តុលាការ​កំពូល​​បន្ត​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​របស់​ជនជាប់​ចោទ នួន ជា និង ខៀវ សំផន

ដោយ ឡេង ម៉ាលី
2016.02.16
ខៀវ សំផន ៨៥៥ ២០១៦ ជន​ជាប់​ចោទ ខៀវ សំផន នៅ​ក្នុង​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​របស់​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ក្នុង​សំណុំ​រឿង ០០២ វគ្គ ១ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
Photo courtesy of ECCC

អង្គ​ជំនុំជម្រះ​​តុលាការ​កំពូល​​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ បន្ត​ធ្វើ​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​របស់​ជន​ចាប់​ចោទ នួន ជា និង ខៀវ សំផន នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ១។ សវនាការ​នេះ គឺ​ជា​សវនាការ​បន្ត​ឡើង​វិញ បន្ទាប់​ពី​បាន​ផ្អាក ២​លើក ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

សវនាការ​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ អង្គ​ជំនុំជម្រះ​​របស់​តុលាការ​កំពូល ផ្ដោត​ជា​សំខាន់​លើ​ការ​ស្ដាប់​ភាគី​ជន​ជាប់​ចោទ និង​ភាគី​សហ​ព្រះរាជ​អាជ្ញា ផ្ដល់​ហេតុផល​ក្នុង​បណ្ដឹង​សាទុក្ខ​នេះ។

សវនាការ​នេះ គឺ​ជា​ការ​ដេញដោល​គ្នា​រវាង​ភាគី​ទាំង​ពីរ លើក​ឡើង​អំពី​ហេតុផល​ច្បាប់ ទាក់ទង​នឹង​ភាព​ត្រឹមត្រូវ​នៃ​ដំណើរ​ការ​នីតិ​វិធី​របស់​សាលា​ដំបូង និង​អំពី​ធម្មនុញ្ញ​ភាព​ ឬ​ភាព​ស្រប​តាម​វិធាន​ផ្ទៃក្នុង​នៃ​សាលាក្ដី​ខ្មែរក្រហម។

មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន លោក គង់ សំអុន ថ្លែង​ប្រាប់​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល ថា សវនាការ​នៅ​សាលាដំបូង ជា​នីតិវិធី​ដែល​ធ្វើ​ឱ្យ​មើល​ឃើញ​ថា កូន​ក្ដី​លោក​បាន​ទទួល​ការ​កាត់​សេចក្ដី​ប្រកប​ដោយ​ភាព​យុត្តិធម៌ ដូច​មាន​ចែង​ការពារ​ក្នុង​ច្បាប់។ ប៉ុន្តែ​លោក​ចាត់​ទុក​ថា នោះ​ជា​រូបភាព​សម្បក​ក្រៅ​ប៉ុណ្ណោះ៖ «បើ​មើល​ពី​សម្បក​ក្រៅ លោក ខៀវ សំផន បាន​ទទួល​ការ​ការពារ​ដូច្នោះ​មែន គឺ​ដោយសារ​តែ​លោក​មាន​មេធាវី​ការពារ​ជូន។ សេណារីយ៉ូ (Scenario) ដូច​គ្នា​នេះ​ដែរ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក ខៀវ សំផន គ្រាន់​តែ​ជា​សម្បក​ក្រៅ​ឱ្យ​របប​នេះ​តែ​ប៉ុណ្ណោះ។ ចំណែក​យើង​ជា​មេធាវី ក៏​ជា​សម្បក​ក្រៅ ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​តុលាការ​នេះ​ដូច​គ្នា​ដែរ។ តាម​ការ​ពិត ចៅក្រម​នៃ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​មិន​ដែល​មាន​បំណង​ផ្ដល់​អ្វី​ដល់​មេធាវី​យើង​ក្រៅ​ពី​តួនាទី​សម្រាប់​លម្អ ដែល​គ្រាន់​តែ​ជា​សម្បក​ក្រៅ​នោះ​ឡើយ។ ជា​ពិសេស គឺ​មិន​ទុក​ឱ្យ​យើង​បំពេញ​តួនាទី​ជា​មេធាវី​ការពារ​ក្ដី​របស់​ជន​ជាប់​ចោទ​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ទេ»

ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន យល់​ឃើញ​ថា ការ​កាត់​សេចក្ដី​របស់​សាលាដំបូង គឺ​ជា​ការ​ផ្ដន្ទាទោស​គ្រោង​ទុក​ជា​មុន ដែល​គិត​ថា កូន​ក្ដី​ខ្លួន​មាន​ទោស​រួច​ទៅ​ហើយ។ ក្រុម​មេធាវី​នេះ​បន្ត​ថា សាលា​ដំបូង​មិន​បាន​គិតគូរ​អំពី​ភស្តុតាង​ដែល​មាន​ភាព​សង្ស័យ​ទេ គឺ​ធ្វើ​យ៉ាង​ណា​ផ្ដន្ទាទោស​ឱ្យ​ខាង​តែ​បាន មុន​ពេល​ជន​ជាប់​ចោទ ខៀវ សំផន ស្លាប់។

ភាគី​សហ​ព្រះរាជ​អាជ្ញា អ្នក​ស្រី ជា លាង ឆ្លើយ​តប​ថា ការ​កាត់​សេចក្ដី​របស់​សាលា​ដំបូង​ចំពោះ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ត្រឹម​ត្រូវ ហើយ​ថា ក្រុម​មេធាវី​ទេ ដែល​មិន​បាន​បង្ហាញ​ភស្តុតាង​រឹង​មាំ​ធ្វើ​ឱ្យ​សំណុំរឿង​របស់​ខ្លួន​ខ្សោយ៖ «មេធាវី​ការពារ​ក្ដី​បាន​ខកខាន គឺ​មិន​មែន​ព្រោះ​តែ​អង្គ​ជំនុំជម្រះ​សាលាដំបូង​មិន​មាន​យុត្តិធម៌​នោះ​ទេ គឺ​ពី​ព្រោះ​តែ​ភស្តុតាង​ដែល​បាន​ដាក់​បង្ហាញ​ថា ឧក្រិដ្ឋកម្ម​ទាំង​នេះ​ត្រូវ​បាន​ប្រព្រឹត្ត ហើយ​ថា ទាំង នួន ជា និង ខៀវ សំផន បាន​ដើរ​តួនាទី​សំខាន់​ធ្វើ​ឱ្យ​ពួកគាត់​ទទួល​ខុស​ត្រូវ​ខាង​ព្រហ្មទណ្ឌ​ចំពោះ​ការ​ឈឺ​ចាប់ ដែល​បាន​កើត​ឡើង​មក​នេះ។ ការ​ជំនុំ​ជម្រះ​ពួក​គាត់ គឺ​មាន​លក្ខណៈ​ត្រឹមត្រូវ ហើយ​ការ​វិនិច្ឆ័យ​សេចក្ដី​ឱ្យ​ពួក​គាត់​ជាប់​ទោស គឺ​បាន​ធ្វើ​ឡើង​ដោយ​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់»

ក្រុម​មេធាវី​ការពារ​ក្ដី​ក៏​ជំទាស់​ដែរ អំពី​ការ​យក​ឯកសារ​​របស់​សាក្សី ឬ​អ្នក​សរសេរ​ខ្លះ ដោយ​មិន​ឡើង​មក​ផ្ដល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ។ ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​សុំ​ឱ្យ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល ច្រាន​ចោល​សាលក្រម​របស់​សាលាដំបូង។

សំណុំរឿង ០០២ វគ្គ ១ ត្រូវ​បាន​សាលា​ដំបូង​ចាប់​ផ្ដើម​ជំនុំជម្រះ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១១ ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣។ នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤ សាលា​ដំបូង​ចេញ​សាលក្រម​ដាក់​ពន្ធនាគារ​ជនជាប់ចោទ នួន ជា និង ខៀវ សំផន អស់​មួយ​ជីវិត ដោយ​រក​ឃើញ​ថា ជនជាប់ចោទ​ទទួល​ខុស​ត្រូវ​ចំពោះ​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ក្នុង​ការ​ជម្លៀស​ពលរដ្ឋ​ដោយ​បង្ខំ និង​ការ​សម្លាប់​ទាហាន និង​មន្ត្រី​រដ្ឋការ​របប លន់ នល់ ចន្លោះ​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩។ ជន​ជាប់​ចោទ​ទាំង​ពីរ បាន​ដាក់​សារណា​ប្ដឹង​សាទុក្ខ ៣៧៣​ទំព័រ​មក​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៤ ជំទាស់​នឹង​សាលក្រម​សាលាដំបូង។ តុលាការ​កំពូល​នឹង​បន្ត​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​នេះ​ទៀត នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​កុម្ភៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។