អ្នកសិក្សារឿងរ៉ាវខ្មែរក្រហមថាចម្លើយសារភាពរបស់អ្នកទោសវៀតណាមមិនមែនជាចម្លើយពិត

អ្នកសិក្សាអំពីរឿងរ៉ាវខ្មែរក្រហមនិយាយថា ចម្លើយសារភាពរបស់អ្នកទោសវៀតណាម មិនមែនជាចម្លើយបញ្ជាក់ពីការពិតទេ។ ការអះអាងនេះ គឺធ្វើឡើងក្នុងកម្មវិធីបាឋកថាសាធារណៈរបស់អ្នកវិភាគឯកសារនៃមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា គឺលោក ជុំ ម៉ាប់ នៅសារមន្ទីរទួលស្លែង កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ។
លោក ជុំ ម៉ាប់ មានប្រសាសន៍ថា ការអះអាងរបស់លោក គឺផ្អែកលើសក្ខីកម្មរបស់ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង នៅសាលាក្ដីខ្មែរក្រហម កាលពីក្នុងសំណុំរឿង០០១។ លោកថា សក្ខីកម្មរបស់ ឌុច បញ្ជាក់ថា ការសួរចម្លើយអ្នកទោសវៀតណាម នៅគុកទួលស្លែង គឺធ្វើតាមការចង់បានរបស់ថ្នាក់លើ៖ «រាល់ចម្លើយសារភាពទាំងអស់ គឺ ឌុច ជាអ្នកបានប្រាប់ទៅដល់អ្នកសួរចម្លើយថា ត្រូវធ្វើយ៉ាងណា ឲ្យដូចនឹងអ្វីដែលថ្នាក់លើចង់បាន។ ចំណុចនេះគឺបានន័យថា គំនិតដែលថ្នាក់លើចង់បាននោះ គឺមិនមែនជាគំនិតរបស់ជនជាតិវៀតណាម ផ្ទាល់នោះទេ ដោយសារការធ្វើទារុណកម្មដើម្បីបានចម្លើយសារភាពដូចអ្វីដែលថ្នាក់លើរបស់គេចង់បាន។ ចំណុចដែលថ្នាក់លើចង់បាន គឺចង់បានឲ្យអ្នកទោសទាំងនោះឆ្លើយថា ប្រទេសវៀតណាម គឺជាប្រទេសមួយអត់ឃ្លាន អត់មានអីហូប ហើយកងទ័ពវៀតណាម ទាំងនោះ ឬក៏ប្រជាជនដែលខ្មែរក្រហមចាប់បានទាំងនោះ គឺត្រូវបានរដ្ឋាភិបាលបង្ខំឲ្យចូលមកដើម្បីស៊ើបអង្កេត ឬក៏ប្រឆាំងទៅនឹងខ្មែរក្រហម»។
លោក ជុំ ម៉ាប់ បញ្ជាក់ថា គោលបំណងដែលលោកធ្វើបាឋកថាអំពីបញ្ហានេះ គឺលោកចង់ឲ្យយុវជនបានយល់ដឹងថា នៅគុកទួលស្លែង ដែលខ្មែរក្រហមហៅថា មន្ទីរសន្តិសុខស-២១ ក៏មានជនជាតិវៀតណាម ស្លាប់នៅទីនេះដែរ។ លោកក៏ចង់ឲ្យមានការផ្សះផ្សានៅក្នុងចំណោមយុវជន ចំពោះវៀតណាម ព្រោះយុវជនខ្លះមានប្រតិកម្មខ្លាំងនៅពេលមានជនជាតិវៀតណាម មកអុជធូបរំឭកដល់សាច់ញាតិ ឬជាតិសាសន៍របស់ខ្លួនដែលបានស្លាប់នៅក្នុងប្រទេសកម្ពុជា។ អ្នកមកចូលរួមក្នុងបាឋកថាសាធារណៈនៅថ្ងៃទី២៣ ខែធ្នូ គឺជាសិស្សសាលាប្រមាណ ៥០នាក់។
ទន្ទឹមគ្នានេះ អនុប្រធានការិយាល័យនៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង លោក ជ័យ ភារម្យ ថ្លែងថា បាឋកថាសាធារណៈនេះ គឺជាកម្មវិធីចុងក្រោយក្នុងគម្រោងដែលសារមន្ទីររៀបចំប្រាំលើកក្នុងឆ្នាំ២០១៦។ លោកថា កម្មវិធីបាឋកថាសាធារណៈ គឺទាក់ទងនឹងរឿងរ៉ាវកាលពីក្នុងរបបខ្មែរក្រហមដែលអ្នកជំនាញស្រាវជ្រាវរកឃើញ៖ «ភាគច្រើនទាក់ទងទៅនឹងសារមន្ទីរទួលស្លែង ដូចជាលើកទីមួយ ខ្ញុំនៅចាំ និយាយពីការថែរក្សាឯកសារនៅសារមន្ទីរទួលស្លែង។ ក្រោយមកទៀត និយាយអំពីបរិវេណមន្ទីរ ស-២១ និងមួយទៀតដែលខ្ញុំចាំ គឺអ្នកទោសជនជាតិវៀតណាមហ្នឹង។ ទាំងអស់វាមានប្រាំ ប៉ុន្តែសាច់រឿងគឺទាក់ទងជាមួយនឹងទួលស្លែងភាគច្រើន។ ឆ្នាំក្រោយយើងនឹងបន្តកម្មវិធីហ្នឹងទៀត យើងនឹងស្វែងរកវាគ្មិនផ្សេងៗទៀត ដើម្បីយកមកធ្វើបទបង្ហាញប្រធានបទថ្មីៗ ទៀត ដែលទាក់ទងនឹងសារមន្ទីរទួលស្លែង ហ្នឹង»។
លោកឲ្យដឹងថា អ្នកចូលរួមក្នុងបាឋកថាសាធារណៈអំពីរឿងរ៉ាវខ្មែរក្រហម កន្លងមក មានសមាជិកអង្គការដៃគូសហការអង្គការយុវសន្តិភាព អង្គការក្ដីករុណា និងមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា ជាដើម ដែលជាអង្គការធ្វើការពាក់ព័ន្ធនឹងរឿងរ៉ាវក្នុងរបបខ្មែរក្រហមនោះ។
ក្នុងបាឋកថាសាធារណៈ លោក ជុំ ម៉ាប់ ធ្វើសេចក្ដីសន្និដ្ឋានថា ជនជាតិវៀតណាម ដែលពួកខ្មែរក្រហម ចាប់យកមកគុកទួលស្លែង មាន ៣ប្រភេទ គឺមានទាហាន ចារកម្ម និងជនស៊ីវិល ដែលគេចោទថា ជាខ្សែរយៈវៀតណាម ទាំងនោះ។ លោកថា ពេលដែលអ្នកសួរចម្លើយរបស់ខ្មែរក្រហម ធ្វើតាមការចង់បានរបស់ថ្នាក់លើ ពួកគេបានកែច្នៃការចងចាំអតីតកាលរបស់ជនរងគ្រោះទៅជាសកម្មភាពក្បត់ ឲ្យងាយស្រួលសម្រាប់ចោទប្រកាន់។ ចម្លើយសារភាពរបស់ជនជាតិវៀតណាម ទាំងនោះ មិនបានបញ្ជាក់ពីកំហុសជាក់ស្ដែងទេ គឺបង្ហាញពីទស្សនៈរបស់ខ្មែរក្រហមទៅលើវៀតណាម ដែលខ្មែរក្រហមយល់ថា វៀតណាម អាចធ្វើឲ្យគ្រោះថ្នាក់ដល់របបរបស់ខ្លួន៕