ក្រុម​សិល្បករ​ខ្មែរ​និង​បរទេស​នឹង​រួមគ្នា​សម្ដែង​តន្ត្រី​ដើម្បី​រម្លឹក​ដល់​ជន​រងគ្រោះ​ក្នុង​សម័យ​​ខ្មែរ​ក្រហម

ដោយ រាជ វិញ្ញូ
2017.07.14
ហ៊ឹម សុភី ៨៥៥ ២០១៧ ទីប្រឹក្សា​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត ហ៊ឹម សុភី (រូប​កាន់​មេក្រូ) ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដី​អំពី​"តន្ត្រី​បង្សុកូល" នា​សារមន្ទីរ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Pry Neru
RFA/Pry Neru

តន្ត្រី​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា "តន្ត្រី​បង្សុកូល" ដែល​សិល្បករ​ខ្មែរ និង​បរទេស កំពុង​ត្រៀម​ប្រគំ​រួម​គ្នា​ជា​លើក​ដំបូង​នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ​នេះ គឺ​ជា​ប្រភេទ​តន្ត្រី​ដើម្បី​ឧទ្ទិស និង​រំលឹក​ដល់​ជនរងគ្រោះ​ស្លាប់​នៅ​ក្នុង​សម័យ ប៉ុល ពត និង​ដើម្បី​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​ជនរងគ្រោះ​ដែល​បាន​រួច​ជីវិត​ពី​សម័យ​នេះ។

​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា សិល្បករ​ខ្មែរ និង​សិល្បករ​បរទេស ដែល​ជា​អ្នក​ផលិត​ខ្សែភាពយន្ត អ្នក​និពន្ធ​បទ​ភ្លេង ព្រមទាំង​អ្នក​ចម្រៀង​ប្រពៃណី​ខ្មែរ និង​អ្នក​ស្មូត និង​អង្គការ​លើក​ស្ទួយ​វិស័យ​វប្បធម៌ បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​សារមន្ទីរ​ជាតិ ស្ដីពី "តន្ត្រី​បង្សុកូល" មុននឹង​តន្ត្រី​ប្រភេទ​ថ្មី​នេះ ត្រូវ​យក​ទៅ​សម្ដែង​ជា​លើក​ដំបូង​នៅ​ក្នុង​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី (Australia) នៅ​ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុន​នេះ។

​អ្នក​ផ្ដើម​គំនិត​និពន្ធ​បទ​ភ្លេង​តន្ត្រី "បង្សុកូល" ដំបូង និង​ជាទី​ប្រឹក្សា​រាជបណ្ឌិត្យសភា កម្ពុជា លោក​បណ្ឌិត ហ៊ឹម សុភី ថ្លែង​ថា ការ​ប្រគំ​តន្ត្រី "បង្សុកូល" គឺ​ជា​ស្នាដៃ​រួមបញ្ចូល​គ្នា​មួយ​ដែល​មាន​តន្ត្រីករ​ប្រហែល ៣៧​នាក់ ក្នុង​នោះ​មាន​តន្ត្រីករ និង​អ្នក​ចម្រៀង​ខ្មែរ​ចំនួន ៨​នាក់ ដែល​ត្រូវ​សម្ដែង​រួម​គ្នា​ជាមួយ​ប្រភេទ​វង់ភ្លេង​ក្រុម​តន្ត្រី​បរទេស​ខាង​លិច និង​ការ​ច្រៀង​បន្ទរ​ជា​ក្រុម។ លោក​បន្ត​ថា ក្នុង​ចំណោម​ឧបករណ៍​តន្ត្រី​បូរាណ​ខ្មែរ​ជាង ១០​ឧបករណ៍ ក៏​មាន​ឧបករណ៍​បូរាណ​ខ្លះ​ដែល​បាន​បាត់បង់​រាប់​រយ​ឆ្នាំ និង​ត្រូវ​បង្កើត​ឡើង​វិញ ដូច​ជា​ពិណ​ខ្មែរ​សម័យ​អង្គរ ប៉ី​ពក​ធំ​មាន​ស្នែង និង​ខ្លុយ​ដី​ជាដើម៖ «មាន​រនាត​ភ្លោះ ដែល​ខ្ញុំ​ជា​អ្នក​ផ្ដល់​គំនិត​ឱ្យ​បង្កើត​ដែរ ឧបករណ៍​មាន​ប្រហែល​ជាង ១០ តែ​អ្នក​លេង​មាន​តែ ៦​នាក់»

​ឧបករណ៍​តន្ត្រី​ខ្មែរ​ចំនួន ៦​ប្រភេទ មាន​ដូចជា​គ្រឿង​ខ្សែ​កេះ ឧបករណ៍​ពិណ គ្រឿង​ខ្សែ​កូត ទ្រសោ ទ្រអ៊ូ ទ្រ​ខ្មែរ គ្រឿង​ផ្លុំ មាន​ដូចជា ស្រឡៃ ខ្លុយ ប៉ីពក ប៉ីអ រនាត​ភ្លោះ គង​ភ្លោះ នឹង​ត្រូវ​សម្ដែង​បញ្ចូល​គ្នា​ជាមួយ​វង់ភ្លេង​តន្ត្រី​បរទេស។ តន្ត្រី "បង្សុកូល" ដែល​ទទួល​បាន​ហិរញ្ញវត្ថុ​បង្កើត​ឡើង​ពី​ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក និង​ពី​អង្គការ​មួយ​ចំនួន​ទៀត​នេះ គឺ​ជា​ស្នាដៃ​ប្រគំ​តន្ត្រី​វង់​ធំ និង​ជា​ស្នាដៃ​សហការ​គ្នា​លើក​ដំបូង​រវាង​ផលិតករ​ធ្លាប់​ទទួល​បាន​ពានរង្វាន់ លោក ប៉ាន់ រិទ្ធី និង​អ្នក​និពន្ធ​បទ​ភ្លេង​ដី​ល្បីឈ្មោះ​លោក ហ៊ឹម សុភី ក្នុង​គោលបំណង​រៀបរាប់​ស្វែង​យល់​អំពី​សេចក្ដី​រន្ធត់​នានា របស់​ប្រជាជន​កម្ពុជា នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ជា​ពិសេស​ដើម្បី​រំលឹក​ដល់​ជនរងគ្រោះ ដែល​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម និង​សម្លាប់ និង​ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​ពិភពលោក​ឱ្យ​ស្គាល់​អំពី​ប្រវត្តិ​កម្ពុជា ផង​ដែរ។

អ្នក​ជំនាញ​និពន្ធ​បទ​ភ្លេង លោក​បណ្ឌិត ហ៊ឹម សុភី បញ្ជាក់​ទៀត​ថា អ្នក​ចូលរួម​ទស្សនា ជាពិសេស​អ្នក​ធ្លាប់​ឆ្លង​កាត់​របប​ខ្មែរក្រហម នឹង​អាច​ទទួល​បាន​អារម្មណ៍​ធូរ​ស្បើយ​ក្នុង​ចិត្ត​វិញ ព្រោះ​ក្នុង​វគ្គ​ចុង​បញ្ចប់​នៃ​តន្ត្រី​នេះ បាន​និយាយ​ដល់​ការ​រស់​ឡើង​វិញ និង​សេចក្ដី​សង្ឃឹម​នៅ​ថ្ងៃ​ក្រោយ៖ «ស្នាដៃ​ខ្លះ​ជា​បូរាណ និង​ស្នាដៃ​ខ្លះ ជា​សម័យ អ៊ីចឹង​តន្ត្រី​បង្សុកូល​នេះ មាន​សារសំខាន់​ខ្លាំង ព្រោះ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ»

​ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ លោក ព្រីម ភ្លឿន ថ្លែង​ថា ក្នុង​រយៈពេល​ជិត ២០​ឆ្នាំ ដែល​អង្គការ​របស់​លោក​បាន​ជួយ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ។ លោក​បន្ត​ថា បច្ចុប្បន្ន អង្គការ​សិល្បៈ​ខ្មែរ​អមតៈ កំពុង​បន្ត​ជួយ​ដល់​សិល្បករ​ជំនាន់​ថ្មី ឬ​សិល្បករ​អាជីព ដើម្បី​បង្កើត​ស្នាដៃ​ថ្មីៗ​បន្ថែម​ទៀត។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ជំរុញ​ឱ្យ​ការ​ប្រគំ​តន្ត្រី "បង្សុកូល" ត្រូវ​ធ្វើ​ឡើង​នៅ​បរទេស​មុន​នៅ​កម្ពុជា​នេះ ដោយសារ​ប្រាប់​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ភៀសខ្លួន​ទៅ​រស់​នៅ​បរទេស​តាំង​ពី​សង្គ្រាម ជាពិសេស​ពលរដ្ឋ​ខ្មែរ​ជំនាន់​ថ្មី ដែល​កើត​នៅ​លើ​ទឹកដី​បរទេស​បាន​ឃើញ​អំពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដែល​ធ្លាប់​ឆ្លង​កាត់​នៅ​សម័យ ប៉ុល ពត។

​ជាមួយ​គ្នា​នេះ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា លោកស្រី អេនជេលឡា ខកខឺរ៉េន (Angela Corcoran) ថ្លែង​ថា តន្ត្រី "បង្សុកូល" ដែល​ត្រូវ​សម្ដែង​មុន​គេ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ខាង​មុខ​នេះ នឹង​ប្រាប់​រឿង​រ៉ាង​ទាំង​អាក្រក់ និង​ល្អ​ទៅ​កាន់​អ្នក​ទស្សនា ហើយ​លោកស្រី​សង្ឃឹម​ថា នឹង​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​ខិត​ជិត​គ្នា​បន្ថែម​ទៀត។ លោកស្រី​បន្ត​ថា ប្រជាជន​អូស្ត្រាលី និង​ទស្សនិកជន​អន្តរជាតិ នឹង​បាន​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ សិល្បៈ និង​វប្បធម៌​របស់​កម្ពុជា បន្ថែម​ទៀត តាម​រយៈ​ការ​ប្រគំ​តន្ត្រី "បង្សុកូល" នេះ។ ក្រៅ​ពី​នេះ លោកស្រី​និយាយ​ថា វា​ក៏​នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​មាន​ស្រាប់​រវាង​ប្រជាជន​កម្ពុជា និង​អូស្ត្រាលី កាន់តែ​រឹងមាំ​ផង​ដែរ។

បន្ទាប់ពី​ការសម្ដែង​នៅ​ប្រទេស​អូស្ត្រាលី ក្រុម​តន្ត្រី "បង្សុកូល" នឹង​បន្ត​ទៅ​សម្ដែង​នៅ​ទីក្រុង​ញូវយ៉ក (New York) ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​ទី​១៦ ខែ​ធ្នូ និង​នៅ​ទីក្រុង បូស្ដុន (Boston) ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រោយ​មក​នៅ​ទីក្រុង​ប៉ារីស (Paris) ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ និង​ត្រឡប់​មក​សម្ដែង​នៅ​ក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​វិញ នៅ​ឆ្នាំ​២០១៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។