ភាគី​ពាក់ព័ន្ធ​ជាតិ​ ​និង​អន្តរជាតិ ប្រតិកម្ម​ចម្រុះ​សាទរ និង​ខកចិត្ត ជុំវិញ​ការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម

ដោយ មាន ឫទ្ធិ
2018.11.16
ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ៦២០ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
Photo: RFA

ម​តិ​ជាតិ​ និង​អន្តរជាតិ​ ​បាន​បញ្ចេញ​ប្រតិកម្ម​ផ្សេង​ៗ ​គ្នា ​ជុំវិញ​សាលក្រម​ផ្តន្ទាទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរ​ក្រហម​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​ករណី ០០២ ​ភាគ ២។ ​មតិ​ខ្លះ​ស្វាគមន៍​សាលក្រម​នេះ​ ​ប៉ុន្តែ​បង្ហាញ​ការសោកស្តាយ​ ដោយ​សារតែ​មេដឹកនាំ​ខ្មែរ​ក្រហម​ផ្សេងទៀត ​មិន​ទាន់​ត្រូវបាន​នាំមក​ផ្តន្ទាទោស​នៅឡើយ​។

ជនរងគ្រោះ​ម្នាក់​នៃ​របប​ខ្មែរ​ក្រហម​ និង​ជា​ស្ថាបនិក​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ ​សម្រាប់​យុត្តិធម៌​ ​និង​ការបង្រួបបង្រួម​ កញ្ញា​ ​សេង ​ធារី​ ​ថ្លែង​ក្នុង​នាទី​វេទិកា​អ្នកស្តាប់​អាស៊ី​សេរី​ ​កាលពី​យប់​ថ្ងៃសុក្រ ​ទី១៦ ​វិច្ឆិកា​​ថា​ ​កញ្ញា​ពុំ​មាន​ការចាប់អារម្មណ៍​ ​និង​ពុំ​ភ្ញាក់​ផ្អើល​ចំពោះ​ការប្រកាស​សាលក្រម​ផ្តន្ទាទោស​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត​ចំពោះ​លោក​ ​នួន​ ​ជា​ ​និង​លោក​ ​ខៀវ ​សំផន ​សម្រាប់​សំណុំរឿង​ទី​ពីរ​នេះ​ទេ​។ ​កញ្ញា​ ​គូសបញ្ជាក់​ថា​ ​ការប្រកាស​សាលក្រម​នា​ពេលនេះ​ ​ពុំ​មាន​អត្ថន័យ​អ្វី​ឡើយ​ ​ព្រោះ​អតីតៈ​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរ​ក្រហម​ទាំង​ពីរ​រូប​នេះ​ ​មាន​វ័យ​កាន់តែ​ចាស់​ទៅ​ហើយ​ ​ខណៈ​តុលាការ​កូនកាត់​ខ្មែរ​ក្រហម​នេះ​ ​បាន​ក្លាយទៅជា​ឧបករណ៍​ ​ឬ​គ្រាន់តែ​ជា​ឆាក​នយោបាយ​របស់​មេដឹកនាំ​នៃ​របប​ក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ​នេះ​តែ​ប៉ុណ្ណោះ​។ ​កញ្ញា​ ​សេង ​ធារី ​ចង់​ឃើញ​តុលាការ​កូនកាត់​មួយ​នេះ​ យក​អតីត​មេដឹកនាំ​ជាន់ខ្ពស់​របប​ខ្មែរ​ក្រហម​ដទៃទៀត​មក​កាត់ទោស​បន្ថែម​ទៀត​ ​ជាពិសេស​ពាក់ព័ន្ធ​នឹង​សំណុំរឿង ០០៣ ​និង ០០៤​៖​ «​ពីព្រោះ​នៅក្នុង​ការចំណាយ​រយ​លាន​ដុល្លារ​ ​ចំពោះ ៣នាក់​ ​ហើយ​ការធ្វើជា​និមិត្ត​រូប​នៅក្នុង​ភាគី​ជាតិ​នេះ​ ​វា​អត់​មាន​ន័យ​។ ​ខ្ញុំ​យល់​ថា​ ​យុត្តិធម៌​ជា​និមិត្ត​រូប​នៅក្នុង​តុលាការ​នេះ​។ ​យើង​អត់​អាច​ទាមទារ​យុត្តិធម៌​ពេញលេញ​ ​នៅក្នុង​ការទាមទារ​ជន​ដៃ​ដល់​ដែល​មាន​ដៃ​ប្រឡាក់​ឈាម​ទាំងអស់​គ្នា​...​ ​ដែល​បាន​សម្លាប់​​ពលរដ្ឋ​ក្នុង​សម័យ​ខ្មែរ​ក្រហម​បាន​ទេ​។ ​ប៉ុន្តែ​អ្វី​ដែល​យើង​ទាមទារ​ ​យើង​អត់​បាន​ទាមទារ​ដល់​ពាន់​នាក់​ទេ ​ប៉ុន្តែ​យើង​ទាមទារ​ធ្វើ​យ៉ាងម៉េច​ ​ឲ្យបាន ១០ នាក់​ ១២ នាក់​អី​ដែរ​។ ​ឥឡូវបាន​តែ ៣ នាក់​អី​ហ្នឹង​ ​ហើយ​ពួកគាត់​មាន​វ័យ​ចាស់ជរា​ដែល​កំពុង​​ឈឺ ​ហើយ​គង់តែ​ស្លាប់​នា​ពេល​អនាគត​ប៉ុន្មាន​ម៉ោង​ ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​ហ្នឹង​។​»​

យ៉ាងណា​ក៏ដោយ​ ​អ្វី​ដែល​ធ្វើឲ្យ​កញ្ញា​ ​សេង ​ធារី ​មាន​ការព្រួយបារម្ភ​បំផុត​ ​គឺ​ពាក់ព័ន្ធ​នឹង​រឿង​កេរ​ដំណែល​ដែល​តុលាការ​កូនកាត់​មួយ​នេះ​ ​បន្សល់​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ប្រល័យ​ពូជសាសន៍​នេះ​។ ​កញ្ញា​ផ្តល់​អំណះអំណាង​​ថា​ ​តុលាការ​បាន​កាត់សេចក្តី​ដោយ​ផ្តល់​តម្លៃ​ខ្ពស់​ឲ្យ​ទៅលើ​ក្រុម​រង​គ្រោះ​ដែល​ជា​ជនជាតិ​វៀតណាម​ និង​ជនជាតិ​ចាម ​ដោយ​មិន​បាន​ពិចារណា​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​ជនរងគ្រោះជនជាតិ​ដទៃ​ទៀតនោះឡើយ ​ ​ដោយសារតែ​អាច​មាន​មូលហេតុ​​នយោបាយ​នៅក្នុង​រឿង​នេះ​។ ​កញ្ញា​ក៏​បាន​លើកឡើង​ពី​ការព្រួយបារម្ភ​ចំពោះ​អនាគត​នៃ​ភាគី​ដែល​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការគ្រប់គ្រង​ឯកសារ​ភស្តុតាង​កាត់​ក្តី​នានា​របស់​តុលាការនេះ​ ​ជាពិសេស​បើ​ការទទួលខុសត្រូវ​នេះ​ធ្លាក់​ទៅលើ​របប​​​ក្រុង​ភ្នំពេញ​ ​ព្រោះថា​ភស្តុតាង​សំខាន់​ៗ​ខ្លះ​ ​អាច​ត្រូវបាន​គេ​បំបាត់​ចោល​ ​ក្រោយ​សាលា​ក្តី​នេះ​បញ្ចប់​អាណត្តិ​របស់​ខ្លួន​៖​ ​«​តុលាការ​នេះ​ ​បាន​លើកឡើង​ ​ហើយ​វាយតម្លៃ​ខ្ពស់​ ​ផ្តោត​អារម្មណ៍​លើ​តែ​ក្រុម​ជនជាតិ​វៀតណាម​ ធ្វើឲ្យ​ខ្ញុំ​ព្រួយបារម្ភ ​ពីព្រោះ​​វា​អាច​មាន​នយោបាយ​នៅក្នុង​សាលក្រម​នេះ​។ ​ហើយ​ខ្ញុំ​ចង់​បញ្ជាក់​អំពី​ឯកសារ​...​ ពីព្រោះ​ឯកសារ​ដែល​តុលាការ​បាន​បង្កើត​។ ​មាន​ន័យ​ថា​ ​អ្នកណា​គេ​គ្រប់គ្រង​ឯកសារ​ហ្នឹង​ ​អ្នក​ហ្នឹង​អាច​ផ្ទេរ​ ​ឬ​អាច​បំបាត់​ឯកសារ​ខ្លះ​ ​ជា​ឯកសារ​ក្រដាស​ស្នាម​ ​ឬ​ជា​ឯកសារ​តាម​អេឡិចត្រូនិក​។​»​

ដោយឡែក​ សម្រាប់​អ្នកឃ្លាំមើល​ដំណើរការ​ជំនុំជម្រះ​ក្តី​ ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​ និង​ជា​អតីត​មន្ត្រី​កម្មវិធី​ ​នៃ​អង្គការ​ផ្តួចផ្តើម​យុត្តិធម៌​នៅ​កម្ពុជា​ ​លោក​ ឡុង​ ​បញ្ញា​វុធ ​ក៏​យល់ឃើញ​ថា​ ​សាលា​ក្តី​ខ្មែរ​ក្រហម​នេះ​ ​នៅតែ​មិន​អាច​គេចផុត​ពី​ឥទ្ធិពល​នយោបាយ​​នៃ​របប​ដឹកនាំ​សព្វ​ថ្ងៃ​ ​ជុំវិញ​ឯករាជ្យភាព​នៃ​ដំណើរការ​ស៊ើបអង្កេត​ ​ឬ​ដំណើរការ​កាត់ក្តី​របស់​ខ្លួន​ឡើយ​។ ​លោក​ ​ហៅ​ក្តី​រំពឹង​ទាំងឡាយណា​ដែល​ថា​ ​តុលាការ​កូនកាត់​មួយ​នេះ​ផ្តល់​ភាពវិជ្ជមាន​ជា​គំរូ​ដល់​តុលាការ​ជាតិ​ ​ឬ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ ​គឺជា​ក្តី​រំពឹង​មួយ​ដែល​មិន​មាន​ភាពច្បាស់លាស់៖ «កំណែទម្រង់​ប្រព័ន្ធ​តុលាការ​កម្ពុជា​ ​គឺ​ត្រូវ​ការ​ពេល​វេលា​ ធនធាន​ ​និង​ធនធាន​មនុស្ស។ នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ​ការណែ​ដែល​រំពឹង​ថា​ ​តុលាការ​សាលា​ក្តី​អន្តរជាតិ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​​​មួយ​ ​ហើយ​ដោយ​ឯកឯង​រំពឹង​ថា ​លទ្ធផល​នៃ​សាលា​ក្តី​នោះ​ ​នឹង​មាន​ភាពវិជ្ជមាន​ទៅលើ​ប្រព័ន្ធ​តុលាការ​ជាតិ​ វា​គឺជា​ការ​យល់​ដឹង​មួយ​បែប​មិន​ច្បាស់លាស់​ ពីព្រោះ​ដើម្បីឲ្យ​មាន​ផលចំណេញ​ជា​វិជ្ជមាន​ដល់​ប្រព័ន្ធ​តុលាការ​ជាតិ​ វា​ត្រូវការ​ផែនការ​សកម្មភាព​ច្បាស់លាស់។ វា​មិន​អាច​កើតឡើង​ដោយ​ឯកឯង​នោះ​ទេ ហើយ​ចំណុច​មួយ​ទៀត​ដែល​ខ្ញុំ​អាច​បញ្ជាក់​ ​សាលា​ក្តី​ខ្មែរ​ក្រហម​ កេរ​ដំណែល​ដ៏​អាក្រក់​ ​គឺ​នៅតែ​មិន​អាច​ធ្វើជា​តុលាការ​មួយ​ដែល​អាច​ជម្នះ​បាន​ នូវ​ឥទ្ធិពល​នយោបាយ​ទៅលើ​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ ​ឬ​មួយ​ដំណើរ​ការ​កាត់ក្តី​របស់​ខ្លួន»

អ្នកនាំពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​លោក​ ​នេត្រ ​ភក្ត្រា ថ្លែង​ការពារ​ចំពោះ​កេរ​ដំណែល​ដែល​សាលា​ក្តី​នេះ​ផ្តល់​ជូន​ដល់​សង្គម​កម្ពុជា​ ​និង​ពិភពលោក​ទាំងមូល។ លោក​ថា ទាំង​ជន​រង​គ្រោះ​ សហគមន៍​ជាតិ និង​អន្តរជាតិ និង​អ្នក​តាម​ដាន​ដំណើរការ​កាត់​ក្តី​សំណុំ​រឿង​នេះ​ ​បាន​ស្វាគមន៍ ចំពោះ​ការ​ប្រកាស​សាលក្រម​នេះ​ ​បើ​ទោះ​ជា​លោក​ទទួល​ស្គាល់​ថា​ ​សាលា​ក្តី​នេះ​ ​បាន​ផ្តល់​កេរ​ដំណែល​អវិជ្ជមាន​មួយ​ចំនួន​​ពិត​មែនក៏ដោយ«កេរ​ដំណែល​របស់​តុលាការ​របស់​យើង គឺ​ទី​មួយ​ យុទ្ធសាស្ត្រ​របស់​តុលាការ​ ​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​របស់​ជន​រង​គ្រោះ​នៅ​ក្នុង​ដំណើរ​ការ​នីតិវិធី​ ​ដែល​អនុញ្ញាត​ឲ្យ​ជន​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​នេះ​ ​ដោយ​បាន​បង្ហាញ​អំពី​ព្យ​សនកម្ម ការ​ឈឺ​ចាប់​របស់​ពួក​គាត់​ដោយ​ផ្ទាល់​ ​ហើយ​ចូលរួម​ជា​ភាគី​នៅ​ក្នុង​ដំណើរ​ការ​ជំនុំជម្រះ​ក្តី។ ទី​ពីរ ​កេរ​ដំណែល​របស់​តុលាការ​នេះ​ ​គឺ​កំពុង​តែ​ជ្រៀប​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ជាតិ​ តាម​រយៈ​ការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ ​និង​ប្រព័ន្ធ​តុលាការ ... យើង​យល់​ថា ​វា​មាន​កេរ​ដំណែល​ល្អ​ និង​កេរ​ដំណែល​អាក្រក់។ ​ប៉ុន្តែ​យើង​មើល​ឃើញ​អំពី​កេរ​ដំណែល​ល្អ​ ច្រើន​ជាង​កេរ​ដំណែល​អាក្រក់​ ​ដែល​យើង​អាច​ទាញ​យក​នូវ​បទ​ពិសោធន៍​ពី​តុលាការ​នេះ​ ​ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​របស់​យើង​ដែល​នៅ​តុលាការ​ជាតិ​ ​ក៏​ដូច​ជា​គំរូ​មួយ​ ​សូម្បី​តែ​ការ​សរសេរ​សាលក្រម ​ការ​គ្រប់គ្រង​សំណុំ​រឿង​ ​សូម្បី​​តែ​ដំណើរ​ការ​នីតិវិធី​អ្វី​ផ្សេងៗ គឺ​យើង​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់»

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយចំនួន​ ​និង​សហគមន៍​អន្តរជាតិ​ ​ស្វាគមន៍​សាលក្រម​កាត់ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ទោះ​បី​ជា​យ៉ាង​ណា​ ​អង្គការ​អន្តរជាតិ​ក៏​ចង់​ឃើញ​ ​មេ​ខ្មែរ​ក្រហម​ដទៃ​ទៀត​ ​ត្រូវ​បាន​ស៊ើប​អង្កេត និង​​កាត់​ក្តី​ក្នុង​សំណុំរឿង​ ០០៣ ​និង​ ០០៤ ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​ដូច​គ្នា​នេះ​ដែរ។

មន្រ្តី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ សាទរ​សាល​ក្រម​ផ្តន្ទាទោស​លោក​ ​នួន​ ​ជា​ ​និង​ ​ខៀវ ​សំផន ​តែ​ខក​ចិត្ត​រឿង​មិន​កាត់​ទោស​មេ​ខ្មែរ​ក្រហម​បន្ថែម។ នាយក​រង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Rights Watch ​លោក​ ហ្វ៊ីល ​រ៉ូប៊ឺត​សុន ​(Phil Robertson) ​ចាត់ទុក​ការ​កាត់​ទោស​អតី​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ទាំង​ពីរ​រូប ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ​គឺ​ជា​ការ​លាត​ត្រដាង​ការ​ពិត​ជា​ប្រវត្តិសាស្រ ​ដែល​មិន​អាច​ប្រកែក​បាន​ថា អំពើ​ប្រល័យ​ពូជសាសន៍​ ​ពិត​ជា​កើត​មាន​នៅ​លើ​ទឹក​ដី​កម្ពុជា​មែន។ លោក​បន្ថែម​ថា យុត្តិធម៌​ដែល​ទទួល​បាន​ក្នុង​សាលក្រម​នេះ​ ​គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ ​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ ​ជា​លក្ខណៈ​អន្តរជាតិ​ ​និង​យុត្តិធម៌​សម្រាប់​ជន​ដៃ​ដល់​ ​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​បំផុត​ក្នុង​លោក។ ទោះ​បី​ជា​លោក​ ​នួន​ ​ជា​ ​និង​លោក​ ​ខៀវ ​សំផន ​ត្រូវ​បាន​ផ្តន្ទាទោស​ ​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ រហូត​ដល់​ទៅ​ពីរ​ដង​ អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ផ្សេង​ទៀត​ ​នៅ​ក្នុង​សំណុំរឿង​ ០០៣ ​និង​ ០០៤ ​ប្រហែល​ជា​មិន​ត្រូវ​បាន​យក​ផ្តន្ទាទោស​នោះ​ទេ ​ដោយសារ​បញ្ហា​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ។ បញ្ហា​នេះ លោក​ ហ្វ៊ីល ​រ៉ូប៊ឺត​សុន ​(Phil Robertson) ​ចាត់​ទុក​ជា​ការ​ខក​ចិត្ត​ ​និង​ជា​រឿង​អកុសល​មួយ​ព្រោះ​លោក​ ហ៊ុន ​សែន ​ជំទាស់។ លោក ហ៊ុន សែន តែង​តែ​​ចង់​ឲ្យ​ដំណើរ​ការ​ជំនុំជម្រះ​ក្តី​ខ្លី និង​ឆាប់​ចប់។

សហគមន៍​អន្តរជាតិ​ក៏​ស្វាគមន៍​សាលក្រម​នេះ​ដែរ

សហរដ្ឋ​អាមេរិក​ ​បាន​សាទរ​ចំពោះ​សាលា​ក្តី​ខ្មែរ​ក្រហម​ ​ដែល​បាន​ផ្តល់​វេទិកា​យុត្តិធម៌​សំរាប់​ជន​រង​គ្រោះ​ ​ដែល​បាន​ទទួលរង​នូវ​អំពើ​ឧក្រិដ្ឋកម្ម​យ៉ាង​ធ្ងន់ធ្ង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ អាមេរិក​ចាត់​ទុក​ថា​ ​សាលក្រម​នេះ​ ​ជា​ជំហាន​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​​កម្ពុជា។ ចំណែក​សហភាព​អឺរ៉ុប​ យល់​ថា សាលក្រម​ផ្តន្ទាទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ ​ដោយ​តុលាការ​កូន​កាត់​មួយ​នេះ​ ​បាន​ធានា​ការ​ទទួល​ខុសត្រូវ​ ​ចំពោះ​បទ​ឧក្រិដ្ឋ​នានា ​ដែល​បាន​ប្រព្រឹត្តិ​ក្នុង​អំឡុង​ពេល​ដែល​របប​ខ្មែរ​ក្រហម​កាន់​អំណាច​ ​ខណៈ​ប្រទេស​ជប៉ុន​វិញ​ ​ចាត់​ទុក​សាលក្រម​សាលា​ក្តី​ខ្មែរ​ក្រហម​ថា​ ​ជា​សម្មិទ្ធផល​បន្ថែម​ទៀត​នៃ​ដំណើរ​ក្តី​របស់​សាលា​ក្តី​ខ្មែរ​ក្រហម។ ប្រទេស​ជប៉ុន​ថា​ ​ដំណើរ​ក្តី​នេះ​ ​គឺ​ជា​ជំហាន​សំខាន់​មួយ​ទៀត​ឆ្ពោះ​ទៅ​រក​ភាព​ទទួល​បាន​ទាំង​ស្រុង​នៃ​ដំណើរ​​ការ​សន្តិភាព​ពេញលេញ​របស់​ប្រទេស​កម្ពុជា​ ​ហើយ​ ​សាលក្រម​នេះ​នឹង​ចូលរួម​ចំណែក​ផ្តល់​យុត្តិធម៌​និង​ពង្រឹង​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ចំណែក​ ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ Amnesty International ​ហៅ​លទ្ធផល​នៃ​ដំណើរ​ការ​កាត់ក្តី​របស់​តុលាការ​កូន​កាត់​ខ្មែរ​ក្រហម​នៅ​ពេល​នេះ​ថា ជា «យុត្តិធម៌​ប្រកប​ដោយ​ភាពជូរចត់» មួយ។ នាយក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា ​និង​អាស៊ី​អគ្នេយ៍​ ​នៃ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ Amnesty International ​លោក​ នីកូឡា ​បេហ្គឺ​លីន ​(Nicholas Bequelin) មាន​ប្រសាសន៍​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​ថ្ងៃ​ទី១៦ វិច្ឆិកា​ថា​ «សាលក្រម​ថ្ងៃ​នេះ​ ​ផ្តល់​នូវ​វិធានការ​មួយចំនួន​ ​នៃ​យុត្តិធម៌​​ដល់​ជន​រង​គ្រោះ​ ក្រោយ​រយៈពេល​ ៤០ឆ្នាំ​បន្ទាប់​ពី​អំពើ​ដ៏​ឃោឃៅ​មិន​អាច​ថ្លែង​បាន​​ប្រព្រឹត្តិ​ដោយ​របប​ខ្មែរ​ក្រហម​នៅ​កម្ពុជា»។ លោក​ នីកូឡា ​បេហ្គឺ​លីន ​បន្ត​ថា «ខណៈ​សំណុំ​រឿង​កាត់​ក្តី​ទី​ពីរ​ នៃ​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរ​ក្រហម ​ដែល​នៅ​រស់រាន​​មាន​ជីវិត​ចុងក្រោយ​ ​បាន​បណ្តាល​ឲ្យ​មាន​ការ​ផ្តន្ទាទោស​ចំនួន​ពីរ​ផ្សេង​គ្នា​ ​និង​ ​មាន​គម្រោង​សំណង​រដ្ឋប្បវេណី​ចំនួន​ ១៤ ការណ៍​នេះ​ ​គឺជា​យុត្តិធម៌​ប្រកប​ដោយ​ភាពជូរចត់​មួយ​»។ ​លោក​បន្ត​ថា​ ​ពិភពលោក​ ​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជា​យូរ​មក​​ហើយ​ចំពោះ​ព្រឹត្តិការណ៍​នេះ​។ ​អស់​រយៈពេល​ជាច្រើន​ទស្សវត្សរ៍​បន្ទាប់ពី​ឧក្រិដ្ឋកម្ម​ ​និង ១៣ ឆ្នាំ​ ក្រោយពី​អង្គ​ជំនុំជម្រះ​នេះ​ ​បាន​បង្កើត​ឡើង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC) គួរ​តែ​សម្រេច​បាន​សមិទ្ធិ​ផល​ច្រើន​ជាង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។