អង្គការ​អន្តរជាតិ៖ សាលាក្តី​ខ្មែរ​ក្រហម​នៅ​មាន​សក្តានុពល​ច្រើន​ទៀត​ដែល​មិន​ទាន់​ប្រើប្រាស់​អស់​លទ្ធភាព​នៅ​ឡើយ

ដោយ សេក បណ្ឌិត
2018-11-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម បើក​សវនាការ​បន្ត​សួរ​ដេញដោល​សាក្សី​មួយ​រូប​ទាក់ទង​នឹង​រឿងរ៉ាវ​សម្លាប់​មនុស្ស​នៅ​មន្ទីរ​សន្តិសុខ​អូរកន្សែង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦។
អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម បើក​សវនាការ​បន្ត​សួរ​ដេញដោល​សាក្សី​មួយ​រូប​ទាក់ទង​នឹង​រឿងរ៉ាវ​សម្លាប់​មនុស្ស​នៅ​មន្ទីរ​សន្តិសុខ​អូរកន្សែង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦។
Photo Courtesy of ECCC

មជ្ឈមណ្ឌល​ ហាន់ដា ដើម្បីសិទ្ធិមនុស្ស និងយុត្តិធម៌​អន្តរជាតិ( Handa Center for Human rights & International Justice) បានបង្ហាញពីសក្តានុពល ឬ​កេរ​ដំណែល​នៃ​អង្គជុំនុំជម្រះវិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅថា​សាលាក្ត​ខ្មែរក្រហម ដែលនឹងត្រូវបន្សល់ទុកសម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

អង្គការនេះយល់ថា អ្នក​ពាក់ព័ន្ធ​មិន​ទាន់​ទាញ​យក​ផល​ប្រយោជន៍ និង​ប្រើប្រាស់​សមិទ្ធផល​នៃ​សាលា​ក្តី​កូន​កាត់​មួយ​នេះ​ឲ្យ​អស់​លទ្ធភាព​នៅ​ឡើយ​ទេ។

ការឆ្លុះបញ្ចាំងលើ​សក្ដានុពល​ នៃ​សាលា​ក្តី​កូន​កាត់​មួយ​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​ដោយ​ជួប​សន្ទា​ជាមួយ​ក្រុម​មនុស្ស​មួយ​ចំនួន​ ជា​ក្រុម​គោលដៅ​ផ្សេង​គ្នា រួម​មាន​មន្ដ្រី​សង្គម​ស៊ីវិល មន្រ្តី​រាជការ អ្នក​ជំនាញ​អប់រំ និង​ក្រុម​និស្សិត​ជា​ដើម។ ការ​សិក្សា​ស្រាវជ្រាវ​នេះ រៀបចំ​ដោយ​មជ្ឈមណ្ឌល ហាន់ដា ដើម្បី​សិទ្ធិ​មនុស្ស និង​យុត្តិធម៌​អន្តរជាតិ ( Hunda Center for Human rights & International Justice) នៅ​ចន្លោះ​ខែ​កក្កដា ដល់​ខែ​តុលា ឆ្នាំ​២០១៧​ កន្លង​ទៅ។

របាយការណ៍​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ បាន​ដក​ស្រង់​ពី​ការ​ធ្វើ​សម្ភាសន៍ និង​តាម​រយៈ​បើក​កិច្ច​ពិភាក្សា​ជា​ក្រុម។

ក្រុមទាំងនោះ បានបង្ហាញថា ពួកគេ​បាន​កត់​សម្គាល់​អំពី​សក្តានុពល នៃ​សាលាក្តី​នេះ​ក្នុង​ការ​អប់រំ​មនុស្ស​ជំនាន់​ក្រោយ អំពី​រឿងរ៉ាវ​កាល​ពី​អតីត​កាល ដោយ​បាន​ចាត់​ទុក​ជា​កេរ​ដំណែល​ដ៏​មាន​សក្តានុពល ដូច​ជា​កេរដំណែល​តុលាការ កេរដំណែល​ផ្លូវ​ចិត្ត និង​កេរដំណែល​ក្នុង​ការ​កសាង​សមត្ថភាព​ជា​ដើម។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា តាម​រយៈ​ការ​ជួប​សម្ភាស និង​កិច្ច​ពិភាក្សា​តាម​ក្រុម​គោលដៅ​នីមួយៗ នោះ បាន​បង្ហាញ​ថា ក្រុម​យុវជន​មួយ​ចំនួន​មាន​ការ​យល់​ដឹង​តិចតួច​អំពី​របប​ខ្មែរ​ក្រហម និង​សាលាក្តី​នេះ ដោយ​ឡែក​ក្រុម​និស្សិត មាន​ការ​ចាប់​អារម្មណ៍​ច្រើន​លើ​កម្មវិធី​សិក្សា ស្តីពី​របប​កម្ពុជា ប្រជាធិបតេយ្យ ខ្មែរ​ក្រហម។

ក្រុមយុវជន ក៏​បាន​ផ្តល់​អនុសាស្រ្ត​មួយ​ចំនួន ក្នុង​ការ​បង្កើត​កម្មវិធី​សិក្សា​នានា​ឲ្យ​ស៊ី​ជម្រៅ និង​គ្រប់​កម្រិត​សិក្សា ស្តីពី​របប​ខ្មែរ​ក្រហម ដើម្បី​បញ្ចប់​គម្លាត​នៃ​ការ​យល់​ដឹង​អំពី​បញ្ហា​នេះ។

ទាក់ទង​កេរដំណែល​នៃ​សាលាក្តី​ខ្មែរក្រហម​នេះ អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម លោក នេត ភក្ត្រា ​ បាន​ឲ្យ​អាស៊ី​សេរី​ដឹង​កាល​ពី​ថ្ងៃ​ពុធ ទី១៤ វិច្ឆិកា​ថា បេសកម្ម​របស់​សាលាក្តី​ខ្មែរក្រហម​ជិត ១២ឆ្នាំ​កន្លង​មក​នេះ បាន​បន្សល់​ទុក​សមិទ្ធិផល​ជា​ប្រវត្តិសាស្រ្ត​ជា​ច្រើន ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ផ្សះផ្សា​ជាតិ ផ្សះផ្សា​ផ្លូវ​ចិត្ត​ជន​រង​គ្រោះ​ជា​ដើម។ ក្រៅ​ពី​នេះ​ទៀត សាលាក្តី​ខ្មែរក្រហម ជា​ផ្នែក​មួយ​ជួយ​ពង្រឹង​គុណភាព​ច្បាប់ កាងារ​ដល់​ប្រព័ន្ធ​តុលាការ​កម្ពុជា បន្សល់​ទុក​នូវ​ឯកសារ​ជាតិ​ ដែល​មាន​ភស្តុតាង​គ្រប់គ្រាន់ ជា​ប្រភព​ព័ត៌មាន​ផ្លូវការ ឬ​ជា​ឯកសារ​យោង​សម្រាប់​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា សម្រាប់​យុវជន​ស្វែង​យល់។

លោក​បន្ត​ថា ជា​ពិសេស​ទៅ​ទៀត​នោះ គឺ​ជា​ការ​ឆ្លើយ​តប​នឹង​ចម្ងល់ និង​សំណួរ ដែល​គ្មាន​ចម្លើយ​កន្លង​មក៖ «ផលទ្ធផល​ដែល​សំខាន់​មួយ​ទៀត​ដែល​សាលាក្តី​បាន​ធ្វើ​នោះ គឺ​ការ​ផ្សព្វផ្សាយ​អប់រំ​ដល់​យុវជន​ជំនាន់​ក្រោយ ប្រជា​ពលរដ្ឋ ឲ្យ​បាន​យល់​អំពី​ដំណើរ​ការ​ជុំវិញ​រឿង​ក្តី​នេះ អ៊ីចឹង​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ ហាន់ដា ទៅ​លើ​យុវជន គាត់​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មិន​បាន​ឆ្លង​កាត់​ជំនាន់​ខ្មែរក្រហម​មែន​ ពួក​គាត់​បាន​រៀន​នៅ​សាលា​មែន ក៏​មិន​បាន​យល់​ដូច​ការ​មក​ទស្សនកិច្ច​នៅ​សាលាក្តី​ខ្មែរ​ក្រហម​នោះ​ឡើយ»

នៅក្នុងរបាយការណ៍ របស់​មជ្ឈមណ្ឌល​ ហាន់ដា បាន​ដក​ប្រសាសន៍​របស់​អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ និង​កីឡា អ្នកស្រី​ ទន់ សាអ៊ីម ដែល​អ្នកស្រី​មើល​ឃើញ​ថា ការ​សិក្សា​អំពី​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហម​ពី​អតីតកាល គឺ​មិន​ទាន់​បាន​គ្រប់ជ្រុង​ជ្រោយ ទូលំទូលាយ​នៅ​ឡើយ​ទេ លើក​លែង​តែ​អ្នក​សិក្សា​ស្រាវជ្រាវ ដែល​មាន​ចំណាប់​អារម្មណ៍​លើ​វិស័យ​នេះ​ប៉ុណ្ណោះ។

អ្នកស្រី​បន្ត​ថា ឥឡូវ​នេះ ក្រសួង​បាន​ដាក់​បញ្ចូល​មុខ​វិជា្ជ​នេះ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​ជាតិ​រួចរាល់​ហើយ។

សាលាក្តីខ្មែរក្រហម បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ ២០០៦ មក​ដល់​ឆ្នាំ២០១៨ នេះ មាន​រយៈ​ពេល​ជិត​១២ឆ្នាំ​ហើយ។ បច្ចុប្បន្ន​នេះ សាលាក្តី​ខ្មែរ​ក្រហម កំពុង​ដំណើរ​ការ​រឿង​ក្តី​លើ​សំណុំ​រឿង ០០២ វគ្គ ២ (០០២/) ដែល​មាន​ជន​ជាប់​ចោទ​ពីរ​រូប គឺ នួន ជា និង ខៀវ សំផន ហើយ​សុំរឿង​នេះ តុលាការ​គ្រោង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​សុក្រ ទី​១៦ វិច្ឆិកា ឆ្នាំ ២០១៨នេះ ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល