បទសម្ភាសន៍​ជាមួយ​អ្នក​ជំនាញ និង​ស្រាវជ្រាវ​រឿង​ខ្មែរក្រហម

ដោយ ជី វីតា
2018.11.22
នួន ជា ខៀវ សំផន ៨៥៥ ២០១៦ ជន​ជាប់​ចោទ នួន ជា (ឆ្វេង) និង ខៀវ សំផន នៅ​ក្នុង​ពេល​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ប្រកាស​សាលដីកា​លើ​បណ្ដឹង​សាទុក្ខ​ក្នុង​សំណុំរឿង ០០២ វគ្គ​ទី​១ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
Photo courtesy of ECCC

អតីត​ប្រធាន​ក្រុម​ស៊ើបអង្កេត នៃ​ការិយាល័យ​សហ​ព្រះរាជអាជ្ញា របស់​សាលា​ក្តី​ខ្មែរក្រហម និង​ជា​អ្នកនិពន្ធ​សៀវភៅ​អំពី​រឿងរ៉ាវ​ខ្មែរក្រហម បណ្ឌិត ក្រែក អិចជេសិន (Craig Etcheson) គាំទ្រ​ឲ្យ​មានការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម បន្ថែម​ទៀត លើស​ពី​មនុស្ស​ពីរ​បី​នាក់ ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​រួចហើយ។ លោក​អះអាង​ថា សាលា​ក្តី​ខ្មែរក្រហម រង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ ពី​របប​លោក ហ៊ុន សែន និង​កើតមាន​អំពើពុករលួយ​ជាច្រើន ដែល​ជា​កេរដំណែល​អាក្រក់​សម្រាប់​សាលា​ក្តី​នេះ​។ ទោះជា​យ៉ាង​នេះ​ក្តី លោក​អះអាង​ថា សាលា​ក្តី​នេះ បា​នរក​យុត្តិធម៌​បាន​ខ្លះ​ដែរ មិន​អត់​សោះ​ទេ។

ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​របស់​លោក ជី វីតា ជាមួយ​លោក ក្រែក អិចជេសិន លម្អិត​ជុំវិញ​រឿង​នេះ​ដូចតទៅ​៖

ជី វីតា៖ សួស្ដី លោក ក្រែក អិចជេសិន (Craig Etcheson) មើល​ទៅ​តុលាការ​ខ្មែរក្រហម មានតែ​អតីត​មេដឹកនាំ​៣​នាក់​ប៉ុណ្ណោះ គឺ ឌុច នួន ជា និង​ខៀវ សំផន ដែល​ត្រូវ​បាន​កាត់ទោស​អោយ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​រួច​ទៅ​ហើយ សូម្បីតែ​ជន​ជាប់​ជាប់ចោទ​បី​នាក់​ទៀត​ក្នុង​សំណុំរឿង​០០៣ (មាស មុត) និង ០០៤ (យឹម ទិត្យ និង​ឱ អាន) ក៏​ទំនងជា​មិន​បាន​ជំនុំជម្រះ​ដែរ។ តើ​លោក​គិត​ថា ការ​ផ្ដន្ទាទោស​បានតែ​បី​នាក់​ដូច្នេះ ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​ទទួល​បាន​យុត្តិធម៌​ពេញលេញ​ឬទេ?

ក្រែក អិចជេសិន៖ អ្វី​ដែល​មនុស្ស​ជាច្រើន​ពិបាក​យល់ និង​ពិបាក​ទទួលយក គឺ​យុត្តិធម៌​បែប​និមិត្តរូប។ ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​មិន​អាច​ចៀស​បានទេ ពីព្រោះ​តុលាការអន្តរជាតិ​មួយ​បង្កើត​ឡើង​ក្រោយ​មាន​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​រង្គាល​នោះ គឺជា​ការ​ប្រឹងប្រែង​ស្វែងរក​យុត្តិធម៌​បែប​និមិត្តរូប​តែប៉ុណ្ណោះ។ ចូរ​អ្នក​គិត​មើល នៅ​ពេល​មាន​មនុស្ស​ជាង ២​លាន​នាក់​ស្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម ប្រហែល​ជា​មាន​ជន​ដៃដល់​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ហើយ។ វា​នឹង​ស៊ីពេល​យូរ​ណាស់ គឺ​នឹង​ត្រូវ​ចំណាយ​ពេល​អស់​ជាច្រើន​ជីវិត និង​ត្រូវការ​មេធាវី​កម្ពុជា​ជា​ច្រើន​រូប​ទៀត​ផង ដែល​កម្ពុជា​កំពុង​ខ្វះ​ស្រាប់ ដើម្បី​នាំ​ជន​ដៃដល់​ទាំងអស់​នោះ​មក​កាត់​សេចក្ដី​រក​យុត្តិធម៌។ ដូច្នេះ​ហើយ​ទើប​តុលាការ​បែបនេះ មាន​គោលដៅ​នាំ​យក​តែ​មេដឹកនាំ​កំពូល​មក​ជំនុំ​ជំ​ម្រះ និង​ប្រមូល​ផ្តុំ​ចងក្រង​លាតត្រដាង​រឿងរ៉ាវ​នៃ​ការពិត​បាន​មក​ពី​ដំណើរការ​ជំនុំជម្រះ​នោះ ជូន​ទៅ​សាធារណជន។ ច្បាស់​ហើយ តុលាការ​ពិសេស​ដែល​បង្កើត​ឡើង​មាន​គោលដៅ​បែបនេះ មិន​អាច​រក​យុត្តិធម៌​ពិតប្រាកដ ឬ​យុត្តិធម៌​ពេញលេញ​បានទេ។ ទោះជា​បែប​នោះ​ក្តី វា​ជា​ការពិត ដែល​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ចង់​អោយ​មាន​ការ​នាំ​ខ្លួន​មក​ជំនុំជម្រះ​បន្ថែម​ទៀត លើស​ពី​បី​នាក់​ដែល​ត្រូវ​បាន​កាត់ទោស​រួចហើយ​នោះ ប៉ុន្តែ​គេ​នៅចាំ​មើល​ថា អាច​ទៅ​រួច​ឬទេ ពីព្រោះ​មានការ​ជំទាស់​ពី​ភាគី​កម្ពុជា។

ជី វីតា៖ ក្រោយពី​សាលាក្តី​ខ្មែរក្រហម​បិទទ្វារ តើ​តុលាការ​កម្ពុជា គួរតែ​ចាប់ផ្ដើម​ធ្វើការ​បន្ត បើក​ការស៊ើបអង្កេត និង​នាំ​ខ្លួន​អ្នកទទួលខុសត្រូវ និង​ជន​ដៃដល់​ផ្សេងទៀត​មក​ជំនុំជម្រះ​ដើម្បី​រក​យុត្តិធម៌​បន្ថែម​ទៀត​ឬទេ?

ក្រែក អិចជេសិន៖ នេះ​ជា​សំនួរ​ដ៏​ពិបាក​ខ្លាំង​សម្រាប់​មេដឹកនាំ​នៃ​ប្រទេស​ដែល​ទើប​ងើប​ចេញពី​ជម្លោះ។ ពិបាក​ត្រង់​ថា តើ​គេ​ត្រូវ​គូស​គំនូស​ត្រឹមណា​រវាង​យុត្តិធម៌ និង​ការផ្សះផ្សា​ជាតិ។ ខ្ញុំ​ប្រាកដ​ណាស់ ការ​សម្រេច​ចិត្ត​យក​ជម្រើស​ណាមួយ​ក៏​ដោយ​ចុះ ក៏​នឹង​ត្រូវ​រង​ការ​ស្ដីបន្ទោស​ដែរ។ ប៉ុន្តែ​បើ​ស្រេច​តែ​លើ​ការ​សម្រេច​ចិត្ត​របស់ខ្ញុំ​វិញ​នោះ ខ្ញុំ​គិត​ថា មេដឹកនាំ​ខ្មែរក្រហម​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដែល​នៅ​មិនទាន់​ត្រូវ​ផ្ដន្ទាទោស​នៅឡើយ ត្រូវតែ​នាំ​ខ្លួន​មក​កាត់​សេចក្ដី។

ជី វីតា៖ ប៉ុន្តែ ប្រហែលជា​មិន​អាច​ទៅ​រួច​ទេ ពីព្រោះ​សូម្បីតែ​ជនជាប់ចោទ​បី​នាក់​ទៀត​ក្នុង​សំណុំរឿង​០០៣ និង​០០៤ ដែល​ត្រូវ​បាន​ស៊ើបអង្កេត​រួចហើយ​ក៏​ទំនង​មិន​អាច​នាំមក​ជំនុំជម្រះ​នោះ ពីព្រោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ចង់​អោយ​មាន​ការ​កាត់​ទោស​លើស​ពី​សំណុំរឿង​០០១ និង​០០២ ហើយ​ព្រះរាជអាជ្ញា និង​ចៅក្រម​ជាតិ និង​អន្តរជាតិ​ក៏​ខ្វែងគំនិត​គ្នា​រឿង​នេះ។ តើ​លោក​យល់​យ៉ាងណា?

