អ.ស.ប តែងតាំង​ចៅក្រម​និង​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បម្រុង​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម

ដោយ ឡេង ម៉ាលី
2015.04.29
សាលា​ក្ដី​ខ្មែរ​ក្រហម ៦២០ ទិដ្ឋភាព​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០០៩។
Photo courtesy of ECCC

សាលា​ក្ដី​ខ្មែរ​ក្រហម ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​២៨ មេសា ឲ្យ​ដឹង​ថា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) លោក បាន គីមូន (Ban Ki-moon) សម្រេច​តែងតាំង​ចៅក្រម​អន្តរជាតិ​ថ្មី​មួយ​រូប សម្រាប់​អង្គ​បុរេ​ជំនុំ​ជម្រះ​នៅ​សាលា​ក្ដី​នេះ។

ចៅក្រម​អន្តរជាតិ​ថ្មី​នេះ គឺ​លោក អូលីវីយ៉េ បូវ៉ាល់ឡេ (Olivier Beauvallet) ជា​ជនជាតិ​បារាំង ត្រូវ​បាន​អង្គការ​សហប្រជាជាតិ តែងតាំង​ជំនួស​លោក​ចៅក្រម ចាង ហូជុង ជនជាតិ​កូរ៉េ​ខាង​ត្បូង ដែល​បាន​លាលែង​កាល​ពី​ខែ​កុម្ភៈ។ ថ្មីៗ​នេះ លោក​ជា​សហ​ចៅក្រម​ស៊ើប​អង្កេត​បម្រុង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​នេះ។

លោក​ចៅក្រម អូលីវីយ៉េ បូវ៉ាល់ឡេ ធ្លាប់​មាន​បទពិសោធន៍​លើ​ការងារ​រឿង​ក្ដី​ជាច្រើន​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ដោយ​រៀបចំ​ទុក ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​ភេរវកម្ម។ លោក​ធ្លាប់​បម្រើ​ការងារ​នេះ​នៅ​ប្រទេស​កូសូវ៉ូ (Kosovo) បារាំង ទ្វីប​អាហ្វ្រិក និង​អាស៊ី​កណ្ដាល។

ទន្ទឹម​គ្នា​នេះ​ដែរ អ្នកស្រី ប្រេនដា ហូលីស (Brenda Hollis) ជា​ជនជាតិ​អាមេរិក ក៏​ត្រូវ​បាន​តែងតាំង​ជា​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បម្រុង​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​ដែរ។ តំណែង​នេះ​បាន​ទំនេរ​ចាប់​តាំង​ពី លោក នីខូឡាស គុំចៀន (Nicholas Koumjian) ត្រូវ​បាន​តែងតាំង​ជា​សហ​ព្រះរាជអាជ្ញា​នៅ​ឆ្នាំ​២០១៣។ អ្នកស្រី ហូលីស ធ្លាប់​ជា​រដ្ឋ​អាជ្ញា​សម្រាប់​តុលាការ ពិសេស​នៅ​ប្រទេស​សេរ៉ាឡេអូន និង​ជា​រដ្ឋ​អាជ្ញា​ជាន់​ខ្ពស់​នៅ​តុលាការ សម្រាប់​អតីត​ប្រទេស​យូហ្គោស្លាវី (ICTY)។ ការ​តែង​តាំង​នេះ គឺ​ធ្វើ​ឡើង​ដោយ​មាន​ការ​យល់ព្រម​ពី​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។