ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ ប្រតិកម្មចម្រុះសាទរ និងខកចិត្ត ជុំវិញការប្រកាសសាលក្រមផ្តន្ទាទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម
2018.11.16
មតិជាតិ និងអន្តរជាតិ បានបញ្ចេញប្រតិកម្មផ្សេងៗ គ្នា ជុំវិញសាលក្រមផ្តន្ទាទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងករណី ០០២ ភាគ ២។ មតិខ្លះស្វាគមន៍សាលក្រមនេះ ប៉ុន្តែបង្ហាញការសោកស្តាយ ដោយសារតែមេដឹកនាំខ្មែរក្រហមផ្សេងទៀត មិនទាន់ត្រូវបាននាំមកផ្តន្ទាទោសនៅឡើយ។
ជនរងគ្រោះម្នាក់នៃរបបខ្មែរក្រហម និងជាស្ថាបនិកនៃមជ្ឈមណ្ឌលកម្ពុជា សម្រាប់យុត្តិធម៌ និងការបង្រួបបង្រួម កញ្ញា សេង ធារី ថ្លែងក្នុងនាទីវេទិកាអ្នកស្តាប់អាស៊ីសេរី កាលពីយប់ថ្ងៃសុក្រ ទី១៦ វិច្ឆិកាថា កញ្ញាពុំមានការចាប់អារម្មណ៍ និងពុំភ្ញាក់ផ្អើលចំពោះការប្រកាសសាលក្រមផ្តន្ទាទោសផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិតចំពោះលោក នួន ជា និងលោក ខៀវ សំផន សម្រាប់សំណុំរឿងទីពីរនេះទេ។ កញ្ញា គូសបញ្ជាក់ថា ការប្រកាសសាលក្រមនាពេលនេះ ពុំមានអត្ថន័យអ្វីឡើយ ព្រោះអតីតៈមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទាំងពីររូបនេះ មានវ័យកាន់តែចាស់ទៅហើយ ខណៈតុលាការកូនកាត់ខ្មែរក្រហមនេះ បានក្លាយទៅជាឧបករណ៍ ឬគ្រាន់តែជាឆាកនយោបាយរបស់មេដឹកនាំនៃរបបក្រុងភ្នំពេញសព្វថ្ងៃនេះតែប៉ុណ្ណោះ។ កញ្ញា សេង ធារី ចង់ឃើញតុលាការកូនកាត់មួយនេះ យកអតីតមេដឹកនាំជាន់ខ្ពស់របបខ្មែរក្រហមដទៃទៀតមកកាត់ទោសបន្ថែមទៀត ជាពិសេសពាក់ព័ន្ធនឹងសំណុំរឿង ០០៣ និង ០០៤៖ «ពីព្រោះនៅក្នុងការចំណាយរយលានដុល្លារ ចំពោះ ៣នាក់ ហើយការធ្វើជានិមិត្តរូបនៅក្នុងភាគីជាតិនេះ វាអត់មានន័យ។ ខ្ញុំយល់ថា យុត្តិធម៌ជានិមិត្តរូបនៅក្នុងតុលាការនេះ។ យើងអត់អាចទាមទារយុត្តិធម៌ពេញលេញ នៅក្នុងការទាមទារជនដៃដល់ដែលមានដៃប្រឡាក់ឈាមទាំងអស់គ្នា... ដែលបានសម្លាប់ពលរដ្ឋក្នុងសម័យខ្មែរក្រហមបានទេ។ ប៉ុន្តែអ្វីដែលយើងទាមទារ យើងអត់បានទាមទារដល់ពាន់នាក់ទេ ប៉ុន្តែយើងទាមទារធ្វើយ៉ាងម៉េច ឲ្យបាន ១០ នាក់ ១២ នាក់អីដែរ។ ឥឡូវបានតែ ៣ នាក់អីហ្នឹង ហើយពួកគាត់មានវ័យចាស់ជរាដែលកំពុងឈឺ ហើយគង់តែស្លាប់នាពេលអនាគតប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃខាងមុខទៀតហ្នឹង។»
យ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យកញ្ញា សេង ធារី មានការព្រួយបារម្ភបំផុត គឺពាក់ព័ន្ធនឹងរឿងកេរដំណែលដែលតុលាការកូនកាត់មួយនេះ បន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ ពាក់ព័ន្ធនឹងសំណុំរឿងប្រល័យពូជសាសន៍នេះ។ កញ្ញាផ្តល់អំណះអំណាងថា តុលាការបានកាត់សេចក្តីដោយផ្តល់តម្លៃខ្ពស់ឲ្យទៅលើក្រុមរងគ្រោះដែលជាជនជាតិវៀតណាម និងជនជាតិចាម ដោយមិនបានពិចារណាផ្តល់យុត្តិធម៌ដល់ក្រុមជនរងគ្រោះជនជាតិដទៃទៀតនោះឡើយ ដោយសារតែអាចមានមូលហេតុនយោបាយនៅក្នុងរឿងនេះ។ កញ្ញាក៏បានលើកឡើងពីការព្រួយបារម្ភចំពោះអនាគតនៃភាគីដែលនឹងត្រូវទទួលខុសត្រូវចំពោះការគ្រប់គ្រងឯកសារភស្តុតាងកាត់ក្តីនានារបស់តុលាការនេះ ជាពិសេសបើការទទួលខុសត្រូវនេះធ្លាក់ទៅលើរបបក្រុងភ្នំពេញ ព្រោះថាភស្តុតាងសំខាន់ៗខ្លះ អាចត្រូវបានគេបំបាត់ចោល ក្រោយសាលាក្តីនេះបញ្ចប់អាណត្តិរបស់ខ្លួន៖ «តុលាការនេះ បានលើកឡើង ហើយវាយតម្លៃខ្ពស់ ផ្តោតអារម្មណ៍លើតែក្រុមជនជាតិវៀតណាម ធ្វើឲ្យខ្ញុំព្រួយបារម្ភ ពីព្រោះវាអាចមាននយោបាយនៅក្នុងសាលក្រមនេះ។ ហើយខ្ញុំចង់បញ្ជាក់អំពីឯកសារ... ពីព្រោះឯកសារដែលតុលាការបានបង្កើត។ មានន័យថា អ្នកណាគេគ្រប់គ្រងឯកសារហ្នឹង អ្នកហ្នឹងអាចផ្ទេរ ឬអាចបំបាត់ឯកសារខ្លះ ជាឯកសារក្រដាសស្នាម ឬជាឯកសារតាមអេឡិចត្រូនិក។»
ដោយឡែក សម្រាប់អ្នកឃ្លាំមើលដំណើរការជំនុំជម្រះក្តី នៃសាលាក្តីខ្មែរក្រហម និងជាអតីតមន្ត្រីកម្មវិធី នៃអង្គការផ្តួចផ្តើមយុត្តិធម៌នៅកម្ពុជា លោក ឡុង បញ្ញាវុធ ក៏យល់ឃើញថា សាលាក្តីខ្មែរក្រហមនេះ នៅតែមិនអាចគេចផុតពីឥទ្ធិពលនយោបាយនៃរបបដឹកនាំសព្វថ្ងៃ ជុំវិញឯករាជ្យភាពនៃដំណើរការស៊ើបអង្កេត ឬដំណើរការកាត់ក្តីរបស់ខ្លួនឡើយ។ លោក ហៅក្តីរំពឹងទាំងឡាយណាដែលថា តុលាការកូនកាត់មួយនេះផ្តល់ភាពវិជ្ជមានជាគំរូដល់តុលាការជាតិ ឬប្រព័ន្ធយុត្តិធម៌នៅកម្ពុជា គឺជាក្តីរំពឹងមួយដែលមិនមានភាពច្បាស់លាស់៖ «កំណែទម្រង់ប្រព័ន្ធតុលាការកម្ពុជា គឺត្រូវការពេលវេលា ធនធាន និងធនធានមនុស្ស។ នេះសរបញ្ជាក់ឲ្យឃើញថា ការណែដែលរំពឹងថា តុលាការសាលាក្តីអន្តរជាតិកើតឡើងនៅក្នុងប្រទេសមួយ ហើយដោយឯកឯងរំពឹងថា លទ្ធផលនៃសាលាក្តីនោះ នឹងមានភាពវិជ្ជមានទៅលើប្រព័ន្ធតុលាការជាតិ វាគឺជាការយល់ដឹងមួយបែបមិនច្បាស់លាស់ ពីព្រោះដើម្បីឲ្យមានផលចំណេញជាវិជ្ជមានដល់ប្រព័ន្ធតុលាការជាតិ វាត្រូវការផែនការសកម្មភាពច្បាស់លាស់។ វាមិនអាចកើតឡើងដោយឯកឯងនោះទេ ហើយចំណុចមួយទៀតដែលខ្ញុំអាចបញ្ជាក់ សាលាក្តីខ្មែរក្រហម កេរដំណែលដ៏អាក្រក់ គឺនៅតែមិនអាចធ្វើជាតុលាការមួយដែលអាចជម្នះបាន នូវឥទ្ធិពលនយោបាយទៅលើដំណើរការស៊ើបអង្កេតរបស់ខ្លួន ឬមួយដំណើរការកាត់ក្តីរបស់ខ្លួន»។
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមលោក នេត្រ ភក្ត្រា ថ្លែងការពារចំពោះកេរដំណែលដែលសាលាក្តីនេះផ្តល់ជូនដល់សង្គមកម្ពុជា និងពិភពលោកទាំងមូល។ លោកថា ទាំងជនរងគ្រោះ សហគមន៍ជាតិ និងអន្តរជាតិ និងអ្នកតាមដានដំណើរការកាត់ក្តីសំណុំរឿងនេះ បានស្វាគមន៍ ចំពោះការប្រកាសសាលក្រមនេះ បើទោះជាលោកទទួលស្គាល់ថា សាលាក្តីនេះ បានផ្តល់កេរដំណែលអវិជ្ជមានមួយចំនួនពិតមែនក៏ដោយ៖ «កេរដំណែលរបស់តុលាការរបស់យើង គឺទីមួយ យុទ្ធសាស្ត្ររបស់តុលាការ មានការចូលរួមដោយផ្ទាល់របស់ជនរងគ្រោះនៅក្នុងដំណើរការនីតិវិធី ដែលអនុញ្ញាតឲ្យជនរងគ្រោះនៅក្នុងរបបខ្មែរក្រហមនេះ ដោយបានបង្ហាញអំពីព្យសនកម្ម ការឈឺចាប់របស់ពួកគាត់ដោយផ្ទាល់ ហើយចូលរួមជាភាគីនៅក្នុងដំណើរការជំនុំជម្រះក្តី។ ទីពីរ កេរដំណែលរបស់តុលាការនេះ គឺកំពុងតែជ្រៀបចូលទៅក្នុងប្រព័ន្ធតុលាការជាតិ តាមរយៈការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ ... យើងយល់ថា វាមានកេរដំណែលល្អ និងកេរដំណែលអាក្រក់។ ប៉ុន្តែយើងមើលឃើញអំពីកេរដំណែលល្អ ច្រើនជាងកេរដំណែលអាក្រក់ ដែលយើងអាចទាញយកនូវបទពិសោធន៍ពីតុលាការនេះ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរបស់យើងដែលនៅតុលាការជាតិ ក៏ដូចជាគំរូមួយ សូម្បីតែការសរសេរសាលក្រម ការគ្រប់គ្រងសំណុំរឿង សូម្បីតែដំណើរការនីតិវិធីអ្វីផ្សេងៗ គឺយើងធ្វើទៅតាមនីតិវិធីច្បាប់»។
អង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួន និងសហគមន៍អន្តរជាតិ ស្វាគមន៍សាលក្រមកាត់ទោសមេដឹកនាំខ្មែរក្រហមឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ទោះបីជាយ៉ាងណា អង្គការអន្តរជាតិក៏ចង់ឃើញ មេខ្មែរក្រហមដទៃទៀត ត្រូវបានស៊ើបអង្កេត និងកាត់ក្តីក្នុងសំណុំរឿង ០០៣ និង ០០៤ ពាក់ព័ន្ធនឹងឧក្រិដ្ឋដូចគ្នានេះដែរ។
មន្រ្តីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ សាទរសាលក្រមផ្តន្ទាទោសលោក នួន ជា និង ខៀវ សំផន តែខកចិត្តរឿងមិនកាត់ទោសមេខ្មែរក្រហមបន្ថែម។ នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) ចាត់ទុកការកាត់ទោសអតីមេដឹកនាំខ្មែរក្រហមទាំងពីររូប ឲ្យជាប់ពន្ធនាគារអស់មួយជីវិត គឺជាការលាតត្រដាងការពិតជាប្រវត្តិសាស្រ ដែលមិនអាចប្រកែកបានថា អំពើប្រល័យពូជសាសន៍ ពិតជាកើតមាននៅលើទឹកដីកម្ពុជាមែន។ លោកបន្ថែមថា យុត្តិធម៌ដែលទទួលបានក្នុងសាលក្រមនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយ បង្ហាញពីការទទួលខុសត្រូវ ជាលក្ខណៈអន្តរជាតិ និងយុត្តិធម៌សម្រាប់ជនដៃដល់ ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតក្នុងលោក។ ទោះបីជាលោក នួន ជា និងលោក ខៀវ សំផន ត្រូវបានផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារមួយជីវិត រហូតដល់ទៅពីរដង អតីតកម្មាភិបាលខ្មែរក្រហមផ្សេងទៀត នៅក្នុងសំណុំរឿង ០០៣ និង ០០៤ ប្រហែលជាមិនត្រូវបានយកផ្តន្ទាទោសនោះទេ ដោយសារបញ្ហាជ្រៀតជ្រែកផ្នែកនយោបាយ។ បញ្ហានេះ លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) ចាត់ទុកជាការខកចិត្ត និងជារឿងអកុសលមួយព្រោះលោក ហ៊ុន សែន ជំទាស់។ លោក ហ៊ុន សែន តែងតែចង់ឲ្យដំណើរការជំនុំជម្រះក្តីខ្លី និងឆាប់ចប់។
សហគមន៍អន្តរជាតិក៏ស្វាគមន៍សាលក្រមនេះដែរ
សហរដ្ឋអាមេរិក បានសាទរចំពោះសាលាក្តីខ្មែរក្រហម ដែលបានផ្តល់វេទិកាយុត្តិធម៌សំរាប់ជនរងគ្រោះ ដែលបានទទួលរងនូវអំពើឧក្រិដ្ឋកម្មយ៉ាងធ្ងន់ធ្ងនៅក្នុងរបបខ្មែរក្រហម។ អាមេរិកចាត់ទុកថា សាលក្រមនេះ ជាជំហានប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។ ចំណែកសហភាពអឺរ៉ុប យល់ថា សាលក្រមផ្តន្ទាទោសអតីតមេដឹកនាំខ្មែរក្រហម ដោយតុលាការកូនកាត់មួយនេះ បានធានាការទទួលខុសត្រូវ ចំពោះបទឧក្រិដ្ឋនានា ដែលបានប្រព្រឹត្តិក្នុងអំឡុងពេលដែលរបបខ្មែរក្រហមកាន់អំណាច ខណៈប្រទេសជប៉ុនវិញ ចាត់ទុកសាលក្រមសាលាក្តីខ្មែរក្រហមថា ជាសម្មិទ្ធផលបន្ថែមទៀតនៃដំណើរក្តីរបស់សាលាក្តីខ្មែរក្រហម។ ប្រទេសជប៉ុនថា ដំណើរក្តីនេះ គឺជាជំហានសំខាន់មួយទៀតឆ្ពោះទៅរកភាពទទួលបានទាំងស្រុងនៃដំណើរការសន្តិភាពពេញលេញរបស់ប្រទេសកម្ពុជា ហើយ សាលក្រមនេះនឹងចូលរួមចំណែកផ្តល់យុត្តិធម៌និងពង្រឹងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា។
ចំណែក អង្គការលើកលែងទោសអន្តរជាតិ Amnesty International ហៅលទ្ធផលនៃដំណើរការកាត់ក្តីរបស់តុលាការកូនកាត់ខ្មែរក្រហមនៅពេលនេះថា ជា «យុត្តិធម៌ប្រកបដោយភាពជូរចត់» មួយ។ នាយកប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអគ្នេយ៍ នៃអង្គការលើកលែងទោសអន្តរជាតិ Amnesty International លោក នីកូឡា បេហ្គឺលីន (Nicholas Bequelin) មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយថ្ងៃទី១៦ វិច្ឆិកាថា «សាលក្រមថ្ងៃនេះ ផ្តល់នូវវិធានការមួយចំនួន នៃយុត្តិធម៌ដល់ជនរងគ្រោះ ក្រោយរយៈពេល ៤០ឆ្នាំបន្ទាប់ពីអំពើដ៏ឃោឃៅមិនអាចថ្លែងបានប្រព្រឹត្តិដោយរបបខ្មែរក្រហមនៅកម្ពុជា»។ លោក នីកូឡា បេហ្គឺលីន បន្តថា «ខណៈសំណុំរឿងកាត់ក្តីទីពីរ នៃមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដែលនៅរស់រានមានជីវិតចុងក្រោយ បានបណ្តាលឲ្យមានការផ្តន្ទាទោសចំនួនពីរផ្សេងគ្នា និង មានគម្រោងសំណងរដ្ឋប្បវេណីចំនួន ១៤ ការណ៍នេះ គឺជាយុត្តិធម៌ប្រកបដោយភាពជូរចត់មួយ»។ លោកបន្តថា ពិភពលោក ទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយចំពោះព្រឹត្តិការណ៍នេះ។ អស់រយៈពេលជាច្រើនទស្សវត្សរ៍បន្ទាប់ពីឧក្រិដ្ឋកម្ម និង ១៣ ឆ្នាំ ក្រោយពីអង្គជំនុំជម្រះនេះ បានបង្កើតឡើងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) គួរតែសម្រេចបានសមិទ្ធិផលច្រើនជាងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។