សាក្សី​អះអាង​ថា​ធ្លាប់​ទទួល​បញ្ជា​ដឹក​ជនជាតិ​វៀតណាម​ដែល​គេ​ប្រមូល​នៅ​ស្រុក​ត្រាំកក់

ដោយ ឡេង ម៉ាលី
2016.01.28
សាន ឡន សាក្សី​ខ្មែរ​ក្រហម ២០១៦ ៨៥៥ សាក្សី សាន ឡន ជា​អតីត​នីរសារ​លេខា​ស្រុក​ត្រាំកក់ និង​ជា​ប្អូន​ថ្លៃ​របស់​តា ម៉ុក ប្រធាន​ភូមិ​ភាគ​និរតី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៦។ Photo courtesy of ECCC
Photo courtesy of ECCC

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​២៨ មករា សួរ​ដេញដោល​សាក្សី​ថ្មី​មួយ​រូប​អំពី​ការ​ដឹក​ជនជាតិ​វៀតណាម នៅ​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ក្នុង​ឆ្នាំ​១៩៧៥។ សាក្សី​រូប​នោះ​គឺ​ជា​ប្អូន​ថ្លៃ​តា ម៉ុក ប្រធាន​ភូមិភាគ​និរតី នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

សាក្សី​ថ្មី​វ័យ ៧៣​ឆ្នាំ ឈ្មោះ សាន ឡន ហៅ ម៉ូញ ជម្រាប​អង្គ​ជំនុំជម្រះ​ថា លោក​ពិត​ជា​អ្នក​ដឹក​គ្រួសារ​ជនជាតិ​វៀតណាម នៅ​ក្នុង​ត្រាំកក់ ខេត្ត​តាកែវ ពេល​ដែល​អាជ្ញាធរ​ខ្មែរ​ក្រហម​ប្រមូល​បាន​ពី​តាម​ឃុំ​នានា៖ «ឆ្នាំ​១៩៧៥ ឱ្យ​ខ្ញុំ​ដឹក​ប្រជាជន​វៀតណាម នោះ បាន​ខ្ញុំ​ដឹង។ កាល​ដឹក​ប្រជាជន​នេះ អត់​មាន​ចង​ដាក់​ខ្នោះ​ដាក់​អី​ទេ គឺ​ឱ្យ​គាត់​ឡើង​ឡាន​តែ​ម្ដង ឱ្យ​ជិះ​ឡាន។ អត់​បាន​ទទួល​បញ្ជី​ទេ ព្រោះ​មាន​ខាង​មន្ទីរ​ស្រុក​គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ។ ឯ​ខ្ញុំ​គ្រាន់​តែ​ដឹក​ប៉ុណ្ណោះ។ ឃើញ​តែ​ប្រធាន​ឃុំ​ហៅ​គាត់​ឱ្យ​ឡើង​ឡាន​តែ​ម្ដង​ថា​បញ្ជូន​ទៅ​ស្រុក​វៀតណាម​វិញ។ ខ្ញុំ​ឮ​តែ​អ៊ីចឹង»

សាក្សី សាន ឡន ជា​អតីត​នីរសារ​លេខា​ស្រុក​បញ្ជាក់​ថា ការ​ដឹក​ជញ្ជូន​គ្រួសារ​ជនជាតិ​វៀតណាម ទាំង​នោះ គឺ​លោក​ទទួល​បញ្ជា​ពី​កម្មាភិបាល​ថ្នាក់​ស្រុក​តាម​រយៈ​កម្មាភិបាល​ម្នាក់​ទៀត​ឈ្មោះ ភី។ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា​មាន​ចំនួន​ប៉ុន្មាន ហើយ​វាសនា​ទិសដៅ​ចុង​ក្រោយ​គេ​យក​ទៅ​ណា​ទេ។

ទាក់ទង​នឹង​បញ្ហា​ចំនួន​នេះ មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន អ្នកស្រី អង់តា ហ្គីហ្សេ (Anta Guisse) បាន​លើក​យក​ចម្លើយ​របស់​សាក្សី​មួយ​រូប​ផ្សេង​ទៀត​ឈ្មោះ ឯក ហឿន មក​សួរ​បញ្ជាក់​លោក សាន ឡន។

សាក្សី ឯក ហឿន កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៥ ជម្រាប​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ថា លោក​មិន​ដែល​ឃើញ​បញ្ជី​ទេ ប៉ុន្តែ​លោក សាន ឡន ហៅ ម៉ូញ ធ្លាប់​ប្រាប់​លោក​ថា ជនជាតិ​វៀតណាម ដែល​អាជ្ញាធរ​ប្រមូល​តាម​ឃុំ​មួយ​ចំនួន នៅ​ក្នុង​ស្រុក​ត្រាំកក់​ទាំង​មូល មាន​ចំនួន ៩​ពាន់​នាក់៖ «ដល់​ពេល​គេ​យក​ទៅ​សម្លាប់ បាន​ឃើញ​គេ​ដឹក​ឡាន ហើយ​ឈ្មោះ ឡន ម៉ូញ ហ្នឹង​វា​នៅ​ក្នុង​មន្ទីរ​ស្រុក​ដែរ។ ឡន ម៉ូញ ជា​ប្អូន​ថ្លៃ​របស់​តា ម៉ុក គេ​យក​អា​ឡាន​វែង​ទៅ​ដឹក។ ស្រុក​សម្រេច​ឱ្យ​ឃុំ​ប្រមូល​ទៅ​ដាក់​មួយ​កន្លែង។ កំណត់​មួយ​អាទិត្យ​គេ​យក​ឡាន​ទៅ​ដឹក​ឱ្យ​ទៅ​ស្រុក។ គេ​ថា​អ៊ីចឹង។ ដល់​ពេល ឡន ដឹក​ហើយ ខ្ញុំ​ទៅ​ជួប ឡន ខ្ញុំ​សួរ​ថា ឡន ប៉ុន្តែ​ខ្ញុំ​អត់​ហៅ ឡន ទេ ខ្ញុំ​ហៅ​តែ​អា ម៉ូញ។ ឡន ហ្នឹង​គេ​ហៅ​តែ ម៉ូញៗ ទេ។ ខ្ញុំ​សួរ​ថា អា​ម៉ូញ ឯង​ដឹក​គេ​បាន​ប៉ុន្មាន​នាក់? វា​ថា ៩​ពាន់!»

ទោះ​ជា​មាន​ការ​បញ្ជាក់​ពី​សាក្សី ឯក ហឿន ដូច្នេះ​ក្ដី ក៏​លោក សាន ឡន ថ្លែង​ថា លោក​មិន​ស្គាល់​សាក្សី​ឈ្មោះ ឯក ហឿន នោះ​ទេ។ ក៏​ប៉ុន្តែ ទាំង​លោក សាន ឡន និង​លោក ឯក ហឿន អះអាង​ដូច​គ្នា​ថា គ្រួសារ​ជនជាតិ​វៀតណាម​ទាំង​នោះ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរក្រហម​ប្រមូល​ពី​ឃុំ​នានា ក្នុង​ស្រុក​ត្រាំកក់ ដែល​ជា​រួម​មាន ឃុំ​ពពេល ឃុំ​តា​ភេម ឃុំ​អង្គ​តាសោម ស្រែ​រនោង លាយបូ ឃុំ​ញ៉ែងញ៉ង និង​ឃុំ​គុស៖ «បើ​យៀកណាម​ប្ដី​ប្រពន្ធ​កូន​យួន​ខ្មែរ​អី​និយាយ​តែ​យួន​រាល់​ថ្ងៃ អា​ហ្នឹង​គេ​ចាប់​ទៅ​អត់​បាច់​សួរ​ទេ។ ចាប់​ទៅ​ទាំង​សំបុកៗ ទាំង​អស់។ អត់​មាន​នៅ​សល់​កម្ទេច​ទេ យក​ទៅ​ទាំង​អស់​ហ្នឹង»

សវនាការ​របស់​សាលាដំបូង​នឹង​ទៅ​ធ្វើ​បន្ត​នៅ​ច័ន្ទ ទី​១ កុម្ភៈ​ទៀត។ ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​លោក​ចៅក្រម និល ណុន ប្រកាស​ថា សវនាការ​នៅ​ច័ន្ទ ទី​១ កុម្ភៈ អង្គ​ជំនុំជម្រះ​នឹង​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប ដែល​មាន​លេខ​កូដ​ថា 2-TCW-889 ហើយ​សាក្សី​បម្រុង​មួយ​រូប​ទៀត 2-TCW-1008៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។