អ.ស.ប​អនុម័ត​ថវិកា ៨​លាន​ដុល្លារ​សម្រាប់​ដំណើរ​ការ​សាលា​ក្តី​ខ្មែរក្រហម​ឆ្នាំ​២០១៨

ដោយ មាន ឫទ្ធិ
2017-12-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម បើក​សវនាការ​បន្ត​សួរ​ដេញដោល​សាក្សី​មួយ​រូប​ទាក់ទង​នឹង​រឿងរ៉ាវ​សម្លាប់​មនុស្ស​នៅ​មន្ទីរ​សន្តិសុខ​អូរកន្សែង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦។
អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម បើក​សវនាការ​បន្ត​សួរ​ដេញដោល​សាក្សី​មួយ​រូប​ទាក់ទង​នឹង​រឿងរ៉ាវ​សម្លាប់​មនុស្ស​នៅ​មន្ទីរ​សន្តិសុខ​អូរកន្សែង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦។
Photo Courtesy of ECCC

អង្គការ​សហប្រជាជាតិ សម្រេច​អនុម័ត​ជា​ឯកច្ឆន្ទ ផ្ដល់​ថវិកា​ចំនួន ៨​លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​ដំណើរការ​សាលា​ក្តី​ខ្មែរក្រហម សម្រាប់​បុគ្គលិក​បរទេស នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។ ការ​សម្រេច​នេះ ធ្វើ​ឡើង​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៧២ ពាក់ព័ន្ធ​នឹង​សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​ស្ដីពី​សំណើ​ឧបត្ថម្ភ​ធនធាន​ដល់​សាលា​ក្តី​ខ្មែរក្រហម សម្រាប់​ឆ្នាំ​២០១៨​ខាងមុខ។

តំណាង​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោក ទុយ រី សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃ​ទី​២៤ ធ្នូ ថា មូលហេតុ​ដែល​មហាសន្និបាត អង្គការ​សហប្រជាជាតិ ត្រូវ​កោះ​ប្រជុំ​ថ្ងៃអាទិត្យ​នេះ គឺ​ដោយសារ​គណៈកម្មាធិការ​ទី​៥ ផ្នែក​ថវិកា​របស់ អ..ប ចាំបាច់​ត្រូវ​អនុម័ត​លើ​ថវិកា​ចំណាយ​ទាំងអស់​សម្រាប់​ឆ្នាំ​២០១៨ ឲ្យ​បាន​មុន​ដំណាច់​ឆ្នាំ​២០១៧​នេះ និង​ម្យ៉ាងទៀត លោក​ថា ដើម្បី​បញ្ចប់​កិច្ចការ​នេះ​ឲ្យ​បាន​មុន​ថ្ងៃបុណ្យ​ណូអែល។

គិត​មក​ទល់​ពេល​នេះ សាលាក្ដី​កូនកាត់​ខ្មែរក្រហម បើក​ដំណើរការ​កាត់ក្ដី​អស់​រយៈពេល​ជាង ១២​ឆ្នាំ​ហើយ និង​ចំណាយ​ថវិកា​អស់​ជាង ៣០០​លាន​ដុល្លារ ដែល​ជំនួយ​ឧបត្ថម្ភ​ស្ទើរតែ​ទាំងអស់​បាន​មក​ពី​ប្រទេស​ម្ចាស់​ជំនួយ​នៃ​សហគមន៍​អន្តរជាតិ ខណៈ​ភាគី​រដ្ឋាភិបាល​បាន​ចំណាយ​អស់​សរុប​ជិត ៧០ លាន​ដុល្លារ។ ជា​លទ្ធផល សាលាក្ដី​នេះ​បាន​កាត់ទោស​ឲ្យ​អតីត​មេ​គុក​ទួល​ស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុង​សំណុំរឿង ០០១ ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត។ អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ពីររូប គឺ​លោក ខៀវ សំផន និង នួន ជា ក្នុង​សំណុំរឿង ០០២ វគ្គ​២ វិញ ក៏​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ផង​ដែរ។ ការស៊ើបអង្កេត​លើ​សំណុំរឿង​ពីរ​ផ្សេងទៀត គឺ​សំណុំរឿង ០០៣ ដែល​មាន​ជន​ត្រូវ​ចោទ មាស មុត និង​សំណុំរឿង ០០៤ ដែល​មាន​ជន​ត្រូវ​ចោទ អោ អាន និង យឹម ទិត្យ ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៦។ នីតិវិធី​បន្ត​ក្នុង​សំណុំរឿង​ទាំងពីរ​នេះ នៅ​មិនទាន់​បិទ​បញ្ចប់​ជា​ស្ថាពរ​នៅឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល