អង្គជំនុំជម្រះសាលាដំបូងស្ដាប់ការថ្លែងទុក្ខសោករបស់ដើមបណ្ដឹងរដ្ឋប្បវេណី៣រូប

អង្គជំនុំជម្រះសាលាដំបូង នៅថ្ងៃទី២៩ ខែកុម្ភៈ បានស្ដាប់ការថ្លែងទុក្ខសោករបស់ដើមបណ្ដឹងរដ្ឋប្បវេណី ៣រូប ដែលរងផលប៉ះពាល់ដោយរបបកម្ពុជាប្រជាធិបតេយ្យ។ ដើមបណ្ដឹងរដ្ឋប្បវេណីទាំងនេះ គឺជាអ្នករងទុក្ខដោយការប្រព្រឹត្តរបស់ក្រុមខ្មែរក្រហម ទៅលើក្រុមមនុស្សដែលគេកំណត់ជាគោលដៅជាក់លាក់ គឺជនជាតិចាម និងវៀតណាម។
ដើមបណ្ដឹងរដ្ឋប្បវេណីទាំង ៣រូប សុទ្ធតែបានថ្លែងប្រាប់អង្គជំនុំជម្រះថា ពួកគាត់រងទុក្ខដោយសារតែពួកខ្មែរក្រហមធ្វើបាប និងកាប់សម្លាប់សមាជិកគ្រួសាររបស់ខ្លួន។
ដើមបណ្ដឹងរដ្ឋប្បវេណីទី១ ក្នុងចំណោម ៣រូប ឈ្មោះ ម៉ើ ពៅ ជាជនជាតិចាម មកពីភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ថ្លែងថា របបខ្មែរក្រហមបានបំបាត់សាសនាអ៊ីស្លាមហើយបង្ខំឱ្យលោកធ្វើអ្វីៗ តាមបញ្ជារបស់អង្គការ។
លោកត្រូវបង្ខំឱ្យរស់នៅបែកពីគ្រួសារគ្មានសាលារៀន និងគ្មានសាសនា៖ «រស់នៅតាមអង្គការកំណត់។ អង្គការប្រើប្រាស់ខ្ញុំឱ្យហូបពុំគ្រប់គ្រាន់។ ធ្វើការតាមអង្គការកំណត់ទាំងយប់ទាំងថ្ងៃ ស្គមស្បែកដណ្ដប់ឆ្អឹង បបរតែមួយវែក។ បើសិនធ្វើមិនបានសម្រេចតាមផែនការទេ អង្គការដករបបយើងបន្ថែមទៀត។ ហេតុនេះហើយបានជាទុក្ខសោកវេទនា កម្លាំងខ្ញុំក្មេង អាយុ ១៣ ឬ ១៤ឆ្នាំ បាត់បង់ឪពុកម្ដាយ ឈឺថ្កាត់ដេកក្រោមឈើម្នាក់ឯង ជម្រកផ្ទះសម្បែងក៏គ្មាន ដេកហាលភ្លៀងហាលផ្គរ មូសខាំ សាច់ញាតិក៏គ្មាន។ អ្វីៗ ទាំងអស់នេះហើយបានជាខ្ញុំពិបាក»។
លោកថ្លែងថា ឪពុកម្ដាយមីងមា និងសាច់ញាតិរបស់លោកចំនួន ១៧នាក់ បានស្លាប់នៅក្នុងរបបខ្មែរក្រហម ដោយការហូបចុកមិនគ្រប់គ្រាន់ ហើយខ្លះទៀត ត្រូវបានពួកឈ្លបខ្មែរក្រហមយកទៅសម្លាប់។
លោកបញ្ជាក់ថា បានរស់ក៏ដោយសារតែលោកលាក់ឈ្មោះពិត ហើយដូរឈ្មោះជាខ្មែរ។ លោក ម៉ើ ពៅ អះអាងថា លោកត្រូវបានគេចាប់ដាក់មន្ទីរឃុំឃាំងចោទថាក្បត់នឹងអង្គការ។ លោកបានឃើញពួកឈ្លបខ្មែរក្រហមសម្លាប់មនុស្សដោយផ្ទាល់ភ្នែក៖ «ថ្ងៃមួយពេលខ្ញុំចេញទៅធ្វើការ វាចោទស្ត្រីថា ជាសីលធម៌ (ខុសសីលធម៌)។ អ៊ីចឹងស្ត្រីនោះគេឱ្យអាក្រាតអស់ហើយគេវះ ពីខ្មាសរហូតដល់ស្បូន។ ស្ត្រីបានស្រែកឈឺខ្លោចផ្សា ហើយខ្ញុំជាកុមារជាអ្នកជាប់ទោស គេឱ្យយើងឈរមើល។ គេធ្វើមីទីងមួយសម្រាប់មិនឱ្យយើងទាំងអស់គ្នា ខុសសីលធម៌ដូចបែបបទនារីនោះ។ ពេលនោះវាវះយកថ្លើមមកឆាស៊ី។ វាថា បើមិត្តឯងក្បត់ ថ្លើមអ្នកឯង ត្រូវតែអញស៊ីអ៊ីចឹង។ នេះហើយហៅថាការភ័យខ្លាច ការរន្ធត់ដែលខ្ញុំនៅតូចផង។ អ៊ីចឹងពេលនោះ អ្វីៗ ក៏ខ្ញុំលះបង់ដែរ»។
ទាក់ទងនឹងការសម្លាប់ជនជាតិចាមនេះដែរ អង្គជំនុំជម្រះក៏បានស្ដាប់ការថ្លែងទុក្ខសោករបស់ដើមបណ្ដឹងរដ្ឋប្បវេណីជាជនជាតិមួយរូបទៀត ឈ្មោះ ម៉ាន ស្លេះ មកពីឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ដើមបណ្ដឹងរូបនេះ ជម្រាបអង្គជំនុំជម្រះថា លោករងទុក្ខដោយសារតែពួកយោធាខ្មែរក្រហមសម្លាប់ឪពុកម្ដាយ និងបងប្អូនរបស់លោកបន្ទាប់ពីការបំបាត់សាសនា ហើយបង្ក្រាបការបះបោរនៅទីនោះ។ ក្រោយការថ្លែងទុក្ខសោក លោកសួរទៅជនជាប់ចោទ នួន ជា និង ខៀវ សំផន ថា ហេតុអ្វីបានធ្វើដូច្នេះ៖ «សំណួរទីមួយ ហេតុអីបានជាខ្មែរក្រហមស្អប់ជនជាតិចាមម្ល៉េះ? សំណួរទីពីរ ហេតុអីបានជាខ្មែរក្រហមចង់សម្លាប់ចាមឱ្យផុតពូជ? សំណួរទីបី ហេតុអីបានជាចាត់ទុកសាសនាព្រះមហាម៉ាត់ ជាសាសនាសក្ដិភូមិ ប្រតិកិរិយា?»។
ទោះជាលោកសួរដូច្នេះក្ដី ជនជាប់ចោទ នួន ជា និង ខៀវ សំផន រក្សាសិទ្ធិមិនឆ្លើយតបទេ។
ដោយឡែក ដើមបណ្ដឹងរដ្ឋប្បវេណីទី៣ គឺអ្នកស្រី សៀង ចន្ថី មកពីខេត្តស្វាយរៀង ក៏បានថ្លែងទុក្ខសោកនៅចំពោះមុខអង្គជំនុំជម្រះថា បងប្រុសរបស់អ្នកស្រីត្រូវពួកខ្មែរក្រហមសម្លាប់ ហើយឪពុកធ្វើអត្តឃាត ដោយសារតែគាត់ជាជនជាតិវៀតណាម៖ «គាត់ភ័យគាត់ខ្លាច។ គ្រួសារវៀតណាម ពីរគ្រួសារគេយកទៅអស់ហើយ។ យកកូនគាត់ទៅសម្លាប់ប្រាំពីរថ្ងៃហើយ គាត់ខ្លាចស្លាប់ដូចកូនគាត់ បានជាគាត់ចងក»។
អ្នកស្រី សៀង ចន្ថី ថ្លែងថា ឪពុកអ្នកស្រីដាច់ចិត្តចងកសម្លាប់ខ្លួនឯង គឺគាត់ឃើញពួកខ្មែរក្រហមចាប់គ្រួសារវៀតណាម ពីរគ្រួសារយកទៅសម្លាប់។ ឪពុកអ្នកស្រីប្រាប់មុនពេលស្លាប់ថា ការដែលគាត់ធ្វើអត្តឃាត គឺដើម្បីកូនរស់។ អ្នកស្រីនឹងត្រូវមកថ្លែងទុក្ខសោកនៅចំពោះមុខអង្គជំនុំជម្រះជាបន្តទៀតនៅព្រឹកថ្ងៃទី១ ខែមីនា៕