អ្នកជំនាញចង់ឃើញសាលាក្ដីកូនកាត់ខ្មែរក្រហម (ហៅកាត់ថា អ.វ.ត.ក ឬ ECCC) បើកចំហការចូលអានឯកសារកាលប្បវត្តិនានាពាក់ព័ន្ធនឹងរឿងរ៉ាវ និងដំណើរការកាត់ក្តីខ្មែរក្រហម ឱ្យបានទូលំទូលាយដល់សាធារណជនទូទៅ នៅក្រោយពេលដែលតុលាការនេះបញ្ចប់អាណត្តិរបស់ខ្លួន។ ពួកគេលើកឡើងថា ការធ្វើដូច្នេះគឺដើម្បីរក្សាកេរ្តិ៍ដំណែលរបស់តុលាការនេះដែលបន្សល់ទុកដល់ជនរងគ្រោះនៃរបបខ្មែរក្រហម ឱ្យបានគង់វង្ស។
ក្រោយពីបានដំណើរការអស់រយៈពេលជាង ១ទសវត្សកន្លះមកនេះ គឺចាប់តាំងពីត្រូវបានបង្កើតដំបូងឡើងកាលពីដើមឆ្នាំ២០០៦ ដែលជាផ្នែកមួយនៃដំណើរការស្វែងរកយុត្តិធម៌ និងផ្សះផ្សារបួសផ្លូវចិត្តជូនជនរងគ្រោះពីរបបកម្ពុជាប្រជាធិបតេយ្យដែលគេតែងស្គាល់ថា ជារបបខ្មែរក្រហមនោះ តុលាការកូនកាត់ខ្មែរក្រហមនឹងត្រូវបិទបញ្ចប់អាណត្តិរបស់ខ្លួនជារៀងរហូតនៅដំណាច់ឆ្នាំ២០២២នេះ។
ក្រុមអ្នកជំនាញបានឆ្លុះបញ្ចាំងឡើងវិញពីសារសំខាន់នៃការរក្សាទុកឯកសារដែលជាចំណែកមួយនៃការទទួលបានយុត្តិធម៌ និងនាំឱ្យមានការទទួលខុសត្រូវរបស់ក្រុមមេដឹកនាំខ្មែរក្រហមនៅក្នុងសង្គមកម្ពុជា។
ថ្លែងក្នុងកិច្ចពិភាក្សាមួយធ្វើឡើងកាលពីថ្ងៃទី៦ ខែកក្កដា រៀបចំឡើងដោយ វិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព (ហៅកាត់ថា USIP)ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន (Washington D.C.) នាយិកាការិយាល័យស្រាវជ្រាវផ្នែកឧក្រិដ្ឋកម្មសង្គ្រាមនៃមហាវិទ្យាល័យច្បាប់នៅសាកលវិទ្យាល័យ American University អ្នកស្រី ស៊ូសាណា សាគូតូ (Susana SáCouto)គូសបញ្ជាក់ថា នៅក្នុងយុគសម័យនៃការផ្សព្វផ្សាយព័ត៌មានមិនពិតនាពេលបច្ចុប្បន្ននេះ វាពិតជាមានភាពងាយស្រួលណាស់ក្នុងការធ្វើឱ្យអ្វីៗដែលសម្រេចបានពីដំណើរការកាត់ក្តីនេះឱ្យត្រលប់ថយក្រោយមកវិញដើម្បីបំភ័ន្តប្រវត្តិសាស្ត្រ បើទោះបីជាមានការរក្សាទុកឯកសារនានាទាក់ទងនឹងរឿងរ៉ាវខ្មែរក្រហមយ៉ាងណាក៏ដោយ។ អ្នកស្រីព្រមានថា នៅមានហានិភ័យខ្ពស់ដែលថា សមិទ្ធផលសម្រេចបានដោយសាលាក្តីខ្មែរក្រហមនេះអាចនឹងត្រូវបាត់បង់ទៅវិញ៖ « ខ្ញុំគិតថា មធ្យោបាយតែមួយគត់ដើម្បីបន្តដំណើរទៅមុខទៀតគឺថា មេរៀនដែលខ្ញុំគិតថា មិនមែនសម្រាប់តែកម្ពុជានោះទេ តែសម្រាប់អង្គជំនុំជម្រះដទៃទៀត គឺថា នៅពេលដែលចូលមកដល់ទីបញ្ចប់នៃអាណត្តិរបស់ខ្លួន ការរក្សាទុកជាឯកសារកាលប្បវត្តិគឺពិតជាមានសារសំខាន់ខ្លាំងណាស់។ លទ្ធភាពនៃការបើកចំហឱ្យសាធារណជនទូទៅអាចចូលអានឯកសារកាលប្បវត្តិទាំងនោះ ការមានឯកសារទាំងនោះបកប្រែជាភាសាខ្មែរ និងលទ្ធភាពនៃការចូលទៅអានព័ត៌មានពិតប្រាកដ រួមទាំងការតាំងពិព័រណ៍ដែលយើងកំពុងធ្វើនៅទីនេះផង គឺត្រូវតែធ្វើបន្ត និងពិតជាមានសារសំខាន់ខ្លាំងមែនទែន ដើម្បីរក្សាទុកនូវកេរ្តិ៍ដំណែលនៃសាលាក្ដីនេះសម្រាប់ជនរងគ្រោះ»។
អ្នកជំនាញរូបនេះកត់សម្គាល់ថា មតិរិះគន់នានាដែលថា តុលាការខ្មែរក្រហមមានពាក់ព័ន្ធនឹងរឿងរ៉ាវអាស្រូវពុករលួយ ទទួលរងនូវឥទ្ធិពលនយោបាយ ដំណើរការកាត់ក្តីយឺតយ៉ាវ និងចំណាយអស់ថវិកាច្រើន គឺជាការរិះគន់សមហេតុផល។ ក៏ប៉ុន្តែ អ្នកស្រីគិតថា ផ្នែកមួយនៃសមិទ្ធផល និងកេរ្តិ៍ដំណែលរបស់តុលាការនេះ គឺការជួយគាំទ្រដល់ជនរងគ្រោះពីសម័យខ្មែរក្រហម។ អ្នកជំនាញអំពីការស្រាវជ្រាវនៃឧក្រិដ្ឋកម្មសង្គ្រាមរូបនេះ សង្កត់ធ្ងន់ថា ពលរដ្ឋកម្ពុជាចាំបាច់ត្រូវដឹងអំពីអ្វីដែលកំពុងតែកើតឡើងនៅក្នុងតុលាការខ្មែរក្រហមនាពេលនេះ ជាពិសេសទាក់ទងនឹងសំណុំរឿង ០០៣ និង០០៤ ដែលពាក់ព័ន្ធនឹងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដទៃទៀត។ អ្នកស្រីពន្យល់ថា វាពិតជាសំខាន់ណាស់ដែលតុលាការចាំបាច់ត្រូវឱ្យសាធារណជនដឹងថា កាលពីឆ្នាំកន្លងទៅ តុលាការកំពូលនៃអង្គជំនុំជម្រះតុលាការខ្មែរក្រហម បានទាត់ចោលបណ្តឹងឧទ្ធរណ៍របស់សហព្រះរាជអាជ្ញាអន្តរជាតិដែលបានស្នើឱ្យតុលាការខ្មែរក្រហមជំនុំជម្រះក្តីប្រឆាំងនឹងមេដឹកនាំខ្មែរក្រហមដទៃទៀត។ អ្នកស្រីថា វាពិតជាមានសារសំខាន់ដែលសាធារណជនយល់ដឹងអំពីការសម្រេចសេចក្តីនេះ ដែលថា នឹងមិនមានសវនាការលើជនជាប់ចោទទាំងនោះទេ ក៏ប៉ុន្តែការណ៍នេះ ក៏មិនមែនមានន័យថា តុលាការរកឃើញថា ជនសង្ស័យទាំងនេះ ដូចជា មាស មុត អោ អាន យឹម ទិត្យ និង អ៊ឹម ចែម គ្មានកំហុស ឬពុំបានប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរនោះឡើយ។
នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា (Documentation Center of Cambodia) លោក លី សុខឃាង ថ្លែងក្នុងកិច្ចពិភាក្សានោះថា មជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំឱ្យមាននូវឯកសារកាលប្បវត្តិផ្ដោតលើសម័យខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ និងនៅក្រោយសម័យខ្មែរក្រហម។ លោកថា មជ្ឈមណ្ឌលរបស់លោកបានចងក្រងឯកសារពាក់ព័ន្ធនឹងខ្មែរក្រហមចំនួនជាង ២សែន២ម៉ឺនឯកសារ ស្មើនឹងជាង ១លាន ៧សែនទំព័រ។ ក្រៅពីនោះ មជ្ឈមណ្ឌលឯកសារកម្ពុជាក៏បានរកឃើញមន្ទីរឃុំឃាំង ឬគុកកាលពីសម័យខ្មែរក្រហមចំនួន ១៩៧ និងកន្លែងកប់សពចំនួនជិត ២ម៉ឺនកន្លែង ស្មើនឹង៣៩០ទីតាំង។
រីឯ អ្នកកាសែតជើងចាស់ជនជាតិអាមេរិកាំង និងជាអ្នកនិពន្ធសៀវភៅអំពីខ្មែរក្រហមដែលមានចំណងជើងថា «នៅពេលដែលសង្គ្រាមរលត់ទៅ» (When the War Was Over) អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ (Elizabeth Becker) ថ្លែងថា តុលាការខ្មែរក្រហមបាននាំមកនូវប្រវត្តិសាស្ត្រជូនប្រជាជនកម្ពុជាវិញ ដែលបច្ចុប្បន្នឯកសារតម្កល់ទុកជាច្រើនត្រូវបានរក្សាទុកដោយមជ្ឈមណ្ឌលឯកសារកម្ពុជា និងដោយតុលាការខ្មែរក្រហម។ អ្នកស្រីពន្យល់ថា គឺដោយសារតែតុលាការខ្មែរក្រហមនេះហើយទើបបានជាពលរដ្ឋកម្ពុជាអាចក្រឡេកទៅមើលប្រវត្តិសាស្ត្ររបស់ខ្លួនឡើងវិញបាន។ អ្នកស្រីថា នៅពេលបច្ចុប្បន្ននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យាយាមកេងចំណេញពីអ្វីៗទាំងអស់ ដោយបដិសេធមិនព្រមទទួលស្គាល់ពីសារសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បដិសេធមិនព្រមទទួលស្គាល់ពីតួនាទីរបស់អង្គការសហប្រជាជាតិនៅក្នុងការនាំមកនូវសន្តិភាពជូនដល់សង្គមកម្ពុជា និងបដិសេធមិនឱ្យមានការជំនុំជម្រះសំណុំរឿង០០៣ និង០០៤ របស់អតីតមេដឹកនាំខ្មែរក្រហមមួយចំនួនជាដើម។ អ្នកស្រីថា ចាំបាច់ដែលសាធារណជនត្រូវយល់ដឹងពីប្រវត្តិសាស្ត្រទាំងនេះ ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជាព្យាយាមបិទបាំង។ អ្នកស្រីក៏បានរំឭកឡើងវិញអំពីលំនាំដែលមេដឹកនាំកម្ពុជាខ្វះការទទួលខុសត្រូវ និងមិនព្រមទទួលស្គាល់ការពិតនៅក្នុងសង្គមកម្ពុជា ដែលអ្នកស្រីថា កំពុងបង្កឱ្យមានបញ្ហាជាច្រើននៅក្នុងសង្គមនេះរហូតមកទល់សព្វថ្ងៃនេះ៖ «ក្នុងរយៈពេលតែប៉ុន្មានឆ្នាំក្រោយមក នៅឆ្នាំ១៩៩៧ លោក ហ៊ុន សែន បានកម្ចាត់ព្រះអង្គម្ចាស់ រណឫទ្ធិ ចេញពីតំណែងនៅក្នុងអំពើរដ្ឋប្រហារមួយ។ លោកបានក្លាយជាមេដឹកនាំតែម្នាក់គត់ចាប់តាំងពីពេលនោះមក។ រៀងរាល់ពេលដែលគាត់ប្រឈមនឹងការគំរាមកំហែងការកាន់អំណាចដោយគណបក្សប្រឆាំងដែលអាចនឹងឈ្នះឆ្នោត គាត់តែងតែធ្វើរដ្ឋប្រហារ។ ខ្ញុំគ្រាន់តែចង់និយាយថា អ្នកនឹងស្តាប់ឮពីអ្នកដទៃទៀត ថា តើឥរិយាបថស្រដៀងគ្នាទាំងនេះ បណ្ដុះឱ្យមាននូវគ្រាប់ពូជនៃបញ្ហាកាន់តែច្រើនឡើងៗ បន្តបន្ទាប់មកទៀត»។
អ្នកស្រី អេលីហ្សាប៊ែត បេគឃើរ បានលើកឡើងពីករណីស្រដៀងគ្នាដែលអាជ្ញាធរកម្ពុជាកំពុងធ្វើទុក្ខបុកម្នេញប្រឆាំងនឹងសកម្មជនសញ្ជាតិខ្មែរអាមេរិកាំង គឺកញ្ញា សេង ធារី ដែលកញ្ញាគ្រាន់តែធ្វើការដើម្បីកែលម្អសន្តិភាពនៅក្នុងសង្គមកម្ពុជា៖ «ខ្ញុំគ្រាន់តែគិតអំពីសកម្មជនសន្តិភាព សញ្ជាតិខ្មែរ - អាមេរិកាំងម្នាក់ គឺកញ្ញា សេង ធារី ដែលត្រូវបានចាប់ដាក់គុកដោយសារតែកញ្ញាគ្រាន់តែព្យាយាមកែលម្អសន្តិភាពនៅក្នុងប្រទេស។ កញ្ញាត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងគុកក្នុងតំបន់ដាច់ស្រយាល កាលពីខែមុន។ ដូច្នេះ វាគឺជាបញ្ហាដែលកំពុងតែបន្តកើតឡើង បើទោះបីជារបបខ្មែរក្រហមត្រូវបានបណ្តេញចេញពីអំណាចកាលពីឆ្នាំ១៩៧៩ ក៏ដោយ ក៏គ្រាប់ពូជនៃការបដិសេធដោយសារតែការមិនចេះទទួលខុសត្រូវរបស់មេដឹកនាំ [ នៅកម្ពុជា ] នៅតែបន្តកើតមានឡើងដដែល»។
សាលាក្ដីខ្មែរក្រហមបានចំណាយថវិកាអស់មិនតិចជាង ៣រយលានដុល្លារទេ ចាប់តាំងបើកឱ្យដំណើរការដំបូងនៅដើមឆ្នាំ២០០៦មក។ ជាលទ្ធផល មានអតីតមេដឹកនាំខ្មែរក្រហមតែបីរូបប៉ុណ្ណោះ ត្រូវបានតុលាការខ្មែរក្រហមកាត់ក្តីឱ្យជាប់គុកអស់មួយជីវិត។ ក្នុងនោះមានអតីតមេគុកទួលស្លែង លោក កាំង ហ្កេចអ៊ាវ ហៅ ឌុច ក្នុងសំណុំរឿង ០០១ បងធំទីពីរនៃរបបខ្មែរក្រហម លោក នួន ជា ដែលពេលនោះជាប្រធានរដ្ឋសភាប្រជាជន និងអតីតគណៈប្រធានរដ្ឋ លោក ខៀវ សំផន ក្នុងសំណុំរឿង០០២។ ក៏ប៉ុន្តែ លោក កាំង ហ្កេកអ៊ាវ និងលោក នួន ជា បានស្លាប់ក្នុងពេលកំពុងជាប់ឃុំ។ រីឯ សំណុំរឿង០០៣ ដែលមានជនត្រូវចោទ មាស មុត និងសំណុំរឿង ០០៤ ដែលមានជនត្រូវចោទ អោ អាន និងយឹម ទិត្យ ព្រមទាំងអតីតកម្មាភិបាលខ្មែរក្រហមអ្នកស្រី អ៊ឹម ចែម ត្រូវតុលាការកំពូលនៃតុលាការខ្មែរក្រហម សម្រេចមិនបញ្ជូនសំណុំរឿងទាំងនេះទៅកាត់ក្តីដូចតាមការចង់បានពីសហព្រះរាជអាជ្ញាអន្តរជាតិឡើយ។ សំណុំរឿងសល់ចុងក្រោយដែលគ្រោងនឹងបិទបញ្ចប់នៅចុងឆ្នាំនេះ គឺបណ្តឹងសាទុក្ខលើសំណុំរឿង ០០២ វគ្គ២ ប្តឹងទាស់ដោយលោក ខៀវ សំផន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។