ក្រសួង​វប្បធម៌​ដាក់​ដាក់​គម្រោង​អភិរក្ស​បណ្ណាសារ​សារមន្ទីរ​ទួលស្លែង​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ

ដោយ អាស៊ីសេរី
2018-01-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះសង្ឃ​គង់​មើល​រូបភាព​នៃ​ការ​ធ្វើ​ទារុណកម្ម​អ្នក​ទោស​នៅ​មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៥។
ព្រះសង្ឃ​គង់​មើល​រូបភាព​នៃ​ការ​ធ្វើ​ទារុណកម្ម​អ្នក​ទោស​នៅ​មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Rann Samnang

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ដាក់​ឲ្យ​អនុវត្ត​នូវ​គម្រោង​អភិរក្ស និង​បញ្ចូល​បណ្ណាសារ​សារមន្ទីរ​ទួល​ស្លែង ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ កាលពី​ថ្ងៃ​ចន្ទ ទី​២៩ មករា។

បណ្ណាសារ​នៃ​សារមន្ទីរ​ទួល​ស្លែង​នេះ មាន ៨​ប្រភេទ ដូចជា​ឯកសារ​ចម្លើយ​សារភាព​ជនរងគ្រោះ ជីវប្រវត្តិ​រូប​សង្ខេប រូបថត ហ្វ៊ីល​រូបថត ទស្សនាវដ្ដី ទង់​បដិវត្តន៍ និង​សៀវភៅ​កំណត់ហេតុ​រៀន​សូត្រ​ប្រចាំថ្ងៃ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម​ជាដើម។

គម្រោង​នៃ​ការ​អភិរក្ស​នេះ បាន​ទទួល​ការឧបត្ថម្ភ ពី​អង្គការ​យូណេស្កូ (UNESCO) និង​អង្គការ KOICA ប្រចាំ​កម្ពុជា ហើយ​គម្រោង​នៃ​ការ​អភិរក្ស​នេះ ជា​គម្រោង​សំខាន់​ទី​២ បន្ទាប់ពី​គម្រោង​ជួសជុល និង​អភិរក្ស​វាយនភណ្ឌ ក្រោយ​ជំនួយ​ថវិកា​ពី​មូលនិធិ​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក សម្រាប់​ថែរក្សា​វប្បធម៌ ដែល​បាន​ប្រកាស​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ។

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ជុច ភឿន បាន​ថ្លែង​ឲ្យ​ដឹង​ថា គោលបំណង​សំខាន់​របស់​គម្រោង​នេះ គឺ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ជា​មូលដ្ឋាន​លើ​ជំនាញ​ថែរក្សា និង​អភិរក្ស​ឯកសារ​នានា​ដល់​មន្ត្រី​ជំនាញ​សារមន្ទីរ និង​បញ្ចូល​ឯកសារ​ទាំងអស់ ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរ​ការសិក្សា​ស្រាវជ្រាវ​នា​ថ្ងៃ​អនាគត។ លោក​ថា ក្រោយ​ការ​ដួលរលំ​ទៅ​នៃ​របប ប៉ុល ពត កាលពី​៣៩​ឆ្នាំ​មុន រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​អភិរក្ស​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​នេះ សម្រាប់​ជា​ភស្តុតាង​ដាក់​បន្ទុក​ដល់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់ ដែល​ទទួលខុសត្រូវ​លើ​ទង្វើ​ឧក្រិដ្ឋកម្ម​នា​រវាង​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ ផែនការ​មួយ​ក្នុងចំណោម​ផែនការ​សំខាន់ៗ នៃ​ដំណើរការ​រៀបចំ​អតីត​មន្ទីរ​ឃុំឃាំង​នេះ គឺ​ការ​ចុះ​ប្រមូល​ឯកសារ​គ្រប់​ប្រភេទ​ដែល​នៅ​រាយប៉ាយ​យក​មក​រក្សាទុក៖ «ក្រោយ​ដំណើរការ​នៃ​ការ​ប្រមូល​ចងក្រង ឯកសារ​ទាំងនេះ​បាន​ក្លាយ​ជា​ប្រភព​ស្រាវជ្រាវ​មួយ​យ៉ាង​សំខាន់ សម្រាប់​អ្នកស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ។ រដ្ឋាភិបាល បាន​ប្រើប្រាស់​ឯកសារ​ទាំងនេះ​សម្រាប់​ការ​ផ្សព្វផ្សាយ​ក្នុង​សារមន្ទីរ និង​ជា​មូលដ្ឋាន​សំខាន់​ក្នុង​ដំណើរការ​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​តាម​រយៈ​តុលាការ​ប្រជាជន​បដិវត្តន៍ ដែល​បាន​ដំណើរការ​ក្ដី​កាលពី​ខែ​សីហា ឆ្នាំ​១៩៧៩»។

លោក ជុច ភឿន បាន​ថ្លែង​ទៀត​ថា គម្រោង​នេះ មាន​រយៈពេល ២​ឆ្នាំ ដែល​ក្រុម​មន្ត្រី​ជំនាញ​បង្រៀន​មន្ត្រី​អភិរក្ស​របស់​កម្ពុជា ឲ្យ​មាន​ជំនាញ​ក្នុង​ការ​បញ្ចូល​ឯកសារ​ទាំងនោះ ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​ងាយស្រួល​ក្នុង​ការ​រក្សាទុក និង​ងាយស្រួល​ដល់​ការស្រាវជ្រាវ​នានា​ផង​ដែរ។

លោក​ថ្លែង​ទៀត​ថា សាលាក្ដី​ខ្មែរក្រហម ដែល​ដំណើរការ​កាត់ក្ដី​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម នោះ ក៏​បាន​ប្រមូល​យក​ឯកសារ​ជា​វត្ថុ​តាង​មួយ​ចំនួន​ពី​សារមន្ទីរ​ទួល​ស្លែង​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល