អ្នក​ប្រវត្តិសាស្ត្រ​ក្រើន​រំឭក​យុវជន​ឲ្យ​គិត​ពិចារណា​ស៊ី​ជម្រៅ​ពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី​១៧​មេសា

ដោយ សាន សែល
2016.04.17
សំបូរ ម៉ាណ្ណារ៉ា ២០១៤ ៨៥៥ សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណារ៉ា ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​៣ ខែ​តុលា ឆ្នាំ​២០១៤។
Photo: RFA

ព្រឹត្តិការណ៍​ថ្ងៃ​ទី​១៧ ខែ​មេសា កាល​ពី ៤១​ឆ្នាំ​មុន ជា​ពេល​ឡើង​កាន់​អំណាច​របស់​ក្រុម​ខ្មែរ​ក្រហម ដែល​របប​ដឹក​នាំ​នេះ បណ្ដាល​ឲ្យ​មនុស្ស​ជិត ២​លាន​នាក់​បាន​ស្លាប់ និង​ត្រូវ​បាន​កាប់​សម្លាប់។ អ្នក​ប្រវត្តិសាស្ត្រ​កម្ពុជា ក្រើន​រំឭក​ឲ្យ​យុវជន សិក្សា និង​គិត​ពិចារណា​ឲ្យ​ស៊ី​ជម្រៅ​ពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី​១៧ មេសា ដើម្បី​ទាញ​មក​ធ្វើ​ជា​មេរៀន​ជីវិត។

អ្នក​ប្រវត្តិសាស្ត្រ ស្នើ​ឲ្យ​យុវជន​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ថ្ងៃ​ទី​១៧ មេសា ដោយ​សិក្សា​វិភាគ​តាម​ភស្តុតាង​បែប​វិទ្យាសាស្ត្រ។ អ្នក​ប្រវត្តិសាស្ត្រ​អះអាង​ថា ការ​ព្យាយាម​មិន​រំឭក ឬ​បំភ្លេច​ពី​ប្រវត្តិសាស្ត្រ ជា​ការ​សម្លាប់​អត្តសញ្ញាណ​ខ្លួន​ឯង។

អ្នក​និពន្ធ​សៀវភៅ «ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩លោក ឌី ខាំបូលី ថ្លែង​ថា ប្រជាពលរដ្ឋ​កម្ពុជា ដែល​ធ្លាប់​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម គួរ​ហ៊ាន​ប្រឈម​នឹង​ការ​ពិត ដោយ​យក​រឿងរ៉ាវ​របស់​ខ្លួន​ចែក​រំលែក​ជាមួយ​យុវជន ហើយ​យុវជន​អាច​សិក្សា​រៀន​សូត្រ​ពី​មេរៀន​ប្រវត្តិសាស្ត្រ​នេះ ដើម្បី​ទប់ស្កាត់​ការពារ​មិន​ឲ្យ​ដើរ​លើ​ដាន​ប្រវត្តិសាស្ត្រ​ដដែល៖ «ខ្ញុំ​ជឿ​ថា ថ្ងៃ​១៧ មេសា មាន​សារសំខាន់​ណាស់​សម្រាប់​ការ​ចងចាំ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​ខ្មែរ និង​យុវជន​ជំនាន់​ក្រោយ ដែល​បង្ហាញ​ពី​លទ្ធផល​នៃ​សង្គ្រាម ទាំង​សង្គ្រាម​នៅ​ក្នុង​ស្រុក ក៏ដូចជា​នៅ​ក្នុង​តំបន់ និង​សង្គ្រាម​ត្រជាក់ ដែល​មាន​ធាតុ​ជា​សង្គ្រាម​អន្តរជាតិ ដែល​បង្ក​វិនាសកម្ម​ដល់​ប្រទេស​កម្ពុជា»

សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណារ៉ា ដែល​សមាជិក​គ្រួសារ​របស់​លោក​ចំនួន ២០​នាក់​ក្នុង​ចំណោម ២៤​នាក់ បាន​ស្លាប់​នៅ​របប​កម្ពុជា​ប្រជាធិបតេយ្យ មាន​ប្រសាសន៍​ថា យុវជន​គួរ​ប្រយ័ត្ន​ប្រយែង​ពី​ការ​ជាន់​ដាន​ប្រវត្តិសាស្ត្រ ហើយ​លោក​ថា យុវជន​គួរ​គិតគូរ​ពិចារណា​ឲ្យ​បាន​ដិត​ដល់ មុន​នឹង​សម្រេច​ធ្វើ​អ្វី​មួយ៖ «សូម​មេត្តា​ចង់ គិតគូរ​ឲ្យ​បាន​ប្រត្យក្ស និង​ចាំបាច់​បំផុត​ត្រូវ​ពិចារណា យក​បញ្ញា និង​ចំណេះ​ដឹង​មក​ប្រើ កុំ​ឲ្យ​ភ្លេច​ប្រវត្តិសាស្ត្រ​របស់​ខ្លួន កុំ​ឲ្យ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​នេះ»

សម្រាប់​សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ថ្ងៃ​ទី​១៧ មេសា ជា​កាលបរិច្ឆេទ​នៃ​ភាព​សោកសៅ ជា​ថ្ងៃ​ចាប់​ផ្ដើម​នូវ​សោកនាដកម្ម និង​ពេល​ដែល​លោក​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​ទីក្រុង។

រីឯ លោក ឌី ខាំបូលី យល់​ថា ថ្ងៃ​ទី​១៧ មេសា ជា​ការ​មក​ដល់​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍៖ «បើ​យើង​និយាយ​ពី​ថ្ងៃ​១៧ មេសា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ធំ​មួយ ដែល​យុវជន​ខ្មែរ​ជំនាន់​ក្រោយ អាច​សិក្សា​រៀន​សូត្រ​បាន​ជា​ការ​មក​ដល់​នៃ​របប​កុម្មុយនីស្ត​ខ្មែរ​ក្រហម ដែល​កម្ពុជា មិន​ធ្លាប់​ជួប​ទាល់​តែ​សោះ​ក្នុង​ប្រវត្តិសាស្ត្រ ២​ពាន់​ឆ្នាំ​ជា​ការ​មក​ដល់​នូវ​មនោគមវិជ្ជា​នយោបាយ​ដ៏​ហួស​ហេតុ​មួយ តាម​រយៈ​កម្មវិធី​នយោបាយ​នានា ជម្លៀស​ប្រជាជន​ទាំង​ស្រុង​ចេញ​ពី​ទីក្រុង​ទៅ​កាន់​ទី​ជនបទ»

ក្នុង​រយៈកាល​ជិត ៤​ឆ្នាំ ចន្លោះ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ នៃ​ការ​ដឹក​នាំ​របស់​ក្រុម​ខ្មែរ​ក្រហម ប្រជាជន​ជិត ២​លាន​នាក់​បាន​ស្លាប់ និង​ត្រូវ​បាន​សម្លាប់ ដោយសារ​ការ​ធ្វើ​ទារុណកម្ម ការ​បង្ខំ​ធ្វើ​ការងារ​ហួស​កម្លាំង ការ​អត់​អាហារ និង​ជំងឺ។ ទន្ទឹម​នឹង​នេះ ថ្ងៃ​ទី​១៧ មេសា គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពិធី​រំឭក​ខួប​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំឭក​ពី​ការ​ចងចាំ​អំពី​របប​កាប់​សម្លាប់​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។