បក្ស​ហ៊្វុនស៊ិនប៉ិច​បង្សុកូល​ឧទ្ទិស​កុសល​ដល់​ជន​រងគ្រោះ​នៅ​គុក​ទួលស្លែង

គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង ស២១ ឬ​គុក​ទួលស្លែង នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០១៣។ ពិធី​នេះ​មាន​ព្រះសង្ឃ​យាយជី​តាជី សមាជិក​សមាជិកា​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ ២០០​នាក់។
ដោយ ខែ សុណង
2013.06.22
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ៦១០ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ក្នុង​គុក​ទួលស្លែង ដោយ​មាន​ការ​ចូលរួម​របស់​ព្រះសង្ឃ ៩៥​អង្គ ដូនជី តាជី សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​តាម​ខណ្ឌ​ទាំង​៩ និង​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Khe Sonorng

សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​ពេល​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​ជន​រងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម បាន​បន់ស្រន់​សូម​ឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​សុខ​សន្តិភាព ស្ថិរភាព និង​ជា​ពិសេស​កុំ​ឲ្យ​សង្គ្រាម​វិល​ត្រឡប់​មក​វិញ។

បន្ទាប់​ពី​ពិធី​បង្សុកូល​ចប់ សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ប្រធាន​គណបក្សហ៊្វុនស៊ិនប៉ិច មាន​ព្រះ​សវនីយ៍​ថា ការ​រៀបចំ​ពិធី​នេះ​ឡើង​គ្មាន​បំណង​អ្វី​ក្រៅ​ពី​ការ​រំឭក និង​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម ជា​ពិសេស​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង ស២១ ឬ​គុក​ទួលស្លែង នេះ​ទេ។

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី៖ «យើង​ខ្ញុំ​យល់​ឃើញ​ថា ការ​ធ្វើ​បុណ្យ​មិន​មាន​រើស​ពេល​រើស​វេលា​ទេ នេះ​គឺ​សុទ្ធ​ចិត្ត​ដោយ​សប្បុរសធម៌​ពុទ្ធបរិស័ទ​ទាំងអស់ ដែល​ចូលរួម​ក្នុង​ថ្ងៃ​នេះ ដើម្បី​ឧទ្ទិស​ជា​កុសល​ជូន​អ្នក​ដែល​ទទួល​អនិច្ចកម្ម​ទៅ​ហើយ ដែល​យើង​មាន​បញ្ហា​ច្រើន ដែល​យើង​មាន​របាំង​រាំង​ជុល ដូច្នេះ​ឧទ្ទិស​នេះ គឺ​ដើម្បី​សុខ​សន្តិភាព​របស់​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​មុខ កុំ​ឲ្យ​ហេតុការណ៍​នេះ​កើត​ឡើង​សាជាថ្មី​ឲ្យ​សោះ​សូម​ឲ្យ​ប្រវេ​ជៀស​ឆ្ងាយ»

ប៉ុន្តែ សម្ដេច​រាជបុត្រី នរោត្តម អរុណរស្មី មាន​ព្រះ​សវនីយ៍​ទៀត​ថា ព្រះអង្គ​ពុំ​ដឹង​ថា​មាន​សែ​រាជវង្សានុវង្ស​ប៉ុន្មាន​នាក់ ដែល​បាន​ទទួល​អនិច្ចកម្ម​ទៅ​ក្នុង​របប​ខ្មែរ​ក្រហម​នោះ​ទេ។ ក្នុង​ពិធី​នេះ សម្ដេច​រាជបុត្រី មិន​ភ្លេច​នឹក​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ សម្ដេច​ព្រះ នរោត្តម សីហនុ ឡើយ៖ «ព្រះ​ករុណា បរម​រតន​កោដ្ឋ ដែល​យើង​ខ្ញុំ​ទាំងអស់​គ្នា​មាន​ការ​នឹក​រឭក​យ៉ាង​ខ្លាំង​ជា​ទី​បំផុត ព្រះអង្គ​យាង​ទត សូម​ព្រះ​មេត្តា​ដល់​កូន​ចៅ​ទាំងអស់ សូម​ព្រះអង្គ​លោក​ថែ​រក្សា​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គង់វង្ស​យូរ​អង្វែង​ត​រៀង​ទៅ»

គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ នៅ​ក្នុង​គុក​ទួលស្លែង ដោយ​មាន​ការ​ចូលរួម​របស់​ព្រះសង្ឃ ៩៥​អង្គ ដូនជី​តាជី សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​តាម​ខណ្ឌ​ទាំង​៩ និង​ប្រជាពលរដ្ឋ​ប្រមាណ ២០០​នាក់។

សកម្មជន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ខណ្ឌ​ចំការមន លោក សុខ ច័ន្ទសង្វា បាន​សម្ដែង​ក្ដី​រីករាយ​ដែល​បាន​រួម​គ្នា​ធ្វើ​ពិធី​បុណ្យ​នេះ៖ «ខ្ញុំ​នាំ​សកម្មជន​មក​ច្រើន​នាក់​ដែរ ខ្ញុំ​មាន​អារម្មណ៍​រំភើប ព្រោះ​ថា​យើង​មិន​ដែល​ក្នុង​មួយ​ជីវិត​យើង​អត់​បាន​ដើរ​ធ្វើ​អ៊ីចឹង...សប្បាយ​ចិត្ត​ដែល​បាន​ធ្វើ​បុណ្យ​ឲ្យ​អ្នក​ដែល​បាន​ស្លាប់​ទៅ​ហ្នឹង។ ខ្ញុំ​សប្បាយ​រីករាយ​ណាស់ ដោយ​ព្រះអង្គ​ម្ចាស់ក្សត្រី គាត់​មាន​ទឹក​ចិត្ត​នាំ​ផ្ដល់​ឲ្យ​ហ្នឹង»

ពលរដ្ឋ​មក​ពី​ភូមិ​ត្រពាំងរុន ឃុំ​ដំណាក់រាំង ស្រុក​ឧត្ដុង្គ ខេត្ត​កំពង់ស្ពឺ អ្នកស្រី ឌុក មៃ បាន​ថ្លែង​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​គាត់​មក​ឃើញ​គុក​ទួលស្លែង ធ្វើ​ឲ្យ​គាត់​មាន​ការ​សោកសង្រេង៖ «អុជ​ធូប​ឧទ្ទិស​កុសល​ដល់​ញាតិកា​ដែល​បាន​ចែក​ឋាន​ទៅ​លំបាក ក៏​សុំ​ឲ្យ​បាន​ក្ដី​សុខ​ក្ដី​ចម្រើន​ទៅ​ណា។ មាន​អារម្មណ៍​អាណោចអាធ័ម​អាណិត​ចិត្ត​ពី​មុន​មក​ថា ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ វា​លំបាក​ណាស់​ណា»

សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នេះ បាន​ឈរ​ជា​បេក្ខភាព​តំណាង​រាស្ត្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច មណ្ឌល​កំពង់ចាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។