ក្រែក អិចជេសិន៖ ពិត​ហើយ ដូច​លោក​ដឹង​ស្រាប់​ហើយ កន្លងទៅ​ថ្មីៗ​នេះ ជនជាប់ចោទ​ម្នាក់​ក្នុង​សំណុំរឿង​០០៤ ត្រូវ​បាន​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ជំនុំជម្រះ ប៉ុន្តែ​ត្រូវ​បាន​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​ចេញ​ដីកា​ជំទាស់ ដូច្នេះ​ហើយ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​អង្គបុរេ​ជំនុំជម្រះ ដែល​យើង​កំពុង​រង់ចាំ​មើល​ទាំងអស់​គ្នា​ថា នឹង​ចេញ​សេចក្ដី​សម្រេច​បែប​ណា។

ក្នុង​រឿង​នេះ ប្រសិនបើ​អង្គបុរេ​ជំនុំជម្រះ​នៃ​សាលា​ក្តី​ខ្មែរក្រហម​បដិសេធ​ដីកា​ស្នើ​ជំនុំជម្រះ ឬ​សម្រេច​បញ្ជូន​សំណុំ​នេះ​ទៅ​ជំនុំជម្រះ ដោយ​ផ្អែកលើ​ហេតុផល​ច្បាប់​ត្រឹមត្រូវ​នោះ វា​នឹង​បន្សល់ទុក​កេរដំណែល​ល្អ​សម្រាប់​សាលា​ក្តី​ខ្មែរក្រហម។ ផ្ទុយទៅវិញ ប្រសិនបើ​សំណុំ​រឿង​នេះ​ជាប់​គាំង ដោយ​អង្គបុរេជំនុំជម្រះ មិន​ព្រម​ចេញ​សេចក្ដី​សម្រេច​ណាមួយ​ផ្អែក​តាម​គតិយុត្តិ​ត្រឹមត្រូវ​ទេ​នោះ សំណុំ​រឿង​នេះ​នឹង​ក្លាយ​ជា​សំណុំរឿង​គ្មាន​ដីកា​ដំណោះស្រាយ។ ហើយ​បើ​ដូច្នេះ​មែន វា​ជា​កេរដំណែល​អាក្រក់​របស់​សាលា​ក្តី​ខ្មែរក្រហម​បន្សល់ទុក។ សំណុំរឿង​០០៤ គឺ​មាន​ជនជាប់ចោទ​ពីរ​នាក់​កំពុង​រង់ចាំ​ដីកា​ដំណោះស្រាយ។

ជី វីតា៖ តើ​លោក​គិត​ថា អាច​នឹង​មាន​ដីកា​ដំណោះស្រាយ​ទេ មើល​ទៅ?

ក្រែក អិចជេសិន៖ រឿង​មួយ​ដែល​អាច​កើតឡើង​សម្រាប់​សំណុំរឿង​០០៣ និង​០០៤ គឺថា ម្ចាស់​ជំនួយ​អន្តរជាតិ អាច​សំរេច​ចិត្ត​ថា ពួកគេ​ចូលរួម​ដំណើរ​ការ​រក​យុត្តិធម៌​ល្មម​គ្រប់គ្រាន់​ហើយៗ​បុគ្គលិក​ខ្មែរ​នៅ​សាលា​ក្តី​ខ្មែរក្រហម​ក៏​ទទួល​បាន​បទពិសោធន៍​ល្មម​គ្រប់គ្រាន់​ដែរ ដើម្បី​បន្ត​ដោះស្រាយ​សំណុំរឿង​០០៣ និង​០០៤ ដែល​មាន​ជនជាប់ចោទ​បី​នាក់​ដោយ​ខ្លួនឯង​ដោយ​មិន​ចាំបាច់​មាន​ភាគី​អន្តរជាតិ​ចូលរួម។ នេះ​ជា​យន្តការ​មួយ​ដែល​ម្ចាស់​ជំនួយ​អន្តរជាតិ ហៅថា ៖ ទុក​សំណុំរឿង និង​បញ្ហា​ដែល​នៅ​សេសសល់​អោយ​ភាគី​កម្ពុជា​ដោះស្រាយ​ដោយ​ខ្លួនឯង បន្ទាប់ពី​ការ​ជំនុំជម្រះ​សំណុំរឿង​ធំៗ​ត្រូវ​បាន​បិទ​បញ្ចប់ នេះ​គឺ​លទ្ធភាព​មួយ​ដែល​កើតឡើង។

