រឿង​ក្តី​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម អ្នកស្រី អ៊ឹម ចែម នឹង​ត្រូវ​សម្រេច​ចុង​ក្រោយ​នៅ​ឆ្នាំ​២០១៨

ដោយ មួង ណារ៉េត
2017-12-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​សង្ស័យ​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ដាក់​ឲ្យ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​កំបាំង​មុខ​កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៥ អ្នកស្រី អ៊ឹម ចែម។
ជន​សង្ស័យ​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ដាក់​ឲ្យ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​កំបាំង​មុខ​កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៥ អ្នកស្រី អ៊ឹម ចែម។
Photo courtesy of ECCC

ការ​សម្រេច​សេចក្ដី​ក្នុង​សំណុំរឿង​នៅ​សាលាក្ដី​ខ្មែរ​ក្រហម ពាក់ព័ន្ធ​នឹង​អ្នកស្រី អ៊ឹម ចែម ដែល​ជា​អតីត​ចៅហ្វាយ​ស្រុក​មួយ នៅ​ខេត្ត​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ថា​តើ​នឹង​ត្រូវ​បញ្ជូន​អ្នកស្រី​ទៅ​កាត់​ទោស ឬ​ត្រូវ​លើកលែង​ការ​ចោទ​ប្រកាន់​ទាំង​អស់​នៅ​ត្រឹម​នេះ ឬ​យ៉ាង​ណា​នោះ នឹង​ដឹង​លទ្ធផល​នៅ​ឆ្នាំ​ក្រោយ។

​រឿង​ក្ដី​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម អ្នកស្រី អ៊ឹម ចែម នឹង​សម្រេច​ជា​ចុង​ក្រោយ​នៅ​ត្រីមាស​ទី​២ ឆ្នាំ​២០១៨។ សាលាក្ដី​ខ្មែរ​ក្រហម​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ នេះ ថា​អង្គបុរេ​ជំនុំជម្រះ​នឹង​សម្រេច​ថា តើ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​ថា អ្នកស្រី អ៊ឹម ចែម ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ថា​តើ​តុលាការ​កូន​កាត់​មួយ​នេះ មាន​យុត្តាធិការ​លើ​អ្នកស្រី​ដែរ ឬ​យ៉ាង​ណា?

​សេចក្ដី​ជូន​ដំណឹង​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពី​អង្គ​បុរេ​ជំនុំជម្រះ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បាន​បើក​សវនាការ​ពីរ​ថ្ងៃ ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៧ លើ​បណ្ដឹង​ឧទ្ធរណ៍​ប្រឆាំង​ដីកា​ដំណោះស្រាយ។ ដីកា​ដំណោះស្រាយ​នេះ ចេញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៧ ដោយ​មាន​សំអាង​ហេតុ​លើកលែង​ការ​ចោទ​ប្រកាន់​លើ​អ្នកស្រី អ៊ឹម ចែម ដោយ​ហេតុផល​ថា តុលាការ​គ្មាន​យុត្តាធិការ​បុគ្គល​គ្រប់គ្រាន់ ព្រោះ​អ្នកស្រី​មិន​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​នៃ​ជន​ដែល​ជា​មេដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ជន​ទាំងឡាយ​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ក្នុង​អំឡុង​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩។  ប៉ុន្តែ​សេចក្ដី​សម្រេច​នេះ ត្រូវ​បាន​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ប្ដឹង​ជំទាស់​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។

សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​លើក​ឡើង​ថា ទោះជា​គ្មាន​ភស្តុតាង​ណា​បញ្ជាក់​ថា អ្នកស្រី អ៊ឹម ចែម ជា​មេដឹកនាំ​ជាន់ខ្ពស់​ក៏ដោយ តែ​អ្នកស្រី​មាន​តួនាទី​នៅ​ភូមិភាគ​និរតី និង​មាន​តួនាទី​ជា​គណៈ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ក្នុង​របប​ខ្មែរក្រហម ដែល​មាន​ការ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល។ សហ​ព្រះរាជអាជ្ញា​ជាតិ ជំទាស់​នឹង​ការ​កាត់​ក្តី​នេះ។ ប៉ុន្តែ សហ​ព្រះរាជា​អាជ្ញា​អន្តរជាតិ បញ្ជាក់​ជំហរ​ថា ការ​ជំនុំជម្រះ​ក្តី​អតីត​មេដឹកនាំ​ជាន់​ខ្ពស់ ឬ​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ក្រហម នឹង​ធ្វើ​ឲ្យ​សាធារណជន​កើន​សេចក្ដី​ជឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌ និង​ជា​សារ​មួយ​បញ្ជាក់​ថា មេដឹកនាំ​ដែល​កាន់​អំណាច​មិន​អាច​គេចវេះ​ជា​រៀង​រហូត​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បទឧក្រិដ្ឋ​ទាំង​ឡាយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ពេល​ខ្លួន​នៅ​មាន​អំណាច​នោះ​ឡើយ។

​រហូត​មក​ដល់​ពេល​នេះ សាលាក្ដី​ខ្មែរក្រហម​បើក​ដំណើរ​ការ​កាត់ក្ដី​អស់​រយៈពេល​ជាង ១២​ឆ្នាំ​ហើយ និង​ចំណាយ​ថវិកា​អស់​ជាង ៣០០​លាន​ដុល្លារ ដែល​ស្ទើរតែ​ទាំង​អស់​បាន​ពី​ជំនួយ​ឧបត្ថម្ភ​របស់​ប្រទេស​ម្ចាស់​ជំនួយ​នៃ​សហគមន៍​អន្តរជាតិ។ ជា​លទ្ធផល សាលាក្ដី​នេះ​បាន​កាត់​ទោស​ឲ្យ​អតីត​មេ​គុក​ទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុង​សំណុំរឿង ០០១ ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​ពីរ​រូប គឺ​លោក ខៀវ សំផន និង នួន ជា ក្នុង​សំណុំរឿង ០០២/០២ វិញ ក៏​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ផង​ដែរ។ ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​ពីរ​ផ្សេង​ទៀត គឺ​សំណុំរឿង ០០៣ ដែល​មាន​ជន​ត្រូវ​ចោទ មាស មុត និង​សំណុំ​រឿង ០០៤ ដែល​មាន​ជន​ត្រូវ​ចោទ អោ អាន និង យឹម ទិត្យ ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៦។ នីតិវិធី​បន្ត​ក្នុង​សំណុំ​រឿង​ទាំង​ពីរ​នេះ នៅ​មិន​ទាន់​បិទ​បញ្ចប់​ជា​ស្ថាពរ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

នៅក្នុងរឿងសាលាក្តីកាត់ទោសមេដឹកនាំជាន់ខ្ពស់ក្នុងរបបកម្ពូជាប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពូជាសព្វថ្ងៃនេះបានធ្វើឲ្យខ្មែរជាជនរងគ្រោះមានការស្មុុកស្មាយច្រើនជាអាណែក ដោយសារតែមន្ត្រីតុលាការស្ថិតនៅក្រោយអំណាចរបស់អ្នកនយោបាយ ។ ខ្ញុំបាទ ដែលជាអ្នកតាមដានម្នាក់ក្មុងចំណោមអ្នកដទៃមើលឃើញថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ចៅក្រមបានដាក់ទោសលោកខៀវ សំផន និង លោកនួន ជា អោយជាប់ទោសអស់មួយជីវិត មកដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ គឺទោស១ជីវិតដដែល ។ បើស្តាប់ទៅហាក់បីដូចជាអស់រឿងគឺចប់ ។ តែមកដល់ថ្ងៃនេះ យើងឃើញថា សាលាក្តីនេះកំពុងបន្ត ដូច្នេះសាលាក្តីនេះយើងខ្វះព៍តមានថា និងបិទបញ្ចប់ជាស្ថាពរនៅថ្ងៃខែឆ្នាំណាទេ ។ ដូច្នេះ យើងខ្មែរដែលជាជនរងគ្រោះ ត្រូវតែមូលមតិគ្នា ស្នើសូមដល់ម្ចាស់ជំនួយឲ្យបិទទ្វារសាលាក្តីនៅក្នុងប្រទេសកម្ពូជាមួយរយះសិន ហើយយើងជាជនរងគ្រោះត្រូវស្នើសូមដល់ប្រទេសម្ចាស់ជំនួយឲ្យលើកយករឿងក្តីនេះទៅធ្វើកាកាត់ទោសនៅក្នុងតុលាកាអន្តរជាតិវិញ ដើម្បីស្វែងរកការពិត និងផ្តល់នូវយុត្តិធម៍ច្បាស់លាស់ ហើយក៏អាចនិងបញ្ចៀសពីអ្នកមានអំណាចនយោបាយផងដែរ ៕

Dec 13, 2017 12:16 AM

គេហទំព័រ​ទាំងមូល