ពលរដ្ឋមួយ​ចំនួន​ចង់​ឱ្យ​តុលាការ​​​កាត់​ទោស​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ក្នុង​អំពើ​សម្លាប់​រង្គាល​នៃ​របប​ខ្មែរ​ក្រហម​

ដោយ ស្ងួន អមរា
2018-11-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាល​សវនាការ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ
សាល​សវនាការ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ
Photo courtesy of eccc.gov.kh

សាលាក្តី​ខ្មែរ​ក្រហម​គ្រោង​ប្រកាស​សាល​ក្រម​​សំណុំ​រឿង​ ០០២ វគ្គ ២ (០០២/) ដែល​មាន​ជន​ជាប់​ចោទ​ពីរ​រូប​ គឺ នួន​ ជា និង ខៀវ​ សំផន​ នៅថ្ងៃសុក្រ ទី ១៦ វិច្ឆិកា។ សាលក្រម​ដែល​ទំនង​ជា​សាលក្រម​ចុង​ក្រោយ​​នៃ​សាលាក្តី​ខ្មែរ​ក្រហម​នេះ នឹង​សម្រេច​ជោគ​វាសនា​របស់​អតីត​អនុលេខា​បក្ស​កម្មុយនិស្ត​កម្ពុជា លោក នួន ជា និង​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម​លោក ខៀវ សំផន ពាក់ព័ន្ធនឹង​បទ​ចោទ​ប្រកាន់​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋ​សង្រ្គាម ដែល​បាន​កើត​ឡើង​ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី១៧ មេសា ឆ្នាំ១៩៧៥ ដល់​​ថ្ងៃ​​ទី៦ មករា ឆ្នាំ១៩៧៩។ តើ​ប្រជាពល​រដ្ឋ​មាន​ទស្សនៈ​បែប​​ណា​​ជុំវិញ​​ការ​​ប្រកាស​​​សាលក្រម​​​ក្នុង​​សំណុំ​រឿង​​នេះ?

ប្រជាពលរដ្ឋ​មួយ​ចំនួនជឿជាក់​​ថា សាលក្រម​នៃ​សំណុំ​រឿង​ ០០២ វគ្គ ២ នឹង​មិន​អាចផ្តល់​​​​យុត្តិធម៌​ពិត​ប្រាកដ​ដល់​​ជន​រងគ្រោះក្នុង​របប​ខ្មែរ​ក្រហម​បានឡើយ​ ដរាប​ណាតុលាការ​មិន​អាច​នាំ​ខ្លួន​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ និង​​អ្នក​ពាក់ព័ន្ធផ្សេងទៀត​ យក​​មក​ផ្តន្ទាទោស​បាន​ទេនោះ។ ពលរដ្ឋ​ថ្លែង​ស្រដៀង​គ្នា​ថា ដំណើរ​ការ​ជំនុំ​ជម្រះ​​​រយៈ​ពេល​ជាង ១០ឆ្នាំ និង​ការ​ចំណាយ​ថវិកាអស់​ជិត ៣០០លាន​ដុល្លារ​អាមេរិក​នេះ មិន​បាន​ធ្វើ​ឱ្យ​ពួក​គាត់​ពេញ​ចិត្ត​ទាំង​ស្រុង ចំពោះ​តុលាការ​កូន​កាត់​មួយ​នេះ​ឡើយ​ ពីព្រោះ​មាន​មនុស្សតែ ៣ នាក់​ប៉ុណ្ណោះគឺ​ កាំង ហ្គិចអ៊ាវ ហៅ ឌុច, នួន ជា និង​ ខៀវ សំផន ដែល​ត្រូវ​បាន​នាំខ្លួន​មក​កាត់ទោសក្នុង​សំណុំ​រឿង​ឧក្រិដ្ឋ​ដ៏​ធំមួយ​នេះ។

ពលរដ្ឋ​​ម្នាក់​នៅខេត្ត​តាកែវ យល់​​ថា ជន​ជាប់​ចោទ នួន​ ជា និង​ ខៀវ សំផន ​​នឹង​គេ​ច​មិន​ផុត​ពីការ​ផ្តន្ទា​ទោស​​​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​នោះ​​ឡើយ ដោយ​សារ​ពួក​គេ​​ជា​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ដែល​នៅ​​មាន​ជីវិត ហើយ​ម្យ៉ាង​ទៀត​ដោយ​សារ​គ្មាន​អ្នក​ដែល​ត្រូវ​កាត់​ទោស​បន្ត​ទៀត​នោះ។​ លោក​បន្ត​​ថា សាលក្រម​ផ្តន្ទាទោស​អ្នក​ទាំងពីរមាន​សារៈ​សំខាន់​ជា​ខ្លាំង​ ដើម្បី​ព្រមាន​កុំ​ឱ្យ​មាន​មេ​ដឹក​នាំ​ជំនាន់​ក្រោយ​ប្រព្រឹត្ត​អំពើ​កាប់​សម្លាប់​​​បែប​នេះ​ត​ទៅ​ទៀត។ ពលរដ្ឋ​រូប​នេះ​ហាក់​មិន​មាន​ជំនឿ​ថា ​តុលាការ​ខ្មែរ​ក្រហម​​​នឹង​អាច​រក​យុត្តិធម៌​បាន​​ពេញលេញ​ជូន​សាច់​ញាតិ​របស់​លោក និង​ជនរង​​គ្រោះ​ដទៃ​ទៀត​បាន​នោះ​ឡើយ ដោយ​សារ​តុលាការ​​បាន​ប្រើ​ប្រាស់​ពេល​វេលា​ដ៏​យូរ ដើម្បី​កាត់​ទោស​មនុស្ស​តែ ៣នាក់​ប៉ុណ្ណោះ ខណៈ​ជន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​នៅ​មាន​ជីវិត​មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់​តុលាការ។

មនុស្ស​តែ ៣ នាក់​ប៉ុណ្ណោះ ខណៈជន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​នៅ​មាន​ជីវិត​មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់​តុលាការ៖ «ខ្ញុំ​គិត​ថា អ្នក​ដែល​ឧបត្ថម្ភ ​អ្នក​គាំទ្រ អ្នក​នៅ​ពី​ក្រោយ​នៃ​​ការ​បង្កើត​ឱ្យ​មាន​របប​​ហ្នឹង​ឡើង គួរ​​តែ​ទទួល​ខុស​ត្រូវ​ដែរ​ មិនមែន​អត់​នោះ​ទេ។ ​ត្រូវ​តែ​ទទួល​​ទាំង​ស្រុង​តែ​ម្ដង​​ ពី​ព្រោះ​ការ​សម្លាប់​នេះ​មិន​មែន​ជា​លក្ខណៈ​​តូច​តាច​ឯណា។ ​វា​ជា​លក្ខណៈ​ប្រល័យ​ពូជ​សាសន៍ ​​បំបាត់​ពូជ​សាសន៍​តែ​ម្ដង​ អ៊ីចឹង​​ហើយ​គួរ​តែ​តុលាការ​ខ្មែរ​​ក្រហម​ ញែក​រក​បញ្ហាទាំង​អស់ហ្នឹង​ទៀត​ ទើប​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​មានការ​អស់​ចិត្ត ហើយ​​ជា​គំរូ​ដល់​​ថ្នាក់​ដឹក​នាំ​ក្រោយៗ កុំ​ឱ្យ​ចេះ​តែ​ប្រព្រឹត្ត​នូវ​អ្វី​ដែល​ខុស​ឆ្គង​ ចេះ​តែ​កាប់​សម្លាប់​ខ្មែរ​គ្នា​ឯង​បន្ត​ទៀត»

ពលរដ្ឋ​ម្នាក់​ទៀត​នៅ​ខេត្ត​បាត់​ដំបង លោក​ស្រី អ៊ុំ សំបូរ ដែល​ធ្លាប់​រស់នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ក្នុង​វ័យ​ប្រមាណ ១០ឆ្នាំ ថ្លែង​ថា លោក​ស្រី​បាន​បាត់​បង់​ប្អូន​ប្រុស​ម្នាក់​អាយុ ៩ឆ្នាំ និង​ប្អូន​ស្រីម្នាក់​អាយុ ៤ឆ្នាំ នៅ​ក្នុង​​របបខ្មែរ​ក្រហម។ លោក​ស្រី​នៅ​ចងចាំ​ថា ពួក​គេ​ទាំង​ពីរ​នាក់ មាន​ជំងឺ​រាក​មួល និង​បាន​ស្លាប់​ដោយ​សារ​​តែគ្មាន​ថ្នាំ​ព្យាបាល។ ចំណែក​ឪពុក​ម្តាយ​របស់​លោក​ស្រី​វិញ ត្រូវ​បាន​ពួក​កម្មាភិបាល​ខ្មែរ​ក្រហម​បង្ខំ​ឱ្យ​ធ្វើ​ការ​ជា​ទម្ងន់ ដោយ​មាន​របបអាហារ​តិច​តួច​បំផុត។ លោក​ស្រី​អះអាង​ថា លោក​ស្រី​នៅ​តែ​ចងចាំ​ការ​លំបាក​វេទនា​ក្នុង​របប​នោះនៅឡើយ​ ហើយ​ការ​បកស្រាយ​របស់​​​ជន​ជាប់ចោទ នួន ជា និង​ ខៀវ សំផន ដែល​ថា ពួក​គេ​​មិន​បាន​ដឹង​លឺរឿង​កាប់​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង​នោះ លោក​ស្រី​យល់​ថា នេះ​ជា​​ការ​កុហក​បោកប្រាស់ និង​ជា​រឿង​មិន​អាច​ទទួល​​យក​បានឡើយ។ លោក​ស្រី​ចង់​ឱ្យ​តុលាការ​ខ្មែរ​ក្រហម​ កាត់​ទោស​លោក​ នួន ជា និង​លោក ខៀវ សំផន ដាក់​ពន្ធនាគារ​អស់​មួយជីវិត«ពី​រនាក់​ហ្នឹង គឺ​ត្រូវ​តែជាប់​គុក​មួយជីវិត​ហើយ។ កុំ​បដិសេធថា​អត់​ដឹង​រឿង ​អ្នក​ណា​សម្លាប់​ខ្មែរ។ កុំ​​មក​ឆ្លើយ​អ៊ីចឹង​​ដាក់​ខ្ញុំ។ ខ្ញុំ​មិនពេញ​ចិត្ត​នោះ​ទេ​ ហើយ​​ក៏​ខ្ញុំ​អត់​ទទួល​បាន​ដែរ។ ខ្ញុំ​ថា​ត្រូវ​តែ​កាត់​ កាត់​លើស​ពី​ហ្នឹង​ទៅ​ទៀត ពី​ព្រោះមាន​អ្នក​ពាក់​ព័ន្ធ​ច្រើន​ណាស់​។ កាត់​ទោស​តែ​ប៉ុន្មាន​នាក់​ហ្នឹង វា​មិនត្រូវ​នោះ​ទេ​ ពី​ព្រោះ​​​មាន​អ្នក​ពាក់​ព័ន្ធ​​​មាន​​ច្រើន​ ហើយ​អត់​ទាន់​ដឹង​ថា អ្នក​ណា​​អ្នក​​បញ្ជា​​នៅ​​ពី​​ក្រោយ​​ផង​​ហ្នឹង។ យក​បីនាក់​ហ្នឹង​មក​កាត់​ទោស​ធ្វើ​ឡប់​ឡែ ធ្វើជា​ឃាតករ​លាក់​មុខ»

ចំណែក គ្រូ​បង្រៀន​ម្នាក់​មក​ពី​ខេត្ត​តាកែវ​ លោក មាស ម៉ុង វិញ ជឿ​ជាក់​ថា តុលាការ​នឹង​រក​ឃើញ​ទោស​​កំហុស​​របស់​​​ជន​ជាប់​ចោទ នួន​ ជា និង ​ខៀវ​ សំផន ហើយ​​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​កាត់​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ក៏​ប៉ុន្តែ​លោក​យល់​ថា ទោស​​មួយ​ជីវិត​សម្រាប់​អ្នក​ទាំង​ពីរ​ មិន​មែន​ជា​ទោស​ធ្ងន់នោះ​ឡើយលោក​ថា​ការ​ប្រកាស​​សាលក្រម​ផ្តន្ទាទោស​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​​ដែល​លោក​ត្រូវ​តាម​ដាន​ បើ​ទោះបី​ជា​លោក​មិន​សូវ​មាន​ជំនឿ​​លើ​តុលាការ​កូន​កាត់​មួយ​នេះ​ថា នឹង​អាច​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ជន​រង​គ្រោះយ៉ាង​ណាក្តី។ គ្រូ​បង្រៀន​រូប​នេះ អះអាង​ថា លោក​បាន​បាត់​បង់​​អ៊ុំប្រុស​ម្នាក់ ដែល​បម្រើ​ការ​ជា​មន្ត្រី​យោធា​នៃរបប​សាធារណរដ្ឋ​ខ្មែរ​ ក្រោយ​ពេល​​​​ពួក​​​ខ្មែរ​ក្រហម​បាន​ឡើង​កាន់​អំណាច​​​​នៅ​ខែ​មេសា​ ឆ្នាំ ១៩៧៥«(ខ្ញុំ) សំ​ណូម​ពរ ប្រសិនបើ​​អាច ​សូម​ឱ្យ​តុលាការបន្ត​​ស៊ើ​ប​អង្កេតទៅលើ​​អ្នក​ពាក់​ព័ន្ធ​ជាន់​ខ្ពស់​​ក្នុង​របប​ហ្នឹង​​ឱ្យបាន​​ច្រើន​ជាង​នេះ។ ​កុំ​មាន​តែ​ ២ ឬ​ ៣ នាក់​ហ្នឹង ​ហើយ​យើង​ធ្វើ​បង្គ្រប់​​កិច្ច​ ដើម្បី​ឱ្យ​តែ​បាន​រួច​ខ្លួន​ ថា​​តុលាការ​បាន​ធ្វើ​ការ ​​ហើយ​យើង​ចាយ​លុយ​អស់​មួយ​គំនរ។ ហើយ​សំណូម​ពរ​​​មួយ​ទៀត​ កុំ​ឱ្យ​ខាង​អ្នក​មាន​អំណាចហ្នឹង ​លូកដៃ​ក្នុង​​ប្រព័ន្ធ​តុលាការ​​​ច្រើន​ពេក​​ ពីព្រោះ​វា​ធ្វើ​ឱ្យសង្គម​​មួយ​ទៅ​​ជា​សង្គម​អនាធិបតេយ្យ​ និទណ្ឌភាព ​បាត់បង់​​ជំនឿ​ទុក​ចិត្ត​​ពីប្រជា​ពល​រដ្ឋ»

