ទស្សនៈនានាជុំវិញការផ្តន្ទាទោស​លោក នួន ជា និង​​លោក ខៀវ សំផន ឲ្យ​​ជាប់​​ពន្ធនាគារ​​មួយ​​ជីវិត​​លើ​​សំណុំរឿង ០០២ វគ្គ ២

ដោយ វ៉ែន សុមេធ
2018.11.16
ជុំ​ម៉ី305 លោក ជុំ ម៉ី អតីត​អ្នក​រួច​ជីវិត​ពី​គុក​ទួលស្លែង ក្នុង​ពេល​ឆ្លើយ​បំភ្លឺ​នៅ​ឯ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា ២០០៩។
AFP Photo

ពលរដ្ឋដែលធ្លាប់រងគ្រោះក្នុងរបបខ្មែរក្រហម  រួម​ទាំង​ពលរដ្ឋ​កើត​ក្រោយ​របប​នេះ​យល់​ឃើញ​​ផ្សេងៗ គ្នា ចំពោះ​​ការ​​កាត់​​ទោស​​របស់​​សាលាក្តី​​ខ្មែរ​​ក្រហម​​ដោយ​​ឲ្យ​​អ្នក​​ទាំង​​ពីរ​​ជាប់​​គុក​​អស់​​មួយ​​ជីវិត​​លើ​​សំណុំ​រឿង ០០២/០០២។

ពលរដ្ឋភាគច្រើនពេញចិត្ត ចំពោះ​ការ​ផ្តន្ទាទោស​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ពេល​នេះ។ ពួកគេស្នើ ដល់មេដឹកនាំសព្វថ្ងៃ ឬមេ​ដឹក​នាំ​កម្ពុជា​ជំនាន់​ក្រោយៗ កុំ​ឲ្យ​យក​ជីវិត​របស់​ពលរដ្ឋ​ខ្លួន​ធ្វើ​ជា​ល្បែង​នយោបាយ។

ពលរដ្ឋកើតក្រោយ​របប​ខ្មែរក្រហម​ម្នាក់ គឺ​លោក តារា វិឆ័យ ឲ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី១៦ ខែ​វិច្ចិកា​ថា ការ​សម្រេច​ក្តី​របស់​តុលាការ​ខ្មែរ​ក្រហម​ឲ្យ​អ្នក​ទាំង​ពីរ​ជាប់​ពន្ធនាគារ​អស់​មួយ ជីវិត​នេះ គឺ​ស័ក្កិសម​និង​ទង្វើ​ដែល​អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​ក្នុង​ការ​ដឹក​នាំ​ប្រទេស​កន្លង​មក។ លោក​បន្ត​ថា គឺ​ជា​សញ្ញា​ប្រាប់​ទៅ​អ្នក​ដឹក​នាំ​ប្រទេស​ក្រោយ​ទៀត​ឲ្យ​ខ្លាច​រអា​មិន​អាច​ហ៊ាន ដឹក​នាំ​ប្រទេស​បែប​ផ្តាច់ការ​ទៀត៖ «ខ្ញុំ​គិត​ថា កាត់​ទោស​មួយ​ជីវិត គឺ​សម​នឹង​ពួក​គាត់​ទទួល​ហើយ ព្រោះ​ថា ការ​ព្រឹត្ត​របស់​គាត់​សាហាវ​យង់​ឃ្នង​សម្លាប់​តែ​ពលរដ្ឋ​ខ្លួន​ឯង»

ចំណែកពលរដ្ឋម្នាក់ទៀត​លោកស្រី ឃុន សាវរ៉ាន សង្កេត​ឃើញ​ថា លោក ខៀវ សំផន និង​លោក នួន ជា តែង​ឆ្លើយបដិសេធ​ក្នុង​សវនការ​កន្លង​មក​ថា ពួក​គេ​មិន​បាន​ដឹង ឬ​មិន​បាន​ប្រព្រឹត្ត​ក្នុង​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​របប​ខ្លួន​ដឹក​នាំ​នោះ​ទេ។ ពលរដ្ឋ​​រូប​នេះ​និយាយ​ថា លោកស្រី​ជឿ​ជាក់​​លើ​ការ​អះអាង​របស់​អតីត​មេ​ដឹក​នាំ​ទាំង​ពីរ​នេះ ដោយ​សង្ស័យ​ថា មាន​បរទេស​នៅ​ពី​ក្រោយ​នៃ​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​របប​នេះ។ ដូច្នេះ​លោក​ស្រី​យល់​ថា ការ​សម្រេច​របស់​តុលាការ ខ្មែរ​ក្រហម​នៅ​ពេល​នេះ គឺ​ដូច​ជា​ធ្ងន់ធ្ងរ​ពេក​លើ​អ្នក​ទាំង​ពីរ៖ «តែ​ការ​កាត់​ទោស​នេះ​ដូច​ជា​អយុត្តិធម៌​ពេក។ តាម​ខ្ញុំ​ដឹង​រឿង យើង​បាន​មើល​សារព័ត៌មាន​ហ្នឹង​នៅ​តុលាការ​តាម​ដែល​គាត់​និយាយ​កន្លង​មក គាត់​មិន​មែន​ជា​ជន​ក្បត់​ជាតិ​ទេ»

រីឯ​អតីត​ជន​រងគ្រោះនៅ​ក្នុង​គុក​ទួល​ស្លែង​ក្នុង​របប​ខ្មែរ​ក្រហម លោក ជុំ ម៉ី ប្រាប់​អាស៊ី​សេរី​ថា លោក​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​តុលាការ។ លោក ជុំ ម៉ី បន្ត​ទៀត​ថា លោក​មិន​ចង់​បាន​សំណង​អ្វី​ពី​តុលាការ​នោះ​ទេ ប៉ុន្តែ​លោក​ស្នើសុំ​ទៅ​តុលាការ​ឲ្យ​មាន​ការ​សាង​សង់​ស្តូប​គោរព​វិញ្ញាណក្ខន្ធ​ពលរដ្ឋ​ខ្មែរ ដែល​បាន​បាត់បង់​ជីវិត​ព្រោះ​ការ​សម្លាប់​នៅ​ក្នុង​របប​នោះ នៅ​តាម​បណ្តា​ខេត្ត​នានា របស់​កម្ពុជា៖ «ធ្វើ​នៅ​តាម​បណ្តា​ខេត្ត​ទៅ​នៅ​ពេល​ចូល​ឆ្នាំ ឬ​ភ្ជុំ​អី​ហ្នឹង​ទៅ ពលរដ្ឋ​អាច​ទៅ​បង្សុកូល​នៅ​កន្លែង​ស្តូប​គោរព្ធ​វិញ្ញាណក្ខន្ធ​បាន»

ប្រធាន​កម្មវិធី​ដីធ្លីនិង​ធនធាន​ធម្មជាតិ និង​ជា​អតីត​ប្រធាន​កម្មវិធី​តុលាការ​ខ្មែរ​ក្រហម​របស់​សមាគម​អាដហុក (ADHOC) លោក ឡាត់ គី យល់​ថា នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តល់​យុត្តិធម៌​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ។ លោក​យល់​ថា ទោះ​ដំណើរ​កាត់​ក្តី​នេះ​ប្រើ​រយៈ​ពេល​វែង​ពេក​ក្តី ប៉ុន្តែ លោក​ចង់​ឲ្យ​តុលាការ​ក្នុង​ស្រុក​គួរ​យក​តុលាការ​ខ្មែរ​ក្រហម​ធ្វើ​ជា​គំរូ​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ ជន​សង្ស័យ និង​ឧក្រិដ្ឋជន​នានា៖ «ជា​ផ្នែក​មួយ​ដែល​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ ក៏​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដែល​គាត់​បាន​ចូល​ចំណាយ​ពេល​ក្នុង​ការ​តាម​ដាន​ក្នុង​សាលាក្តី​នេះ»

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខ្លះ​ក៏​បាន​បញ្ចេញ​មតិ​លើ​សំណុំ​រឿង​នេះ ដោយ​អ្នក​ខ្លះ​ងឿង​ឆ្ងល់​ថា តើ​លោក នួន ជា និង​លោក ខៀវ សំផន ត្រូវ​ជាប់​ពន្ធនាគារ​ពីរ​ជីវិត​មែន​ទេ ព្រោះ​អ្នក​ទាំង​ពីរ​ធ្លាប់​ត្រូវ​តុលាការ​សម្រេច​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ម្តង​រួច​មក​ហើយ? ប៉ុន្តែ​លោក​មេធាវី កើត ធី ពន្យល់​ថា សាលា​ដំបូង នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​បើក​សវនាការ​ប្រកាស​សាលក្រម​នៃ​សំណុំ​រឿង ០០២/០២ ដោយ​សម្រេច​ផ្តន្ទាទោស​អស់​មួយ​ជីវិត តែ​ទោស​នេះ​អនុវត្ត​តែ​មួយ​ប៉ុណ្ណោះ ពោល​ទោស​អស់​មួយ​ជីវិត​លើ​លោក នួន ជា និង​លោក ខៀវ សំផន នៃ​សំណុំ​រឿង ០០២/០១ (គោល​ការណ៍​ស្រូប​ទោស) អត់​មាន​ន័យ​ថា ដាក់​ទោស​អស់​មួយ​ជីវិត​ពីរ​ដង​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។