ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ខៀវ សំផន គ្រោង​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​សាលក្រម​អង្គ​ជំនុំជម្រះ​សាលា​ដំបូង

ដោយ ទីន ហ្សាការីយ៉ា
2019.04.30
គង់ សំអុន ៦២០ លោក គង់ សំអុន មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន ក្នុង​សវនាការ ថ្ងៃ​ទី ២២ វិច្ឆិកា ឆ្នាំ ២០១១។
ECCC/Mark Peters

សហ​មេធាវី​ជាតិ​ការពារ​ក្តី​ឲ្យ​លោក ខៀវ សំផន ថា គ្រោង​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​សាលក្រម​អង្គ​ជំនុំជម្រះ​សាលា​ដំបូង នៅ​ពេល​ឆាប់ៗ ខាង​មុខ។ លោក គង់ សំអុន ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣០ ខែ​មេសា​ថា ដោយសារ​សំណុំរឿង​នេះ​ស្មុគស្មាញ ក្រុម​លោក​ត្រូវ​ការ​ពេលវេលា​បន្ថែម​ទៀត ដើម្បី​រៀបចំ​បណ្ដឹង​ឧទ្ធរណ៍​នោះ។

សាលាក្ដី​ខ្មែរក្រហម បាន​រក​ឃើញ​ថា​ របប​ខ្មែរ​ក្រហម​ ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ជា​ច្រើន រួម​ទាំង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​អំពើ​​ប្រល័យ​ពូជសាសន៍ លើ​ជន​ជាតិ​ចាម​ តាម​រយៈ​ការ​ធ្វើ​មនុស្ស​ឃាត​ទៅ​លើ​សមាជិក​នៃ​ជន​ជាតិ​នេះ​ផង។

នៅ​ក្នុង​សាលក្រម​របស់​អង្គ​ជំនុំ​កំណត់​មនុស្ស​ពីរ​នាក់ ឲ្យ​មាន​ទោស​ចំពោះ​អំពើ​ប្រល័យ​ពូជ​សាសន៍​លើ​ជនជាតិ​ចាម អនុលោម​តាម​មាត្រា​ ៤ និង ២៩ (ថ្មី) នៃ​ច្បាប់​ស្ដីពី​ការ​បង្កើត​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (...)

នៅ​សាលក្រម​នេះ អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់​តែ​ពីរ​នាក់​ប៉ុណ្ណោះ គឺ​លោក នួន ជា និង​លោក ខៀវ សំផន ដែល​សាលាក្ដី​ខ្មែរក្រហម​រក​ឃើញ​ថា​ បាន​ទទួល​ខុសត្រូវ​ ចំពោះ​អំពើ​ប្រល័យ​ពូជ​សាសន៍​នេះ និង​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

អតីត​កម្មាភិបាល​ខ្មែរក្រហម​ដទៃ​ទៀត ដែល​អ្នក​ខ្លះ​កំពុង​កាន់​តំណែង​កំពូលៗ នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​​សព្វថ្ងៃ មិន​មាន​ឈ្មោះ​ជាប់​ពាក់ព័ន្ធ នៅ​ក្នុង​រឿង​នេះ​ទេ។

អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ជា​អ្នកនិពន្ធ​សៀវភៅ ដែល​មាន​ចំណងជើង​ថា "ការ​បះបោរ​របស់​ជន​ជាតិ​ចាម" លោក អ៊ីសា អូស្មាន ថ្លែង​បញ្ជាក់​ថា លោក​រក​មិន​ឃើញ​ឯកសារ​​ណា​ ដែល​បញ្ជាក់​ថា​ លោក ហ៊ុន សែន និង​លោក ហេង សំរិន ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ជន​ជាតិ​នោះ​ទេ។

ការ​លើក​ឡើង​របស់​លោក អ៊ីសា អូស្មាន នេះ ជា​ការ​ឆ្លើយ​តប ចំពោះ​ការ​ផ្សាយ​របស់​អាស៊ី​សេរី​ផ្សាយ​កន្លង​មក ដែល​ថា លោក​បាន​រក​ឃើញ​ឯកសារ លោក ហ៊ុន សែន និង​លោក ហេង សំរិន ជាប់​ពាក់ព័ន្ធ និង​ការ​សម្លាប់​ជនជាតិ​ចាម​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ តាម​ពិត លោក អ៊ីសា អូស្មាន អះអាង​ថា លោក​មិន​បាន​រក​ឃើញ​ឯកសារ​ណា​មួយ ដែល​បញ្ជាក់​ថា លោក​នាយករដ្ឋមន្ត្រី ជាប់​ពាក់ព័ន្ធ និង​ការ​សម្លាប់​ជនជាតិ​ចាម​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។