រីឯសមាជិក​ក្រុម​យុវជន​កាហ្វេនយោបាយ​ (Politikoffee) យុវជន​ ហ្សះរ៉ន សុគ្រី ជា​ជន​ជាតិ​ចាម វិញ ថ្លែង​ថា លោក​មាន​ជីតា​ម្នាក់​ដែល​ត្រូវ​ជា​បងប្រុស​បង្កើត​របស់​ជី​ដូន​លោក ជា​ហាគឹម​ប្រចាំ​ភូមិ និង​ត្រូវ​បាន​ពួក​កង​ឈ្លប​​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់​​ចោល ហើយ​ញាតិ​សាច់​ឆ្ងាយ​មួយ​ចំនួន​​ទៀត ក៏​បាន​បាត់​ជីវិត​នៅ​ជំនាន់​នោះ​ដែរ​។ លោក​ថា​ បើ​ទោះ​ជា​កើត​មិន​ទាន់​របប​នេះ​ក្តី ក៏​លោក​អាច​បាន​ដឹង​អំ​ពី​ទុក្ខ​វេទនា និង​អំពើ​ឧក្រិដ្ឋ​ទាំង​​ឡាយ​ក្នុង​របប​ខ្មែរ​ក្រហម​នេះ ​តាម​រយៈ​ការ​និយាយ​ប្រាប់​ពី​ឪពុក​ម្តាយ និង​ជីដូន​ជីតា​របស់​លោក​ ព្រម​ទាំង​ការ​អាន​ឯកសារ​នានា បាន​ដែរ។ យុវជន​រូប​នេះ​បញ្ចេញ​ទស្សនៈ​ថា សាល​ក្រម​ផ្តន្ទាទោស​លើ​ជន​ជាប់​ចោទ នួន ជា និង​ ខៀវ សំផន ជា​រឿង​សំខាន់​ដើម្បី​ឱ្យ​ពួក​គេ​ទទួល​ខុសត្រូវ​លើ​​ទង្វើ​របស់​ខ្លួន។ ប៉ុន្តែ​លោក​ថា ការ​​កាត់​សេចក្តី​នេះ ​មិន​​គួរ​​​ធ្វើ​​ឡើង​​ត្រឹម​​បុគ្គល ២ ឬ ៣នាក់​បែប​នេះ​ឡើយ​ ពោល​គឺ​ថ្នាក់​នាំ​ជាន់​ខ្ពស់ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ក៏​​គួរ​​ត្រូវ​​តុលាការ​​ចាប់​​ឲ្យ​​ទទួល​​ទោស​​ដូច​​គ្នា​​នេះ​​ដែរ នោះ​ទើប​ជា​យុត្តិធម៌​ពិត​ប្រាកដ​សម្រាប់​ជន​រង​គ្រោះ«ខ្ញុំ​ចង់​ឱ្យមាន​ការ​កាត់​ទោស​ចំពោះ​អ្នក​ដែល​គ្រាន់​បើ​ដែរ។ មិនមែន​ថា មាន​តែ​​ពួកគាត់​ជា​​អ្នក​កំពូលដឹងថា​​ពួកគាត់​​​​ជា​អ្នកចេញ​ផែនការ ​ក៏ប៉ុន្តែ​​អ្នក​បន្ត​បន្តាប់​ពី​ពួក​គាត់​ហ្នឹង ​គួរ​តែ​ត្រូវបាន​កាត់​ទោស​ដូច នួន​ ជា និង​ ខៀវ​ សំផន ដែរ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ដែល​​រង​គ្រោះ​ហ្នឹង ​ទទួលបាន​ពន្លឺ​យុត្តិធម៌​​ពិត​ប្រាកដ​ពី​តុលា​ការ​ហ្នឹង។ បើ​មិន​អ៊ីចឹង ​កាត់​ទោស​តែ​ពួក​គាត់​ ២ ឬ ៣នាក់​លើ​ដដែល​ វា​មាន​អ្វី? ​ហើយ​យើង​ថា ​អាហ្នឹង​ជា​យុត្តិ​ធម៌​រួមឬ? ​ខ្ញុំ​នៅ​តែ​គិត​ថា​ នេះ​មិន​មែន​ជា​យុត្តិធម៌​នោះ​ទេ»

ដោយ​ឡែក និស្សិតឆ្នាំទី ៤ ផ្នែក​នីតិសាស្ត្រ យុវជន​ ហេង គឹមហុង វិញ ថ្លែងថា ឧក្រិដ្ឋកម្ម​របស់​ពួក​ខ្មែរ​ក្រហម​ គឺ​ជា​ទង្វើ​ដ៏​សាហាវ​​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​ដែល​​លោក​រំពឹង​ថា ជន​ជាប់​ចោទ នួន ជា និង​ ខៀវ សំផន នឹង​ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យ​ធ្ងន់ធ្ងរ។ ទន្ទឹម​នឹង​នេះ លោក​ក៏​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះតុលា​ការ​ខ្មែរ​ក្រហម​ផង​ដែរ ជុំ​វិញ​ភាព​យឺត​យ៉ាវ​នៃ​សំណុំ​រឿង​នីមួយៗ ធ្វើ​ឱ្យ​មេដឹកនាំ​​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​មួយ​ចំនួន​បាន​បាត់​បង់​ជីវិត មុន​ទទួល​បាន​ការ​កាត់​ទោស។ លោក​​​ចង់​ឃើញ​តុលាការ​ខ្មែរ​ក្រហម ​បន្ត​សំណុំ​រឿង​លើ​អតីត​មេ​ដឹក​នាំខ្មែរ​ក្រហម​ជាន់​ខ្ពស់ដទៃ​ទៀត ដែល​កំពុង​មាន​ជីវិត ដើម្បីឱ្យ​ពួក​គេ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​​​របស់​​ខ្លួន ដែល​បាន​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជិត ២លាន​នាក់​បាត់​បង់​ជីវិត​នោះ៖ «ខ្ញុំ​គិត​ថា ​ជា​សាលក្រម​​មួយ​សំខាន់​ ទីមួយ​សម្រាប់​ផ្សះផ្សារ​ផ្លូវ​ចិត្ត​ពលរដ្ឋ​កម្ពុជា​ដែលធ្លាប់​រស់នៅក្នុង​របបខ្មែរ​ក្រហម។ ទីពីរ​ ក៏​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ជា​សាកល​ ជា​គម្រូ​ថា មនុស្ស​ជាតិ​មិន​ចូល​ចិត្ត​ ហើយ​និង​​ស្អប់​ខ្ពើម​ជាទីបំផុតសកម្មភាព​ប្រល័យ​ពូជសាសន៍​របស់​ក្រុម​ណាមួយក៏​ដោយ​ ឱ្យ​តែជា​សកម្មភាព​ប្រល័យ​ពូជសាសន៍។ ហើយ​ក៏​ជាគម្រូ​ដល់​បណ្តា​មេដឹកនាំជំនាន់ក្រោយ​ៗ​ទៀត​ ចៀស​ផុត​ និង​មិន​ប្រព្រឹត្ត​នូវ​ទង្វើ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទេ»

