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ ទូរទស្សន៍​ស៊ីធីអិន និង​បញ្ចប់​ការ​ប្រមូល​មូលនិធិ ហើយ​និង​ប្រកាស​ផ្លូវ​ការ​នូវ​ចំនួន​ទឹក​ប្រាក់​ដែល​គេ​បាន​ទទួល​សរុប ដើម្បី​បែង​ចែក​ដល់​ជន​រង​គ្រោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល