លោក​ខៀវ​សំផន​នៅ​តែ​មិន​ឱ្យ​មេធាវី​លោក​ចូលរួម​សវនាការ​រឿង​០០២​វគ្គ​២

ដោយ ឡេង ម៉ាលី
2014.11.23
គង់ សំអុន ៦២០ លោក គង់ សំអុន មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន ក្នុង​សវនាការ ថ្ងៃ​ទី ២២ វិច្ឆិកា ឆ្នាំ ២០១១។
ECCC/Mark Peters

អង្គ​ជំនុំជម្រះ​សាលា​ដំបូង សាលាក្ដី​ខ្មែរក្រហម គ្រោង​បើក​សវនាការ​បន្ត​ទៀត លើ​សំណុំ​រឿង​លេខ ០០២ វគ្គ ២ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី ២៤ វិច្ឆិកា។ សវនាការ​បន្ត​នេះ គឺ​បន្ទាប់​ពី​ផ្អាក​អស់​មួយ​សប្ដាហ៍ ដោយ​សារ​ភាគី​ជន​ជាប់​ចោទ ខៀវ សំផន បង្គាប់​មិន​ឱ្យ​មេធាវី​លោក​ចូលរួម​សវនាការ។

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី ២៣ វិច្ឆិកា មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន គឺ​លោក គង់ សំអុន ឱ្យ​ដឹង​ថា ខាង​ភាគី​លោក​នៅ​រក្សា​ជំហរ​មិន​ចូលរួម​ដដែល។

ជំហរ​លោក ខៀវ សំផន គឺ​តប​ទៅ​នឹង​ការ​ព្រមាន​ចាត់​វិធានការ​របស់​អង្គ​ជំនុំ​ជម្រះ កាល​ពី​ថ្ងៃ​ទី ១៧ វិច្ឆិកា ដែល​ថា នឹង​តែង​តាំង​មេធាវី​ជា​ថ្មី ឱ្យ​ទៅ​ជា​មេធាវី​របស់​អង្គ​ជំនុំ​ជម្រះ ហើយ​មិន​ត្រូវ​ស្ដាប់​តាម​ជន​ជាប់​ចោទ​តទៅ​ទៀត។

លោក គង់ សំអុន មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន មាន​ប្រសាសន៍​ថា តាម​វិជ្ជាជីវៈ​មេធាវី លោក​មិន​អាច​ទទួល​យក​ការ​តែងតាំង​របស់​អង្គ​ជំនុំ​ជម្រះ​បាន​ទេ«ពី​ព្រោះ​ថា យើង​ជា​មេធាវី​កំពុង​តែ​ការពារ​លោក ខៀវ សំផន ដែល​លោក ខៀវ សំផន បាន​សហការ ធ្វើ​ការ​ណែនាំ​ផ្សេងៗ ទាំង​ការ​ប្រាប់​ពី​អង្គហេតុ ឬ​ក៏​ឯកសារ​ផ្សេងៗ ដែល​ជាប់​ពាក់ព័ន្ធ​ហ្នឹង ឥឡូវ​ហ្នឹង​ទៅ​ធ្វើ​ជា​មេធាវី​ដែល​ជា​មិត្ត​តុលាការ ហើយ​ដែល​គ្មាន​ការ​សហការ​ពី​លោក ខៀវ សំផន វិញ​នោះ តើ​អា​ហ្នឹង​វា​មាន​ផល​ប្រយោជន៍​សម្រាប់​វិជ្ជាជីវៈ​ប៉ុណ្ណា? នេះ​ដោយ​យើង​មើល​ឃើញ​ថា​មាន​បញ្ហា​ប៉ះពាល់​ដល់​ក្រម​សីលធម៌​ផង ពី​ព្រោះ​ថា​យើង​មិន​អាច​ទទួល​យក​លក្ខខណ្ឌ​មួយ ក្នុង​នាម​ជា​មេធាវី​ដែល​មាន​ឋានៈ​ទាប​ជាង​បច្ចុប្បន្ន​ទេ ពី​ព្រោះ​ឥឡូវ​យើង​មាន​ការ​សហការ មាន​ការ​ទទួល​ស្គាល់​ពី​លោក ខៀវ សំផន ហើយ​បែរ​ជា​យើង​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​កូន​ក្ដី ហើយ​ទៅ​ចូល​រួម​សវនាការ​តាម​ការ​ណែនាំ​របស់​អង្គ​ជំនុំជម្រះ បែរ​ជា​មិន​ការពារ​ផល​ប្រយោជន៍​របស់​កូន​ក្ដី។ ដូច្នេះ​យើង​មិន​អាច​ធ្វើ​បាន​ទេ ចំពោះ​ការ​ចាត់តាំង​របស់​អង្គ​ជំនុំជម្រះ​នេះ»

កាល​ក្នុង​សវនាការ​នៅ​ថ្ងៃ​ទី ១៧ វិច្ឆិកា អង្គ​ជំនុំ​ជម្រះ ថា​នឹង​អនុវត្តន៍​តាម​វិធានការ ៣ យ៉ាង គឺ​ទី១. ការ​តែងតាំង​មេធាវី​បច្ចុប្បន្ន​របស់​ជន​ជាប់​ចោទ​ឡើង​វិញ។ ទី២. តែងតាំង​មេធាវី​ថ្មី​ដោយ​អង្គ​ជម្រះ​ក្រៅ​ពី​ឆន្ទៈ​ជន​ជាប់​ចោទ និង​ទី៣. តែងតាំង​ព្រម​គ្នា​រវាង​មេធាវី​បច្ចុប្បន្ន​ផង និង​មេធាវី​ផ្សេង​ទៀត​ផង ឬ​ចាត់​វិធានការ​ផ្សេងៗ ទៀត ប្រសិនបើ​យល់​ឃើញ​ថា សម​ស្រប។

លោក គង់ សំអុន ថ្លែង​ថា ភាគី​លោក​នឹង​ឆ្លើយតប​ទៅ​អង្គ​ជំនុំ​ជម្រះ​ជា​លាយលក្ខណ៍​អក្សរ​ក្នុង​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។