អង្គជំនុំ​ជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) ឬ​ហៅ​ដោយ​ខ្លី​ថា តុលាការ​ខ្មែរ​ក្រហម​ បាន​ចាប់​ផ្តើម​សវនា​ការ​ដេញដោល​ និង​ពិនិត្យ​ភស្តុតាង​សំណុំ​រឿង​ ០០២ វគ្គ ២ នេះ តាំង​ពី​ខែតុលា ឆ្នាំ ២០១៤ និង​បាន​បញ្ចប់​​នីតិវិធី​នេះ ​កាល​ពី​ខែ​មករា ឆ្នាំ២០១៧ កន្លង​ទៅ។ ការ​ជំនុំ​ជម្រះ រួម​ទាំង​ការ​ស្តាប់​សេច​ក្តី​សន្និ​ដ្ឋាន​​​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​ផង តុលាការ​បាន​ស្តាប់​សក្ខីកម្ម​សាក្សី​ចំនួន​ ១៨៥នាក់ នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ២០១៧។

បទ​ចោទ​ក្នុង​សំណុំ​រឿង ០០២ វគ្គ​ពីរ​នេះ គឺ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​អំពើ​ប្រល័យ​ពូជសាសន៍​ទៅលើ​ជនជាតិ​​ចាម និង​វៀតណាម។ ជន​ជាប់​ចោទ នួន​ ជា​ និង​ ខៀវ សំផន ​ប្រឈម​មុខ​នឹងការ​​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ប្រសិន​តុលាការ​​រក​ឃើញ​ថា អ្នក​ទាំងពីរ​មាន​ពិរុទ្ធភាព​មែន​នោះ​ ។

លោក នួន ជា និង​លោក ខៀវ សំផន បាន​រង​ការ​ចោទ​ប្រកាន់ជា​ច្រើន​បទ​ចោទ ក្នុង​សំណុំ​រឿង ០០២ ដូច​នេះ ទើប​​​តុលាការ​​បំបែក​សំណុំ​រឿង​នេះ​ជា​ពីរ​វគ្គ គឺ​សំណុំរឿង ០០២ វគ្គ (០០២/០១) និង​សំណុំ​រឿង ០០២ វគ្គ (០០២/០២)។

​ក្នុង​សំណុំរឿង ០០២ វគ្គ (០០២/០១) អ្នក​ទាំង​ពីរ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​​​​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិតរួចទៅហើយ ចំពោះ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ពាក់ព័ន្ធ​ទៅ​​នឹង​ការបណ្តេញ​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ដោយ​​បង្ខំ និង​ការ​សម្លាប់​ទាហាន​របប​សាធារណរដ្ឋ​ខ្មែរ នៅ​ទីតាំង​​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្ត​ពោធិ៍សាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល