អតីត​មេដឹកនាំ​ខ្មែរក្រហម​មួយ​ចំនួន​ថា ការ​ស្លាប់​របស់ ឌុច ធ្វើ​ឱ្យ​ព្រលឹង​ជន​រង​គ្រោះ​ស្ងប់​ចិត្ត

ដោយ ហេង រស្មី
2020-09-03
Share
ញ៉ែម អេន (ឆ្វេង) លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ប្រធាន​គុក​ទួល​ស្លែង ក្នុង​របប​ខ្មែរ​ក្រហម និង (ស្ដាំ) លោក ញ៉ែម អេន អតីត​អ្នក​ថត​រូប​នៅ​គុក​ទួល​ស្លែង។
រូប៖ ECCC និង​ហ្វេសប៊ុក Nhem En

អតីត​យោធា​ខ្មែរក្រហម​មួយ​ចំនួន​នៅ​តំបន់​ប៉ៃលិន និង​នៅ​អន្លង់​វែង​លើក​ឡើង​ថា ការ​ស្លាប់​របស់​លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច នឹង​ធ្វើ​ឱ្យ​ព្រលឹង​ជន​រងគ្រោះ​ជាង ១ម៉ឺន​នាក់​ស្លាប់​នៅ​មន្ទីរ ស-២១ បាន​ស្ងប់ចិត្ត​ដោយសារ​តែ ឌុច បាន​ធ្វើ​តាម​បញ្ជា​មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៅ​ក្នុង​របប​ខ្មែរក្រហម ក្នុង​ការ​សម្លាប់​អ្នក​ទោស ដែល​បាន​ជាប់​ឃុំ។

មន្ត្រីយោធាជាន់ខ្ពស់របស់អតីតខ្មែរ​ក្រហមមួយចំនួនអះអាងថា ពួក​គេមិនគាំទ្រចំពោះទង្វើរបស់លោក ឌុច នៅ​ពេល​ដែលលោកជាអ្នក​ទទួល​ខុស​ត្រូវកំពូលមួយរូបក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ អតីតអ្នក​ថត​រូបនៅគុកទួលស្លែងលោក ញ៉ែម អេន បញ្ជាក់ថា មរណភាពលោក ឌុច នឹង​បានធ្វើអោយព្រលឹងជនរងគ្រោះបានស្ងប់​ចិត្ត បើទោះ​បី​ជាលោក ឌុច ជាប់ពាក់ព័ន្ធនឹងការសម្លាប់អ្នក​ទោសនៅគុទួលស្លែងយ៉ាង​ណា​ក៏​ដោយ។

លោកនិយាយថា ការសម្លាប់អ្នក​ទោសនៅមន្ទីរ ស-២១ ក្នុងអំឡុងពេលរបបខ្មែរ​ក្រហម គឺលោក ឌុច ធ្វើ​តាមបញ្ជាមនុស្ស​បី​នាក់គឺ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ស៊ុន សេន អតីតរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក អៀង សារី និងអតីតប្រធាន​រដ្ឋសភា គឺលោក នួន ជា។ លោកនិយាយថា តាមអ្វីដែលលោកបានដឹងមានឆ្នាំសន្តិសុខចំនួន​ជាង ៥០០នាក់ត្រូវលោក ឌុច បញ្ជា​ឱ្យ​យក​ទៅសម្លាប់នៅវាលពិឃាដបឹងជើងឯងដោយចោទថា ជាចារកម្មស៊ីអាយអេ ឬ សេអ៊ីអា (CIA) របស់អាមេរិក និងធ្វេស​ប្រហែសក្នុងពេល​បំពេញ​ការងាររបស់ខ្លួន៖ «ពីព្រោះតា ឌុច នេះនៅ​គុ​ទួលស្លែងគេធ្វើតាមបញ្ជារបស់គេទេ។ ដូច្នេះ ដូចខ្ញុំជម្រាបជូនបងប្អូនអ៊ីចឹង បើ​សិន​ជាលោក ឌុច អ្នកធ្វើគឺមានដូចលោក ឌុច ១០០នាក់ និង ១ពាន់អ្នកទៀតដែលជាអ្នក​ធ្វើ»

អតីតប្រធានមន្ទីរ ស-២១ ឬគុកទួលស្លែងលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលមាន​ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្ស​ជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តឡើងក្នុងរបបខ្មែរ​ក្រហម ហើយត្រូវ​​​ជាប់​ពន្ធនាគារអស់​មួយ​ជីវិតនោះ មានប្រវត្តិអាថ៌កំបាំងជា​ច្រើន។

ឌុច ដែលបានប្រែក្លាយពីគ្រូបង្រៀនទៅជាមេពេជ្ឈឃាដដឹក​នាំការសម្លាប់មនុស្សយ៉ាងរង្គាល​ម្នាក់​នៅក្នុងរបបកម្ពុជា​ប្រជាធិបតេយ្យ ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នោះ បានទទួល​ ​មរណភាព​ ​ការពីថ្ងៃទី២ កញ្ញា ២០២០ ក្នុងវ័យ ៧៨ឆ្នាំ ដោយរោគាពាធ។

អតីតមេបញ្ជាការកងពលធំ ៤១៥ និងជាអភិបាលក្រុងប៉ៃលិនលោក អ៊ី ឈាន មាន​ប្រសាសន៍​ថា ក្រុមអតីតខ្មែរ​ក្រហមមិន​សូវចាប់អារម្មណ៍ និងមរណភាពរបស់លោក កាំង ហ្កេកអ៊ាវ ទេដោយសារ​តែតុលាការខ្មែរ​ក្រហមបានកាត់​ទោសលោករួច​ហើយ។