ជី វីតា៖ លោក ក្រែក (Craig) ជា​រួម តើ​លោក​វាយតម្លៃ​ការងារ​សាលា​ក្តី​ខ្មែរក្រហម​បែប​ណា​ដែរ រួម​ទាំង​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ​ពី​សំណាក់​រដ្ឋាភិបាល​ផង​នោះ?

ក្រែក អិចជេសិន៖ ខ្ញុំ​បាន​ចំណាយ​ពេល​អស់​ជាង​២៥​ឆ្នាំ ក្នុង​ការ​ចូលរួម​រៀបចំ​បង្កើត និង​ធ្វើ​អោយ​តុលាការ​នេះ​ដំណើរការ​បាន​មកដល់​សព្វថ្ងៃ។ រយៈពេល​កន្លងទៅ ខ្ញុំ​តែងតែ​រង់ចាំ​មើល​ទាំង​រំភើប​ចិត្ត​ថា តើ​ទី​បញ្ចប់​យុត្តិធម៌​នឹង​ចេញ​មក​បែប​ណា។ ឥលូវ​នេះ​យើង​ឃើញ​យុត្តិធម៌​ចាប់​ផ្តើម​ចេញ​មក​បណ្ដើរៗ​ហើយ​។ ទោះ​យ៉ាងណា ខ្ញុំ​គិត​ថា ការ​ទទួល​បាន​យុត្តិធម៌​ខ្លះ ប្រសើរ​ជាង​គ្មាន​យុត្តិធម៌​ទាល់តែសោះ។ ចំពោះ​ការ​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​ពី​សំណាក​រដ្ឋាភិបាល​វិញ វា​ធ្វើ​អោយ​រំខាន​ដល់​ដំណើរ​ការងារ​របស់​តុលាការ។ ប៉ុន្តែ​បើ​អ្នក​ក្រឡេក​មើល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផ្សេងទៀត​ដែល​ត្រូវ​បាន​បង្កើត​ឡើង គឺ​តែងតែ​មាន​ឥទ្ធិពល​នយោបាយ​ជ្រៀតចូល​ខ្លះៗ​ជានិច្ច។ ដូច្នេះ​ខ្ញុំ​គិត​ថា គេច​មិន​ផុត​ទេ​រឿង​រង​ឥទ្ធិពល​នយោបាយ​ទៅ​ក្នុង​តុលាការ​ប្រភេទ​នេះ។

ជី វីតា៖ សាលា​ក្តី​ខ្មែរក្រហម​មក​ទល់​ពេល​នេះ កាត់ទោស​បានតែ​បី​នាក់ ដោយ​ចំណាយ​ពេល​ជាង​១០​ឆ្នាំ និង​ថវិកា​ជិត ៣០០​លាន​ដុល្លារ។ តើ​សម​នឹង​ទទួលយក​បានទេ?

ក្រែក អិចជេសិន៖ បាទ តាម​ទស្សនៈ​របស​ខ្ញុំ វា​សមរម្យ​ហើយ ពីព្រោះ​តុលាការ​ប្រភេទ​នេះ ចំណាយ​លុយ​ច្រើន​ណាស់។

ជី វីតា៖ មានការ​ចោទប្រកាន់​ច្រើន​ណាស់​អំពី​អំពើពុករលួយ​នៅ​ក្នុង​សាលា​ក្តី​ខ្មែរក្រហម។ លោក​ធ្វើការ​នៅ​ទីនោះ​ជា​ប្រធាន​ការិយាល័យ​សហ​ព្រះរាជអាជ្ញា​អស់​រយៈពេល​៦​ឆ្នាំ ក្រោយ​ការ​បង្កើត​ឆ្នាំ​២០០៦ តើ​លោក​ដឹង​អ្វីខ្លះ​អំពី​បញ្ហា​ពុករលួយ​នៅ​ទីនោះ?

ក្រែក អិចជេសិន៖ បុគ្គលិក​ខ្មែរ​ស្ទើរ​តែ​ទាំងអស់​ដែល​បម្រើ​ការ​នៅ​សាលា​ក្តី​ខ្មែរក្រហម គឺជា​សមាជិក​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ហើយ​ពួកគេ​ត្រូវតែ​បង់លុយ​ប្រចាំខែ​ទៅ​អោយ​គណបក្ស​ប្រជា​កម្ពុជា។ ការ​បង់លុយ​ប្រចាំខែ​នោះ​ហើយ បណ្ដាល​អោយ​មាន​រឿងអាស្រូវ​ពុករលួយ​ក្នុង​សាលា​ក្តី​។ អង្គការសហប្រជាជាតិ​បាន​ស៊ើបអង្កេត​រឿងអាស្រូវ​នោះ​ជា​ផ្លូវការ ប៉ុន្តែ​ពុំបាន​បញ្ចេញ​របាយការណ៍​នោះ​ទេ ដូច្នេះ​ខ្ញុំ​មិនបាន​ដឹង​ថា របាយការណ៍​នោះ​និយាយ​អ្វីខ្លះ​ទេ។

ជី វីតា៖ បើ​ទោះជា​អង្គការសហប្រជាជាតិ មិនបាន​បញ្ចេញ​របាយ​ការណ៍​ស៊ើបអង្កេត​នោះ​ក៏ដោយ ក៏​យើង​ដឹង​ទាំងអស់​គ្នា​ថា ដោយសារ​រឿងអាស្រូវ​ពុករលួយ​នោះ ប្រធាន​រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម គឺ​លោក ស៊ាន វិសុទ្ធ បាន​សម្រាក​ពី​ការងារ​ដោយ​មិន​ទទួល​ប្រាក់ខែ​ជា​រៀង​រហូត ហើយ​ជំនួស​ដោយ​លោក ក្រាញ តូនី ធ្វើជា​ប្រធាន​រដ្ឋបាល​ស្ដីទី​មកដល់​សព្វថ្ងៃ​នេះ។ ក្រៅពី​លោក ស៊ាន វិសុទ្ធ ដែល​ត្រូវ​សម្រាក​ពី​ការងារ​ជា​រៀង​រហូត​នោះ ប្រធាន​ផ្នែក​បុគ្គលិក​និង​បុគ្គលិក​មួយ​ចំនួន​ដែល​ជាប់ចោទ​ជា​ខ្សែ​បណ្ដាញ​របស់​លោក ស៊ាន វិសុទ្ធ ត្រូវ​បាន​ដកចេញ​តាម​សំណើ​របស់​អង្គការសហប្រជាជាតិ។ ប៉ុន្តែ​លោក​ដឹង​ទេ​ថា ហេតុអ្វី​បានជា​អង្គការសហប្រជាជាតិ មិន​ព្រម​បញ្ចេញ​របាយការណ៍​ស៊ើបអង្កេត​ពុករលួយ​នោះ?

ក្រែក អិចជេសិន៖ ខ្ញុំ​អត់​ដឹង​ទេ។

ជី វីតា៖ ដោយសារតែ​សាលាក្តី​ខ្មែរក្រហម​ផ្ដន្ទាទោស​បានតែ​បី​នាក់ ឬ​មិន​អាច​ជំនុំជម្រះ​បាន​ច្រើន តើ​លោក​គាំទ្រ​អោយ​មាន​ការ​បង្កើត​គណៈកម្មការ​ផ្សះផ្សា និង​ស្វែងរក​ការពិត ដូចដែល​បាន​បង្កើត​និង​អនុវត្ត​នៅ​ប្រទេស​ផ្សេង ដែល​ហៅថា Truth And Reconciliation Commission គណៈកម្មការ​ផ្សះផ្សា និង​ស្វែងរក​ការពិត?

ក្រែក អិចជេសិន៖ ដូច​លោក​ដឹង​ស្រាប់​ហើយ វា​គឺជា​យន្តការ​មួយ​បង្កើត​ឡើង ដើម្បី​ផ្សះផ្សា​ផ្លូវចិត្ត​របស់​ជនរងគ្រោះ និង​ជន​ពាក់ព័ន្ធ​ការ​សម្លាប់​មនុស្ស ដើម្បី​អោយ​មានការ​យោគយល់​អធ្យាស្រ័យ​គ្នា លែង​ស្អប់ខ្ពើម​គ្នា ដើម្បី​រួមរស់​នៅ​ក្នុង​សង្គមជាតិ​ជាមួយគ្នា​ដោយ​គ្មាន​ការ​ប្រកាន់​រើសអើង​គ្នា។ យន្តការ​នេះ​គេ​អនុវត្ត​ក្រោយ​ពី​កើត​មាន​ជម្លោះ​កាប់សម្លាប់​រង្គាល និង​អំពើ​ប្រល័យពូជសាសន៍ ដូចជា​នៅ​ប្រទេស Rwanda

និយាយ​រួម គឺ​វិធី​ផ្សះផ្សា​សម្រុះសម្រួល​គ្នា​រវាង​ជនរងគ្រោះ​និង​ជន​ដៃដល់ ដោយ​លើកទឹកចិត្ត​អោយ​ភាគី​ទាំងពីរ​ចូលរួម​ជជែក​គ្នា​ក្នុង​សហគមន៍​ជា​សាធារណៈ ដោយ​ជនល្មើស​សារភាព​ការពិត ហេតុអ្វី​បានជា​ខ្លួន​ប្រព្រឹត្ត​បែប​នោះ ហើយ​ទទួលស្គាល់​ថា ខ្លួន​ធ្វើ​នោះ​ពិតជា​ខុស សុំ​ការ​អនុគ្រោះ ធ្វើ​អោយ​ជនរងគ្រោះ​ដឹង​ការពិត យោគយល់ និង​ស្បើយ​ការឈឺចាប់​ផ្លូវចិត្ត ហើយ​អាច​រួមរស់​ក្នុង​សង្គម​ជាមួយគ្នា​ទៅ​មុខ​ទៀត ដោយ​គ្មាន​ការសង្ស័យ ភ័យខ្លាច និង​គ្មាន​ការ​យក​ទោសពៃរ៍​គ្នា។ គណៈកម្មការ​ផ្សះផ្សា និង​ស្វែងរក​ការពិត​នេះ ក៏​មាន​តួនាទី​ចងក្រង​រឿងរ៉ាវ​ដែល​ជនរងគ្រោះ និង​ជន​ដៃដល់​រៀបរាប់ ដើម្បី​ទុក​ធ្វើជា​ឯកសារ​មេរៀន​ដក​បទពិសោធន៍ ទៅ​ក្នុង​វិស័យ​អប់រំ​ដែរ។ លើស​ពី​នេះ គណៈកម្មការ​នេះ ក៏​មាន​តួនាទី​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អោយ​បង្កើត​ច្បាប់​ល្អៗ​សំរាប់​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស​ផង​ដែរ។

ជី វីតា៖ តើ​កម្ពុជា​គួរ​មាន​គណៈកម្មការ​ផ្សះផ្សា និង​ស្វែងរក​ការពិត បែបនេះ​ទេ?

ក្រែក អិចជេសិន៖ នៅ​ប្រទេស​មួយ​ចំនួន ឧទាហរណ៍ ប្រទេស​សេរ៉ាឡេអូន (Sierra Leone) បាន​ប្រើប្រាស់​ទាំង​យន្តការ Truth And Reconciliation Commission ឬ​គណៈកម្មការ​ផ្សះផ្សា និង​ស្វែងរក​ការពិត​នេះ និង​តុលាការ​ព្រហ្មទណ្ឌ ហើយ​ឃើញ​មាន​ប្រសិទ្ធភាព​ល្អ​របស់​គេ។ ដូច្នេះ​ខ្ញុំ​គិត​ថា នេះ​ជា​លទ្ធភាព​មួយ​ដែល​មេដឹកនាំ​កម្ពុជា​គួរ​ពិចារណា​ដែរ។

ជី វីតា៖ ដូច្នេះ​លោក​គាំទ្រ​អោយ​មាន​មែន​ទេ?

ក្រែក អិចជេសិន៖ ប្រសិនបើ​រៀបចំ​អោយ​បាន​ត្រឹមត្រូវ ខ្ញុំ​គាំទ្រ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា កម្ពុជា​ប្រហែលជា​ត្រូវការ​ការ​ជួយជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ ដូច​ករណី​បង្កើត​សាលា​ក្តី​ខ្មែរក្រហម​ដែរ ដើម្បី​អោយ​មាន​ប្រសិទ្ធភាព។

ជី វីតា៖ សូម​អរគុណ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។