លោកបន្ថែមថា​ ​មរណភាពនេះនឹងបិទបញ្ចប់សំណុំរឿងពាក់ព័ន្ធនឹងលោកឌុ​ ​ហើយក៏អាចធ្វើអោយសាច់ញាតិជន​រង​គ្រោះខ្លះបានស្ងប់​ចិត្តផងដែរ៖ «រឿងរ៉ាវវា​ចប់​ត្រឹមនឹងអត់មានជីវិតហ្នឹងហើយបើទោះបីជាអ្នកដឹងរឿង​ ​ដឹងរ៉ាវយ៉ាងម៉េច​ក៏​ដោយ។ ប៉ុន្តែបើគាត់ស្លាប់ទៅហើយ គឺវាចប់ហើយបើអ្នកណាដឹងរឿងរ៉ាវតទៅទៀតអាហ្នឹងជារឿងផ្សេងទេតែបើរឿងបុគ្គល វាមានអ្វីទៅពាក់ព័ន្ធអ្វីទៀត»

ចំណែកអតីតមេបញ្ជាការកងពលលេខ៤៥០ នៅតំបន់ម៉ាឡៃ និងជារដ្ឋលេខាធិការក្រសួងការពារជាតិលោក សុខ ភាព មាន​ប្រសាសន៍​ថា លោកមិន​ដែលមានទំនាក់ទំនងជាមួយលោក ឌុច ទេក្នុងអំឡុងពេលរបបខ្មែរ​ក្រហម។ លោកថា អ្វីដែលលោកបានឮ​ចម្លើយសារភាពរបស់លោក ឌុច នៅសាលាក្ដីខ្មែរក្រហមហាក់ ដូច​ជា គ្រប់គ្រាន់ហើយ ចំពោះទង្វើដែលធ្លាប់​ធ្វើកន្លងមកដូច្នេះលោកមិនមានអ្វីសោក​ស្ដាយទេ ដោយសារ​តែការស្លាប់ គឺ​ជាជំងឺរបស់មនុស្សចាស់៖ «តុលាការកាត់​ទោសគាត់អស់​ចិត្តអស់​ចង់ល្មមគ្រប់គ្រាន់​ ​ហើយសាក្សីហ្នឹងការបាត់បង់ហ្នឹងធម្មតាជីវិតមនុស្សយើងអ្នក​ណា ក៏ដូចអ្នកណាដែរដល់ថ្ងៃស្លាប់ៗ ដូច​តែគ្នា»

ទាក់ទិននឹងមរណភាពរបស់មេគុកទួលស្លែងនេះដែរ អតីតយោធាខ្មែរ​ក្រហម និងជាប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិនៅប៉ៃលិន អ្នកស្រី វ៉ែន ដារ៉ា និយាយថា លោក ឌុច ជាប្រធានមន្ទីរឃុំឃាំងតូចមួយប៉ុណ្ណោះ គឺធ្វើ​តាមបញ្ជាថ្នាក់ដឹកនាំប៉ុណ្ណោះអ្នកស្រីស្នើសុំអោយសាច់ញាតិជនរងគ្រោះទាំង​អស់ កុំចង​គំនុំជាមួយលោក កាំង ហ្កេកអ៊ាវ ត​ទៅ​ទៀត ដោយសារតែលោកបានស្លាប់ទៅហើយៗ សាលាក្ដីបានកាត់​ទោស​ឱ្យជាប់​ពន្ធនាគារអស់​មួយ​ជីវិតផងដែរ៖ «ខ្ញុំសូម​ទោសដល់បង​ប្អូនប្រជាពលរដ្ឋផង ហើយយើងចូលរួមគិតទាំង​អស់​គ្នា។ ខ្ញុំនិយាយហ្នឹង វាខុស ឬត្រូវ? ជាធម្មតាទេ របបមួយៗ ធ្វើអ្វីតាមមេបញ្ជាហ្នឹងឯងដូចរាល់ថ្ងៃលោក ហ៊ុន សែន គាត់ថា​គាត់នៅពីក្រោមយួនអាហ្នឹងវា​អ៊ីចឹង។ បើយើងពិនិត្យអោយដល់​ទៅយើងនៅក្រោមយួន ហើយនិងចិនហ្នឹង»

លោក កាំង ហ្កេអ៊ាវ ហៅ ឌុច ត្រូវបានតុលាការ​យោធាកម្ពុជាចាប់ឃុំខ្លួនតាំង​ពីឆ្នាំ១៩៩៩។ លោកត្រូវបានផ្ទេរទៅឃុំខ្លួននៅសាលាក្ដីខ្មែរ​ក្រហម ហើយត្រូវបានតុលាការកំពូលនៃសាលាក្ដីកូន​កាត់មួយនេះបានផ្ដន្ទាទោសលោកក្នុងសំណុំរឿងលេខ០០១ ឲ្យជាប់​ពន្ធនាគារអស់​មួយ​ជីវិត កាល​ពីថ្ងៃទី៣ ខែ​កុម្ភៈ ឆ្នាំ២០១២ ពីបទ "ឧក្រិដ្ឋកម្មប្រឆាំងមនុស្ស​ជាតិ" និង "ឧក្រិដ្ឋកម្មសង្គ្រាម" ដែលបានប្រព្រឹត្តឡើងនៅគុកទួលស្លែងក្នុងរបបកម្ពុជា​ប្រជាធិបតេយ្យ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល